ភ្នំពេញ ៖ កុមារពេជ្រ ថៃ និងកុមារីឃុយ ម៉ីហៀង ដែលជាបេក្ខភាពប្រឡងប្រជែងសមត្ថភាព ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក “The Voice Kids Cambodia” របស់ស្ថានីយទូរទស្សន៍ហង្សមាស បាននិងកំពុងធ្វើឱ្យមហាជនផ្តោតការចាប់អារម្មណ៍ជាងគេ តាមរយៈទឹកដមសំនៀងដ៏ក្រអួនក្រអៅ និងទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ ទន្ទឹមនឹងនេះ មហាជនក៏ទន្ទឹងរង់ចាំមើលផងដែរថា រវាងកុមាកុមារីទាំង២រូបនេះ ម្នាក់ណាអាចមានសមត្ថភាព ឬវាសនាបានលើកពានរង្វាន់លំដាប់ពិភពលោកនេះ? ខណៈដែលប្រវត្តិជីវិតរបស់កុមារទាំង២ សុទ្ធសឹងតែមានភាពលំបាកលំបិនរស់នៅដោយការតស៊ូព្យាយាមដូចៗគ្នា។
- ប្រវត្តិជីវិតកុមារពេជ្រ ថៃ រស់ ដោយសារដោះម៉ែចាស់
កុមារពេជ្រ ថៃ សព្វថ្ងៃមានអាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី និងមានលំនៅក្នុងភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន កុមារពេជ្រ ថៃ រស់នៅជាមួយជីដូន ឈ្មោះហូ ហុម អាយុ៧៧ឆ្នាំ និងពូមីង ខណៈដែលឪពុកម្តាយរបស់ប្អូនបានធ្វើចំណាកស្រុក ទៅធ្វើការនៅឯប្រទេសថៃ អស់រយៈពេល២៥ឆ្នាំមកហើយ។
លោកយាយហូ ហុម ជាជីដូនបង្កើតរបស់កុមារពេជ្រ ថៃ បានរៀបរាប់ពីដំណើរជីវិតចៅប្រុសកម្សត់របស់គាត់ប្រាប់ថា ម្តាយរបស់ពេជ្រ ថៃ គឺជាកូនទី២របស់គាត់ ហើយក្រោយពីបានរៀបការជាមួយប្តីទុរគតមក ពួកគេក៏នាំគ្នាឆ្លងដែនចេញទៅប្រកបរបរស៊ីឈ្នួលជួលព័ទ្ធគេ នៅលើទឹកដីថៃ។ ក្រោយមក កូនស្រីទី២ របស់គាត់នេះ បង្កើតបានកូន២នាក់ ដោយកូនស្រីច្បងឈ្មោះពេជ្រ ស៊ីណា (មានប្តីហើយ) និងកូនប្រុសពៅ គឺកុមារពេជ្រ ថៃ ដែលមានទឹកដមសំឡេងក្រអួនក្រអៅនេះឯង។
លោកយាយហូ ហុម បន្តទៀតថា មូលហេតុដែលចៅប្រុសនេះមានឈ្មោះពេជ្រ ថៃ ព្រោះឪពុកគេ (កូនប្រសាគាត់) ឈ្មោះពេជ្រ បាននាំប្រពន្ធទៅរកស៊ីនៅប្រទេសថៃ។ លុះប្រពន្ធមានផ្ទៃពោះគ្រប់ខែ វិលមកស្រុកវិញបានតែ៣ថ្ងៃ ក៏ប្រសូតបានចៅប្រុសនេះ ទើបគ្រប់គ្នា សម្រេចដាក់ឈ្មោះឱ្យទារកនេះថា “ពេជ្រ ថៃ” យ៉ាងនេះទៅ។ បើនិយាយពីពូជពង្សនោះ ឪពុកម្តាយចៅប្រុស គ្មានជាប់ពូជសិល្បៈអ្វីទេ ប៉ុន្តែ ចៅប្រុសនេះមាននិស្ស័យសិល្បៈពីធម្មជាតិតែម្តង។
លោកយាយហូ ហុម បានឱ្យដឹងទៀតថា តាមពិត តាំងពីគេ (ពេជ្រ ថៃ) កើតបានជាង១០ថ្ងៃ កូនស្រីនិងកូនប្រសាបាននាំគ្នាចេញទៅរកស៊ីនៅប្រទេសថៃ ដោយផ្ញើចៅឱ្យគាត់បំបៅទឹកដោះគោ។ ជារៀងរាល់យប់ ចៅកម្សត់តែងទាញដោះដ៏ស្វិតរបស់គាត់ជាជីដូនបៅជំនួសដោះម្តាយ លុះមិនចេញទឹកដោះ ក៏បានត្រឹមទាញអង្អែលលេងតែប៉ុណ្ណោះ។ ឪពុកម្តាយរបស់គេ យូរៗបានមកលេងស្រុកម្តង ធ្វើឱ្យកូនប្រុសចំណាំមុខម៉ែឪមិនបាន ព្រោះជួនកាលគេមកលេងបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំ តែ៣ថ្ងៃ ក៏វិលទៅថៃ វិញបាត់ ធ្វើឱ្យចៅនេះ មិនតាមឪពុកម្តាយ តែគេតាមគាត់ជាជីដូនដាក់ពីចង្កេះមិនបាន។ លុះអាយុ៦ឆ្នាំ គាត់បានបញ្ជូនចៅឱ្យទៅរៀន សូត្រ មិនទុកឱ្យនៅល្ងង់ខ្លៅនោះទេ ហើយចៅនេះហៅគាត់ថា “ម៉ែចាស់” តាំងពីចេះនិយាយម៉្លេះ។ តាំងពីចៅពេជ្រ ថៃ មានអាយុ៩ឆ្នាំ ក៏បាត់ដំណឹងឪពុកម្តាយគេសូន្យឈឹង ឃើញតែមុខជីដូន ឬម៉ែចាស់រាល់ថ្ងៃ ជាហេតុនាំឱ្យគេកើតអារម្មណ៍ស្រងេះស្រងោច អណ្តែតអណ្តូង ចូលចិត្តអង្គុយនៅកន្លែងស្ងាត់ និងច្រៀងបទចម្រៀងពីរោះលន្លង់លន្លោច ធ្វើត្រាប់តាមលោកតាស៊ីន ស៊ីសាមុត ដែលគេធ្លាប់ឃើញក្នុងកាសែតវីដេអូ។
លោកយាយហូ ហុម បន្តទៀតថា គាត់ឃើញចៅប្រុសដុះនិស្ស័យខាងចម្រៀងបែបនេះ ក៏ជួយជំរុញឱ្យគេខំថែមទៀត ជួនកាលតម្រូវឱ្យចៅប្រុសច្រៀងឱ្យគាត់ស្តាប់ទៀតផង។ គេមានសំឡេងដូចរៃកណ្តឹងពីរោះគ្រលួច ជួនកាលក៏មានញាតិជិតខាងហៅច្រៀងឱ្យស្តាប់ និងឱ្យជាលុយកាក់ខ្លះផងដែរ ហើយរាល់ពេលមានកម្មវិធីបុណ្យទាន ឬមង្គលការក្នុងភូមិ គេតែងហៅពេជ្រ ថៃ ឡើងច្រៀងមិនសូវខានទេ។ ចរិតរបស់ចៅប្រុសនេះ មានភាពក្លាហានណាស់ ក្នុងការរស់នៅភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាងដោយមានសុជីវធម៌ចេះរៀបប្ញកពាសមរម្យ គោរពស្គាល់ចាស់ទុំ។ លុះមានការប្រកាសរកបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធីទូរទស្សន៍ហង្សមាស និងដោយមានការជំរុញពីព្រះសង្ឃ និងញាតិមិត្តជិតខាង ដែលធ្លាប់ដឹងពីទេពកោសល្យរបស់ចៅប្រុស ទើបគាត់ជួយបង្កលក្ខណៈងាយស្រួលឱ្យចៅនេះបានទៅប្រលង រហូតទទួលបានជោគជ័យ មិននឹកស្មានដល់។
- ខ្សែជីវិតកុមារីឃុយ ម៉ីហៀង ដើររើសអេតចាយចិញ្ចឹមជីវិត
កុមារីឃុយ ម៉ីហៀង អាយុ១២ឆ្នាំ ជាកូនពៅក្នុងចំណោមបងប្អូន៣នាក់ (ប្រុស១ ស្រី២) មានឪពុកឈ្មោះកង សុខុម (ស្លាប់) ម្តាយឈ្មោះសៀន ស៊្រន អាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អ្នកស្រីសៀន ស៊្រន អាយុ៦០ឆ្នាំ ជាម្តាយបង្កើតកុមារី ឃុយ ម៉ីហៀង បានរៀបរាប់ឱ្យដឹងថា គាត់មានស្រុកកំណើតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កាលគាត់មានអាយុ១៩ឆ្នាំ ចំសម័យប៉ុល ពត អង្គការបានរៀបចំឱ្យគាត់មានប្តីឈ្មោះ ម៉ុន ថាន អាយុស្របាលគ្នា និងបានរួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១)។ នៅពេលកូនទី៣ កើតបានប៉ុន្មានថ្ងៃ អង្គការបានចុចឈ្មោះប្តីគាត់ឱ្យចូលបម្រើកងទ័ព និងចេញទៅសមរភូមិ បាត់ខ្លួនរហូតមក ធ្វើឱ្យគាត់ធ្លាក់ខ្លួនមេម៉ាយជាច្រើនឆ្នាំ រហូតដល់ឆ្នាំ១៩៩៣ ក៏មានបុរសម្នាក់ឈ្មោះកង សុខុម រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលស្តីដណ្តឹង ទើបគាត់យល់ព្រមរៀបការជាមួយគេទៅ និងបានរួមរស់បង្កើតបានកូន៣នាក់ទៀត (ស្រី២ ប្រុស១) ជាចំណងនិស្ស័យ ហើយកូនស្រីឈ្មោះម៉ីហៀង ជាកូនពៅ។
អ្នកស្រីសៀន ស៊្រន បន្តថា តាមពិត កាលនោះគាត់មានអាយុ៤៨ឆ្នាំទៅហើយ ស្រាប់តែមានផ្ទៃពោះកូនស្រីទី៣ ដោយមិនដឹងខ្លួន ព្រោះធម្មតាស្ត្រីភេទអស់រដូវត្រឹមវ័យនេះ ក៏ដូចជាអស់កូនដែរ។ មុនពេលចាប់កំណើតកូនស្រីពៅនេះ គាត់យល់សប្តិឃើញមនុស្សស្រីខ្មៅស្រអែម ស្លៀកសំពត់ខ្លីពណ៌ខ្មៅ អាវដៃខ្លីខ្មៅ មកសុំនៅជាមួយ ទោះជាគាត់ប្រកែកយ៉ាងណា ក៏ក្មេងស្រីចម្លែកនេះចូលផ្ទះទាល់តែបាន។ ថ្ងៃមួយ គាត់ទៅឱ្យគ្រូពេទ្យពិនិត្យពោះ ទើបដឹងថា គាត់ពពោះ៧ខែទៅហើយ ដោយស្មានថា ខ្លួនឯងធាត់ដុះពោះ ព្រោះកូនអត់កម្រើក។ បន្ទាប់ពីកូនម៉ីហៀង ប្រសូតបាន៤ឆ្នាំ ស្វាមីជាទីស្រលាញ់នោះ ក៏ស្លាប់ទៀត ទុកឱ្យគាត់មេម៉ាយជាលើកទី២ រកស៊ីរើសអេតចាយលក់ចិញ្ចឹមកូន យ៉ាងសែនវេទនា។
ស្ត្រីជាម្តាយបានបន្តទៀតថា នៅពេលម៉ីហៀង អាយុបាន៥ឆ្នាំ ស្រាប់តែដឹងជាតិ តែងនិយាយប្រាប់គាត់ថា កាលពីជាតិមុន រូបនាងជាស្រីស្អាតម្នាក់ ត្រូវគេច្រណែនឈ្នានីស ចាប់ច្រកបាវ វាយសម្លាប់ យកទៅបោះចោល ប៉ុន្តែពេលគាត់សួរបញ្ជាក់ថា ឃាតករនោះជាអ្នកណា? នាងថា មិនប្រាប់ទេ ព្រោះឃាតករនោះចាស់ជរាទៅហើយ ទើបគាត់លែងដេញដោល។ ពាក់ព័ន្ធនឹងការច្រៀងពីរោះនោះ កូនម៉ីហៀង ចេះច្រៀងតាំងពីអាយុ៥ឆ្នាំម៉្លេះ ដោយពេលច្រៀងម្តងៗ នាងគេងទទូរភួយជិតក្បាល ឮសូររងំៗ លុះគាត់សួរច្រៀងបទអី នាងក៏ឆ្លើយថា “ម៉ែកុំចង់ដឹងអី! ចាំតែជូនខ្ញុំទៅប្រលងចម្រៀងនៅភ្នំពេញ បានហើយ”។ ជាងនេះទៀត ពេលម៉ីហៀង តាមគាត់ទៅហូបការបងប្អូន ក៏បានសុំអ្នកភ្លេងឡើងច្រៀងលើឆាកតន្ត្រី ធ្វើឱ្យអ្នកទៅចូលរួមមង្គលការភ្ញាក់ផ្អើល ដកកចំហមាត់សរសើរនាងថា ច្រៀងពីរោះមិនចាញ់អ្នកស្រីរស់ សេរីសុទ្ធា។ ឥឡូវគោលបំណងកូនស្រីនេះបានសម្រេចហើយ បន្ទាប់ពីគណៈមេប្រយោគ ទទួលយកកូនស្រីគាត់ជាកូនក្រុម រង់ចាំប្រឡងនៅវគ្គបន្តទៀត ធ្វើឱ្យគាត់រំភើបពេក រហូតដល់ស្រក់ទឹកភ្នែកអបអរកូន ហើយសូម្បីអ្នកស្តាប់ក៏រំភើបស្រក់ទឹកភ្នែកដូចគាត់ដែរ។
ស្ត្រីជាម្តាយកុមារីម៉ីហៀង បញ្ជាក់ថា តាមពិតកូនស្រីរបស់គាត់មានក្តីស្រមៃចង់ក្លាយជាតារាចម្រៀងល្បីមួយរូប ប៉ុន្តែមិនដឹងជាបាន សម្រេច ឬយ៉ាងណាទេ ព្រោះជីវភាពម៉ែរកស៊ីរើសអេតចាយ បានត្រឹមតែរស់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កុមារពេជ្រ ថៃ បានជ្រើសយកបទ “បាត់ដំបងបណ្តូលចិត្ត” ជាបទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មកច្រៀងបង្ហាញសមត្ថភាពក្នុងកម្មវិធី “The Voice Kids Cambodia” វគ្គ Blind Audition Week 2 និងបានក្លាយជាកូនក្រុមរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ។ ដោយឡែក នៅក្នុងកម្មវិធី “The Voice Kids Cambodia” វគ្គ Blind Audition Week 1 កុមារីឃុយ ម៉ីហៀង បានលើកយកបទចម្រៀងដែលមានចំណងជើង “ចាំនៅតែចាំ” របស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា មកច្រៀងបង្ហាញសមត្ថភាព រហូតបានក្លាយជាកូនក្រុមរបស់តារាចម្រៀងស្រីល្បីឈ្មោះ គឺកញ្ញាសុគន្ធ និសា។
នៅក្នុងអំឡុងពេលបញ្ចោញសំនៀង បង្ហាញសមត្ថភាពរបស់កុមារកុមារីទាំង២នាក់ ទាំងគណៈកម្មការទស្សនិកជនសុទ្ធតែមានការភ្ញាក់ផ្អើលរំភើប រហូតងើបផុតពីកៅអីអង្គុយ ដោយសារតែបានស្តាប់នូវសំឡេងដ៏ក្រអួនក្រអៅ អមដោយកាយវិការរស់រវើកប្រកបដោយភាពក្លាហានរបស់អ្នកទាំង២។ យ៉ាងណា ពួកគេត្រូវឆ្លងកាត់ប៉ុន្មានវគ្គខាងមុខទៀត ទើបឈានដល់ការលើកពានលំដាប់ពិភពលោកនេះបាន ហេតុនេះគេចាំមើលថា តើរវាងកុមារទាំង២នេះ មួយណាមានវាសនា បានលើកពាន “The Voice Kids Cambodia” ឬអាចធ្លាក់ទៅដល់ដៃបេក្ខភាពផ្សេងទៀត? ព្រោះថា កុមារា-កុមារី ជាបេក្ខភាពជាច្រើនរូបទៀត សុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យមិនធម្មតាដូចគ្នា៕