ឈិត សុវណ្ណបញ្ញា បានស្ពាយបង្វេចចូលផលិតកម្មថោន ជាង៣ខែមកហើយ ដោយផ្តាច់និស្ស័យហង្សមាស ក្រោយផ្ញើខ្លួន១១ឆ្នាំ ដោយខកចិត្ត។ ប៉ុន្តែ អ្នកតាមដានសិល្បៈចម្រៀង បានលើកឡើងថា ពេលនេះ សុវណ្ណបញ្ញា ហាក់មិនមានអ្វីលេចធ្លោគួរឱ្យចាប់អារម្មណ៍នៅថោន ឡើយ ហេតុនេះហើយ នាងអាចប្រឈមការខកចិត្តជាលើកទី៣ ព្រោះថោន មានតួឯកទៅហើយ គឺមាស សុខសោភា តែលោកករុណា ពេជ្រ ដែលជាអ្នកចាត់ការទូទៅ របស់ផលិតកម្មថោន យល់ថា សុវណ្ណបញ្ញា នឹងល្បីល្បាញនៅថោន នាពេលបន្តិចទៀតជាមិនខាន…។
ឈិត សុវណ្ណបញ្ញា មិនទាន់អាចធ្វើភ្លៀងផ្គរនៅថោន ឱ្យអតីតទ្រនំចាស់របស់ខ្លួន មានការភ្ញាក់ផ្អើលឡើយ រយៈពេលជាង៣ខែនេះ បែរជានាងនៅទ្រឹងមួយកន្លែង ដោយសម្ងំស្ងៀមស្ងាត់ទៅវិញ ទើបនាំឱ្យតារាចម្រៀងរួមអាជីពបាននាំគ្នាខ្សឹបខ្សៀវគ្នាថា តារាចម្រៀងរូបនេះ អាចប្រឈមការខកចិត្តជាលើកទី២ ព្រោះថោន មានតួឯកជាស្រេចទៅហើយ នោះគឺមាស សុខសោភា ដូចនេះសុវណ្ណបញ្ញា បានត្រឹមជាតួរងប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា អ្នកគាំទ្រ (Fan) តារាចម្រៀងសុវណ្ណបញ្ញា បានរងការខកចិត្តខ្លាំង នៅពេលដែលទន្ទឹងរង់ចាំស្តាប់ និងមើល MV បទចម្រៀងរបស់បញ្ញា តែបែរជាមានការយឺតយ៉ាវក្នុងការចេញនោះ ទើបម្នាក់ៗនិយាយថា សុវណ្ណបញ្ញា អាចប្រឈមនឹងការខកចិត្តជាលើកទី២ ដោយសារថោន មិនសូវយកចិត្តទុកដាក់។
លោកករុណា ពេជ្រ ជាអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន បានឱ្យដឹងថា ឈិត សុវណ្ណបញ្ញា កំពុងតែមានការគាំទ្រច្រើន តាមរយៈបទថ្មី២បទ ដែលទើបចេញជា CD លោកជឿថា នៅពេលដែលបទនោះ ចេញជា MV ហើយ នឹងមានភាពល្បីល្បាញជាងនេះជាមិនខាន។
លោកពេជ្រ បញ្ជាក់ថា “យើងមិនទាន់អាចសន្និដ្ឋានបានទេថា សុវណ្ណបញ្ញា នឹងមានភាពលេចធ្លោបានកម្រិតណា ព្រោះអាស្រ័យ នៅលើមហាជនជាអ្នកគាំទ្រ តែខ្ញុំឃើញបទថ្មីគាត់២បទ គឺ “យក្ខ” និង “កន្លែងដើមតែមិនដូចដើម” កំពុងតែទទួលបានការគាំទ្រច្រើនណាស់ តាមរយៈអ្នកចូលទៅ Comment គេគាំទ្រស្រលាញ់គាត់ អីចឹងខ្ញុំយល់ថា នៅពេលទាំង២បទនេះចេញទៅ ប្រាកដជានឹងមានការគាំទ្រកាន់តែច្រើនជាមិនខាន។ ខ្ញុំគិតថា បទចម្រៀងសុវណ្ណបញ្ញា មិនយឺតយ៉ាវអីទេ គឺគាត់ថតបានជាង១០បទទៅហើយ តែយើងជ្រើសយកបទណាដែលល្អៗចេញមុន ម៉្យាងទៀត មួយរយៈនេះ ថោន ធ្វើទូរទស្សន៍ អីចឹងយើងផ្តោតលើការធ្វើបទចម្រៀង ផ្សព្វផ្សាយតាម Facebook និងដាក់តាមទូរទស្សន៍របស់ថោន នាពេលខាងមុខនេះ។ ប៉ុន្តែ មិនយូរទេ បងប្អូននឹងបានឃើញ MV របស់បញ្ញា នៅថោន ក្នុងពេលឆាប់ៗនេះ ព្រោះយើងបានថតអស់ហើយ”។
ឈិត សុវណ្ណបញ្ញា បានសម្រេចចិត្តផ្អាកការចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស អំឡុងពេលដែលនាងបានផ្លាស់ប្តូរទ្រនំចាស់ ហង្សមាស ចូលថោន ព្រោះតែនាងខ្លាចគ្មានបទចម្រៀងដិតដល់នៅលើទីផ្សារ។ សុវណ្ណបញ្ញា ថែមទាំងថា នាងនឹងព្រមថតកុនឱ្យថោន ទៀតផង ប្រសិនបើទ្រនំថ្មីនេះផ្តល់ឱកាសឱ្យនាង ខណៈដែលពេលនេះ បញ្ញា កំពុងតែថតភាពយន្ត បុកសម្រុកឱ្យឆាប់ចប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៨ រឿង “ពន្លកស្នេហ៍យុវវ័យ” ដែលរូបនាងជាតួឯកផងដែរ។
លោកករុណា ពេជ្រ បន្តបន្ថែមថា “ថោន ផ្តល់ឱកាសដល់តារាគ្រប់រូបស្មើៗគ្នា ឱ្យតែពួកគេមានទេពកោសល្យ រួមទាំងបញ្ញា ផង ព្រោះថោន មានទាំងផលិតកម្មទូរទស្សន៍ និងថតកុនផងដែរ។ ចំពោះរឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលគ្មានតារារបស់ថោន ចូលរួមសម្តែងនោះ គឺដោយសារតែរឿងនោះ អ្នកនិពន្ធនិងដឹកនាំរឿង អ្នកស្រីពាន់ ភួងបុប្ផា គាត់បានជ្រើសតួអស់ហើយ មុនគាត់ចូលថោន ដូចនេះយើងមិនអាចរុះរើតួបានទេ។ ប៉ុន្តែ សម្រាប់រឿងក្រោយៗរបស់ថោន បងប្អូននឹងបានឃើញតារាចម្រៀងរបស់ថោន ជាបន្តបន្ទាប់ ចូលរួមសម្តែងជាមិនខានឡើយ រួមទាំងបញ្ញា ផងដែរ”។
ឈិត សុវណ្ណបញ្ញា អតីតជ័យលាភីលេខ១ “Rock Star” របស់ទូរទស្សន៍ CTN កាលពីឆ្នាំ២០០៥ បានផ្ញើខ្លួនជាមួយហង្សមាស អស់១១ឆ្នាំ តែអ្វីដែលនាងខកចិត្តនោះ គឺហង្សមាស មិនដែលបានធ្វើបទចម្រៀង Solo Album ឱ្យនាងម្តងណាឡើយ ទើបបញ្ញា សម្រេចចិត្តត្រូវតែដើរចេញពីទ្រនំធំនេះ ដោយគ្មានអាល័យឡើយ។ ទស្សនិកជននិយាយថា ឈិត សុវណ្ណបញ្ញា នឹងអាចបានតំណែងលេខ២ នៅទ្រនំថោន បន្ទាប់ពីមាស សុខសោភា ប្រសិនបើថោន លើកស្ទួយនាង ប៉ុន្តែអ្នកខ្លះថា យក់ ថិតរដ្ឋា និងស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី ក៏មានចំណុចខ្លាំងរៀងខ្លួនដែរ ដូចនេះចាំបាច់ត្រូវមានការប្រកួតប្រជែងខ្លាំងក្លាជាមិនខាន។
ឈិត សុវណ្ណបញ្ញា បានយកអាជីពសម្តែងភាពយន្ត ជាជំហានទី២ ក្រោយពេលដែលនាងសម្តែងរឿង “ទេសចរណ៍ឋាននរក” មក មានបណ្តាផលិតកម្មមួយចំនួន បានទាក់ទងនាងហូរហែក្នុងការថតភាពយន្ត តែតារាថោន រូបនេះថា នាងជាអ្នកចម្រៀងមានកុងត្រាជាមួយថោន ដូចនេះ មិនមែនចេះតែថតរឿងបានផ្តេសផ្តាស ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុននោះឡើយ។ ចំណែករឿង “ពន្លកស្នេហ៍យុវវ័យ” នោះ គឺនាងថតតាំងពីមុនចូលថោន ម៉្លេះ។
ឈិត សុវណ្ណបញ្ញា ធ្លាប់មានព័ត៌មានថា នាងមានស្នេហាជាមួយក្មួយមន្ត្រីធំម្នាក់ ដែលមានអំណាចខ្លាំង តែចំណងស្នេហ៍នេះបានរលត់ទៅវិញ ដោយសារតែប្រុសនោះមានស្រីស្នេហ៍ជាតារាល្បីៗច្រើនពេក។ នៅពេលទៅដល់ថោន សុវណ្ណបញ្ញា មិនដែលបណ្តើរគូស្នេហ៍ឱ្យគេបានឃើញឡើយ ហើយនៅពេលសួររឿងស្នេហា នាងបែរជាត្អូញថា អត់មានសង្សារ តែការអះអាងរបស់នាងមិនសូវមានគេជឿជាក់ឡើយ ព្រោះថា ពេលនេះ បញ្ញា ជិះរថយន្ត Range Rover តម្លៃជាង៤ម៉ឺនដុល្លារ និងបើកហាងរក្សាសម្រស់១ផងដែរ ទើបនាំឱ្យមានការសង្ស័យថា នាងមានគូស្នេហ៍ថ្មីជួយជ្រោមជ្រែង…៕