Friday, September 20, 2024
Homeតារាខ្មែរលោកឧកញ៉ាចិត្តធម៌ម្នាក់ ប្រាប់ថា ពេជ្រ ថៃ មុខដូចកូនរបស់លោក

លោកឧកញ៉ាចិត្តធម៌ម្នាក់ ប្រាប់ថា ពេជ្រ ថៃ មុខដូចកូនរបស់លោក

ភ្នំពេញ ៖ តារាវ័យក្មេង ពេជ្រ ថៃ ដែលជាបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” ដ៏លេចធ្លោមួយរូប ត្រូវបានលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន នាំទាំងក្រុមគ្រួសារ ទទួលទានហារពេលល្ងាចជុំគ្នា កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ និងថែមទាំងបាននាំកុមារពេជ្រ ថៃ និងក្រុមគ្រួសារ ដើរទស្សនាផ្សារកុងតឺន័រ ទិញរបស់របរប្រើប្រាស់ សម្លៀកបំពាក់ និងផ្តល់ថវិកាមួយចំនួនទៀតផង។

លោកឧកញ៉ាស្រី ចាន់ថន ដែលត្រូវបានមហាជនប្រសិទ្ធនាមថា “ជាឧកញ៉ាចិត្តធម៌” បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ថា “ថ្ងៃនេះ បានញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ ប៉ាម៉ាក់របស់ពេជ្រ ថៃ ហើយក៏បាននាំពេជ្រ ថៃ ទិញរបស់របរប្រើប្រាស់មួយចំនួន និងជូនគ្រួសារពេជ្រ ថៃ ទិញសម្លៀកបំពាក់ យ៉ាងសប្បាយរីករាយ ប្រៀបដូចជាគ្រួសារតែមួយ។ ព្រឹកស្អែក ពេជ្រ ថៃ នឹងទទួលបានកុំព្យូទ័រ១គ្រឿង កង់១គ្រឿង និងសម្ភារៈសិក្សា ព្រមទាំងថវិកាមួយចំនួន…”។

លោកឧកញ៉ា ស្រី ចាន់ថន កាលពីពេលថ្មីៗនេះ បានប្រកាសចង់ជួបនឹងកុមារពេជ្រ ថៃ ដើម្បីចង់ទទួលទានអាហារជាមួយពេជ្រ ថៃ មួយពេល និងផ្តល់ជាសម្ភារៈមួយចំនួន ដូចជា កុំព្យូទ័រ កង់ និងថវិកាខ្លះៗ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យកុមារពេជ្រ ថៃ កាន់តែមានការតស៊ូក្នុងជីវិត។ ជាមួយនេះ លោកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលលោកចង់ជួបកុមារពេជ្រ ថៃ គឺដោយសារមូលហេតុ៥យ៉ាង ដែលក្នុងនោះ ទី១-អាយុតិច តែគំនិតខ្ពស់ ទី២-ភាពក្លាហាន ទី៣-ដោះស្រាយបញ្ហាដោយភាពឈ្លាសវៃ និងរហ័ស ទី៤-មានភាពអត់ធ្មត់ខ្ពស់ និងទី៥-មានភាពព្យាយាម និងស្វែងយល់នូវបទពិសោធន៍ទាំងវ័យក្មេង ជាពិសេស គឺដូច Dom Dom (កូនប្រុសបង្កើតរបស់លោក) តែម្តង។

ដោយឡែកកាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ”ក្នុងនាមខ្ញុំបាទជាប្រធានផ្សារាត្រី ជេត កុងតឺន័រ (JET’S CONTAINER) ដែលមានអាជីវករចំនួនជាង១៥០០នាក់ សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហោះនៅក្នុងផេកផ្ទាល់របស់សម្តេច ជាការលើកទឹកចិត្តនិងគាំទ្រខ្ញុំបាទក្នុងការរៀបចំផ្សារកុងតឺន័រ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបន្ថែមសោភណភាពទីក្រុងភ្នំពេញ ព្រមទាំងបានចាក់ផ្សាយអំពីសកម្មភាពរបស់បងប្អូនខ្មែរអាជីវករ និងបងប្អូនទេសចរ ដែលបានមកកម្សាន្តនៅផ្សាររាត្រី ជេត កុងតឺន័រ (JET’S CONTAINER) តាមរយៈផេកផ្ទាល់របស់សម្តេច។ ក្នុងឱកាសនេះដែរ ខ្ញុំបាទជាកូន ជាចៅ ជាក្មួយ និងក្រុមការងារផ្សារកុងតឺន័រ សូមបួងសួងទៅដល់ទេវតា សូមតាមថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ មានសុខភាពល្អ ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យរុងរឿងឆ្ពោះទៅមុខបន្តទៀត។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមទទួលការគោរពដ៍ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ជេត គ្រុប ដោយក្តីគោរព…”។

គួរបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក “The Voice Kids Cambodia” វគ្គ The Blind Audition Week 2 កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ បានធ្វើឱ្យមហាជន អ្នកទស្សនាមានការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលបានឃើញការបញ្ចោញទេពកោសល្យ (ទឹកដមសំឡេង កាយវិការ ការសម្តែង ភាពក្រមិចក្រមើម និងភាពក្លាហាន) គួរឱ្យសរសើរ របស់កុមារពេជ្រ ថៃ ដែលបានលើកយកបទចម្រៀង១បទ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺបទ “បាត់ដំបងបណ្តូលចិត្ត” មកច្រៀងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការទាំង៣រូប ដែលសុទ្ធសឹងជាតារាចម្រៀងល្បីលំដាប់ជួរមុខ គឺលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកញ្ញាសុគន្ធ នីសា។

ទេពកោសល្យនៃការច្រៀងរបស់កុមារ ពេជ្រ ថៃ ក្រៅពីមានភាពផ្អែមល្ហែមហើយ នៅធ្វើឱ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយ ជាមួយនឹងកាយវិការ ទឹកមុខ គួរឱ្យស្រលាញ់ និងគ្រឺតក្នាញ់របស់គេទៀតផង។ មហាជនសុទ្ធតែបានកោតសរសើរដូចៗគ្នាថា កុមារពេជ្រ ថៃ ពិតជាមានភាពក្លាហាន និងសម្តីបានណាស់ ឆ្លើយដោយមិនចេះទាល់ ជាមួយនឹងសំណួររបស់គណៈកម្មការ។

កុមារពេជ្រ ថៃ សព្វថ្ងៃមានអាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី និងមានលំនៅក្នុងភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន កុមារពេជ្រ ថៃ រស់នៅជាមួយជីដូន ឈ្មោះហូ ហុម អាយុ៧៧ឆ្នាំ និងពូមីង ខណៈ ដែលឪពុកម្តាយរបស់ប្អូនបានធ្វើការចំណាកស្រុក ទៅធ្វើការនៅឯប្រទេសថៃ អស់រយៈពេល២៥ឆ្នាំមកហើយ ទុកឱ្យកុមារពេជ្រ ថៃ រស់នៅបៅដោះស្វិតរបស់ម៉ែចាស់ (ជីដូន) រហូតដល់ ធំដឹងក្តី៕

RELATED ARTICLES