Thursday, November 28, 2024
Homeព័ត៌មានជាតិក្មេងស្រីចេញពីរៀន ប្រុសព្រានស្ទាក់ ចាប់រំលោភ

ក្មេងស្រីចេញពីរៀន ប្រុសព្រានស្ទាក់ ចាប់រំលោភ

ខេត្តរតនគិរី ៖ យុវតីជាសិស្សសាលាម្នាក់ ទើបនឹងចេញពីរៀន បើកម៉ូតូសំដៅមកផ្ទះវិញ បានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពជិះម៉ូតូមកស្ទាក់ពីមុខ រួចក៏ចុះចាប់អូសដៃក្មេងស្រីរងគ្រោះ ចូលទៅក្នុងព្រៃកប់ខ្មោចមួយកន្លែង ប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែសំណាងល្អក្មេងស្រីរងគ្រោះប្រឹងរើបម្រះប្រតាយប្រតប់ រហូតបានរួចខ្លួន ក៏រត់ទៅប្តឹងសមត្ថកិច្ច ធ្វើឱ្យជនសង្ស័យ ភ័យរត់គេចខ្លួនបាត់។

ករណីប្រុសព្រានស្ទាក់ចាប់រំលោភក្មេងស្រី  សិស្សសាលានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចព្រៃកប់ខ្មោចមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ កាចាញ ក្រុងបានលុង។

ក្មេងស្រីរងគ្រោះដែលត្រូវប្រុសព្រានស្ទាក់ចាប់រំលោភនោះ មានអាយុ១៥ឆ្នាំ ជាជនជាតិ គ្រឹង មុខរបរជាសិស្ស។ ចំណែកជនសង្ស័យ ល្មោភកាម មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ទាំងអារម្មណ៍នៅភ័យតក់ស្លុតមិនទាន់បាត់នៅឡើយថា នៅមុនពេលកើតហេតុ កាលពីវេលា ៧និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នាងទើបនឹងចេញពីសាលារៀន ក៏បើកម៉ូតូមួយ គ្រឿងម៉ាក Zoomer-X ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ រតនគិរី 1E-3691 តែម្នាក់ឯង ចេញពីសាលាក្នុងគោលបំណងត្រឡប់មកផ្ទះវិញ។ លុះជិះមកដល់កន្លែងកើតហេតុ ដែលជាតំបន់ព្រៃកប់ខ្មោច កន្លែងស្ងាត់ ស្រាប់តែលេចមុខជនល្មោភកាមម្នាក់ បានបើកម៉ូតូចេញមកស្ទាក់ពីមុខម៉ូតូរបស់នាង ភ្លាមនោះនាង បានសួរថា មានការអី ហេតុអ្វីជិះម៉ូតូមកស្ទាក់មុខនាងបែបនេះ? ស្រាប់តែជនសង្ស័យមិនព្រម ឆ្លើយតប ក៏ចុះពីលើម៉ូតូ ដើរសំដៅមករកនាង រួចក៏ចាប់អូសដៃនាងចូលទៅក្នុងព្រៃកប់ខ្មោច និងបានព្យាយាមធ្វើសកម្មភាព ចាប់សម្រាត ខោអាវនាងចេញ ប្រុងរំលោភសេពសន្ថវៈ ប៉ុន្តែនាងបានប្រឹងរើបម្រះ ប្រតាយប្រតប់ជាមួយ ជនសង្ស័យ រហូតបានរួចខ្លួន ក៏ប្រញាប់រត់សំដៅទៅប្តឹងសមត្ថកិច្ច ដោយបន្សល់ទុកម៉ូតូរបស់នាងនៅកន្លែងកើតហេតុ។

សមត្ថកិច្ចក្រុងបានលុង បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានដឹកនាំកម្លាំងចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ តែពេលមកដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ប្រទះឃើញតែម៉ូតូក្មេងស្រីរងគ្រោះ ដែលបន្សល់ទុកនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចក្រុងបានលុង បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីវែកមុខបិសាចតណ្ហានោះ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ចំណែកក្មេងស្រីរងគ្រោះ ដោយសារតែមានការភិតភ័យខ្លាំងពេក ក៏ត្រូវក្រុមគ្រួសារ នាំទៅសម្រាកពិនិត្យសុខភាពនៅមន្ទីរពេទ្យ៕

RELATED ARTICLES