Friday, September 20, 2024
Homeតារាខ្មែរយុគ ចិន្តា ឲ្យកូនឡើងឆាកតន្ត្រីក្នុងស្រុកឲ្យបានច្រើន ដើម្បីដុសខាត់សមត្ថភាពកូនស្រី

យុគ ចិន្តា ឲ្យកូនឡើងឆាកតន្ត្រីក្នុងស្រុកឲ្យបានច្រើន ដើម្បីដុសខាត់សមត្ថភាពកូនស្រី

ពិធីការិនីដ៏មានឥទ្ធិពលរបស់បណ្ដាញទូរទស្សន៍ CTN អ្នកនាងយុគ ចិន្ដា បាននាំកូនស្រីយុគដា ពេជ្រ ត្រឡប់មកដល់ស្រុកវិញ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីបានចេញដំណើរទៅប្រទេសសិង្ហបូរី កាលពីថ្ងៃទី២៤ ខែកក្កដា ដើម្បីឲ្យកូនចូលរួមប្រលងចម្រៀងនៅថ្ងៃទី២៥ ខែកក្កដា ក្នុងកម្មវិធីប្រលងចម្រៀង ”Asian Arts Pacific Festival 2017”។

 

ក្នុងទឹកមុខសប្បាយរីករាយ អ្នកនាងយុគ ចិន្ដា ដែលឈរនៅក្បែរកូនស្រីយុគដា ពេជ្រ អាយុ១២ឆ្នាំ ហៅ ”ស្រីអម” ដែលកាន់ពាននៅក្នុងដៃនោះ បានប្រាប់ថា កូនស្រីអ្នកនាងពិតជាក្លាហានដែលបញ្ចេញសមត្ថភាពបានយ៉ាងល្អ នៅលើវេទិការអន្ដរជាតិនោះ ហើយច្រៀងបានល្អ មិនភ័យខ្លាចឆាក ឬភ្លេចប៉ារូលឡើយ។

 

អ្នកនាងចិន្ដា និយាយថា ”អូ! កូនស្រីខ្ញុំ ”អម” ធ្វើបានល្អណាស់ ច្រៀងបានល្អ អត់មានភ្លេចប៉ារ៉ូលអីទេ ហើយក៏មិនខ្លាចឆាកដែរ។ ខ្ញុំគិតថា កូនខ្ញុំគេក្លាហានណាស់ ហើយពេលនេះបានពានមាស គឺខ្ញុំសប្បាយចិត្ត ហើយនឹងជំរុញនិងគាំទ្រគេជានិច្ច ក្នុងការចូលសិល្បៈឲ្យបានពេញទំហឹងនាពេលអនាគត”។

 

តាមពិត មុនអ្នកនាងយុគ ចិន្ដា នាំកូនស្រីឡើងយន្ដហោះទៅប្រលងចម្រៀងនៅប្រទេសសិង្ហបុរី ពិធីការិនីរូបនេះបានបង្ហើបឲ្យដឹងថា អ្នកនាងចង់ជំរុញកូនឲ្យចូលធ្វើជាអ្នកសារព័ត៌មាន ព្រោះអ្នកនាងស្រលាញ់អាជីពនេះ ម្យ៉ាងគិតថា កុំឲ្យកូនខ្លាចគេផង តែកូនស្រី ”អម” អ្នកនាង ស្រលាញ់អាជីពចម្រៀង ទើបអ្នកនាងមានតែជំរុញ និងគាំទ្រកូនស្រី ដោយបញ្ជូនឲ្យទៅរៀននៅសាលាស្រណោះតន្រ្ដី ផ្នែកខាងព្យាណូ និងច្រៀង រយៈពេល៤ឆ្នាំមកហើយ ដែលក្នុង១ខែៗ ត្រូវចំណាយប្រាក់អស់ជាង១ពាន់ដុល្លារឯណោះ។ ក្រៅពីច្រៀង និងលេងព្យ៉ាណូ កូនស្រីអ្នកនាងចិន្ដា ក៏បានរៀបផ្នែករបាំបុរាណ ៤ឆ្នាំ និងរបាំម៉ាឡេ ២ឆ្នាំផងដែរ។ ប៉ុន្ដែការទៅប្រលងលើឆាកអន្ដរជាតិនេះ អ្នកនាងចិន្ដា មិនសំដៅថា កូនស្រីបានពានជាធំនោះឡើយ តែអ្នកនាងចង់ឲ្យកូនមានបទពិសោធន៍លើឆាកអន្ដរជាតិច្រើនជាង ហើយពេលនេះកូនស្រីបានពានមាសទៀត ដែលរឹតតែធ្វើឲ្យពិធីការិនីរូបនេះកាន់តែពេញចិត្តថែមទៀត។

កូនស្រីអ្នកនាងយុគ ចិន្ដា គឺកុមារីយុគដា ពេជ្រ ហៅ ”អម” និយាយដោយរីករាយមុនពេលថើបម្ដាយជាពិធីការនីល្បីយុគ ចិន្ដា​នោះថា ”ខ្ញុំអត់ភ័យទេនៅលើឆាកនោះ ខ្ញុំច្រៀងបទអង់គ្លេស ១បទ អត់មានភ្លេចប៉ារ៉ូលអីផង។ ខ្ញុំសប្បាយចិត្តដែលបានពាននេះ”។ ដោយមិនត្រឹមតែមិនខកចិត្តចំពោះកូនស្រីដែលមិនចង់ធ្វើជាអ្នកសារព័ត៌មាន តាមចំណូលចិត្តរបស់អ្នកនាងចិន្ដា ព្រោះកូនចង់ធ្វើជាអ្នកចម្រៀងវិញនោះទេ តែពេលនេះពិធីការិនីរបស់ CTN រូបនេះ ថែមទាំងជំរុញកូនឲ្យឡើងច្រៀងលើឆាកតន្រ្ដីឲ្យបានច្រើនដើម្បីឲ្យយល់ច្បាស់ពីការប្រើប្រាស់សំឡេងទៀតផង ហើយការឡើងឆាកប៉ុស្ដិ៍ទូរទស្សន៍ក្នុងស្រុក នឹងចាប់ផ្ដើមនៅខែសីហា នេះហើយ។

អ្នកនាងយុគ ចិន្ដា បន្ថែមថា ”ខ្ញុំគាំទ្រនិងជំរុញកូនស្រីឲ្យក្លាយជាអ្នកចម្រៀង១រូប តាមចំណូលចិត្តរបស់គេ ព្រោះការរៀនផ្នែកតន្ដ្រី គឺល្អ ដើម្បីកុំឲ្យក្មេងលេងហ្គេមច្រើនពេក ហើយពេលនេះខ្ញុំនឹងនៅតែបន្ដឲ្យកូនស្រីនៅរៀនសាលាស្រណោះតន្ដ្រី ថែមទៀត ដើម្បីឲ្យគេបានយល់ច្បាស់ពីការប្រើប្រាស់ភ្លេង និងច្រៀងតាមបច្ចេកទេសត្រឹមត្រូវ។ ចំណែកនៅថ្ងៃទី១២ និង១៣ ខែសីហានេះ ខ្ញុំនឹងឲ្យកូនអម ឡើងច្រៀងក្នុងកម្មវិធី ”រាត្រីកម្សាន្ដ” និង ”A1 Twist“ របស់ CTN និងកម្មវិធីផ្សេងៗទៀត និយាយទៅខ្ញុំឲ្យកូនឡើងឆាកឲ្យបានច្រើនជាងមុន ហើយខ្ញុំគិតថា នៅពេលដែលកូនខ្ញុំមានវ័យច្រើនជាងនេះបន្ដិច គេនឹងកាន់តែធ្វើឲ្យបានល្អជាងនេះ ព្រោះពេលនេះគេនៅក្មេងមិនទាន់ឈានដល់ភាពល្អឥតខ្ចោះនោះទេ”។

ថ្វីត្បិតតែអ្នកនាងយុគ ចិន្ដា ជាពិធីការិនីល្បីល្បាញជិត២ទសវត្សន៍មកហើយក្ដី តែអ្នកនាងប្រាប់ថា គ្មានបំណងជំរុញកូនឲ្យធ្វើពិធីការិនីដូចអ្នកនាង ឬស្នងតំណែងពីអ្នកនាងឡើយ គឺអ្នកនាងចង់ឲ្យកូនចូលសិល្បៈទីតាមចំណង់ចំណូលចិត្តរបស់គេតាមនិស្ស័យដែលខ្លួនគេមាន និងចូលចិត្ត ហើយក្រោយពីវិលត្រឡប់មកការប្រលងចម្រៀងនៅប្រទេសសឹង្ហបុរី វិញនេះ លោកសូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្រ្ដី បានអះអាងថា លោកនឹងបញ្ជូនម្ចាស់ពានទាំងនេះទៅប្រកួតលើឆាកអន្ដរជាតិនៅប្រទេសផ្សេងៗទៀត ដែលមានការប្រលងចម្រៀងស្រដៀងនឹងប្រទេសសិង្ហបុរី នេះ។ ប៉ុន្ដែទស្សនិកជនខ្លះនៅតែមិនអស់ចិត្តឡើយ ព្រោះថាម៉េចបានប្រលងចម្រៀងលើឆាកអន្ដរជាតិ ម៉េចបានបញ្ជូនបេក្ខភាពវ័យក្មេង២១រូប ជាប់ពានមាស១៦ពាន ប្រាក់៥ ដោយគ្មានបេក្ខភាពណាម្នាក់ធ្លាក់បែបនេះ? ឬមួយក៏គណៈកម្មការមានការយោគយល់ច្រើនជាងការផ្ដោតលើសមត្ថភាព?

 

ពិធីការិនី CTN រូបនេះប្រាប់ថា ”មិនមែនជាការយោគយល់ទេ គណៈកម្មាការគេសុទ្ធតែបរទេស គេផ្ដោតលើសមត្ថភាពច្រើនជាង។ ក្រោយវិលត្រឡប់មកពីសិង្ហបុរី នេះ ខ្ញុំនឹងជំរុញគាំទ្រកូនឲ្យទៅប្រលងនៅប្រទេសផ្សេងទៀត តាមសាលាតម្រូវ ព្រោះខ្ញុំគិតថា ជាឱកាសល្អដែលយុវ័យយើងបានបញ្ចេញសមត្ថភាពលើឆាកអន្ដរជាតិ ពួកគេទទួលបានបទពិសោធន៍ល្អៗច្រើនមកវិញជាមិនខាន”៕

RELATED ARTICLES