Tuesday, November 26, 2024
Homeតារាខ្មែរជីវិតកម្សត់កុមារី ឃុយ មុីហៀង អ្នកបានអានហើយ ពិតជាខ្លោចចិត្តអាណិតកុមារីម្នាក់នេះណាស់!!!

ជីវិតកម្សត់កុមារី ឃុយ មុីហៀង អ្នកបានអានហើយ ពិតជាខ្លោចចិត្តអាណិតកុមារីម្នាក់នេះណាស់!!!

ថ្មីៗនេះ មានការបង្ហោះរូបភាពក្មេងស្រីម្នាក់អាយុ១២ឆ្នាំ បានក្លាយជាជ័យលាភីក្នុងកម្មវិធីប្រលងចម្រៀង “The voice kids Cambodia” វគ្គទី២ តាមរយៈស្ថានីយទូរទស្សន៍ហង្សមាស។ នៅពេលតាមដាន ទើបដឹងថា កុមារីនេះកំពុងរស់ក្នុងភាពក្រីក្រជាមួយម្តាយ ប្រកបរបរដើររើសអេតចាយ ព្យាយាមសន្សំលុយទុកចូលរួមប្រលងចម្រៀង ធ្វើឱ្យអ្នកបានដឹងពីជីវិតពិតនេះ អាណិតនាងទប់ទឹកភ្នែកមិនជាប់…។

កុមារីឃុយ ម៉ីហៀង អាយុ១២ឆ្នាំ បានក្លាយជាជ័យលាភីប្រលងចម្រៀងនៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី “The Voice Kids Cambodia” ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារទឹកដមសំឡេងរបស់នាងក្រអួនក្រអៅ ដូចនារីពេញវ័យ។ គ្រប់គ្នានឹកស្មានថា នាងតូចនេះប្រហែលជាកូនរបស់តារាចម្រៀងណា ឬសិល្បករ សម្តែងណាម្នាក់ហើយ ទើបបង្កើតបានកូនស្រីមាន​និស្ស័យខាងចម្រៀងយ៉ាងនេះ លុះអ្នកយកព័ត’មានយើងតាមស៊ើបសួរ ទើបដឹងថា នាងតូចជាកូនស្ត្រីចំណាស់ម្នាក់ ប្រកបរបររើសអេតចាយសោះ។

ទាក់ទិននឹងរឿងជីវិតដ៏កម្សត់នេះ អ្នកស្រីសៀន ស៊្រន អាយុ៦០ឆ្នាំ ជាម្តាយបង្កើតបានរៀបរាប់ដោយមិនលាក់លៀមថា គាត់មានស្រុកកំណើតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កាលគាត់មានអាយុ១៩ឆ្នាំ ចំសម័យប៉ុល ពត អង្គការបានរៀបចំឱ្យគាត់មានប្តីឈ្មោះម៉ុន ថាន អាយុស្របាលគ្នា និងបានរួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១)។ នៅពេលកូនទី៣ កើតបានប៉ុន្មានថ្ងៃ អង្គការប៉ុល ពត ក៏ចុចឈ្មោះប្តីគាត់ឱ្យចូលបម្រើកងទ័ព និងចេញទៅសមរភូមិ បាត់ខ្លួនរហូតមក។ គាត់ក្លាយជាស្រីមេម៉ាយជាច្រើនឆ្នាំ រហូតដល់ឆ្នាំ១៩៩៣ ក៏មានបុរសម្នាក់ទៀត ឈ្មោះកង សុខុម រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលស្តីដណ្តឹង ទើបគាត់យល់ព្រមរៀបការជាមួយគេទៅ និងបង្កើតបានកូន៣នាក់ទៀត (ស្រី២ ប្រុស១) ជាចំណងនិស្ស័យ ហើយពៅគេ គឺកូនស្រីឈ្មោះម៉ីហៀង នេះឯង។

អ្នកស្រីសៀន ស៊្រន បន្តថា តាមពិត កាលនោះ គាត់មានអាយុ៤៨ឆ្នាំ ទៅហើយ ស្រាប់តែ មានផ្ទៃពោះកូនស្រីទី៣ ដោយមិនដឹងខ្លួន ព្រោះធម្មតាស្ត្រីភេទ អស់រដូវត្រឹមវ័យនេះ ក៏ដូចជា អស់កូនដែរ។ មុនពេលចាប់កំណើតកូនស្រីពៅនេះ គាត់យល់សប្តិឃើញមនុស្សស្រីខ្មៅស្រអែម ស្លៀកសំពត់ខ្លីពណ៌ខ្មៅ អាវដៃខ្លីខ្មៅ មកសុំនៅជាមួយ ទោះជាគាត់ប្រកែកយ៉ាងណា ក៏ក្មេងស្រី ចម្លែកនេះចូលផ្ទះទាល់តែបាន។ ថ្ងៃមួយ គាត់ទៅឱ្យគ្រូពេទ្យពិនិត្យពោះ ទើបដឹងថា គាត់ពពោះ៧ ខែទៅហើយ ដោយស្មានថា ខ្លួនឯងធាត់ដុះពោះ ព្រោះកូនអត់កម្រើក ។ បន្ទាប់ពីកូនម៉ីហៀង ប្រសូតបាន៤ឆ្នាំ ស្វាមីជាទីស្រលាញ់នោះក៏ស្លាប់ទៀត ទុកឱ្យគាត់មេម៉ាយជាលើកទី២ រកស៊ី រើសអេតចាយលក់ ចិញ្ចឹមកូនយ៉ាងសែនវេទនា។

ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកពេលស្តាប់ការរៀបរាប់ពីជីវិតពិតកុមារីឃុយ មុីហៀង

ស្ត្រីជាម្តាយបន្តទៀតថា នៅពេលម៉ីហៀង អាយុបាន៥ឆ្នាំ ស្រាប់តែដឹងជាតិ តែងនិយាយ ប្រាប់គាត់ថា កាលពីជាតិមុន រូបនាងជាស្រីស្អាតម្នាក់ ត្រូវគេច្រណែនឈ្នានីស ចាប់ច្រកបាវ វាយសម្លាប់ យកទៅបោះចោល ប៉ុន្តែពេលគាត់សួរបញ្ជាក់ថា ឃាតករនោះជាអ្នកណា នាងថា មិនប្រាប់ទេ ព្រោះ ឃាតករនោះ ចាស់ជរាទៅហើយ ទើបគាត់លែងដេញដោល។ ពាក់ព័ន្ធនឹងការច្រៀងពីរោះនោះ កូនម៉ីហៀង ធ្លាប់ចេះច្រៀងតាំងពីអាយុ៥ឆ្នាំម៉្លេះ ដោយពេលច្រៀងម្តងៗ នាងគេងទទូរភួយជិតក្បាល ឮសូររងំៗ លុះគាត់សួរច្រៀងបទអី នាងក៏ឆ្លើយថា “ម៉ែកុំ ចង់ដឹងអី! ចាំតែជូនខ្ញុំទៅប្រលងចម្រៀងនៅភ្នំពេញ បានហើយ”។ ជាងនេះទៀត ពេលម៉ីហៀង តាមគាត់ទៅហូបការបងប្អូន ក៏បានសុំអ្នកភ្លេងឡើងច្រៀងលើឆាកតន្ត្រី ធ្វើឱ្យអ្នកទៅចូលរួមមង្គលការភ្ញាក់ផ្អើល ដកកចំហមាត់សរសើរនាងថា ច្រៀងពីរោះមិនចាញ់អ្នកស្រីរស់ សេរីសុទ្ធា។ ឥឡូវគោលបំណងកូនស្រីនេះបានសម្រេចហើយ បន្ទាប់ពីគណៈមេប្រយោគប្រកាសថា ម៉ីហៀង បានក្លាយជាជើងឯកក្នុងឱកាសប្រលងចម្រៀងប៉ុស្តិ៍ហង្សមាស ធ្វើឱ្យគាត់រំភើបពេក រហូតដល់ស្រក់ទឹកភ្នែកអាណិតកូន ហើយសូម្បីអ្នកស្តាប់ក៏រំភើបស្រក់ទឹកភ្នែកដូចគាត់ដែរ។

អ្នកស្រីសៀន ស៊្រន រៀបចំធ្វើនំអន្សមដើរលក់

អ្នកស្រីភួង ស្រីណែត ជាសាច់ញាតិ បានឱ្យដឹងថា កាលពីឆ្នាំ២០១១ អ្នកស្រីបានរៀបការដោយអញ្ជើញអ៊ំស្រីសៀន ស៊្រន ទៅចូលរួម យកទាំងកុមារីម៉ីហៀង ទៅជាមួយផង។ ពេលភ្ញៀវកំពុងហូប ស្រាប់តែម៉ីហៀង សុំគេឡើងច្រៀងបទ “បាចផ្កាម្រះព្រៅ” មិនដឹងជាចេះពីណាទេ ធ្វើឱ្យភ្ញៀវឯទៀតភ្ញាក់ផ្អើល ខ្លះក៏ហុចផ្កា ហុចលុយឱ្យនាងបានសន្ធឹក និងសរសើរថា នាងតូចច្រៀងពីរោះណាស់ និងមានសំឡេងដូចនារីពេញវ័យ។

កុមារីឃុយ ម៉ីហៀង កាលនៅក្មេង

លោកស្រីឯម សេដ្ឋាវី នាយិកាវិទ្យាល័យ ហ៊ុន សែន សំរោងទង បានឱ្យដឹងថា ដើមឡើយ លោកស្រីគឺជាគ្រូប្រចាំថ្នាក់របស់សិស្សឈ្មោះកង សុខុន ដែលជាឪពុករបស់កុមារីម៉ីហៀង។ លុះបុរសនោះស្លាប់ ទៅ កុមារីជាកូនក៏បានមកសិក្សានៅសាលាដែលលោកស្រីឡើងជានាយិកាដែរ។ លោកស្រីរីករាយណាស់ ដោយបានដឹងថា កុមារីម៉ីហៀង ជាប់ជាជើងឯក ក្នុងឱកាសប្រលងចម្រៀងក្នុងកម្មវិធី “The Voice Kids Cambodia” ចាត់ទុកថា ជាមោទនភាពរបស់សាលាផងដែរ ដែលមានសិស្សស្រីម្នាក់ជួយលើកកិត្តិយស។

អ្នកស្រីភួង ស្រីណែត ពាក់កម្រងផ្កាឲ្យកុមារីឃុយ ម៉ីហៀង

លោកគ្រូជួន ប្ញទ្ធី អាយុ៣៥ឆ្នាំ ជាគ្រូបង្ហាត់ភ្លេងពិណពាទ្យ បានឱ្យដឹងថា កុមារីម៉ីហៀង ត្រូវបានលោកស្រីឯម សេដ្ឋាវី បញ្ជូនមកឱ្យលោកជួយបង្ហាត់ឧបករណ៍ “ឆុបឆឺង” ហើយក្រៅពីឧបករណ៍នេះ នាងតូចចេះរហូតដល់កាន់គងធំទៀតផង ដោយមិននិយាយពីសំឡេងក្រអួនក្រអៅនោះឡើយ។

ផ្ទះរបស់អ្នកស្រីសៀន ស៊្រន រស់នៅជាមួយកូនស្រីឃុយ ម៉ីហៀង

ដោយឡែក កុមារីឃុយ ម៉ីហៀង ដែលបានឆ្លងផុតវគ្គទី២ របស់កម្មវិធីប្រលងចម្រៀងនោះ បាន ប្រាប់អ្នកយកព័ត៌មានយើងថា នាងពិតជាចាំជាតិមែន តែងមានអារម្មណ៍នឹកគិតដល់អតីតកាលជាស្រីស្អាតម្នាក់ ដែលត្រូវគេសម្លាប់ ប៉ុន្តែនាងមិនចងពៀរទេ ព្រោះឃាតករនោះ ចាស់ជរាទៅហើយ។ នាងមានគម្រោងជីវិតអនាគតចង់ក្លាយជាតារាចម្រៀងល្បីមួយរូប ប៉ុន្តែមិនដឹងជាបានសម្រេចឬយ៉ាងណាទេ ព្រោះជីវភាពម៉ែរកស៊ីរើសអេតចាយ បានត្រឹមតែរស់ប៉ុណ្ណោះ៕

លោកស្រីឯម សេដ្ឋាវី

 

លោកគ្រូជួន ប្ញទ្ធី
RELATED ARTICLES