Friday, September 20, 2024
Homeតារាខ្មែរឡាយ លក្ខិណា មិនទាន់មានគូស្នេហ៍ថ្មី

ឡាយ លក្ខិណា មិនទាន់មានគូស្នេហ៍ថ្មី

អ្នកនាងឡាយ លក្ខិណា ដែលបាត់មុខពីសកម្មភាពសិល្បៈទាំងស្រុង តាំងពីឆ្នាំ២០០៥នោះ ស្រាប់តែបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើល កាលពីរាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅស្តាតអូឡាំពិក ក្នុងពិធីអបអរតំបន់ប្រាសាទសំបូរព្រៃគុក ក្លាយជាបេតិកភណ្ឌពិភពលោក ហើយគ្រប់គ្នាសរសើរអ្នកនាងលក្ខិណា ថា នៅតែមានរូបសម្រស់ស្អាតដដែល។

អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងថា អ្នកនាងនៅតែរក្សាសម្រស់១០០% ដោយគ្មានការកែច្នៃឡើយ ហើយពេលនេះអ្នកនាងមិនទាន់មានបុរសពិសេសជាផ្លូវការទេ តែនឹងរៀបការតាមប្រពៃណីខ្មែរ នៅពេលដែលនាងច្បាស់ថា ជ្រើសបុរសនោះជាប្តីហើយ…។

អ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងឡាយ លក្ខិណា

អ្នកនាងឡាយ លក្ខិណា ស្រាប់តែបង្ហាញខ្លួនក្នុងចំណោមតារាក្នុងក្រុមសមាគមអ្នកសិល្បករខ្មែរ ដែលដឹកនាំដោយអ្នកនាងចន ច័ន្ទលក្ខិណា ក្នុងព្រឹត្តិការណ៍អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ តារាសិល្បករជាច្រើនទាំងចាស់ទាំងក្មេង និងមហាជនបានចាប់អារម្មណ៍លើអ្នកនាងឡាយ លក្ខិណា ហើយពួកគេបានមកសួរសុខទុក្ខអតីតតារារូបនេះ ដោយក្តីនឹករលឹកព្រមទាំងសរសើរថា អ្នកនាងលក្ខិណា នៅតែមានរូបសម្រស់ស្អាតមិនចាញ់កាលពី១០ឆ្នាំមុនឡើយ។

ក្នុងជំនួបកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងថា ដោយសារតែកម្មវិធីនោះ ជាថ្នាក់ជាតិធំ ទើបអ្នកនាងរវល់យ៉ាងណា គឺត្រូវតែទៅចូលរួម ហើយសប្បាយចិត្តណាស់ នៅពេលដែលឃើញតារាថ្មីចាស់ នៅតែបន្តការរាប់អានចំពោះអ្នកនាង ហើយពិសេសគឺប្រាសាទខ្មែរ បានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះតែម្តង។

អ្នកនាងលក្ខិណា បញ្ជាក់ថា “ក្នុងនាមជាខ្មែរ ខ្ញុំមានអារម្មណ៍រំភើបណាស់ ដែលឃើញតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាបេតិកភណ្ឌពិភពលោកនេះ នឹងធ្វើឱ្យអន្តរជាតិមកធ្វើទេសចរណ៍នៅស្រុកខ្មែរយើងកាន់តែច្រើន ជាមិនខាន។ កម្មវិធីនេះធំណាស់ ខ្ញុំព្រឺសម្បុរតែម្តង ដែលប្រាសាទយើងអស្ចារ្យខ្លាំងណាស់ អីចឹងខ្ញុំត្រូវតែចូលរួម ហើយអ្នកនាងចន ច័ន្ទលក្ខិណា គាត់មានការភ្ញាក់ផ្អើលដែរ ពេលឃើញខ្ញុំទៅ គាត់ចង់ឱ្យខ្ញុំចូលរួមកម្មវិធីផ្សេងៗទៀត ហើយខ្ញុំយល់ព្រមជាមួយគាត់ តែខ្ញុំធ្វើទៅតាមពេលវេលាដែរ។ ខ្ញុំក៏អរគុណដែរដែលបងប្អូនសិល្បករខ្មែរយើងចាស់និងថ្មីបានសួរសុខទុក្ខខ្ញុំ នឹករលឹកដល់ខ្ញុំៗសប្បាយចិត្តមែនទែន”។

អ្នកនាងឡាយ លក្ខិណា បានឈានចូលសិល្បៈតាំងពីឆ្នាំ១៩៩៣ម៉្លេះ ហើយចាប់តាំងពីឆ្នាំ១៩៩៨ មក អ្នកនាង ល្បីល្បាញកេរ្តិ៍ឈ្មោះខ្លាំង តែគួរឱ្យស្តាយ ចាប់តាំងពីឆ្នាំ២០០៥ មក លក្ខិណា បានផ្អាកពីអាជីពសម្តែងរហូតមកដល់ពេលនេះ ហើយអ្នកនាងបានទៅធ្វើជាអាជីវករលក់សម្លៀកបំពាក់យ៉ាងសាមញ្ញ នៅផ្សារអូរប្ញស្សី ក្រោយបែកបាក់ស្វាមីដោយអាថ៌កំបាំង។

តាមព័ត៌មានថា ពេលនេះមានផលិតកម្មមួយចំនួនបានព្យាយាមទាក់ទងអ្នកនាងលក្ខិណា ឱ្យសម្តែងភាពយន្តសាជាថ្មី តែអតីតតារាល្បីល្បាញរូបនេះ ហាក់ស្ទាក់ស្ទើរក្នុងការវិលត្រឡប់រកអាជីពចាស់វិញនេះ។

អ្នកនាងឡាយ លក្ខិណា បន្ថែមថា “ថ្មីៗនេះមានខាងផលិតកម្មថោន គាត់បានទាក់ទងឱ្យខ្ញុំថតរឿងភាគខ្នាតធំមួយមែន នោះគឺរឿង “រៃមាស” តែខ្ញុំបានប្រកែកគាត់ ព្រោះខ្ញុំខានសម្តែងយូរពេក អីចឹងខ្លាចតែលេងទៅមិនដល់ ដូចអត់សូវមានទំនុកចិត្តសោះ អីចឹងអត់ទាន់ទទួល។ តែខ្ញុំមិនមែនអត់សម្តែងរហូតទេ គឺខ្ញុំត្រូវការពេលវេលាសិន។ ចំណែកការលក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី នោះ ខ្ញុំបានឈប់លក់នៅទីនោះជិត១ឆ្នាំហើយ ក្រោយលក់ដូរនៅទីនោះជាង៣ឆ្នាំមក។ ពេលនេះខ្ញុំបានបើកហាងលក់សម្លៀកបំពាក់ថ្មីមួយ នៅក្បែរផ្សារទួលគោក នៅផ្ទះបងថ្លៃរបស់ខ្ញុំ គឺដំណើរការតាំងពីខែមិថុនា ឆ្នាំ២០១៦ម៉្លេះ”។

ក្រោយប្រេះឆាស្វាមីមក អ្នកនាងឡាយ លក្ខិណា ហាក់ទុកបេះដូងឱ្យនៅតែលតោលតែម្នាក់ឯង ដោយមិនទាន់សម្លឹងរកបានអ្នកពិសេស គ្រាន់បណ្តើរដូចតារាមួយចំនួនទៀតឡើយ បើទោះបីជាមុននេះលេចឮថា មានមន្ត្រីធំៗតាមស្នេហ៍តារាសាច់ចាំមិនព្រមចាស់រូបនេះក្តី តែអ្នកនាងលក្ខិណា ហាក់មិនចង់ប្រថុយស្នេហ៍ឡើយ ព្រោះខ្លាចខកចិត្តជាលើកទី២។

ប្រភពបានឱ្យដឹងថា អ្នកនាងលក្ខិណា មានជម្រើសស្នេហ៍ច្រើន តែអ្នកនាងហាក់នៅតែរារែកមិនព្រមចូលរោងការសោះ ទើបធ្វើឱ្យបុរសខ្លះលែងអត់ធ្មត់ក្នុងការរង់ចាំចម្លើយពីអ្នកនាងទៀតផង។

តារាអាយុ៣៤ឆ្នាំ តែនៅតែមានសាច់សស្អាតទ្រលុកទ្រលន់រូបនេះ  អះអាងថា “បើនិយាយពីមនុស្សពិសេសជាផ្លូវការ គឺខ្ញុំអត់ទាន់មានទេ។ មានគេអ្នកស្រលាញ់យើង តែយើងចេះតែជ្រើសម៉េចកើតទៅ? ខ្ញុំយល់ថា យូរមិនប្រាកដថា យឺត លឿនមិនប្រាកដថាយូរទេ អីចឹងខ្ញុំត្រូវការស្វែងយល់ចិត្តគ្នាឱ្យច្បាស់សិន។ នៅពេលនេះខ្ញុំគ្មានគម្រោងរៀបការឆាប់ៗទេ តែខ្ញុំនឹងរៀបការ បើសិនជាខ្ញុំមានមនុស្សពិសេសម្នាក់ហើយ គឺនឹងបំពេញតាមប្រពៃណីខ្មែរយើង។ ខ្ញុំចង់បានអ្នកណាគេស៊ីចង្វាក់ជាមួយយើង យល់ចិត្តយើង មិនមែនថាយើងរកអ្នកណាល្អឥតខ្ចោះនោះទេ តែអ្នកណាក៏ប្រាថ្នាចង់បានអ្នកល្អដែរ”។

អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ អ្នកនាងនៅរក្សារូបសម្រស់ពីធម្មជាតិសុទ្ធសាធ ១០០% មិនទាន់មានការកែច្នៃត្រង់ណាទេ តែអ្នកនាងថា ទៅថ្ងៃខាងមុខ អ្នកនាងនឹងពិចារណាការកែសម្រស់ដែរ ព្រោះឃើញតារាយើងមួយចំនួន ពេលកែសម្រស់ហើយស្អាត តែកន្លងមកអ្នកនាងចេះតែចិត្តមិនដាច់សោះ ព្រោះខ្លាចកែទៅមានការប៉ះពាល់។ មានការចាប់អារម្មណ៍ដែរថា សម្រាប់តារារួមអាជីពជាមួយអ្នកនាងឡាយ លក្ខិណា នៅ ពេលនេះមានដូចជាស្រីតូច ចំណាន, ឱក បូរី, ពេជ្រ ច័ន្ទបូរមី ជាដើម បានក្លាយទៅជាជំទាវ និងសេដ្ឋិនីអស់ទៅហើយ ព្រោះខ្លះមានប្តីជាឧកញ៉ា ខ្លះជាមន្ត្រីធំ ដោយឡែកអ្នកនាង លក្ខិណា បែរជានៅតែជាស្រីធម្មតាដដែលទៅវិញ។

ឡាយ លក្ខិណា បញ្ជាក់ថា “ខ្ញុំនិយាយឱ្យត្រង់ គឺខ្ញុំមិនដែលមានចិត្តច្រណែនពួកគាត់ទេ ខ្ញុំមានតែត្រេកអរ និងជូនពរគាត់ដែលមានសុភមង្គល។ អ្នកណាក៏ប្រាថ្នាចង់ល្អ និងសុខដែរ តែមនុស្សយើងមានគោលការណ៍ផ្សេងៗគ្នា មិនដូចគ្នាទាំងអស់ទេ”៕

RELATED ARTICLES