ខេត្តស្វាយរៀង ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត បានសុំច្បាប់ឈប់សម្រាក ទៅចូលរួមកម្មវិធីខួបកំណើតក្មួយនៅស្រុកកំណើត ឯខេត្តព្រះវិហារ លុះត្រឡប់មកវិញ ឡើងជិះរថយន្តតាក់ស៊ី ពីបេនឡាន ផ្សារអូឡាំពិក រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលបម្រើការងារវិញ ស្រាប់តែបាត់ខ្លួនត្រឹមទឹកដីជីភូ អស់រយៈពេល៣ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកដោយខ្លួនឯងផង ប្តឹងប៉ូលិសជួយអន្តរាគមន៍ផង ស្រាប់តែចុងក្រោយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពនារីរងគ្រោះ ស្ថិតក្នុងសភាពអាក្រាតកាយ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែមួយកន្លែង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នារីរងគ្រោះត្រូវបានតៃកុងតាក់ស៊ី ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រួចរឹតកសម្លាប់បំបិទមាត់ ប្លុងសពចោលកណ្តាលវាលស្រែតែម្តង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។
នារីរងគ្រោះ ដែលត្រូវឃាតករចិត្តឃោរឃៅរំលោភសម្លាប់នោះ មានឈ្មោះសុខ ម៉ាលីន អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Good Luck ផ្នែកកាមេរ៉ាសុវត្ថិភាព ធ្វើការនិងស្នាក់នៅក្រុងបាវិត និងមានស្រុកកំណើតនៅខេត្តព្រះវិហារ។ នារីរងគ្រាះ មានឪពុកឈ្មោះប៉ូយ សុវណ្ណ អាយុ៣៨ឆ្នាំ ម្តាយឈ្មោះតឿ ស្រីឡូត អាយុ៣៥ឆ្នាំ។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នារីរងគ្រោះ ត្រូវបានក្រុមគ្រួសារមកប្តឹងថា បានបាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដោយមុនពេលកើតហេតុ នារីរងគ្រោះបានសុំ ច្បាប់ឈប់សម្រាក ដើម្បីទៅលេងឪពុកម្តាយនៅស្រុកកំណើត ហើយបង្ហួសទៅចូលរួមពិធីខួបកំណើតក្មួយនៅឯខេត្តព្រះវិហារ។ បន្ទាប់មក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នារីរងគ្រោះបានត្រឡប់មកវិញ ឈប់នៅបេនឡាន ផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានតាក់ស៊ី បន្តមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។
លោកស្នងការបានបញ្ជាក់ថា បើតាមការអះអាងពីក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងថា នៅពេលនារីរងគ្រោះកំពុងជិះរថយន្តតាក់ស៊ីតាមផ្លូវ គ្រួសារបានទូរស័ព្ទសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះបានប្រាប់ថា មកដល់ម្តុំផ្សារជីភូ ក្រុងបាវិតហើយ ប៉ុន្តែរថយន្តតាក់ស៊ី ត្រូវចូលយកម៉ូយទៀតសិន ដោយចូលតាមច្រកផ្លូវលំស្ងាត់មួយ ហើយនាងក៏មិនស្គាល់ទីតាំងច្បាស់ដែរ។ បន្ទាប់ពីនោះមក ក្រុមគ្រួសារក៏លែងអាចទាក់ទងនារីរងគ្រោះបានរហូតតែម្តង ទើបធ្វើឱ្យក្រុមគ្រួសារ ផ្អើលឆោឡោដើរតាមស្វែងរកផង និងរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តាមរកភ្លាមៗដែរ។
លោកស្នងការ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់ក្រុមគ្រួសារ នារីរងគ្រោះរួចមក លោកវរសេនីយ៍ទោ កែវ គង់ អធិការនគរបាលក្រុងបាវិត បានដាក់កម្លាំងចុះស្រាវជ្រាវតាមមូលដ្ឋាន តាមផ្ទះជួល ផ្ទះសំណាក់ និងសណ្ឋាគារ ទូទាំងក្រុងបាវិតដែរ ក៏ប៉ុន្តែរកមិនឃើញ។ រហូតដល់ម៉ោង៥និង១៥ នាទីល្ងាច ថ្ងៃទី០៤ សីហា ២០១៧ ស្រាប់តែមានក្មេងឃ្វាលក្របី ប្រទះឃើញសពមនុស្សស្រី ហើមអណ្តែតទឹកទាំងអាក្រាតកាយ ក្បែរគុម្ព រំចេក ក៏មានការភ្ញាក់ផ្អើល រត់ទៅប្រាប់អ្នកភូមិ នាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅពិនិត្យមើល។
តាមសមត្ថកិច្ចការិយាល័យបច្ចេកទេស ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា យោងតាមលទ្ធផលនៃការពិនិត្យ សមត្ថកិច្ច សន្និដ្ឋានថា នេះគឺជាករណីរំលោភសម្លាប់។ ករណីនេះ នារីរងគ្រោះត្រូវជនជាឃាតករ ធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈ រួចយកខ្សែរឹតកសម្លាប់ ហើយដឹកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបង្ហើបឱ្យដឹងទៀតថា អ្នករត់តាក់ស៊ី បានដឹកជនរងគ្រោះពង្វាងផ្លូវ គឺចេញពីផ្សារជីភូ ទៅតាមផ្លូវលំខាងជើងសាលាស្រុកចន្ទ្រា រួចចុះមកតាមផ្លូវលំ ពីត្បូងមកជើងវិញ មកតាមសង្កាត់បាទី ចូលមកក្រុងបាវិត លុះមកដល់ចំណុចកើតហេតុ គឺយប់ជ្រៅ និងដាច់ពីផ្ទះអ្នកស្រុកស្ងាត់ ជនល្មោភតណ្ហា ក៏ឈប់រថយន្ត ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះ រហូតដល់បានសម្រេច រួចយកខ្សែរឹតកសម្លាប់នារីរងគ្រោះ ទម្លាក់ចោលក្នុងទឹកស្រែតែម្តង ហើយក៏បានបើករថយន្តចូលទៅក្រុងបាវិតវិញ ដែលមានចម្ងាយប្រមាណ ជាង១គីឡូម៉ែត្រប៉ុណ្ណោះ។
តាមសម្តីលោកប៉ូយ សុវណ្ណ ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) បានចូលមកធ្វើការជាបុគ្គលិកកាស៊ីណូហ្គូដឡាក់ នៅក្រុងបាវិត បានរយៈពេល១ឆ្នាំមកហើយ ដោយនាង កាន់ខាងផ្នែកកាមេរ៉ាសុវត្ថិភាព។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កូនស្រីនេះបានសុំច្បាប់ពីក្រុមហ៊ុន ដើម្បីមកលេងស្រុកកំណើតនៅខេត្តព្រះវិហារផង និងដើម្បីចូលរួមខួបកំណើតក្មួយផង។ លុះដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កូនស្រីរបស់គាត់ក៏បានឡើងជិះរថយន្តតាក់ស៊ីចេញពីខេត្តព្រះវិហារ ឆ្ពោះចូលរាជធានីភ្នំពេញសិន រួចទៅឈប់នៅបេនឡានផ្សារអូឡាំពិក ទើបឡើងឡានតាក់ស៊ី បន្តទៅកាន់ក្រុងបាវិត ដើម្បីចូលធ្វើការវិញ។
បុរសជាឪពុកនារីរងគ្រោះបានបន្តថា នៅអំឡុងពេលធ្វើដំណើរលើរថយន្តតាក់ស៊ី ចេញពីភ្នំពេញ សំដៅទៅបាវិតនោះ ក្រុមគ្រួសារបានទាក់ទងតាមទូរស័ព្ទសាកសួរកូនស្រីនេះរហូត។ លុះមុនពេលកើតហេតុ នៅអំឡុងម៉ោងប្រមាណ ៥ទៅ៦ព្រលប់ ថ្ងៃទី០២ សីហា ដដែលនោះ កូនស្រីនេះ បានទូរស័ព្ទមកប្រាប់ម្តាយថា នាងទៅដល់ជីភូហើយ តែតាក់ស៊ីចូលដាក់ម៉ូយតាមច្រកផ្លូវមួយ (ចូលជ្រៅ) ហើយនាងក៏មិនស្គាល់ផ្លូវ និងភូមិសាស្ត្រទីនោះដែរ។ ក្រោយមកទៀត ប្រហែលរយៈពេល១ម៉ោង ម្តាយក៏ទូរស័ព្ទទៅសាកសួរ ចង់ដឹងទៅដល់គោលដៅឬនៅ តែមិនអាចទាក់ទងបាន។ បន្ទាប់មក នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រុមគ្រួសារគាត់ ក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិត ឱ្យជួយអន្តរាគមន៍ដែរ ព្រោះគិតថាមិនស្រួលសោះ។ ចំណែកពួកគាត់ជាឪពុកម្តាយ ជីដូន និងសាច់ញាតិ ដោយ មានការព្រួយបារម្ភពីកូនស្រីពេក ទើបនាំគ្នាឡើងមកក្រុងបាវិត តាមរកកូនស្រីជាមួយសមត្ថកិច្ចផងដែរ ព្រមទាំងបាននាំគ្នាប្រកាស តាមស្វែងរកតាមបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ ស្រាប់តែមកដល់ល្ងាច ថ្ងៃទី០៤ សីហា មានព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុមកថា ប្រទះឃើញសពនារី អាក្រាតកាយក្នុងទឹកស្រែ ទើបសមត្ថកិច្ច និងក្រុមគ្រួសារ ប្រញាប់ចុះទៅពិនិត្យមើលជាបន្ទាន់ រួចក៏ស្គាល់ច្បាស់ថា ពិតជាកូនស្រីដែលបាត់ ខ្លួនអស់រយៈពេល៣ថ្ងៃនោះមែន ទោះបីជាសពត្រូវហើមស្អុយរលួយយ៉ាងណា ក៏ឪពុកម្តាយ និងក្រុមគ្រួសារ អាចចំណាំរូបរាងកូនស្រីបានដែរ។
តាមស្ត្រីជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា ក្រៅពីរំលោភសេពសន្ថវៈ និងសម្លាប់កូនស្រីគាត់ហើយ ជនជាឃាតករបានយកកាបូបស្ពាយរបស់កូនស្រីគាត់ទៅបាត់ទៀត ដែលក្នុងនោះមានទូរសព្ទ័ដៃ១គ្រឿង ប្រាក់មួយចំនួន និងកាបូប សម្លៀកបំពាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានអះអាងថា ជុំវិញករណីរំលោភសេពសន្ថវៈសម្លាប់នេះ កម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខ សញ្ញាជនសង្ស័យជាឃាតករ និងស្វែងរកចាប់ខ្លួនជននេះមកផ្តន្ទាទោសឱ្យខាងតែបាន។
ជាមួយគ្នានោះ លោកស្នងការបានបញ្ជាក់ផងដែរថា សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីដឹកទៅកាន់ស្រុកកំណើត ឯខេត្តព្រះវិហារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ប៉ុន្តែស្ថានភាពគ្រួសាររបស់នារីរងគ្រោះ មានសភាពក្រីក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសព ទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តព្រះវិហារ ក៏គ្មានផង ទើបលោកសម្រេចផ្តល់រថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកសព នារីរងគ្រោះទៅកាន់ស្រុកកំណើត ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារ៕