ពិធីការិនីហង្សមាស គង់ វិច្ឆិកា បានខកខានបង្ហាញខ្លួនជាច្រើនសប្តាហ៍មកហើយ ក្នុងកម្មវិធី “តំបន់យុវវ័យ” ទើបធ្វើឱ្យមានការលេចឮថា វិច្ឆិកា ត្រូវអ្នកគ្រប់គ្រងកម្មវិធីដកបញ្ឈរជើង ដោយដាក់ជំនួសដោយពិធីការិនីថ្មីជំនួសវិញ។
ប្រភពបានឱ្យដឹងថា វិច្ឆិកា អាក់អន់ស្រពន់ចិត្តជាមួយហង្សមាស ជាខ្លាំង ព្រោះតែនាងខំធ្វើការជិត២ឆ្នាំមកហើយ ចុងក្រោយបែរជាថា នាងធ្វើការមិនកើត ហើយយកអ្នកថ្មីមកជំនួសវិញ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គង់ វិច្ឆិកា បានឱ្យដឹងថា នាងពិតជាត្រូវផ្អាកពីកម្មវិធីមែន ទើបបាត់មុខនាងដូច្នេះ តែនាងមានសង្ឃឹមថា នឹងវិលត្រឡប់ចូលហង្សមាស វិញ នៅពេលណាមួយជាមិនខាន ព្រោះមិនមែនគេដកចញបាត់តែម្តងទេ គឺគេគ្រាន់តែផ្អាកមួយរយៈប៉ុណ្ណោះ។
គង់ វិច្ឆិកា វាចាថា “និយាយទៅ ខ្ញុំធ្វើការនៅហង្សមាស ជិត២ឆ្នាំហើយ កាន់កម្មវិធី “តំបន់យុវវ័យ” តែចុងក្រោយនេះ កម្មវិធីផ្លាស់មក ជាកម្មវិធី “ICHITAN” វិញ អីចឹងគេតម្រូវពិធីករចេះនិយាយភាសាថៃ ដើម្បីស្រួលផ្សព្វផ្សាយទាក់ទងជាមួយផលិតផល ហើយខ្ញុំអត់ចេះថៃទេ ទើបគេដាក់អ្នកថ្មីជំនួស។ អ្នកគ្រប់គ្រងកម្មវិធីនៅហង្សមាស គាត់ថា ឱ្យខ្ញុំសម្រាកមួយរយៈសិន មិនមែនគេដកចេញទេ ហើយចាំមានកម្មវិធីថ្មី គេនឹងហៅវិញ ម៉្យាងទៀត ពេលនេះហង្សមាស កំពុងតែសង់ Studio ថ្មីផង អីចឹងខ្ញុំសង្ឃឹមថា គាត់នឹងហៅខ្ញុំទៅធ្វើការវិញ នៅពេលដែលរៀបចំ Studio ហើយ។ និយាយទៅ អំឡុងពេលដែលខ្ញុំផ្អាកហង្សមាស នេះ ក៏មានប៉ុស្តិ៍ផ្សេងៗគាត់ទាក់ទងមកដែរ តែខ្ញុំមិនទាន់ទទួល ព្រោះខ្ញុំមិនចង់ធ្វើការដោយមានកុងត្រាទេ ហើយខ្ញុំចង់ចូលប៉ុស្តិ៍ហង្សមាស វិញ ដោយសារតែប៉ុស្តិ៍គេល្បី ហើយធ្វើជាមួយហង្សមាស មុនហ្នឹង ខ្ញុំក៏គ្មានកុងត្រាជាមួយហង្សមាស ដែរ គឺ Freelance”៕