អតីតពិធីការិនី CTN សុខ សិរីរ័ត្ន ដែលច្រើនលេចមុខតាមវ៉ុលខារ៉ាអូខេជាច្រើនបទ របស់ផលិតកម្មរស្មីហង្សមាស និងសាន់ដេ នោះ ស្រាប់តែបាត់មុខឈឹងជាង១ឆ្នាំនេះ ដោយមិនដឹងមូលហេតុឡើយ ដែលអ្នកខ្លះថាស្រីស្រស់សាច់សខ្ចីរូបនេះ លាឈប់ពីសិល្បៈ ហើយព្រោះគូស្នេហ៍ហាមមិនឲ្យថតសម្ដែងដែលមានឈុតតារាប្រុសឱបថើបឡើយ អីចឹងហើយបានជាគេមិនដែលឃើញសិរីរ័ត្ន បង្ហាញខ្លួនដូចមុនទៀតឡើយ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០១ ខែសីហា តារាសាច់សខ្ចីរូបនេះបានឲ្យដឹងថា នាងនៅមិនបោះបង់អាជីពសិល្បៈទាំងស្រុងទេ តែមួយរយៈមុននេះ នាងបាត់ខ្លួនព្រោះតែជាប់ទៅរៀនជំនាញខាងពេទ្យធ្មេញ នៅក្រុងតាខ្មៅ តាមបងប្អូនណែនាំ ហើយពេលនេះនាងចេះជំនាញនេះបានខ្លះហើយ តែមិនទាន់អាចក្លាយជាអ្នកគ្រូពេទ្យអាជីពទេ។
តារានិយាយសំឡេងសា្រលៗរូបនេះ ថ្លែងថា ”រៀនពេទ្យធ្មេញ បើរៀនយកជំនាញនេះឲ្យចប់ គឺទាល់តែប្រើពេល៩ឆ្នាំឯណោះ ទើបអាចទៅរួច តែបើខ្ញុំគឺរៀនឲ្យចេះតាមបងប្អូនជាពេទ្យណែនាំហ្នឹង។ តែខ្ញុំសិក្សាដែរថា ថ្ងៃក្រោយទៅ ក្រែងលោយើងមានគ្រួសារអី អាចបើកគ្លីនិកមួយ ក៏អាចថាបានដែរ។ ចំពោះរឿងថាខ្ញុំបាត់មុខ ព្រោះមានសង្សារមិនឲ្យលេងសិល្បៈនោះ គឺមិនមែនរឿងហ្នឹងទេ តែខ្ញុំពិតជាមានសង្សារមែន គាត់ជាអ្នករកស៊ី គ្រាន់តែមិនបានហាមឃាត់ខ្ញុំឲ្យលេងសិល្បៈអីផង។ ខ្ញុំនៅតែបន្ដរអាជីពសិល្បៈដដែល គ្រាន់តែខ្ញុំមិនផ្ដោតទាំងស្រុងដូចមុនទេ ព្រោះពេលនេះខ្ញុំចង់រករបរអីក្រៅពីសិល្បៈបន្ថែមដែរ”។
សុខ សិរីរ័ត្ន ជាអតីតពិធីការិនី CTN ក្នុងកម្មវិធី ”ចុងភៅឯក” និងលេចមុខតាមភាពយន្ដរឿង ”អាស៊ុយទីស្មោះស្នេហ៍”, ”ទេសចរណ៍ឋាននរក” ជាដើម ដែលគេសរសើរតារារូបនេះមានរូបសម្រស់គួរឲ្យទាក់ទាញ។ ប៉ុន្ដែសិរីរ័ត្ន បានផ្អាកពីអាជីពពិធីការិនីដោយសារតែអ្នកផលិតកម្មវិធីនិយាយថា នាងនិយាយសំឡេងស្រាលពេក ស្ដាប់សឹងតែមិនសូវឮឡើយ ចំណែកអាជីពសម្ដែងវិញ នៅពេលដែលអ្នកដឹកនាំរឿងតម្រូវឲ្យសិរីរ័ត្ន ថតឈុតស្នេហាស្រើបស្រាលនោះ នាងតែងតែច្រានចោលជានិច្ច មិនដូចឌុច លីដា សោះ ហេតុនេះហើយបានជាផលិតករមួយចំនួនខកចិត្ត ព្រោះតែសិរីរ័ត្ន នៅញញើតមិនព្រមប្រថុយថតស្នេហាស្រើបស្រាលនោះឡើយ។
សុខ សិរីរ័ត្ន បញ្ជាក់ថា ”មួយរយៈពេលដែលខ្ញុំមិនដែលចេញមុខនេះ ដោយសារតែហ្វេសបុកខ្ញុំ មានគេ Hack ហើយទូរស័ព្ទខ្ញុំបាត់លេខចាស់អស់ អីចឹងហើយផលិតកម្មមួយចំនួនស្មានតែខ្ញុំឈប់ពីសិល្បៈហើយ។ តែខាងហង្សមាស អីគាត់នៅតែទាក់ទងអីចឹង ហើយមុននេះផលិតកម្ម BKS ក៏ចង់ឲ្យខ្ញុំថតរឿងថ្មីដែរ តែដោយសារមានឈុតរាងស៊ិចស៊ីបន្ដិច ខ្ញុំអត់ថតវិញ។ និយាយទៅការសម្ដែងខារ៉ាអូខេភាពយន្ដអី ខ្ញុំនៅតែទទួលអីចឹង តែការថតរឿងភាគចុះខេត្តឆ្ងាយៗអី ខ្ញុំថតមិនកើតទេ ព្រោះត្រូវចុះខេត្តច្រើនថ្ងៃ។ ចំណែកខាងអាជីពពិធីការិនីវិញ ខ្ញុំពិតជាមានសំឡេងខ្សោយបន្ដិចមែន អីចឹងហើយបានជាអ្នកដឹកនាំកម្មវិធីថា សំណូមពរឲ្យខ្ញុំនិយាយសំឡេងធ្វើម៉េចឲ្យតែឮជាងហ្នឹងបន្ដិចគឺបានហើយ… សើច”
ក្រៅពីសម្ងំរៀនជំនាញពេទ្យធ្មេញ សុខ សិរីរ័ត្ន ក៏ធ្លាប់រកស៊ីខាងអចលនទ្រព្យដែរ តែមួយរយៈមុន នាងថាមិនសូវកាក់កបទេ ហើយក៏ជួបរឿងស៊យស្ទើរតែស្មានមិនដល់ ព្រោះផ្ទះនាងត្រូវចោរលួចគាស់ទ្វារចូលយកគ្រឿងអលង្ការមាសពេជ្រ និងទូរស័ព្ទដៃអស់រលីង នៅពេលដែលនាងនិងក្រុមគ្រួសារគេងក្នុងផ្ទះលក់ ហាក់ដូចជាត្រូវថ្នាំសណ្តំរបស់លោកចោរនោះ ព្រោះមនុស្សក្នុងផ្ទះទាំងអស់គ្មានអ្នកណាម្នាក់ដឹងខ្លួនឡើយ។
សុខ សិរីរ័ត្ន ដែលសារភាពថា នាងមានសង្សារហើយ ក៏ធ្លាប់បណ្ដើរកូនក្មេងប្រុសម្នាក់ អាយុខ្ទង់៦ឆ្នាំ ហើយនាងហៅថាជា ”កូនៗ” ដែរ ទើបគេសង្ស័យថា តារារូបនេះមានកូន១ទៅហើយ ទាំងមិនដែលចូលរោងការឡើយ។
តារាសម្ដែងអាយុ២៥ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា ”កូនក្មេងហ្នឹងជាក្មួយខ្ញុំទេ! ខ្ញុំមានកូនឯណា? ខ្ញុំបានស្គាល់គាត់ (សង្សារ) ២ឆ្នាំហើយ នឹងមិនទាន់មានគម្រោងរៀបការទេ គឺត្រូវការស្វែងយល់ចិត្តគ្នាជាមុនឲ្យបានច្បាស់លាស់សិន។ ចំពោះរឿងរកស៊ីអចលនទ្រព្យនោះ ខ្ញុំផ្អាកសិនហើយរឿងចោរចូលលួចអស់មាសពេជ្រនោះ ឆ្នាំហ្នឹងស៊យមែនទែន រកស៊ីអីក៏មិនត្រូវដែរ ដាក់រហូត តែឥឡូវបានគ្រាន់បើវិញហើយ”។
សុខ សិរីរ័ត្ន ទើបតែបង្ហាញខ្លួនថតកម្មវិធីរបស់ CTN ក្នុងកម្មវិធី ”សូមស្ងាត់” នៅពេលថ្មីៗនេះ ហើយគេសរសើរថាតារារូបនេះនៅតែមានរូបសម្រស់ស្អាតដដែល។ តែគួរឲ្យស្ដាយ សិរីរ័ត្ន ពេលនេះមិនមែននៅបេះដូងទំនេរឡើយ ព្រោះនាងមានម្ចាស់ចិត្តទៅហើយ ដែលនាពេលខាងមុខនេះ ស្រីស្រស់នឹងបោះទុនរកស៊ីនាំចូលគ្រឿង Cosmetic ពីបរទេស ចូលមកលក់នៅស្រុកខ្មែរទៀតផង ដែលការចំណាយថវិកាធំនោះ គេជឿថា គូស្នេហ៍នាងក៏ជាផ្នែកសំខាន់គាំទ្រថវិកានៅពីក្រោយខ្នងដែរ។
អតីតពិធីការិនី CTN រូបនេះ បញ្ជាក់ថា ”ខ្ញុំចង់នាំគ្រឿងសម្អាង Cosmetic ពីប្រទេសអាមេរិក តៃវ៉ាន់ និងហុងកុង ជាដើម ដែលកំពុងតែសិក្សាសិនថា អាចយកមកលក់កើតអត់។ យើងកំពុងតែសិក្សារ អីចឹងមិនទាន់ច្បាស់ថាអាចចេញជារូបរាងបាននៅពេលណាទេ តែយ៉ាងហោចណាស់ក៏២ទៅ៣ខែទៀតដែរ”៕