ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងព្រមានមេដឹកនាំគណបក្សប្រឆាំង កុំឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាបង្ហោះព័ត៌មានថា សម្តេចស្លាប់ យន្តហោះធ្លាក់នៅសៀមរាប និងអំពើចាប់កូនក្មេងវះយកក្រលៀនជាដើម ដែលសុទ្ធតែជាព័ត៌មានមិនពិត ហើយសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា សូមកុំកេងចំណេញពីការស្លាប់របស់សម្តេចឱ្យសោះ។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់ កុំឱ្យ គេលួច (Hack) យកគណនីហ្វេសប៊ុករបស់ខ្លួនទៅបង្ហោះព័ត៌មានមិនពិត រួមទាំងព័ត៌មានប៉ុនប៉ងសម្លាប់នាយករដ្ឋមន្ត្រីជាដើម ព្រោះ ជនខិលខូចទាំងនោះ ក៏ត្រូវបានចាប់ខ្លួនមួយចំនួនរួចមកហើយ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣៥៧៩ នាក់ នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នោះថា នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរដល់ និស្សិតទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យនៅថ្ងៃនេះ និងបានកោតសរសើរឪពុកម្តាយអាណាព្យាបាល និងសាស្ត្រាចារ្យដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា កូនចៅ និងបង្រៀន និស្សិតរហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សម្តេចហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ពីវិស័យឯកជនដែលជាគោលនយោបាយអភិវឌ្ឍន៍លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ នៅថ្ងៃនេះដែរ ក៏ជាខួបទី៣០ ដែលរាជរដ្ឋាភិបាលបានកំណត់ទស្សនវិស័យអាទិភាព ក្នុងនោះគឺមាន ទឹក ផ្លូវ ភ្លើង មនុស្ស។ សម្រាប់ជីវិតផ្ទាល់របស់សម្តេចហ៊ុន សែន ដែលអាចមានមកដល់ពេលនេះ គឺបានឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនណាស់ ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គម ជាដើម។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ច្បាស់ណាស់ ការយកសង្គ្រាមបញ្ចប់សង្គ្រាម គឺមិនអាចធ្វើបានទេ។ យើងបានប្រើប្រាស់វិធី ចរចា និងនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅកម្ពុជា។ ពេលនេះ ជាឱកាសធំបំផុតសម្រាប់យុវជន។ យុវជនជំនាន់មុន ពុំមានឱកាស និងបានបាត់បង់ជីវិតច្រើនណាស់ ដោយសារសង្គ្រាម។ នៅក្នុងសម័យ សង្គ្រាម គឺបានបន្សល់ទុកគ្រាប់បែកជាង២លាន ៧សែនតោន នៅលើទឹកដីកម្ពុជា”។
សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ខាងមុខនេះ សម្តេចនឹងនិយាយពិភាក្សាឱ្យបានច្បាស់ និងត្រង់ទៅត្រង់មកជាមួយលោកប្រធានាធិបតីអាមេរិក អំពីបញ្ហាខាងលើនេះ និងបញ្ជាក់អំពីបញ្ហាទាំងឡាយដែលជាប់ពាក់ព័ន្ធជាមួយប្រទេសទាំង២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្តថា “តាមរបាយការណ៍សាកលវិទ្យាល័យ គឺមាននិស្សិតយើងប្រមាណ ៩២,៣២% ដែលបញ្ចប់បរិញ្ញាបត្រហើយ គឺបានទទួលការងារធ្វើ និងមាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ៩៦,១០% បានទទួលការងារ ធ្វើសមរម្យផងដែរ។ នៅក្នុងសាកលវិទ្យាល័យនេះ ក៏មាននិស្សិតបរទេស មកសិក្សាដូចជាមកពីប្រទេសកូរ៉េ វៀតណាម ចិន បារាំង អាមេរិក បង់ក្លាដេស និងជប៉ុន ជាដើម។ កម្ពុជាពេល នេះមិនមែនជាឋានរនរកទេ។ កម្ពុជាពិត គឺយើង កំពុងឋិតនៅសព្វថ្ងៃ រីឯកម្ពុជាមិនពិត គឺជាកម្ពុជាលើទំព័រសារព័ត៌មាននិងការឃោសនា ដោយក្រុមខិលខូចនៅក្រៅប្រទេស”។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្មីៗនេះមានការផ្សាយព័ត៌មានចេតនាមិនល្អពីកម្ពុជា នៅលើសារព័ត៌មាន CNN ដែលផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាល ដែលបានផ្សាយថា ស្ត្រីកម្ពុជា បានយកកូនទៅលក់។ អង្គការ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត គឺប្រឈមនឹងការបិទ។ សម្តេចមិនអាចទទួលយកបានទេ ចំពោះការផ្សាយព័ត៌មានមិនពិត។ សូមស្ថានទូតអាមេរិក ស្រាវជ្រាវអំពីរឿងនេះ ហើយកុំបន្តបង្កបញ្ហា។ កុំយកខ្មែរ ធ្វើជាដើមទុន ដើម្បីរៃអង្គាសលុយសម្រាប់អង្គការក្រៅរដ្ឋាភិបាលទាំងនោះ។ កម្ពុជា ក៏មិនចង់ឱ្យមានការធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូត និងអង្គការរដ្ឋាភិបាលទាំងនោះឡើយ។ សម្តេចហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ចំពោះអង្គការមួយនោះ គឺមិនអាចអត់ឱនឱ្យបានឡើយ។
សម្តេចនាយករដ្ឋមន្ត្រី មានជំនឿលើនិស្សិតជ័យលាភីទាំងអស់ ក្រោយពីបានទទួលសញ្ញាបត្រនេះ គឺងាយស្រួលក្នុងការរកការងារធ្វើ និងក្នុងការប្រកបរបរផ្សេងៗ។ ទន្ទឹមនឹងនេះដែរ សម្តេចសង្ឃឹមដែរថា និស្សិតមួយចំនួនធំ នឹងបន្តសិក្សា ពង្រីកសមត្ថភាពបន្ថែមទៀត ពីបរិញ្ញាទៅបរិញ្ញាជាន់ខ្ពស់ និងទៅកាន់បណ្ឌិត ហើយមួយចំនួនទៀត នឹងបន្តស្វ័យសិក្សាស្រាវជ្រាវ និងសិក្សាបន្តក្នុងដំណាក់កាលបំពេញការងារ ដើម្បីចៀសវាងភាពអភិរក្ស និយមដែលបង្កភាពគ្រោះថ្នាក់ដល់ការរីកចម្រើនយុវជន។ ខួរក្បាលមនុស្សចាស់ ក៏ត្រូវធ្វើយុវូបនីយកម្មដែរ ឧទាហរណ៍ ប្រព័ន្ឋបច្ចេកវិទ្យា គឺគ្រប់មន្ត្រីរដ្ឋាភិបាល ត្រូវតែចេះ បើមិនចេះ គឺមិនអាចតែងតាំងបានឡើយ។
សម្តេចហ៊ុន សែន ក៏បានមានប្រសាសន៍ ផងដែរថា កម្ពស់ទឹកជំនន់នៅតាមបណ្តាខេត្ត ដែលទទួលរងផលប៉ះពាល់ គឺកំពុងស្រកចុះជាបណ្តើៗហើយ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលាដល់បងប្អូនដែលទទួលរងផលប៉ះពាល់ ដោយទឹកជំនន់។ តាមព្យាករណ៍អាកាសធាតុ គឺកូនរដូវប្រាំងមួយនឹងកើតមានឡើងបន្ទាប់ពីទឹកជំនន់ស្រកទៅ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៦ សីហា ឆ្នាំ២០១៧ នេះ សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ព្រមទាំងចូលរួមអបអរសាទរខួប៦៤ឆ្នាំ (១៩៥៣-២០១៧) នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ហើយនៅឆ្នាំ២០១៧ នេះ សម្តេចគ្រោងនឹងអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី អ្នកលេងហ្វេសប៊ុក (Facebook) ទាំងអស់ កុំបង្កើតបញ្ហាបំពុលបរិយាកាសសង្គម មុននឹងចែកចាយដំណឹង ឬព័ត៌មានអ្វីបន្ត គឺត្រូវពិនិត្យឱ្យបានច្បាស់ថា តើពិតដែរទេ?
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់បក្សនយោបាយទាំងអស់ សុទ្ឋតែមានតួនាទីអប់រំសមាជិកឱ្យទទួលផ្សព្វផ្សាយព័ត៌មានល្អពិត។ សម្តេចសូមផ្តាំ និងអំពាវនាវដល់មេដឹកនាំគណបក្សប្រឆាំងកុំឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំងបង្ហោះព័ត៌មានថា សម្តេចហ៊ុន សែន ស្លាប់ មានយន្តហោះធ្លាក់នៅសៀមរាប និងមានអំពើចាប់កូនក្មេងវះយកក្រលៀនជាដើម គឺសុទ្ឋតែជាព័ត៌មានមិនពិត។
សម្តេចហ៊ុន សែន បានបញ្ជាក់និងសង្កត់ធ្ងន់ច្បាស់ៗថា សូមកុំកេងចំណេញពីការស្លាប់របស់សម្តេចឱ្យសោះ។ ម៉្យាងវិញទៀត សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់ កុំឱ្យគេលួច (Hack) យកគណនីខ្លួនទៅបង្ហោះព័ត៌មានមិនពិត រួមទាំងព័ត៌មានប៉ុនប៉ងសម្លាប់នាយករដ្ឋមន្ត្រីជាដើម ព្រោះជនខិលខូចទាំងនោះក៏ត្រូវបានចាប់ខ្លួនមួយចំនួនរួចមកហើយដែរ។
គួរបញ្ជាក់ដែរថា ក្នុងពេលថ្លែងទៅកាន់ និស្សិតនៅពេលនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវការព្រួយបារម្ភដែលប្រទេស មហាអំណាច មិនត្រូវគ្នាដែលធ្វើឱ្យក្រុមភេរវកម្ម កាន់តែមានកម្លាំង។ សម្តេចបានអំពាវនាវឱ្យ មានកិច្ចសហការ និងចរចាគ្នា ដើម្បីសុខសន្តិភាពពិភពលោកទាំងមូល៕
ខៀវទុំ