Friday, September 20, 2024
Homeតារាខ្មែរនៅ សុនិតា ប្រាប់ថា ពិបាកបំផុតធ្វើម្តាយឌុច លីដា

នៅ សុនិតា ប្រាប់ថា ពិបាកបំផុតធ្វើម្តាយឌុច លីដា

ស្រីស្អាតនៅ សុនិតា ឆក់បានតំណែងតួឯករឿង “រៃមាស” របស់ផលិតកម្មថោន ហើយធ្វើជាម្តាយឌុច លីដា ដែលធ្វើឱ្យស្រីស្អាតរូបនេះត្អូញថា ពិបាកសម្តែងបំផុត នៅពេលដែលនាងមិនដែលមានកូនសោះ តែបែរជាក្លាយទៅជាម្តាយគេបែបនេះ…។

នៅ សុនិតា ហាក់បាក់ស្បាតខ្លាំង ក្រោយពេលដែលនាងថតរឿងឱ្យផលិតកម្មមហាហង្ស រឿង “គំនុំអតីតជាតិ” ដែលចំណាយពេលជិត១ឆ្នាំ ហើយឈុតដែលនាងមិនអាចបំភ្លេចបាននោះ គឺធ្លាក់ទឹកលូស្អុយ ដែលធ្វើឱ្យស្បែកដែលនាងខំថែឱ្យសខ្ចីនោះ ប្រែទៅជាខ្មៅអស់ ហើយតាំងពីនោះមក ស្រីស្រស់ញ៉ាកតែម្តង លែងចង់ថតភាពយន្តទៀតហើយ។

ប៉ុន្តែ យ៉ាងណា នៅពេលថ្មីៗនេះ អ្នកដឹកនាំរឿងល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា បានហៅនាងឱ្យថតភាពយន្តរបស់ថោន គឺរឿង “រៃមាស” ដោយប្រគល់តំណែងឱ្យសុនិតា ជាតួឯកនោះ ស្រាប់តែតារារូបស្រស់នេះ ព្រមថតជាថ្មី ដោយគ្មានការរារែកចិត្តឡើយ ហើយនាងថែមទាំងមានជំនឿចិត្តថា នៅពេលដែលរឿងនេះ ចាក់ផ្សាយនៅលើទូរទស្សន៍ថោន នោះ នាងនឹងកាន់តែល្បីថែមទៀតជាមិនខាន។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ នៅ សុនិតា វាចាលាយសំណើចថា នាងពិតជាបដិសេធជាច្រើនរឿងមកហើយ ទាំងការថតរឿងដុំ និងរឿងភាគ តាំងពីថតរឿងឱ្យមហាហង្ស មក ពិតជាចង់សម្រាកមួយរយៈសិនមែន តែពេលនេះ ទើបថតបញ្ចប់រឿង “រៃមាស” ឱ្យផលិតកម្មថោន ដែលបានតំណែងជាតួឯកមែន។

នៅ សុនិតា រៀបរាប់ថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានថតរឿងឱ្យអ្នកស្រីពាន់ ភួងបុប្ផា គឺរឿង “រៃមាស” ហើយសាច់រឿងនេះល្អណាស់ ខ្ញុំសង្ឃឹមថា រឿងហ្នឹងពេលដាក់បញ្ចាំងនៅថោន នឹងល្អជាមិនខាន ព្រោះរឿងហ្នឹង ខ្ញុំមានសកម្មភាពច្រើនជាងគេ គឺលេងជាតួយុវវ័យ វ័យកណ្តាល និងចាស់ ហើយខ្ញុំគឺជាតួឈ្មោះ “រៃមាស” តែម្តង។ រឿងនេះឆ្លុះបញ្ចាំងពីកូនភ្លើតភ្លើនរត់ចោលម៉ែឪ ហើយខ្ញុំគឺជាតារាចម្រៀង Super Star ម្នាក់។ ចំពោះឈុតដែលខ្ញុំពិបាកបំផុតនោះ គឺត្រង់ខ្ញុំធ្វើជាតួម្តាយឌុច លីដា ធ្វើអារម្មណ៍ម៉ែដែលទទួលស្គាល់កូន ត្រង់ហ្នឹងពិបាកមែនទែន ហើយខ្ញុំផាត់មុខ និងសក់ជាមនុស្សចាស់។ រឿងនេះមានតួឯក៤នាក់ គឺខ្ញុំដៃគូជាមួយបង យ៉ែម សំអូន កញ្ញាឌុច លីដា ដៃគូជាមួយលោកអ៊ុន សិទ្ធា”។

RELATED ARTICLES