ភ្នំពេញ ៖ នៅក្នុងសេចក្តីអំពាវនាវស្វែងរកការឧបត្ថម្ភថវិកា សម្រាប់ការកែសម្រួលផ្លាស់ប្តូរផ្ទាំងស្លាកគណបក្សសង្គ្រោះជាតិ ទូទាំង ប្រទេសស្របតាមវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលតម្រូវឱ្យដករូបលោក សម រង្ស៊ី (ទណ្ឌិត) ចេញនោះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើង ថា គណបក្សកាន់អំណាច បានធ្វើទុក្ខម្នេញមក លើគណបក្សប្រឆាំង ឥតឈប់ឈរ។
ប៉ុន្តែ ប្រតិកម្មតបចំពោះការថ្លែងចោទប្រកាន់របស់លោកកឹម សុខា ខាងលើនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច បានព្រមានលោក កឹម សុខា ថា បើបន្តប្រហែសវោហារ អាចនឹងត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ឬអាចត្រូវតុលាការកោះហៅ ព្រោះលោក កឹម សុខា នៅមានបណ្តឹងហ៊ុមព័ទ្ធខ្លួនច្រើនករណីផងដែរ។
សេចក្តីអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ លេខ៤៦៧/១៧ គ.ស.ជ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោកកឹម សុខា ប្រធានគណបក្ស បានបញ្ជាក់ថា “តាងនាមគណបក្សសង្គ្រោះជាតិ ខ្ញុំសូម អំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមឧបត្ថម្ភជាថវិកា តាមសមានចិត្ត និងលទ្ធភាព ដើម្បីចំណាយធ្វើការកែសម្រួលផ្លាស់ប្តូរផ្ទាំងស្លាកគណបក្ស សង្គ្រោះជាតិ ទូទាំងប្រទេសឡើងវិញ ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលគេទើបធ្វើវិសោធនកម្មថ្មីៗនេះ។
ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឱ្យមានការផ្លាស់ប្តូរ ទើបបានងាកមកគាំទ្រគណបក្សសង្គ្រោះជាតិកាន់តែច្រើនទៅៗ ជាពិសេសជោគជ័យមួយជំហានធំរបស់គណបក្សសង្គ្រោះជាតិ ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ បញ្ជាក់ឱ្យឃើញថា គណបក្សសង្គ្រោះជាតិ នឹងអាចទទួលបាននូវជ័យជម្នះ ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ។
កត្តាទាំងអស់នេះហើយ បានជាគេធ្វើទុក្ខបុកម្នេញ បង្កឧបសគ្គដល់យើងឥតឈប់ឈរ ក៏ប៉ុន្តែយើងនៅតែរក្សាគោលដៅរបស់យើងដដែល ហើយខ្ញុំមានជំនឿជាក់ថា ដរាបណាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដូចកន្លងមក ហើយនឹងបន្តការគាំទ្រទៅមុខទៀតដូចសេចក្តីអំពាវនាវខាងលើនេះ យើងនឹទៅដល់ គោលដៅរបស់យើង ជាក់ជាមិនខាន នាឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងការជួយទ្រទ្រង់សកម្មភាពនានារបស់គណបក្សកន្លងមក ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងបន្តចូលរួមជួយគណបក្សជាបន្តទៀត ក្នុងបេសកកម្មសង្គ្រោះជាតិយើងទាំងអស់គ្នា។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរដល់បងប្អូន ជនរួមជាតិ បានប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។
បន្ថែមលើសេចក្តីអំពាវនាវនេះ លោកគី វណ្ណដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ប្រធានក្រុមងារគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងជាអគ្គហេរញ្ញិកនៃគណបក្សសង្គ្រោះជាតិ ដែលទទួលបន្ទុកក្នុងការរកថវិកា ទ្រទ្រង់ការកែសម្រួលផ្លាស់ប្តូរផ្ទាំងស្លាកគណបក្សថ្មីនេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ថា មកដល់ពេលនេះ ក្រោយពេលធ្វើសេចក្តីអំពាវនាវបាន២ថ្ងៃ មិនទាន់បានទទួលថវិកាពីអ្នកឧបត្ថម្ភនៅឡើយ ប៉ុន្តែសមាជិក សមាជិកា អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស បានទាក់ទងមកសួរព័ត៌មានហើយ។ ដូច្នេះ លោកសង្ឃឹមថា ដំណើរការនៃការផ្លាស់ប្តូរស្លាកគណបក្សថ្មីនេះ នឹងបានរលូនទៅមុខ ហើយនឹងកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋច្រើនឡើងថែមទៀត បើទោះស្លាកថ្មីនោះ គ្មានរូបលោកកឹម សុខា និងលោក សម រង្ស៊ី ចាប់ដៃគ្នា មានតែពាក្យ “រួមគ្នាសង្គ្រោះជាតិយើង” ក៏ដោយ ហើយគណបក្សប្រឆាំង ក៏ប្រឹងដើរឆ្ពោះទៅមុខ បើទោះបីមាន ការធ្វើទុកបុកម្នេញពីគណបក្សកាន់អំណាច។
លោកគី វណ្ណដារ៉ា បានមានប្រសាសន៍ថា “បាទ ! យើងទើបតែអំពាវនាវ ទើបតែចេញម្សិលមិញ មានការឆ្លើយតបមកពីខាងបងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេសមួយចំនួនហើយ។ អត់អីទេ ពីព្រោះយើងមានយន្តការរបស់យើង ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហ្នឹង គាត់តែងតែជួយយើង អ៊ីចឹងខ្ញុំជឿជាក់ថា លើកនេះ ក៏គាត់បន្តថែមទៀត ពីព្រោះស្មារតីរបស់គាត់នៅចង់តែជួយធ្វើម៉េច ឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការទៅមុខ ឱ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតដោយយុត្តិធម៌ ត្រឹមត្រូវនៅស្រុកខ្មែរ តែប៉ុណ្ណឹង។ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរ ខ្ញុំកំពុងរៀបចំធ្វើឯកសារមួយចំនួន ដើម្បីគាត់មករកស្នាក់ការគណបក្សទៅ ដើម្បីរៀបចំ វិក្កយបត្រជួនគាត់ ពេលគាត់ចូលរួម។ ចំពោះស្លាកថ្មី ដែលមានគម្រោងដាក់ទូទាំងប្រទេសនោះ យើងនិយាយទៅ រាប់ពាន់ស្លាកឯណោះ ពីព្រោះនៅក្នុងខេត្តមួយហ្នឹង មានជាងរាប់រយ ស្លាកឯណោះ ហើយមួយផ្ទាំង វាអាស្រ័យលើ ទំហំធំតូច បើស្លាកខ្លះត្រូវដោះដូរ វាប្រហែល ១០ដុល្លារ ទាំងសងខាង”។
លោកគី វណ្ណដារ៉ា បានមានប្រសាសន៍បន្តថា “យើងដឹងហើយ បងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណមតិជាតិដឹងហើយថា ច្បាប់នេះ គេធ្វើសម្រាប់តែរករឿងគណបក្សសង្គ្រោះជាតិ ឥតឈប់ឈរ ពីព្រោះយើងមើលច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ យើងឃើញហើយ គេឱ្យអំណាចទៅក្រសួងមហាផ្ទៃ និងតុលាការ ហើយតុលាការ ក្រសួងមហាផ្ទៃ គឺសុទ្ធតែរបស់គណបក្សប្រជាជនកម្ពុជាហ្នឹង អ៊ីចឹងទោះបីចង់មិនចង់ ដែលអ្នកតាក់តែងច្បាប់រៀបចំ សេចក្តីស្នើច្បាប់អីទាំងអស់របស់គណបក្សប្រជាជនកម្ពុជាហ្នឹង ទោះបីខំឆ្លើយពង្វាងយ៉ាងម៉េច ក៏គេមើលឃើញថា អាច្បាប់ហ្នឹង គឺសម្រាប់ គាបសង្កត់គណបក្សសង្គ្រោះជាតិហ្នឹងឯង។ ប៉ុន្តែគោលបំណង ជំហំររបស់យើង គឺយើងដើរឆ្ពោះទៅមុខជានិច្ច ដើម្បីទៅរកការបោះឆ្នោត ហើយយើងសង្ឃឹមយ៉ាងមុតមាំថា នៅពេលមានបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គឺមានតែគណបក្សសង្គ្រោះជាតិទេ ត្រូវឈ្នះឆ្នោត ហើយខ្ញុំអ្នកនយោបាយ ក៏យើងក្នុងនាម អ្នកនយោបាយ ខ្ញុំយល់ឃើញថា អ្នកនយោបាយទាំងអស់គ្នា ឈប់លេងល្បែងពីអតីតកាលទៅ កុំស្រលាញ់អំណាច ដើម្បីតែអំណាច ការពារធ្វើអីតាមតែខ្លួនឯងនឹកឃើញអ៊ីចឹង ហ្នឹង ព្រោះដើម្បីឱ្យជាតិមានការបង្រួបបង្រួម និងឯកភាពជាតិ វាទាមទារឱ្យមានការផ្លាស់ប្តូរអំណាចទៅតាមឆន្ទៈប្រជាពលរដ្ឋ មិនមែនយើងអ្នកនយោបាយទៅកាងអំណាចទេ ព្រោះការមានការផ្លាស់ប្តូរដោយប្រជាពលរដ្ឋ ដោយឆន្ទៈប្រជាពលរដ្ឋ ពេលនោះផ្លាស់ប្តូរមេដឹកនាំថ្មីមួយមក ធ្វើល្អទៅ ប្រជាពលរដ្ឋស្រលាញ់គាំទ្រ គាត់បោះឆ្នោតទៀតទៅ បើគាត់ឡើង មកធ្វើមិនល្អប្រជាពលរដ្ឋមិនគាំទ្របោះឆ្នោត ទម្លាក់ទៅ អាហ្នឹងឆន្ទៈប្រជាពលរដ្ឋ អាហ្នឹងហើយដែលយើងថា យើងម្នាក់ៗចង់ឱ្យមានការបង្រួបបង្រួមជាតិ ប៉ុន្តែចុងបញ្ចប់ ដើម្បីការពារអំណាច ដើរទៅធ្វើបាប ធ្វើទុក្ខបុកម្នេញ ទៅដល់គណបក្សដែលគ្រាន់តែបង្កើតឡើង ដើម្បីធ្វើយ៉ាងម៉េចជួយឱ្យមានលទ្ធិប្រជាធិបតេយ្យ ហើយឱ្យមានការផ្លាស់ប្តូរទៅតាមឆន្ទៈ ប្រជាពលរដ្ឋតែប៉ុណ្ណឹង។ សំខាន់អ្នកនយោបាយហ្នឹង គាត់ត្រូវយល់ថា ស្មារតីនយោបាយ ដើម្បី ឱ្យមានការឯកភាពជាតិហ្នឹង គឺយើងមិនអាចប្រើអនុវត្តនូវផ្នត់គំនិតអត្តនោម័តទេ ត្រូវប្រើទៅតាមផ្នត់គំនិតសត្យានុម័តៗ បានន័យថា ធម្មជាតិវាត្រូវតែមានការផ្លាស់ប្តូរហ្នឹងហើយៗ បើយើងអត្តនោម័តតែខ្លួនឯង ថាគេ អំណាចហ្នឹងអំណាចខ្លួនឯង អំណាចក្រុមឯង អំណាចបក្ស អ្នកណាដូរមិនបានទេ ប្រជាពលរដ្ឋចង់ដូរក៏មិនបានដែរ អាហ្នឹងវាទៅម៉េចរួច ព្រោះអំណាចហ្នឹង ជាអំណាចអត្តនោម័ត កាលណាយើងនិយាយអ៊ីចឹង ប៉ុន្តែនៅក្នុងលោកនេះស្អីមិនប្រែប្រួល សត្យានុម័ត សូម្បីតែធម្មជាតិ ក៏ត្រូវតែប្រែប្រួល មានភ្លៀង មានរាំង មានស្ងួត មានសព្វបែបយ៉ាង។ អ៊ីចឹងអ្វីដែលសំខាន់ហ្នឹង គឺយើងត្រូវធ្វើយ៉ាងម៉េច បើយើងថាមានគំនិតស្រលាញ់ជាតិ ស្មោះត្រង់នឹងជាតិមែន យើងឱ្យអំណាចហ្នឹងទៅប្រជាពលរដ្ឋទៅប្រជាពលរដ្ឋ ចេះមើលតើ ! អ្នកណាអាក្រក់ អ្នកណាល្អ លោក ដឹងតើ ! អ្នកណាអាក្រក់ លោកម៉េចបោះឆ្នោតឱ្យ គឺបោះឆ្នោតឱ្យតែមនុស្សល្អដែលអាចជួយគាត់បានតើ !”។
លោកគី វណ្ណដារ៉ា បានបន្ថែមថា “បាទ ! ទាក់ទងនឹងច្បាប់គណបក្សនយោបាយនោះ ទោះបីយើងមិនគាំទ្រច្បាប់ហ្នឹងក៏ដោយ ប៉ុន្តែគេចេញហើយៗយើងមិនគាំទ្រ យើងធ្វើពហិការ ក៏ដោយ ចេញហើយ យើងធ្វើយ៉ាងម៉េចរក្សាជំហរ យើងធ្វើដំណើរទៅរកការបោះឆ្នោត ពីព្រោះ យើងជឿជាក់ថា មានតែការបោះឆ្នោតហ្នឹងទេ ដែលនាំមកនូវសន្តិភាព ស្ថិរភាពពិតប្រាកដ ទាំងផ្លូវកាយផ្លូវចិត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ហើយជាពិសេស សម្រាប់យុវជនយើងជំនាន់ក្រោយ។ អានេះជាបញ្ហាដែលយើងតែងតែចាត់ទុកជាអាទិភាពរបស់យើង ហើយទោះបី មិនមានរូបហ្នឹង ឬក៏មានរូបហ្នឹង មកដល់ដំណាក់កាលនេះហើយ ទោះបីមានរូបក៏វាលែងសំខាន់ហើយ ពីព្រោះអ្វីដែលប្រជាពលរដ្ឋខ្មែរ លោកស្រលាញ់ លោកគោរព ដែលរូបលោកសម រង្ស៊ី និងលោកកឹម សុខា ដែលជានិមិត្តរូបនៃការបង្រួបបង្រួមគណបក្សហ្នឹង លោកទុកនៅក្នុងបេះដូងលោកទៅហើយ វាមិនមែននៅក្នុង ដូចកាលយើងបើកដំបូង បង្កើតដំបូងឯណា។ បានន័យថា ទោះបីអត់រូបហ្នឹង ក៏លោកដឹងថា គណបក្សសង្គ្រោះជាតិ គឺជាគំនិតផ្តួចផ្តើមដោយមេដឹកនាំទាំង២ហ្នឹងហើយ។ អ៊ីចឹងវាអត់មានអីដែលថា ធ្វើឱ្យប៉ះពាល់ទៅដល់ផ្នត់គំនិតប្រជាពលរដ្ឋ ហើយថយចុះការគាំទ្រ វាមានរឹតតែ ការគាំទ្រទៀត ដោយសារប្រជាពលរដ្ឋ គាត់ឈឺចាប់នឹងអ្នកដែលចង់ឱ្យដករូបហ្នឹងចេញនោះ”។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោកកឹម សុខា ក៏ដូចជាតំណាងរាស្ត្រគណបក្សប្រឆាំង ដែលថា គណបក្សកាន់អំណាច ធ្វើទុក្ខបុកម្នេញ មកលើគណបក្សប្រឆាំងនោះ ដោយលោកបញ្ជាក់ បើលោកកឹម សុខា និងកូនចៅ នៅតែប្រើពាក្យវាយប្រហារមក លើគណបក្សកាន់អំណាចទៀត លោកកឹម សុខា អាចប្រឈមនឹងផ្លូវច្បាប់ ព្រោះកុំភ្លេចថា លោកកឹម សុខា ក៏នៅជាប់បណ្តឹងជុំវិញខ្លួន។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “បើគ្រាន់តែជាការរៃអង្គាសលុយពីសមាជិក សមាជិកា រឿងថ្លៃដូរស្លាក អាហ្នឹងវាជារឿងសិទ្ធិរបស់លោកកឹម សុខា ប៉ុន្តែវោហារសព្ទរបស់លោកកឹម សុខា ដែលចោទប្រកាន់ថា គណបក្សកាន់អំណាច ធ្វើទុក្ខបុកម្នេញបក្សរបស់គាត់នេះ គឺជាចរិតមារយាទទុរយសរបស់លោកកឹម សុខា ហ្នឹងតែម្តង ព្រោះលោកកឹម សុខា ត្រូវទទួលស្គាល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សេរី គណបក្សនយោបាយ ត្រូវតែស្ថិតនៅក្នុងគន្លង មួយជាក់លាក់ ដែលមិនអាចធ្វើជានយោបាយឧទ្ទាមនិយមនោះទេ ហើយគណបក្សដែលឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល គឺជាគណបក្សដែលទទួលខុសត្រូវក្នុងការធានាឱ្យសង្គមមួយមាន ស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់ ហើយតម្រូវឱ្យមនុស្សគ្រប់រូប គ្រប់រូបភាព ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ត្រូវគោរពច្បាប់ គោរព នូវស្ថិរភាព ធានានូវការការពារសន្តិភាព មិនឱ្យគណបក្សនយោបាយធ្វើនយោបាយក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ធ្វើនយោបាយ បែបបំផ្លាញសន្តិសុខ ស្ថិរភាពនោះទេ ហើយធ្វើនយោបាយដោយមិនគោរពច្បាប់នោះទេ។ អ៊ីចឹងហើយ លោកកឹម សុខា មានចរិតទុរយស ដែលគ្មានការទទួលខុសត្រូវចំពោះអ្វីដែលខ្លួន ចួលរួមប្រកួតប្រជែងក្នុងនយោបាយនោះ ហើយជាការពិត បើលោកកឹម សុខា នៅតែបញ្ចេញវោហារសព្ទទម្លាក់កំហុសដោយគ្មានមូលដ្ឋាន ដោយគ្មានដឹងខ្យល់អីនោះ លោកកឹម សុខា នឹងឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាលោកកឹម សុខា នៅតែបំពានប៉ះពាល់ ទៅនឹងភាពស្អាតស្អំ និងភាពទទួលខុសត្រូវខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ បានន័យថា នេះគឺជាចរិតមួយដែលវាយប្រហារចំៗមកលើគណបក្សកាន់អំណាចហើយៗចំណុចនេះ គឺ លោកកឹម សុខា មានចរិតជាបន្តបន្ទាប់ជាប់ជាមួយនឹងសារធាតុនៃធាតុផ្សំបទល្មើសហើយ។ អ៊ីចឹងបើសិនករណីណាមួយ លោកកឹម សុខា នៅតែបន្តចរិតនេះតទៅទៀត យើងសង្ឃឹមថា លោកកឹម សុខា ត្រូវតែមានកាតព្វកិច្ចមួយ ត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលនិយាយការចោទប្រកាន់របស់លោក កឹម សុខា មកគណបក្សប្រជាជន ដែលគ្មានការទទួលការខុសត្រូវ និងគ្មានមូលដ្ឋាននោះ។ បាទ ! នេះយើងនឹងតាមដានតទៅទៀត ចំពោះចរិតរបស់លោកកឹម សុខា ចំពោះវោហារសព្ទរបស់លោកកឹម សុខា ហើយលោកកឹម សុខា ខ្លួនឯងហ្នឹងក៏ដឹងខ្លួនដែរ ខ្លួនកំពុងស្ថិតនៅក្នុងបណ្តឹងហ៊ុមព័ទ្ធជាច្រើនទៀត ដែលមិនទាន់ដោះស្រាយ ដែលស្ថិតនៅក្នុងអំណាចតុលាការ ដែលមិនទាន់បានបញ្ចប់នៅឡើយទេ។ ដូច្នេះ បើលោកកឹម សុខា នៅតែប្រើវោហារសព្ទបំពាន ទៅលើកិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា លោកកឹម សុខា នឹងប្រឈម មុខច្បាប់បន្ថែមទៀត”។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ បន្តថា “គណបក្សប្រជាជនកម្ពុជា មានជំហរ ម៉ឺងម៉ាត់ ទទួលខុសត្រូវចំពោះស្ថិរភាពនយោបាយនៅក្នុងសង្គមកម្ពុជា ដែលមិនអនុញ្ញាតឱ្យលោកកឹម សុខា ជាបុគ្គលសាធារណៈ ដែល និយាយបំផ្លើស បំភ្លៃ មួលបង្កាច់ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជា។ ហើយទី២ គណបក្សប្រជាជនកម្ពុជា នឹងប្រកាន់នូវជំហរម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងច្បាប់ ជាពិសេសប្រឆាំងច្បាប់គណបក្សប្រឆាំងនឹងច្បាប់ផ្សេងៗនោះតទៅទៀតទេ គឺកម្ពុជា ត្រូវស្ថិនៅក្នុងការពង្រឹងនីតិរដ្ឋហើយ។ ដូច្នេះជាមជ្ឈដ្ឋានទូទៅ គឺសុំឱ្យលោកឹម សុខា ទី១ ត្រូវកែមារយាទទុច្ចរិតរបស់ខ្លួនចេញ និង ទី២ ត្រូវតែពន្យល់ទៅសមាជិក សមាជិកា និងសកម្មជនគណបក្សខ្លួន ឱ្យផ្លាស់ប្តូរឥរិយាបថ ប៉ុន្តែមុននឹងទៅប្រដៅគេ ទាល់តែលោកកឹម សុខា ខ្លួនឯង ផ្លាស់ប្តូរឥរិយាបថឱ្យត្រឹមត្រូវ ហើយទៅប្រដៅសកម្មជនរបស់ខ្លួន សូមកុំធ្វើអ្វីដែលបំផ្លើស បំប៉ោង បំផុសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាតាមវោហារសព្ទផ្សេងៗ ដែលជាចរិតជេរប្រមាថ បំភ្លៃ មួលបង្កាច់នោះ។ដូច្នេះហើយអ្វីដែលសកម្មជនគណបក្សសង្គ្រោះជាតិ តែងតែធ្វើ គឺដោយសារតែលោកកឹម សុខា ដែលជាចៅហ្វាយនាយ គឺមានចរិតទុរយសហ្នឹងឯង ដែលធ្វើឱ្យកូនចៅរបស់ខ្លួន សកម្មជនរបស់ខ្លួន អនុវត្តទៅតាមនោះ”៕
កុលបុត្រ