Friday, September 20, 2024
Homeតារាខ្មែរលើសពី Sweet ទៀត!!! ទេព បូព្រឹក្ស អះអាងថា មានភាពកក់ក្តៅពេលនៅក្បែរដេវីត

លើសពី Sweet ទៀត!!! ទេព បូព្រឹក្ស អះអាងថា មានភាពកក់ក្តៅពេលនៅក្បែរដេវីត

បន្ទាប់ពីម្ចាស់បទ “រាំញីកែងជើង” លោកងួន ចាន់ដេវីត មានទំនាស់ជាមួយអ្នកនាងពេជ្រ សោភា ហើយរត់មកចាប់ដៃគូច្រៀងជាមួយកញ្ញាទេព បូព្រឹក្ស នោះ ពួកគេកំពុងប្រឹងប្រែងពង្រឹងការគាំទ្រជាខ្លាំង ខណៈដែលបូព្រឹក្ស អះអាងថា នាងមានភាពកក់ក្តៅ ពេលនៅក្បែរដេវីត ថែមទាំងកំពុងស្វែងយល់ចិត្តគ្នាក្នុងផ្លូវស្នេហាទៀតផង…។

ទីបំផុត លោកងួន ចាន់ដេវីត បានទម្លាយអាថ៌កំបាំងថា លោកនិងអ្នកនាងពេជ្រ សោភា ចែកផ្លូវគ្នា ដោយសារតែមានទំនាស់មិនចុះសម្រុងនឹងគ្នា ហើយក៏ងាកមកចាប់ដៃគូជាមួយទេព បូព្រឹក្ស។ យ៉ាងណា លោកសុំមិនបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានទំនាស់នោះទេ។ ពោលគឺអ្វីដែលសំខាន់ លោកនិងបូព្រឹក្ស កំពុងតែប្រឹងប្រែងទាញសំឡេងគាំទ្រ។

តារាពូកែខាងក្បាច់រាំ ទេព បូព្រឹក្ស បានថ្លែងឱ្យដឹងថា ក្រោយពេលនាងបានចាប់ដៃគូជាមួយលោកដេវីត ពិតជាធ្វើឱ្យនាងកក់ក្តៅមួយកម្រិតថែមទៀត ដោយហេតុថា ដេវីត ជាអ្នករ៉ាប់រងធ្វើបទច្រៀងឆ្លងឆ្លើយរួមគ្នា ដែលមានទាំងបទមនោសញ្ចោតនា និងបទញាក់ ខណៈដែលនាងមានទំនុកចិត្តខ្ពស់លើដេវីត ហើយនាងក៏រំពឹងថា នឹងឆក់សំឡេងគាំទ្រមួយកម្រិតទៀតផងដែរ នៅពេលមានឱកាសចាប់ដៃគូជាមួយដេវីត។

ក្រៅពីជាដៃគូចម្រៀង នាពេលចុងក្រោយនេះ ក៏មានការសង្ស័យថា បូព្រឹក្ស និងដេវីត បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកផងដែរ ស្របពេលដែលអ្នកទាំងពីរបណ្តើរគ្នាយ៉ាងស្អិតល្មួតទាំងនៅក្នុងសកម្មភាពសិល្បៈនិងក្រៅឆាក។

បូព្រឹក្ស និងដេវីត បានទទួលស្គាល់ថា ក្រៅពីរួមដៃគ្នាបំបែកទីផ្សារចម្រៀង ពួកគេពិតជាមានអារម្មណ៍ល្អជាមួយគ្នាមែន ថែមទាំងកំពុងពិសោធចិត្តគ្នាទៀតផង។

បូព្រឹក្ស ថ្លែងថា “ពួកយើងកំពុងមើលចិត្តគ្នា ហើយបើថ្ងៃក្រោយទំនាក់ទំនងរបស់ពួកយើងកាន់តែពិសេសជាងនេះក៏ល្អដែរ គឺរង់ចាំមើលពេលវេលាសិន”។

តាមរយៈការលើកឡើងខាងលើ បូព្រឹក្ស ហាក់បញ្ជាក់ថា នាងនិងដេវីត កំពុងតែពិសោធស្នេហ៍ ឈានទៅរកសម្ព័ន្ធស្នេហ៍មួយដ៏រឹងមាំ ខណៈដែលដេវីត ក៏បានទទួលស្គាល់ថា ពួកគេកំពុងមើលចិត្តគ្នាទៅវិញទៅមក។

តារាចម្រៀងដែលពូកែខាងក្បាច់រាំលើកជើងទ្រមេឃរូបនេះ ថែមទាំងអះអាងថា បើនាងនិងដេវីត ជាដៃគូចម្រៀងផង ជាគូសង្សារផង គឺកាន់តែល្អ ហើយនាងក៏មិនខ្លាចប៉ះពាល់ដល់ការគាំទ្រដែរ។

យ៉ាងណាក៏ដោយ មុននេះបន្តិច មានដំណឹងថា ការដែលបូព្រឹក្ស បង្ហាញភាពផ្អែមល្ហែមជាមួយលោកដេវីត គឺគ្រាន់តែចង់បង្វែងដានស្នេហ៍ជាមួយមន្ត្រីធំដែលជាអតីតប្តីអ្នកនាងវីជេ អាណូ តែប៉ុណ្ណោះ។ ប៉ុន្តែបូព្រឹក្ស អះអាងថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំណាដែលជាប្តីគេនោះទេ គឺគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ហើយនាងនិងដេវីត ពិតជាកំពុងមានអារម្មណ៍ល្អជាមួយគ្នាមែន ពុំមែនក្លែងក្លាយនោះទេ។

ក្រោយពេលបែកស្នេហ៍និស្សិតនៅក្រៅប្រទេសម្នាក់ ហើយស្រាប់តែល្បីមន្ត្រីធំ ដែលជាអតីតប្តីវីជេ អាណូ តាមថ្ពក់ស្នេហ៍នោះ ជីវភាពបូព្រឹក្ស ចាប់ផ្តើមប្រែប្រួលខ្លាំង ដោយក្រៅពីទិញទ្រនំវីឡាដ៏ធំស្កឹមស្កៃហើយនោះ នាងបានផ្លាស់ប្តូររថយន្តមកជិះ Tundra យ៉ាងកាលីប ខណៈដែលគេសង្ស័យថា អតីតប្តី VJ អាណូ ជួយជ្រោមជ្រែងនាង។ ប៉ុន្តែ បូព្រឹក្ស អះអាងថា អ្វីដែលនាងមានជាកម្លាំងញើសឈាមរបស់នាង និងក្រុមគ្រួសារទាំងស្រុង គឺគ្មានបុរសណាជួយជ្រោមជ្រែងដូចការលេចឮនោះទេ។ ម៉្យាងបច្ចុប្បន្ននេះ នាងអាចរកចំណូលបានពីអាជីពចម្រៀងយ៉ាងច្រើនគួរសម ដោយមិនចាំបាច់មានអ្នកឧបត្ថម្ភ។ សព្វថ្ងៃនេះ ក្នុងមួយកម្មវិធី នាងទទួលបានតម្លៃខ្លួនចាប់ពី១៥០០ដុល្លារឡើងទៅ ហើយក្នុង១ខែ យ៉ាងហោចណាស់ក្រោយផាត់ការចំណាយ ក៏សល់ខ្ទង់៣០០០ដុល្លារដែរ។

ទេព បូព្រឹក្ស ត្រូវបានចាត់ទុកជាតារាចម្រៀងលេចធ្លោមួយរូប នៅផលិតកម្មរស្មីហង្សមាស ដែលនាងមានបទលេចធ្លោជាបន្តបន្ទាប់ ហើយក្រោយពេលចាប់ដៃជាមួយដេវីត នាងកាន់តែដណ្តើមបានប្រជាប្រិយភាពមួយកម្រិតថែមទៀត។ ប៉ុន្តែការប្រកាសថា នាងកំពុងពិសោធស្នេហ៍ជាមួយលោកដេវីត នោះ តាមដំណឹងថា ក៏ធ្វើឱ្យបុរសៗសម្បូរទ្រព្យជាច្រើន ដែលធ្លាប់តាមស្រលាញ់នាងខកចិត្តផងដែរ។ ប៉ុន្តែបូព្រឹក្ស ហាក់មិនខ្វល់ទេ គឺនាងកំពុងតែកក់ក្តៅជាមួយម្ចាស់បទ “រាំញីកែងជើង””

RELATED ARTICLES