Friday, September 20, 2024
Homeតារាខ្មែរអុីវ៉ា ត្រៀមបង្ហាញមុខនៅទ្រនំហង្សមាស ក្រោយផ្ទុះភាពចម្រូងចម្រាសជាមួយសាន់ដេ

អុីវ៉ា ត្រៀមបង្ហាញមុខនៅទ្រនំហង្សមាស ក្រោយផ្ទុះភាពចម្រូងចម្រាសជាមួយសាន់ដេ

តារាចម្រៀងសាន់ដេ​ កញ្ញាអ៊ីវ៉ា ដែលមានភាពចម្រូងចម្រាសជាមួយផលិតកម្មសាន់ដេ មួយប្រាវ កាលពីពេលថ្មីៗនេះ ត្រូវបានផលិតកម្មថោន និងហង្សមាស កំពុងចាំត្រងទទួលយកតារាសាច់សខ្ចីរូបនេះ ដោយប្រទាញប្រទង់គ្នាតែម្តង។ ប៉ុន្តែ តាមព័ត៌មានចុងក្រោយថា អ៊ីវ៉ា បានជ្រើសយកផលិតកម្មហង្សមាស ចោលសាន់ដេ ហើយកំពុងត្រៀមបង្ហាញមុខនៅទ្រនំថ្មី…។

កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រាប់អ្នកយកព័ត៌មានយើងថ្មីៗនេះថា ពិតជាមានផលិតកម្មធំ២ បានទាក់ទងនាងចង់ឱ្យទៅធ្វើជាតារាចម្រៀងរបស់ខ្លួនមែន នោះគឺផលិតកម្មហង្សមាស និងថោន តែរហូតមកដល់ពេលនេះ នាងមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ព្រោះតែកុងត្រារបស់នាងជាមួយផលិតកម្មសាន់ដេ គឺនៅតែមានសុពលភាពនៅឡើយ ហើយបើសាន់ដេ នៅឱ្យតម្លៃលើគុណសម្បត្តិរបស់នាង គឺនាងនឹងនៅតែបន្តនៅទ្រនំចាស់នេះតទៅទៀត។

បើទោះជាអ៊ីវ៉ា បានអះអាងបែបនេះក្តី តែតាមព័ត៌មានពីតារាដែលស្និទ្ធនាងបំផុត បានឱ្យដឹងថា ពេលនេះតារាចម្រៀងអ៊ីវ៉ា បានចូលទៅផលិតកម្មហង្សមាស ស្ងាត់ៗទៅហើយ ដោយថែមទាំងបានថតបទចម្រៀង ត្រៀមចេញក្នុងពេលឆាប់ៗនេះទៀតផង។

ប្រភពបានឱ្យដឹងថា មុនពេលសម្រេចចិត្តចូលទៅហង្សមាស អ៊ីវ៉ា ចង់ចូលទៅផលិតកម្មថោន តាមកែវ វាសនា ដែរ ហើយឪពុកនាងក៏ពេញចិត្តឱ្យកូនស្រីចូលទៅថោន ដែរ។ ប៉ុន្តែ ក្រោយពេលដែលឃើញអតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ គឺលោកកែវ វាសនា ដែលចេញពីសាន់ដេ ចូលថោន នោះ ស្ងាត់ដូចចោរលួចសេះ ហើយសុខ ស្រីនាង ដែលចេញពីសាន់ដេ ចូលហង្សមាស បែរជាមានបទចម្រៀងគ្រាន់បើនោះ ស្រាប់តែអ៊ីវ៉ា ប្តូរចិត្តលែងចង់ទៅថោន គឺចង់ដើរតាមគន្លងរបស់សុខ ស្រីនាង គឺទៅជ្រកក្រោមទ្រនំធំ ហង្សមាស ដែលកំពុងតែមានសមាជិកឡើងគរជើងគ្នានោះ។

ព័ត៌មានបានឱ្យដឹងថា អ៊ីវ៉ា រំពឹងថា នាងនឹងល្បីជាងនេះទៀត នៅពេលដែលទៅដល់ទ្រនំហង្សមាស​ព្រោះតែមានអ្នកជំនាញភ្លេង និងនិពន្ធជាច្រើនបានពេញចិត្តរូបនាង ហើយគេឱ្យយោបល់នាងថា ពេលទៅដល់ហង្សមាស ដឹងតែពីកាន់តែល្បីហើយ…។

លោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងទូទៅផលិតកម្មហង្សមាស ដែលពីមុនតែងតែស្វាគមន៍អ្នកកាសែត រាល់ព័ត៌មានទាក់ទងតារារបស់ខ្លួននោះ មិនលើកទូរស័ព្ទឡើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

ដោយឡែកលោកឡាយ សុខចំរើន អ្នកគ្រប់គ្រងផលិតម្មសាន់ដេ បានប្រាប់មុននេះថា តារាចម្រៀងអ៊ីវ៉ា នៅតែជាអ្នកចម្រៀងរបស់សាន់ដេ ព្រោះកុងត្រានៅមិនទាន់អស់សុពលភាពនៅឡើយ។

អ៊ីវ៉ា បានជ្រកកោនក្រោមដំបូលផលិតកម្មសាន់ដេ ជាង៧ឆ្នាំមកហើយ ដែលមានការកត់សម្គាល់ថា សឹងតែទាំងអស់បទចម្រៀងនាងល្បី ត្រូវបាននិយម ហើយនាងជាអ្នកចម្រៀងវ័យក្មេងជាងគេ ដែលល្បីយ៉ាងរហ័ស ព្រោះតែសាន់ដេ ជាអ្នកជួយជ្រោមជ្រែងយកមកបណ្តុះបណ្តាលទាំងស្រុងតែម្តង។ ប៉ុន្តែមុននេះ អ៊ីវ៉ា ស្ពឹកមុខ ដោយសារតែជំនួយការផលិតកម្មសាន់ដេ ម្នាក់ បានរិះគន់តារាវ័យក្មេងរូបនេះថា ចង់ភ្លេចកំណើត ដែលការនិយាយបែបនេះសំដៅថា អ៊ីវ៉ា បានល្បី ចង់ហើរចោលសាន់ដេ។ ជំនួយការរូបនោះថែមទាំងអះអាងទៀតថា ពេលនេះ ក្រុមការងារផលិតកម្មសាន់ដេ សឹងគ្រប់គ្នាចង់ញ៉ាកនឹងអ៊ីវ៉ា តែម្តង ព្រោះនាងមិនឱ្យតម្លៃអ្នកដឹកនាំសម្តែងទេ ហើយរឿងដែលឈឺក្បាលនោះ គឺនាងមិនគោរពពេលវេលា តែម្តង ដែលរឿងនេះមិនត្រឹមតែនាងធ្វើដាក់ផលិតកម្មនោះទេ តែអ្នកដឹកនាំការប្រគំតន្ត្រីផ្សេងៗទៀត ក៏បះសក់ដោយសារតែអ៊ីវ៉ា ត្រូវឡើងច្រៀងនៅម៉ោង១១ តែម៉ោង១២ ទើបនាងមកដល់។

ប៉ុន្តែក្នុងជំនួបថ្មីៗនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ អ៊ីវ៉ា ថា នាងមិនធ្វើប្ញកដូចគេថានោះទេ ហើយនាងថា មិនខ្វល់ទេ កន្លែងណាដូចតែកន្លែងណាហ្នឹង។

មជ្ឈដ្ឋានមហាជនខ្លះបានលើកឡើងថា អ៊ីវ៉ា ប្រសិនបើនាងប្រថុយចូលជ្រកនៅហង្សមាស តាមសុខ  ស្រីនាង នោះ ប្រសិនបើហង្សមាស លើក គឺនាងនឹងល្បីថែមទៀតជាមិនខាន ព្រោះនាងជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលមានសមត្ថភាពពិតប្រាកដ។ ប៉ុន្តែបើហង្សមាស យកនាងទៅផ្អឹបចោលនោះ អ៊ីវ៉ា ច្បាស់ជាធ្លាក់ចុះ បាត់បង់ទីផ្សារជាមិនខាន ព្រោះហង្សមាស មានតារាល្បីៗជាច្រើន ដែលគ្មានបទចម្រៀងច្រៀងនៅពេលនេះ តារាខ្លះបានច្រៀងតែ១បទ ក្នុង១ឆ្នាំ ក៏មានដែរ ទើប លេចឮមុននេះថា មានតារាហង្សមាស ៧ដួងទៀត កំពុងត្រៀមដើរចេញពីហង្សមាស ស្វែងរកទ្រនំថ្មី ហើយគេជឿថា អ៊ីវ៉ា នឹងបង្ហាញមុខនៅហង្សមាស នៅពេលខាងមុខនេះ មិនខាន។ ប៉ុន្តែអ្នកខ្លះថា អ៊ីវ៉ា ជ្រកកោននៅទ្រនំធំនេះ ប្រៀបបានការដើរជាន់បន្លាអីចឹង ព្រោះនាងមិនអាចយកឈ្នះឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឡើយ៕

RELATED ARTICLES