ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី លោកឃួង ស្រេង បានបញ្ចោញកណ្តាប់ដៃដែក ដាក់ចេញនូវសេចក្តីណែនាំ និងវិធានការម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាម ដងផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីបញ្ហាកកស្ទះចរាចរណ៍ និងភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ ត្អូញត្អែរយ៉ាងខ្លាំង ដោយ សារតែមានការរំលោភបំពានចិញ្ចើមផ្លូវ ដងផ្លូវសាធារណៈ និងភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៃការចត យានជំនិះលើដងផ្លូវសាធារណៈ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភណភាពរាជធានី។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ លេខ០០៧/១៧ សណន.ច ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីិ “ការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ” មានខ្លឹមសារទាំងស្រុងថា “ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់ លំនៅឋានម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននឹងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពាន លើបទប្បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេស បំពានលើបទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្ត ដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់។ អំពើរំលោភបំពានទាំងនោះ មានជាអាទិ៍ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណត យានជំនិះ ការតសំយាប ការហ៊ុមព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំង ការដ្ឋានទុកដាក់សម្ភារៈ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗជាលក្ខណៈឯកជន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជះ ឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភណភាពរាជធានីភ្នំពេញ។
អនុវត្តតាមស្មារតីនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសយកផ្លូវសំខាន់ៗចំនួន១១ខ្សែ ធ្វើជាអាទិភាព គំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរា ចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ មុននឹងបន្តអនុវត្តចំពោះបណ្តាទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ផ្លូវអាទិភាព គំរូទាំងនោះរួមមាន ១-មហាវិថីសហព័ន្ធរុស្ស៊ី ២-មហាវិថីព្រះមុនីវង្ស ៣-មហាវិថីកម្ពុជាក្រោម ៤-មហាវិថីម៉ៅសេងទុង ៥-មហាវិថី ព្រះសីហនុ និងមហាវិថីនេរុហ៍ ៦-មហាវិថី ព្រះនរោត្តម ៧-មហាវិថីសម្តេចមុនីរ៉េត ៨-ផ្លូវឧកញ៉ាទេពផន ៩-មហាវិថីហ្សាលឌីហ្គោល ១០-មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និង ១១-តីវិថីព្រះស៊ីសុវត្ថិ។
ដូចនេះ ដើម្បីដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវអាទិភាពខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវសេចក្តី ណែនាំដូចខាងក្រោម ៖
ក.ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន មន្ទីរពេទ្យ សាលារៀនវិស័យឯកជន អគារសាធារណៈ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវអនុវត្តដូចខាងក្រោម ៖
១-ហាមចតយានយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ។
២-ហាមដាច់ខាតមិនឱ្យម្ចាស់ការដ្ឋាន សំណង់គ្រប់ប្រភេទធ្វើការហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពី១/៣ (មួយភាគបី) និងឬប្រើប្រាស់ទ្រូងផ្លូវ ដើម្បីទុកដាក់សម្ភារៈសំណង់របស់ខ្លួនដូចជា ដែក ខ្សាច់ ក្រួស ថ្មជាដើម។
៣.រថយន្តដឹកទំនិញធំៗ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចេញចូលគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវក្នុងការលើកដាក់ផ្ទេរទំនិញ និងបាញ់ បេតុង។ ក្នុងករណីចៀសវាងមិនបាន ត្រូវអនុវត្តការលើកដាក់ទំនិញ និងការបាញ់បេតុង ចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង០៦ និង០០នាទីព្រឹក។
៤-ការរៀបចំសម្ភារៈ ទំនិញ ម៉ូតូ និងរថយន្តដាក់តាំងលក់អាចប្រើប្រាស់ចំណែកចិញ្ចើមផ្លូវត្រឹម១/៣ (មួយភាគបី) ជាលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយទុក២/៣ (ពីរភាគបី) សម្រាប់ថ្មើរជើង និងបម្រើឱ្យការងារសណ្តាប់ធ្នាប់ និងចរាចរណ៍។
៥-រាល់ការប្រើប្រាស់ចិញ្ចើមផ្លូវជាទីតាំង ផ្ញើកង់ ម៉ូតូ មិនត្រូវឱ្យលើសពី១/៣ (មួយភាគបី) ឡើយ។
ខ.ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទាំង១២ ត្រូវអនុវត្តដូចខាងក្រោម ៖
១-ត្រូវចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវដោយរំលោភបំពានដោយប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ តែម៉ឺងម៉ាត់ឱ្យចូលរួមអនុវត្ត តាមស្មារតីនៃសេចក្តីណែនាំនេះ។ ក្នុងករណីនៅ តែមិនអនុវត្តតាមការណែនាំនេះ មន្ត្រីអនុវត្ត ត្រូវធ្វើកំណត់ហេតុ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
២-ត្រូវណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន និងម្ចាស់ទីតាំងអាជីវកម្មនានា ឱ្យគោរពតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ក្នុងករណីពុំព្រមអនុវត្តតាម អាជ្ញាធរខណ្ឌត្រូវសហការជាមួយកម្លាំងមានសមត្ថកិច្ច និងជំនាញពាក់ ព័ន្ធធ្វើការផាកពិន័យតាមច្បាប់ និងអាចឈានទៅបិទទីតាំងអាជីវកម្ម។
៣-ត្រូវធ្វើការណែនាំ និងធ្វើកំណត់ហេតុ ឱ្យបានត្រឹមត្រូវជាមួយម្ចាស់ការដ្ឋាន ដែលរំលោភបំពានទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ក្នុងករណីមិនរាងចាល ត្រូវផ្អាកការដ្ឋាននោះភ្លាម។
៤-ត្រូវចុះល្បាត និងឃ្លាំមើលជាប្រចាំ ចំពោះរថយន្តដឹកទំនិញធំៗ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ងត៍ និងត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ក្នុងករណី ការចេញចូលរាជធានីភ្នំពេញ ខុសពីសេចក្តី ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៥-ត្រូវអនុវត្តការងារតាមការណែនាំ ខាងលើនេះ ឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងទន់ភ្លន់ និងត្រូវរាយការណ៍ប្រចាំសប្តាហ៍អំពីលទ្ធផលនៃការងារនេះ មកគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានទៀងទាត់ និង ទាន់ពេលវេលា។
គ.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវ ៖
១-បន្ថែមកម្លាំងនគរបាលចរាចរណ៍ ដោះស្រាយបញ្ហាចរាចរណ៍តាមគោលដៅ ដែលមានការកកស្ទះនៅចន្លោះម៉ោងមមាញឹក គឺម៉ោង ៧និង៣០នាទី ដល់ម៉ោង០៨ និង៣០នាទី ម៉ោង១១និង៣០នាទី ដល់ម៉ោង១២និង៣០នាទី និងម៉ោង១៧និង០០នាទី ដល់ម៉ោង១៨និង៣០នាទី។
២-រៀបចំរថយន្តស្ទូច ដើម្បីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១២ ដើម្បីអនុវត្តវិធានការច្បាប់។
ទទួលបានសេចក្តីណែនាំនេះ ប្រជាពលរដ្ឋ គ្រឹះស្ថានឯកជន ស្ថាប័នសាធារណៈ និងអ្នកប្រើប្រាស់ផ្លូវមានរយៈពេល០២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះ ដើម្បីធ្វើការកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឱ្យ ស្របតាមស្មារតីនៃសេចក្តីណែនាំនេះ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវរួមអនុវត្តសេចក្តីណែនាំនេះ ឱ្យ មានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ ដូច្នេះដើម្បីឱ្យសណ្តាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តតាមសេចក្តីណែនាំ ខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
គួរបញ្ជាក់ថា បញ្ហាការកកស្ទះចរាចរណ៍ និងភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ បានកើតមានរ៉ាំរ៉ៃ ច្រើនឆ្នាំមកហើយ ទោះបីមានការផ្លាស់ប្តូរអភិបាលរាជធានីជា ច្រើនរូប ច្រើនអាណត្តិមកហើយ ក៏មិនឃើញ មានដំណោះស្រាយ ឬការរៀបចំឱ្យមានប្រសិទ្ធភាពសោះឡើយ ជាពិសេស គឺបញ្ហាការរំលោភចិញ្ចើមផ្លូវ និងដងផ្លូវសាធារណៈពីបុគ្គល ឬក្រុមហ៊ុនឯកជន យកធ្វើអាជីវកម្មដាក់តាំងលក់ទំនិញ ចតយានជំនិះយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវ ពិសេស គឺបង្កឱ្យមានការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដែលក្រៅពី ដងផ្លូវសំខាន់ៗ ១១ខ្សែ ដែលអាជ្ញាធររាជធានី ផ្តោតអាទិភាព ក្នុងការរៀបចំសណ្តាប់ធ្នាប់ខាងលើ ក៏មានខ្សែផ្លូវផ្សេងៗទៀត ស្ទើរទូទាំងរាជធានីភ្នំពេញ ដែលមានការរំលោភបំពានដោយការចតរថយន្ត ម៉ូតូ ឬដាក់តាំងលក់ទំនិញបែបអនាធិបតេយ្យ ដូចជាផ្លូវ២៧១ (ពិសេសម្តុមុំខុមន្ទីរពេទ្យរុស្ស៊ី) ផ្លូវ៣៧១, ផ្លូវវេងស្រេង, ផ្លូវជាតិលេខ៤ (ចំណុចផ្សារចោមចៅ)៘ និង៘ ដែលភាពអនាធិបតេយ្យទាំងនេះហើយធ្វើឱ្យប្រជាពលរដ្ឋ អ្នកដំណើរទូទៅមានការរអ៊ូរទាំត្អូញត្អែរអំពីផលប៉ះពាល់ និងជាហេតុនាំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តចំពោះអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ដែលគ្មានវិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព ទើបបានជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មួយចំនួន បានដកសេចក្តីទុកចិត្តឈប់គាំទ្រ ដែលជាហេតុនាំ ឱ្យបក្សប្រឆាំង ដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នោះ។
ទោះយ៉ាងណា បន្ទាប់ពីបានឃើញលោកអភិបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មីបញ្ចោញកណ្តាប់ដៃដែកប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនេះ ប្រជាពលរដ្ឋទូទៅភាគច្រើនបំផុត ទាំងអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានការត្រេកអរ និងសាទរ យ៉ាងខ្លាំង ហើយកំពុងរង់ចាំមើលកណ្តាប់ដៃ ដែករបស់អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង តើអាចបំបែកដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ លុបបំបាត់បានទាំងស្រុង នូវភាពអនាធិបតេយ្យនៃការរំលោភចិញ្ចើមផ្លូវ ដងផ្លូវ ការលក់ដូរលើដងផ្លូវ ការចតយាន ជំនិះម៉ូតូរថយន្តអនាធិបតេយ្យលើដងផ្លូវសាធារណៈមានប្រសិទ្ធភាពដែរឬទេ?…៕
ខៀវទុំ