Monday, November 25, 2024
Homeនយោបាយលោករស់ សារ៉ុម ត្រៀមប្តឹងតុលាការកំពូល រំលាយបក្ស CPP

លោករស់ សារ៉ុម ត្រៀមប្តឹងតុលាការកំពូល រំលាយបក្ស CPP

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានប្រកាសថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ គឺ៣ខេត្តទៀត នៅពេលវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមានពេញទី លោកនឹង ស្នើសាលារាជធានីភ្នំពេញ ដឹកនាំក្បួន១០ម៉ឺននាក់ ទៅតុលាការកំពូល ដើម្បីប្តឹងទាមទារឱ្យតុលាការកំពូល រំលាយគណបក្សប្រជាជនកម្ពុជា (CPP) ចោល ព្រោះអតីតនិងបច្ចុប្បន្នមេបក្សនេះ ជាជនក្បត់ជាតិ។

លោករស់ សារ៉ុម បញ្ជាក់ថា ការដែលលោកស្នើសុំសាលារាជធានីភ្នំពេញ ហែក្បួនទៅតុលាការកំពូលនោះ មិនមែនជារូបភាពធ្វើបាតុកម្មទេ ហើយចំនួន១សែននាក់ នៃការចូលរួមហែក្បួននោះ មិនជាបញ្ហាទេ ឱ្យតែសាលារាជធានីអនុញ្ញាត លោកនឹងរៀបចំបញ្ជីឈ្មោះ ឱ្យបាន១សែននាក់។ ម៉្យាងទៀត ការប្តឹងឱ្យរំលាយគណបក្សកាន់អំណាចនេះ ក៏មិនមែនជាការប្រមាថដល់គណបក្សនោះទេ តែជាការលាងភាពស្អាតស្អំឱ្យគណបក្ស ដើម្បីបញ្ជាក់ថា  មិនមែនជាគណបក្សរណបបរទេស។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “យើងឃើញហើយថា ស្រុកខ្មែរយើង គណបក្សនយោបាយតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាគណបក្សនេះវាអ៊ីចេះ គណបក្សនោះអ៊ីចុះ ក៏ប៉ុន្តែសំខាន់យើងចង់ឱ្យតុលាការកំពូល ត្រួតពិនិត្យមើលថា តើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសបច្ចុប្បន្ននេះ វាមិនមែនជាគណបក្សប្រជាជនកម្ពុជា ដែលទើបតែបង្កើត នៅឆ្នាំ៧៩ នេះទេ តែវាបង្កើតតាំងពីឆ្នាំ៥១ ហើយវាពាក់ព័ន្ធជាមួយបក្សកុម្មុយនីស្តឥណ្ឌូចិន។ អ៊ីចឹងសួរថា តើគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលតរហូតមកដល់សព្វថ្ងៃនេះ តពីខ្មែរ ក្រហម ដែលយើ់ងថាជាមេរបបប្រល័យពូជសាសន៍នេះ។ អ៊ីចឹងសុទ្ធតែជាអ្នកសម្លាប់ប្រជាជន និងបំផ្លាញជាតិសាសន៍របស់ខ្លួនឯង សុទ្ធតែជាអតីតមេបក្សប្រជាជនកម្ពុជា។ អ៊ីចឹងការបញ្ជូនប្រជាជននៅឆ្នាំ៧៩ហ្នឹង ក្រោយ មករហូតដល់ឆ្នាំ៨៤ ហ្នឹង គឺបញ្ជូនប្រជាជនទៅកំណែនក៥ គឺស្លាប់ប្រជាជនអស់ច្រើនណាស់។ អ៊ីចឹងសួរថា នរណាអ្នកទទួលខុសត្រូវ? អ៊ីចឹងរកសខ្មៅ បើតុលាការកំពូលរកឃើញថា បើគណបក្សប្រជាជនកម្ពុជា ជាគណបក្សស្អាតស្អំ មេបក្សគណបក្សប្រជាជនកម្ពុជា ជាគណបក្សស្អាតស្អំ អាហ្នឹង រំលាយមិនរំលាយ វាមិនមែននៅលើខ្ញុំទេ គឺនៅ តុលាការកំពូល។ បើគណបក្សប្រជាជនកម្ពុជាស្អាត ហើយអាហ្នឹងតុលាការចេញសាលក្រម មួយទៅថា គណបក្សប្រជាជនកម្ពុជា មេដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់ សុទ្ធតែស្អាតស្អំ ស្រលាញ់ជាតិ ហើយប្រជាពលរដ្ឋទទួលស្គាល់សាលក្រមហ្នឹងឬអត់? អាហ្នឹងសំខាន់ឱ្យឃើញទាំងអស់គ្នាមក យើងចង់ឃើញ យើងចង់បាន ប៉ុណ្ណឹង ចៀសវាងមានការចោទប្រកាន់គ្នាទៅវិញទៅមកថា វាបក្សក្បត់ជាតិ វាបក្សទណ្ឌិត អ៊ីចេះមួយៗ វាអត់ចំណេញទេ ព្រោះខ្ញុំមើលឃើញគ្រោះថ្នាក់នៃសង្គម។ អ៊ីចឹងផលវិបាក ហ្នឹងត្រូវទទួលទាំងអស់គ្នា អីចឹងដាច់ខាតត្រូវតែបង្ហាញ ឱ្យប្រជាជនដឹង ហើយមួយទៀត ក៏ចង់ឃើញអព្យាក្រឹតភាពរបស់អំណាចតុលាការកំពូល អាចធ្វើបានស្អីខ្លះ? គឺយើងចង់ឃើញប៉ុណ្ណឹង ហើយខ្ញុំយល់ថា វាមិនមែនជាការប្រមាថទេ វាជាការលាងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជាទៅវិញទេ។ បើគណបក្សប្រជាជនកម្ពុជា ពិតជាស្អាតស្អំមែន អ្នកណាទៅចោទក្បត់ជាតិ អត់បានទេ ដោយសារមានសាលក្រមរបស់តុលាការ វាអត់ពាក់ព័ន្ធ រឿងប្រមាថទេ។ ប៉ុន្តែបើសិនជាគណបក្សប្រជាជនកម្ពុជា យល់ថា អ្វីដែលខ្ញុំធ្វើ គឺប្រមាថដល់គណបក្សប្រជាជនកម្ពុជា អាហ្នឹងគណបក្សប្រជាជនកម្ពុជា មានសិទ្ធិប្តឹងខ្ញុំវិញទៅ ខ្ញុំស្វាគមន៍ការប្តឹងរបស់គណបក្សប្រជាជនកម្ពុជា ខ្ញុំអត់ខ្លាចទេ ពីព្រោះសង្គមនេះ ខ្ញុំរស់នៅហ្នឹង ដែរ ព្រោះរាល់ថ្ងៃនេះ ខ្ញុំមិនមែនរស់នៅបរទេស ដើម្បីរិះគន់រដ្ឋាភិបាល ឬរដ្ឋាភិបាលធ្វើអី ខ្ញុំមិនកើតឯណា។ ខ្ញុំនៅស្រុកខ្មែរអ៊ីចឹងធ្វើបានមិនបានដូចគ្នា ទោះបីជាស្មើក៏ដោយ មិនស្មើក៏ដោយ ប៉ុន្តែសំខាន់ច្បាប់គ្នា អាហ្នឹងស្មើសិនទៅ។ អានេះខ្ញុំចង់បានភាពស្អាតស្អំមួយ ចង់បានសង្គមយើងមួយដែលគណបក្សនយោបាយទាំងអស់ ប្រកួតប្រជែងគ្នាដោយស្មើភាព ព្រោះបោះឆ្នោតជិតមកដល់ហើយ។ អ៊ីចឹងគណបក្សប្រជាជនកម្ពុជា គួរតែមានភាពស្អាតស្អំខ្លួនឯងថា រាល់ថ្ងៃហ្នឹងដាច់ស្រឡះពីយួនហើយឬនៅ? ជាពិសេសគឺក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ហ្នឹង សួរថា គណបក្សប្រជាជនកម្ពុជា ដាច់ស្រឡះពីយួនហើយនៅ? អាហ្នឹងតែប៉ុណ្ណឹង យើងចង់បានតែប៉ុណ្ណឹងទេ បើគណបក្សប្រជាជនកម្ពុជាដាច់ស្រឡះពីយួនហើយ មានអីទៀត ប៉ុន្តែខ្លាច តែវាមិនអ៊ីចឹង មានន័យមកដល់ពេលបច្ចុប្បន្ននេះ នៅតែរណបបរទេសដដែល។ អានេះយើងបារម្ភអ៊ីចឹង ព្រោះយើងជាខ្មែរ”។

លោករស់ សារ៉ុម បានបន្តថា “ខ្ញុំសូមបញ្ជាក់ ឱ្យតែសាលាក្រុងយល់ព្រម ១០ម៉ឺននាក់ ខ្ញុំរៀបបញ្ជីជូន ហើយខ្ញុំនាំមនុស្សមកផ្ទៀងក៏បានដែរ ហើយខ្ញុំមិនបាច់ចាយលុយទេ ចាំមើលមានមនុស្សចូលរួមមែនឬអត់? បើមិនជឿ សាកមើលទៅ ឱ្យតែឱ្យ។ កុំសុំ១ម៉ឺននាក់ ឱ្យតែ២នាក់ វាដូចជាហួសហេតុពេក។ ប៉ុន្តែបើសិនជា ខាងសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយើងហែទៅកាន់តុលាការកំពូល យើងមានវិធីមួយទៀត គឺខ្ញុំអាចធ្វើពាក្យបណ្តឹងផ្ទាល់ ទៅកាន់តុលាការកំពូលមួយទៀត ព្រោះខ្ញុំធ្វើមិនមែនចង់បានសន្លឹកឆ្នោតឯណា ដើម្បីផលប្រយោជន៍ជាតិរបស់យើងទាំងអស់គ្នាទេ។ គណបក្សប្រជាជនកម្ពុជា ក៏ដោយ ឱ្យតែធ្វើរឿងត្រឹមត្រូវ ធ្វើរឿងចំណេញដល់ជាតិប្រទេសខ្លួនឯង មានអធិបតេយ្យភាពពិតប្រាកដ ប្រជាជនរស់នៅសម្បូរសប្បាយ មិនមែនចំណាកស្រុកទៅធ្វើកញ្ជះគេ ហើយថា ឯងមានការងារធ្វើសល់៩៩% អាហ្នឹងខ្ញុំឈឺចិត្តណាស់ ក្នុងនាមខ្ញុំជាខ្មែរ។ អ៊ីចឹង យើងធ្វើដើម្បីបង្ហាញពីទិដ្ឋភាពច្បាប់នៃការអនុវត្តច្បាប់របស់តុលាការកម្ពុជា បានកម្រិតប៉ុនណាហើយ ព្រោះតុលាការរាល់ថ្ងៃនេះ និយាយ ឱ្យអស់ ដូចជារកឯករាជ្យភាពអត់ឃើញ។ កាលពី២៣តុលា ឆ្នាំទៅ សាលាក្រុងបដិសេធខ្ញុំមិនឱ្យហែពីរដ្ឋសភា ទៅតាមស្ថានទូតបារាំង ពីរឿងទឹកដីកម្ពុជាក្រោម។ ប៉ុន្តែខ្ញុំសង្ឃឹមថា ម្តងនេះ សាលាក្រុង នឹងអនុញ្ញាត ព្រោះមិនមែនដើម្បីប្រមាថគណបក្សប្រជាជនកម្ពុជាទេ ដើម្បីរកភាពស្អាតស្អំ ឱ្យគណបក្សប្រជាជនកម្ពុជាវិញទេថា គណបក្សប្រជាជនបច្ចុប្បន្នហ្នឹង ឈប់ បម្រើបរទេស ហើយឬនៅ? ពិសេស គឺយួន តែម្តង តែប៉ុណ្ណឹងទេ អ៊ីចឹងសង្ឃឹមថា សាលាក្រុងនឹងការពារថែរក្សាសណ្តាប់ធ្នាប់ជូនអ្នកចូលរួមហែជាមួយខ្ញុំហ្នឹង បានសុខសន្តិភាពទាំងអស់គ្នា”។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានប្រតិកម្មឆ្លើយតបថា បើលោករស់ សារ៉ុម ចង់ប្តឹងរំលាយគណបក្សប្រជាជនកម្ពុជាចោលនោះ ទាល់តែមានភ័ស្តុតាងច្បាស់លាស់ គឺអង្គហេតុ និងអង្គសេចក្តីច្បាស់លាស់។ ប៉ុន្តែលោកយល់ថា នេះគ្រាន់តែជាចេតនាឧបាយកលទុច្ចរិត របស់ក្រុមនិន្នាការប្រឆាំង ចង់វាយប្រហារមកលើភាពស្អាតស្អំ និងការខិតខំបម្រើប្រទេសជាតិរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “នេះគ្រាន់តែជាយុទ្ធនាការរបស់ពួកក្រុមនិន្នាការប្រឆាំង ដែលមានបណ្តាញរបស់គេ ទាំងនៅក្នុងរូបភាព ឬឯកសណ្ឋានជាគណបក្ស ក៏ដូចជាឯកសណ្ឋានជាអង្គការ ឯកសណ្ឋានជា អីផ្សេងៗរបស់គេតែប៉ុណ្ណោះ ហើយជាយុទ្ធនាការរបស់ពួកគេក្នុងការធ្វើបង្ខូចនូវមុខមាត់ និងភាពត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ អ៊ីចឹងហើយ អានេះជាបណ្តាញរបស់ពួកគណបក្សសង្គ្រោះជាតិនោះឯង ដែលយើ់ងមើលឃើញ​ មិនមែនតែពួកជាអង្គការសង្គមប៉ុន្មានហ្នឹង សូម្បីតែសកម្មជនក៏បានបង្ហោះនូវរូបភាព ដើម្បីធ្វើឱ្យមានរឿងអាក្រក់ពីកម្ពុជានេះឯង។ អានេះ គឺជាចរិតទុរយសរបស់ពួកគាត់ អ៊ីចឹងករណីនេះ សំខាន់ទាល់តែពួកបណ្តាញអស់នេះបញ្ជាក់មកថា តើអ្នកមានភ័ស្តុតាងអី ? ហើយអ្នកដាក់ពាក្យបណ្តឹងស្អីឱ្យច្បាស់លាស់មក តើសំអាងលើច្បាប់អី? មានទឡ្ហីករណ៍អីខ្លះ? ហើយតុលាការ គេនឹងពិនិត្យទៅនឹងខ្លឹមសារអង្គហេតុ អង្គសេចក្តី នៃពាក្យបណ្តឹង មិនមែនគ្រាន់តែជាការចោទប្រកាន់ច្បោលៗពីពួកយុទ្ធនាការអស់ហ្នឹងទេ ពីព្រោះនេះជាយុទ្ធនាការមួលបង្កាច់ហើយ ដែលយើងអាចដឹង។ អ៊ីចឹងបើសិនពួកគេនេះ ច្បាស់លាស់ទៅលើអ្វីមួយ ឱ្យមានបណ្តឹងត្រឹមត្រូវ មានអង្គហេតុ អង្គសេចក្តីបញ្ជាក់មក ហើយអ្នកប្តឹងហ្នឹង ក៏ត្រូវចេះទទួលខុសត្រូវចំពោះបណ្តឹងរបស់ខ្លួនដែរ មិនអាចធ្វើឡើងគ្រាន់តែក្នុងគោលបំណងមួលបង្កាច់នោះទេ ហើយអាហ្នឹងវាគឺជារឿងដែលអំណាចសមត្ថកិច្ចទុរយសរបស់ពួកគេ។ យោងតាមរដ្ឋធម្មនុញ្ញ បានចែងច្បាស់ណាស់ ច្បាប់រក្សាការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ពាក្យថាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ គឺរាប់ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ហើយគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងច្បាប់ នៅក្នុងក្រសួងមហាផ្ទៃ យោងតាមច្បាប់នោះ គឺគណបក្សនយោបាយ ក្លាយទៅជានីតិបុគ្គលរបស់គេហើយ។ ដូច្នេះអ្នកមិនអាចធ្វើអ្វីបំពានទៅនឹងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នីតិបុគ្គលបានទេ តែបើអ្នកមានភ័ស្តុតាងជាក់លាក់បញ្ជាក់ មកហើយឱ្យច្បាស់លាស់មក ដើម្បីតុលាការពិនិត្យពីអង្គហេតុ អង្គសេចក្តី និងភ័ស្តុតាងត្រឹមត្រូវ តែបើសិនជាការធ្វើបណ្តឹងនេះគ្រាន់តែជាល្បិចកលនៃការធ្វើបំប៉ោង មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះគណបក្ស ដូច្នេះអ្នកប្តឹងហ្នឹងក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់វិញដែរ។ បើសិនជាយើងពិនិត្យឃើញថា អ្នកប្តឹងអត់មានភ័ស្តុតាង ដាក់បន្ទុកអ្វីទេ នោះអ្នកប្តឹងនឹងរងការប្តឹងបកទៅវិញ ចំពោះចេតនាអាក្រក់ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះគណបក្ស អាហ្នឹងរឿងវាតែប៉ុណ្ណឹងទេ។ អ៊ីចឹងយើងរង់ចាំមើលតទៅទៀត ថាតើអ្នកប្តឹងហ្នឹងមានទឡ្ហីករណ៍កម្រិតណា មានភ័ស្តុតាងកម្រិតណា អាហ្នឹងយើងរង់ចាំមើលតទៅទៀត អាហ្នឹងយើងអត់ចង់មានអ្វី ដែលត្រូវពិចារណារឿងខ្វល់ជាមួយនឹងចរិត ទុច្ចរិតហ្នឹងទេ ព្រោះចរិតទុច្ចរិតនេះ យើងបានដឹងហើយ វាទម្លាប់របស់ពួកគាត់ទៅហើយ រឿងចរិតទុច្ចរិតនេះ”។

លោកឈឹម ផលវរុណ មានប្រសាសន៍បន្តថា “បើនិយាយពីសមិទ្ធផល និងការរីកចម្រើន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ ទោះចង់មិនចង់ ក៏ទទួលស្គាល់ទាំងអស់គ្នាថា ការរីកចម្រើននេះមានពិតជាក់ស្តែង ទាំងពីការរំដោះជីវិតប្រជាពលរដ្ឋផ្តួលរំលំរបបប្រល័យពូជសាសន៍ ទប់ស្កាត់សង្គ្រាម បង្រួមបង្រួមជាតិ បញ្ចប់សង្គ្រាម ហើយនិងអភិវឌ្ឍមកដល់ពេលនេះ ហើយនិងទៅថ្ងៃអនាគត ដែលយើងរហូតដល់មានសេរីភាពទូលំទូលាយ ហើយរហូតដល់មានការអភិវឌ្ឍប្រទេស កំណើនសេដ្ឋកិច្ច មានទៅដល់ ៧% ហើយអន្តរជាតិ ក៏ទទួលស្គាល់យើងតាមកម្រិតហ្នឹងដែរ។ ដូច្នេះទឡ្ហីករណ៍ ទាំងអស់នេះ វាជាទឡ្ហីករណ៍ដែលគ្រប់គ្រាន់ សម្រាប់ឱ្យប្រជាពលរដ្ឋទទួលយកដោយគ្មានបំភ្លៃបានទេ មានតែពួកអគតិមួយចំនួនប៉ុណ្ណោះ ដែលកំពុងតែប្រើវិធីទុច្ចរិតទេ ប៉ុន្តែវិធីទុច្ចរិតរបស់ពួកទាំងអស់ហ្នឹង ប្រាកដជាពុំមានប្រសិទ្ធភាពអ្វីទេ ហើយមិនត្រឹមតែមិនមានប្រសិទ្ធភាពទេ ថែមទាំងនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ នូវអ្វីដែលខ្លួនប្រព្រឹត្តល្មើស រឿងវានៅត្រឹមប៉ុណ្ណឹងឯង”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែល បានបន្តថា “ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី យើងត្រូវពិនិត្យទៅមើលនៅក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញ បានកំណត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលមានផែនទី និងផ្ទៃក្រឡាជាក់លាក់។ ដូច្នេះយើងមិនអាច យកផ្ទៃក្រឡាតាំងពីបុរេប្រវត្តិ ឱបទាំងកោះត្រល់ ឱបទាំងកម្ពុជាក្រោមទេ អាហ្នឹងវាអត់មានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ។ អ៊ីចឹងនៅពេល ដែលយើងអនុវត្តតាមអធិបតេយ្យភាព បូរណភាពទឹកដី ផ្អែកទៅលើរដ្ឋធម្មនញ្ញ យើងអាចពិនិត្យទៅមើលថា តើកម្ពុជាការពារបូរណភាពទឹកដីរបស់ខ្លួន ដូចនឹងរដ្ឋធម្មនុញ្ញែចងឬអត់? យើងពិនិត្យមើលទៅយើងនឹងឃើញទាំងអស់គ្នាហើយ គឺថា ផ្ទៃក្រឡា និងព្រំប្រទល់ទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែធ្វើការយ៉ាងមមាញឹកជាមួយនឹងបរទេស ដែលជាភាគីពាក់ព័ន្ធ បានន័យថា ជាប្រទេសជិតខាងរបស់យើងហ្នឹង គឺយើងបានបោះបង្គោលខ្សែបន្ទាត់ព្រំដែនយើង បានធ្វើនូវ MOU ផ្សេងៗទៀត ដើម្បីសម្រេចបាននូវការបោះបង្គោលព្រំដែន និងកសាងសន្តិភាព រវាងប្រទេសជិតខាង។ ដូច្នេះចំណុចនេះហើយ ដែលចង់បញ្ជាក់ថា ពួកដែលយកព្រំដែនធ្វើជាឧបករណ៍នៃការវាយប្រហារគណបក្សប្រជាជនកម្ពុជា គឺកំពុងតែសាបរលាបហើយ អត់មាន អ្វីដែលមានប្រសិទ្ធភាពទៀតទេ គឺពួកដែលកំពុងតែព្យាយាមយករឿងទំនាស់កាលពីឆ្នាំមុន រវាងប្រទេសជិតខាងនោះ គឺយកមកដុតកម្លោចនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន គឺវាអស់ន័យហើយ ផ្ទុយទៅវិញ ពួកអ្នកទាំងអស់ហ្នឹងមួយចំនួន កំពុងតែដេកនៅក្នុងគុក។ ដូច្នេះវាជាការសបញ្ជាក់រួចហើយថា ការមួលបង្កាច់ បំភ្លៃ បង្ខូចកេរ្តិ៍ឈ្មោះគណបក្ស ដោយយកបញ្ហាទឹកដី យកមកដុតកម្លោចនោះ មិនមែនត្រឹមតែបរាជ័យក្នុងបរិបទនយោបាយទេ ថែមទាំងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទៀត ហើយជាក់ស្តែង គឺអ្នកទាំងអស់ហ្នឹងមួយចំនួនកំពុងដេកនៅក្នុងគុកនៅឡើយ”។

លោកផៃ ស៊ីផាន និងលោកឈឹម ផលវរុណ

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន ក៏បានបញ្ជាក់ដែរថា បើសិនជាលោករស់ សារ៉ុម ប្រឆាំងនឹងច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “បាទ! ជម្រាបជូន ច្បាប់ដែលយើងបានជ្រាបមកហើយនេះ គឺកើតឡើងតាមឆន្ទៈនយោបាយរបស់សមាជិកសភាភាគច្រើន ដែលទទួលបានការគាំទ្រពីមហាជនភាគច្រើនទៅទៀត ដែល ជាប់ឆ្នោត មកអង្គុយធ្វើការនៅក្នុងសភា។ ដូច្នេះ ច្បាប់ហ្នឹង គឺតំណាងមតិភាគច្រើនរបស់ប្រជាពលរដ្ឋ ហ្នឹងចំណុចទី១។ ចំណុចទី២ ច្បាប់នេះ ក៏បានឆ្លងកាត់វាយតម្លៃទៅសន្តិភាព ហើយបានឆ្លងកាត់គ្រប់បែបយ៉ាង គឺច្បាប់នេះ មានទិសដៅច្បាស់លាស់ដែលមិនអនុញ្ញាតឱ្យគណបក្ស ណាមួយដែលភ្ជាប់ខ្លួនជាមួយនឹងទណ្ឌិត។ បាន សេចក្តីថា ការលើកឡើងរបស់លោកហ្នឹង ដែលតាំងខ្លួនជាបញ្ញវន្ត មិនមែនជាបញ្ញវន្តមកពីប្រទេសណាទេ អាហ្នឹងជាបញ្ញវន្តព្រៃ។ ដោយសារលោកប្រមែប្រមូលមនុស្សធ្វើបាតុកម្ម មិនមែនជារឿងមួយ ត្រូវបញ្ចោញមតិយោបល់តាមរយៈមធ្យោបាយណាមួយដែលទទួលបានការអនុញ្ញាតពីច្បាប់ ហើយបើសិនជាធ្វើសកម្មភាព ណាមួយដែលបញ្ច្រាស ដែលប្រឆាំងនឹងច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។

ដោយឡែក អ្នកនាំពាំក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព និងលោកជិន ម៉ាលីន មិនអាចទាក់ទងសុំយោបល់ជុំវិញការលើកឡើងរបស់លោករស់ សារ៉ុម ខាងលើនេះបានទេ កាលពីម្សិលមិញ ដោយសារលោកទាំង២ជាប់រវល់ប្រជុំ៕

កុលបុត្រ

RELATED ARTICLES