Tuesday, November 26, 2024
Homeតារាខ្មែរពេជ្រ សោភា ឲ្យដេវីត បញ្ជាក់ពីទំនាស់ជាមួយនាង

ពេជ្រ សោភា ឲ្យដេវីត បញ្ជាក់ពីទំនាស់ជាមួយនាង

មហាជនជាច្រើនបានខកចិត្តនៅពេលដែលឃើញពេជ្រ សោភា ដែលជាដៃគូដ៏ស័ក្តិសមជាមួយងួន ចាន់ដេវីត ក្នុងការច្រៀងសម្តែងសុខៗ បែរជាបែកបាក់គ្នាកណ្តាលផ្លូវ ហើយងាកទៅរកដៃគូថ្មីរៀងៗខ្លួននោះ ដោយធ្លាប់លេចឮថា មកពីពួកគេមានទំនាស់ជាមួយគ្នា ទើបបានជាមិនអាចបន្តការច្រៀងដៃគូជាមួយគ្នាតទៅមុខទៀត ហើយគេថា តារាទាំង២ នឹងអាចប្រឈមការធ្លាក់ចុះរៀងៗខ្លួនជាមិនខានឡើយ។ ប៉ុន្តែ អ្វីៗត្រូវបានលាតត្រដាងច្បាស់ ព្រោះពេលនេះ ពេជ្រ សោភា នៅតែឈរជើងបានដដែល នៅពេលដែលនាងងាកទៅចាប់ដៃគូជាមួយលោក Step ចំណែក G.Devith ហាក់ចុះខ្សោយនៅពេលដែលទៅចាប់ដៃគូជាមួយទេព បូព្រឹក្ស។

ថ្មីៗនេះ ដេវីត បានប្រាប់អ្នកកាសែតថា រូបគេពិតជាធ្លាប់មានបញ្ហាទំនាស់ជាមួយសោភា មែន បានជាងាកទៅចាប់ដៃគូថ្មី ខណៈដែលពីមុននេះ ទាំងសោភា និងដេវីត សុទ្ធតែប្រកែកដូចគ្នាថា ពួកគេគ្មានបញ្ហាវិវាទជាមួយគ្នាឡើយ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ពេជ្រ សោភា និយាយថា នាងមិនបានចាប់អារម្មណ៍ថា ដេវីត និយាយអ្វីទេ ហើយក៏មិនបានតាមដានដែរ ព្រោះរវល់ការងារច្រើនពេក។

សោភា និយាយថា “ខ្ញុំដូចជាមិនចាប់អារម្មណ៍ថា គាត់ (ដេវីត) និយាយយ៉ាងម៉េចផង! ទំនាស់រឿងអី? ស្រីនិងប្រុស ទៅឈ្លោះគ្នាម៉េចទៅលោក? ខ្ញុំគ្រាន់តែចង់ដឹងថា បើសិនជាគាត់ថា ខ្ញុំធ្លាប់មានបញ្ហាអីជាមួយគាត់មែន ឱ្យគាត់បញ្ជាក់ផងថា រឿងអីដែរ? ខ្ញុំចេះតែឆ្ងល់! ស្រីនិងប្រុស ទៅឈ្លោះទាល់គ្នាម៉េច អាក្រក់មើលណាស់! ខ្ញុំនៅតែអះអាងថា ខ្ញុំគ្មានរឿងទំនាស់អីជាមួយដេវីត ទេ ហើយគាត់និយាយម៉េចជារឿងរបស់គាត់ ខ្ញុំមិនទៅតាមដានអីទេ គ្នារវល់សឹងអីតាមដានធ្វើអី?”។

តាមព័ត៌មានថា ងួន ចាន់ដេវីត ក្រោយដឹងខ្លួនថា រូបគេហាក់ចុះខ្សោយ នៅពេលដែលចាប់ដៃគូជាមួយទេព បូព្រឹក្ស នោះ ក៏បានទៅសុំទោសពេជ្រ សោភា ដើម្បីច្រៀងដៃគូសាជាថ្មីឡើងវិញ ដែលធ្វើឱ្យបូព្រឹក្ស ស្រឡាំងកាំងតែម្តង។

ប្រភពបានឱ្យដឹងថា ងួន ចាន់ដេវីត រំពឹងថា នឹងមានសន្ទុះឡើងវិញ នៅពេលដែលបានចាប់ដៃគូជាមួយសោភា សាជាថ្មី។

លោក Step និងពេជ្រ សោភា

ពេជ្រ សោភា បានអះអាងថា “រឿងហ្នឹងខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេ។ ខ្ញុំដូចជាមិនដែលគិតថា ចង់ចាប់ដៃគូអីជាមួយគាត់ (ដេវីត) ផងហ្នឹង! ព្រោះខ្ញុំពេញចិត្តការងាររាល់ថ្ងៃច្រើនជាង ដែលពេលនេះខ្ញុំធ្វើបទចម្រៀងជាមួយលោក Step រាល់ថ្ងៃ អត់មានអីផង! ខ្ញុំឃើញគេចាប់ដៃគូគ្នាបានល្អ ហើយសមគ្នាហើយ ព្រោះក្មេងដូចគ្នា អីចឹងយើងមានតែជូនពរគាត់ឱ្យកាន់តែល្អថែមទៀតចុះ! ខ្ញុំនិងគាត់ (ដេវីត) អត់សូវបានរាក់ទាក់គ្នាអីដូចមុន ដោយសារតែពេលយើងទៅច្រៀងចុះពីលើឆាក ទៅសម្ងំក្នុងឡានដូចគ្នា អីចឹងមិនសូវមានពេលសួរសុខទុក្ខគ្នាអីទេ ហើយក៏គ្មានរឿងអីជាមួយគ្នាដូចគេសង្ស័យដែរ។ ខ្ញុំពេញចិត្តការងារខ្ញុំរាល់ថ្ងៃជាងការងារពេលមុនៗ”។

លោកងួន ចាន់ដេវីត

ពេជ្រ សោភា ត្រូវបានមើលឃើញថា នាងបានសណ្តោងប្រុសក្មេង២នាក់ ឱ្យល្បីឈ្មោះ បន្ទាប់ពីដេវីត នោះ គឺលោក Step និងឆឹម សក្កដា ដែលពេលនេះ សុទ្ធតែមានទីផ្សារល្អក្នុងសិល្បៈ។ ដោយឡែក អ្នកខ្លះថា សមត្ថភាពលោក Step ហាក់ដូចជានៅមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយដេវីត តែសោភា មិនយល់ដូច្នេះឡើយ ដោយនាងសំអាងថា ថ្មីៗនេះ នៅពេលដែលនាងបានទៅច្រៀងជាដៃគូជាមួយ Step ក្នុងកម្មវិធីអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ក្លាយជាបេតិកភណ្ឌពិភពលោក នៅស្តាតអូឡាំពិកនោះ ក៏មានការគាំទ្រច្រើនដែរ ហើយពេលនេះ នាងត្រៀមខ្លួនចេញទៅច្រៀងសម្តែងជាមួយ Step ទៀតនៅខេត្តកំពង់ធំ នៅទីតាំងប្រាសាទសម្បូរព្រៃគុក ផ្ទាល់តែម្តង។

ពេជ្រ សោភា បញ្ជាក់ថា “ខ្ញុំបានធ្វើបទ “ប្រាសាទខ្មែរ” ដែលបទហ្នឹង ខ្ញុំនិង Step បានធ្វើជាមួយគ្នាតែ១យប់ទេ រហូតម៉ោង៤ ដើម្បីយកទៅច្រៀងនៅកម្មវិធីថ្នាក់ជាតិ ហើយសប្បាយចិត្តណាស់ ដែលឃើញប្រាសាទខ្មែរ បានត្រូវដាក់បញ្ចូលបេតិកភណ្ឌពិភពលោក។ ឥឡូវថ្នាក់ដឹកនាំគាត់ពេញចិត្តបទហ្នឹង ដែលខ្ញុំច្រៀងជាមួយ Step ហើយគាត់ឱ្យខ្ញុំទៅច្រៀងនៅថ្ងៃទី០៧ ខែសីហា ទៀត ដែលធ្វើកម្មវិធីនៅទីតាំងប្រាសាទសម្បូរព្រៃគុក តែម្តង។ ខ្ញុំគិតថា ការចាប់ដៃគូជាមួយ Step គឺពួកយើងធ្វើការជាមួយគ្នាបានល្អ ដូចនេះមិនទាន់គិតរឿងចាប់ដៃគូជាមួយអ្នកណាផ្សេងទៀតទេ”។

ពេជ្រ សោភា ហាក់មានយីអ៊ុនល្អនៅពេលចុងក្រោយនេះ ដោយក្រៅពីឈរក្នុងតំណែងតារាស្រីជួរមុខមួយរូប ហើយនាងអាចរកប្រាក់ចំណូលពីអាជីពចម្រៀងបានច្រើន រួមទាំងស្ពតពាណិជ្ជកម្មធំៗផងដែរ។ ពេជ្រ សោភា ក៏បានឈានមួយក្រឺតទៀត ទៅថតភាពយន្តឱ្យប៉ុស្តិ៍ហង្សមាស រឿង “បិសាចគួរឱ្យស្រលាញ់” តែគួរឱ្យស្តាយ សោភា បានត្រឹមធ្វើជាតួម្តាយគេប៉ុណ្ណោះ ខណៈដែលតួឯក គឺរ៉េត ស៊ូហ្សាណា និងលោក Step ហើយសោភា ត្រូវសម្រុកថតឱ្យចប់រឿងនេះ មុនពេលដែលនាងត្រូវដឹកដៃប្រុសក្មេង Step ទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ នាខែតុលា ឆ្នាំ២០១៧ ដោយប៉ះជាមួយតារាសាច់សខ្ចី សុខ ពិសី ផងដែរ

RELATED ARTICLES