Sunday, February 23, 2025
Homeព័ត៌មានជាតិស្នេហាមិនប្រកាន់ពណ៌សម្បុរ!!! “ទោះអូនខ្មៅ ក៏បងនៅតែស្នេហ៍” តែពេលនេះ បងមិនទាន់មានលុយរៀបការជាមួយអូនឡើយ

ស្នេហាមិនប្រកាន់ពណ៌សម្បុរ!!! “ទោះអូនខ្មៅ ក៏បងនៅតែស្នេហ៍” តែពេលនេះ បងមិនទាន់មានលុយរៀបការជាមួយអូនឡើយ

សុភាសិតខ្មែរ១ឃ្លាថា “បើបាយត្រជាក់ ឱ្យតែសម្លក្តៅ បើស្រីខ្មៅឱ្យតែនៅក្មេង” ពិតជាគូគ្នាតែម្តង។ យ៉ាងណាមិញ នារីម្នាក់នេះ ទោះជាខ្មៅបន្តិច និងរូបរាងមិនសូវបាន ក៏នាងនៅក្មេងដែរ ទាក់ចិត្តប្រុសស្នេហ៍ឱ្យស្រលាញ់នាងងប់ងុល ប៉ុន្តែពួកគេជួបឧបសគ្គត្រង់អត់លុយរៀបការ ក៏រួមរស់ជាមួយគ្នាបណ្តោះអាសន្នសិនទៅ…។

នាងស្រី តី ពេលផ្តល់សម្ភាសន៍

នាងស្រី តី អាយុ១៩ឆ្នាំ សព្វថ្ងៃកំពុងរួមរស់ជាមួយប្តីអត់ខាន់ស្លា នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា តាមពិត នាងមានស្រុកកំណើតនៅភូមិមាក់ប្រាំង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯណោះទេ ដោយមានឪពុកឈ្មោះខៀវ អេល អាយុ៦៥ឆ្នាំ ម្តាយស្លាប់ នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ (ស្រី២ ប្រុស១)។ នាងរៀនសូត្រត្រឹមថ្នាក់ទី១០ នៃវិទ្យាល័យរាម ក៏ឈប់ទៅ ហើយតាំងពីចូលវ័យក្រមុំមក នាងមិនដែលមានសង្សារឯណាទេ។ បន្ទាប់ពីឈប់រៀនមក ក៏មានបងប្អូននាំមកធ្វើការក្នុងហាងស៊ីផឹកមួយកន្លែង ឈ្មោះហាង “សាច់អាំង ភូមិយើង” ក្នុងភូមិនារាយណ៍ ដោយរូបនាងមានតួនាទីជាអ្នកបម្រើរត់តុ។ ថ្ងៃមួយ ក៏មានកំលោះម្នាក់ឈ្មោះសុង ម៉េងឈាង អាយុ១៩ឆ្នាំ ស្របាលនាងដែរ បានត្រូវមិត្តភក្តិនាំមកផឹក ក្លែមសាច់អាំង ក្នុងហាងរបស់នាង។ នៅពេលឃើញមុខនាង កំលោះនេះមានការចាប់អារម្មណ៍ ក៏ទាក់ទងសុំលេខទូរស័ព្ទរបស់នាង ហើយនាងក៏មិនកំណាញ់អ្វីដែរ ក៏ឱ្យគេកត់ទុក។

 

នាងតី បន្តទៀតថា តាំងពីបានលេខទូរស័ព្ទរបស់នាងមក កំលោះឈាង តែងហៅមកនាងរាល់យប់ ដោយគេសារភាពថា “ជួបភក្ត្រ័ជំពាក់ចិត្ត”។ នាងក៏ប្រាប់គេថា “អូនមិនស្អាតទេ ហើយខ្មៅផង មិនសមនឹងបងទេ!” កំលោះក៏បញ្ជាក់ច្បាស់ៗថា “ទោះអូនខ្មៅ ក៏បងនៅតែស្នេហ៍” តាំងពីគេសារភាពស្នេហ៍មក ធ្វើឱ្យបេះដូងនាងទន់ជ្រាយដូចក្រមួនត្រូវថ្ងៃ។ ជារឿយៗ កំលោះតែងបបួលនាងទៅលេងផ្ទះគេ ដែលនៅមិនឆ្ងាយពីហាង ប៉ុន្តែនាងគ្មានឱកាសទៅសោះ ព្រោះជាប់ការងារដកដៃមិនរួច។ ថ្ងៃមួយ ដោយគេអង្វរចង់ជួបនាងពេក ទើបនាងពុតធ្វើឈឺ សុំថៅកែស្រីឈប់សម្រា១ថ្ងៃ ដើម្បីទៅមន្ទីរពេទ្យ លុះថៅកែឱ្យឈប់ ទើបនាងមានឱកាសទៅជួបសង្សារនៅផ្ទះរបស់គេ។ ពេលនោះហើយដែលនាងចងចាំអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ខណៈដែលប្រុសថ្លៃចេញមកទទួល នាំឡើងទៅលើផ្ទះ និងសុំនាងឱបថើបដោយស្រលាញ់។ ជួនជាអ្នកផ្ទះចេញទៅក្រៅបាត់អស់ ការឱបថើបរមិតរមួលនោះ ក៏ផ្ទុះជាភ្លើងតណ្ហាទ្រាំទ្រលែងបាន ក៏ជ្រុលជ្រួសជាមួយគ្នាទៅ។

 

នាងស្រី តី បន្តទៀតថា នាងមិនស្តាយព្រហ្មចារីទេ ព្រោះមកពីខ្លួនស្រលាញ់គេដែរ បានជាហ៊ានមកជួបប្រុសដល់ផ្ទះរបស់គេ។ តាំងពីពេលនោះមក ពួកនាងតែងណាត់ជួបគ្នាលេងល្បែងស្នេហ៍ជារឿយៗ តែប្រុងប្រយ័ត្នមិនឱ្យមានផ្ទៃពោះបានឡើយ។ ជាចុងក្រោយ នាងសម្រេចចិត្តមករួមរស់ជាមួយគេតែម្តង ព្រោះឪពុកម្តាយក្មេកចិត្តល្អណាស់ ដោយមានគម្រោងនាំសង្សារទៅបង្ហាញឪពុកបង្កើតរបស់នាងឱ្យស្គាល់ ដើម្បីឈានទៅរៀបការតាមប្រពៃណី ប៉ុន្តែសង្សារបែបរួញរា ព្រោះតែគ្មានលុយរៀបការ។

លោកសុង ម៉េងឈាង

ដោយឡែក លោកសុង ម៉េងឈាង អាយុ១៩ឆ្នាំ បានរៀបរាប់ដោយមិនលាក់លៀមថា រូបគេបានយកទូរស័ព្ទធ្វើមេអណ្តើក បន្ទាប់ពីជួបភ័ក្ត្រស្រី តី ក្នុងហាងសាច់អាំង។ ទោះជានាងខ្មៅបន្តិច ក៏ខ្មៅស្រស់ គ្មានម្សៅអ្វីទេ គឺក្រអូបពីធម្មជាតិតែម្តង។ រូបគេបានភ្លក្សព្រហ្មចារីនាង ក៏ដឹងថា នាងជាស្រីក្រមុំបរិសុទ្ធពិតៗ ក៏លង់ស្នេហ៍នាងបេះមិនចេញ រហូតដល់សុំនាងរួមរស់ជាមួយ។ មុនដំបូង គេគិតថា គ្រាន់តែទូរស័ព្ទហៅនាងទៅជួបនិយាយគ្នាលេងធម្មតាទេ គ្មានបំណងរួមរ័កអ្វីឡើយ ប៉ុន្តែពេលបានឱបប្រាណនាងជះក្លិនក្រអូបប្រហើរ ធ្វើឱ្យគេទ្រាំមិនបាន ក៏ជ្រុលជ្រួសពេលនោះទៅ។

លោកឈាង បន្តទៀតថា ឥឡូវស្រីថ្លៃដែលក្លាយជាប្រពន្ធអត់ខាន់ស្លា បានបបួលរូបគេទៅលេងស្រុករបស់នាង គេមិនជំទាស់ទេ ចង់ទៅឱ្យស្គាល់ឪពុកក្មេក និងបងប្អូនសាច់ញាតិនាងដែរ តែចំពោះរឿងរៀបការ ដោះស្រាយមិនទាន់ចេញទេ ព្រោះអត់លុយ។ រូបគេមិនបោកប្រាស់នាងទេ សច្ចាយកនាងជាភរិយាមួយជីវិត ប៉ុន្តែកត្តាជីវភាពសំខាន់ណាស់ ត្រូវតែដោះស្រាយ តែបើដោះមិនចេញ ក៏មិនដឹងធ្វើម៉េចដែរ មានតែសែនព្រេន។

លោកសំ រ៉ា

លោកសំ រ៉ា អាយុ៣៧ឆ្នាំ ជាពូខាងប្រុស បានឱ្យដឹងថា ចំពោះរឿងស្នេហារបស់ក្មួយនេះ លោកយល់ថា ត្រូវតែបណ្តោយតាមចិត្តពួកគេទៅ កុំបំបែកស្នេហ៍គេធ្វើអ្វី។ ទោះយ៉ាងណាក៏លោកបារម្ភខ្លាំងណាស់ ព្រោះគ្រួសារខាងប្រុសក្រតោកយ៉ាក មិនដឹងបានលុយពីណារៀបការកូនទេ។

អ្នកស្រីពយ ចាន់

អ្នកស្រីពយ ចាន់ អាយុ៤៥ឆ្នាំ ជាម្តាយ បានឱ្យដឹងថា សព្វថ្ងៃគាត់បារម្ភណាស់ មិនចង់ឱ្យកូនយកគ្នាឆៅៗយ៉ាងនេះទេ។ គាត់ប្រុងប្រៀបទៅជួបដន្លងខាងកូនស្រីនៅឯខេត្តព្រះសីហនុ ដើម្បីជំនុំគ្នារឿងកូនហើយ ព្រោះគាត់ក៏មានកូនស្រីដែរ ត្រូវតែស្គាល់ទុក្ខធុរៈស្រីដូចគ្នា។

ខ្ទមកម្សត់របស់គូស្នេហ៍ភក្តី

គួរបញ្ជាក់ថា សម័យនេះ ក្រមុំកំលោះដែលចេញទៅធ្វើការឆ្ងាយស្រុក ភាគច្រើនបានជួបគូស្រករនៅស្រុកខេត្តឆ្ងាយពីគ្នា មិនដូចពីដើមទេ ដែលចាស់ៗបានប្តីប្រពន្ធតែក្នុងភូមិជាមួយគ្នាហ្នឹង។ គេស្រលាញ់គ្នាដោយឱ្យតម្លៃទៅលើរូបសម្បត្តិជាធំ ពុំសូវមើលពីចរិយាសម្បត្តិនោះទេ ពោលគឺបើភាគីខាងប្រុសមើលឃើញខាងស្រីរូបស្អាត ក៏ស្រលាញ់ភ្លែត ឯភាគីខាងស្រី បើមើលឃើញខាងប្រុសរាងឡូយសង្ហា ជួនកាលក៏ឱ្យដៃទៅគេភ្លាម។ លុះពួកគេត្រូវរ៉ូវគ្នា ជួនកាលជ្រុលជ្រួសហួសដំណើរ រហូតដល់ខាងស្រីមានផ្ទៃពោះ រកលុយរៀបការមិនទាន់ ក៏សែនព្រេនបង្គ្រប់កិច្ចទៅ តែការសែនព្រេននិងរៀបការមានខាន់ស្លាដូចគ្នាទេ គ្រាន់តែមានតម្លៃមិនស្មើគ្នា៕

RELATED ARTICLES