នៅយប់ថ្ងៃទី៨ ខែសីហា កន្លងទៅនេះប្អូនស្រីជីដូនមួយរបស់លោកខន រ៉ាម៉ន ហៅយូអ៊ីន ម្ចាស់ផលិតកម្មJH បានធ្វើខួបកំណើតផ្គួបនិងពិធីប្រកាសបើកមុខជំនួញថ្មីផ្នែកគ្រឿងសម្អាងដែលនាំចូលពីប្រទេសកូរ៉េ ខណៈដែលលោកយូអ៊ីន ប្រកាសពីគោលជំហជួយជ្រោមជ្រែងប្អូនស្រីលើមុខជំនួញនេះ។
តារាសម្ដែងនិងជាថៅកែផលិតកម្មJH លោកយូអ៊ីន បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្ត នៅពេលដែលអ្នកនាងនុត រាត្រី ជាប្អូនស្រីទទួលសិទ្ធិចែកចាយផ្ដាច់មុខលើផលិតផលគ្រឿងសម្អាងម៉ាកល្បីរបស់កូរ៉េហើយលោកក៏មានគម្រោងជួយជ្រោមជ្រែងផ្សព្វផ្សាយក៏ដូចជាជម្រុញលើកទឹកចិត្តប្អូនស្រីឲ្យពង្រីកសាខានៅតាមបណ្ដាខេត្តនានាឲ្យបានច្រើនផងដែរ។លោកថា មុននឹងទទួលសិទ្ធិផ្ដាច់មុខក៏បានពង្រីកទីផ្សារនិងមានការទទួលស្គាល់ពីផ្សារទំនើបធំៗមួយចំនួនទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាផងដែរ។
យ៉ាងណាលោកយូអ៊ីន អះអាងថាលោកគ្មានគម្រោងចោលផលិតកម្មនិងបោះបង់អាជីពសម្ដែងមកបើកមុខជំនួញដូចប្អូនស្រីទេពោលគឺលោកគ្រាន់តែជួយជ្រោមជ្រែងប្អូនស្រីលើមុខជំនួញនេះតែប៉ុណ្ណោះ។ម្យ៉ាងលោកកំពុងពង្រឹងផលិតកម្មផលិតបទចម្រៀងថ្មី និងផលិតភាពយន្តជាបន្តបន្ទាប់ទៀត។
ដោយឡែកអ្នកនាងនុត រាត្រី ប្អូនស្រីលោកយូអ៊ីន បានថ្លែងឲ្យដឹងថា ផលិតផល Make Up ម៉ាក Merrezca ជាម៉ាកល្បីមួយរបស់កូរ៉េដែលអ្នកនាងទទួលបានសិទ្ធិចែកចាយផ្ដាច់មុខហើយអ្នកនាងគិតថា មិនពិបាកវាយលុកទីផ្សារទេខណៈដែលអ្នកនាងមានបងប្រុសគឺលោកយូអ៊ីន ជួយជ្រោមជ្រែងនិងមានតារាសិល្បៈមួយចំនួនជួយគាំទ្រផងដែរ។ អ្នកនាងអះអាងថា មុខជំនួញនេះអ្នកនាងបានបោះទុនជាង៥ម៉ឺនដុល្លារ ហើយក៏មានគម្រោងបោះទុនពង្រីកទីផ្សារឲ្យកាន់តែធំជាងនេះទៀតផងដែរខណៈដែលអ្នកនាងស្រលាញ់មុខជំនួញនេះដោយមិនទាន់មានគម្រោងវិនិយោគលើវិស័យផលិតកុនដូចបងប្រុសនៅឡើយទេ។
សម្រាប់កម្មវិធីខួប ផ្គួបប្រកាសបើកមុខជំនួញថ្មីនេះអ្នកនាងរាត្រី បានអញ្ជើញភ្ញៀវដែលជាម្ចាស់ដេប៉ូធំៗនិងតារាសិល្បៈមួយចំនួនចូលរួមជប់លៀងអបអរ រាំច្រៀង យ៉ាងសប្បាយរីករាយផងដែរ៕