កម្មវិធីប្រលងចម្រៀងកុមារ “The Voice Kids Cambodia” រដូវកាលទី១ ដែលរៀបចំដោយប៉ុស្ដិ៍ហង្សមាសនោះ ឈានដល់វគ្គ Blind Audition ហើយក្នុងនោះគេឃើញមានកុមារពេជ្រ ថៃ ដែលច្រៀងបទ ”បាត់ដំបងបណ្ដូលចិត្ត” និងកុមារីឃុយ ម៉ីហៀង ដែលច្រៀងបទ ”ចាំនៅតែចាំ” មានភាពលេចធ្លោជាងគេ រហូតដល់មានការសន្និដ្ឋានពីមហាជនទៀតផងថា សម្រាប់ម្ចាស់ពាន “The Voice Kids Cambodia” នៅរដូវកាលទី១នេះ គឺមានតែពេជ្រ ថៃ ឬឃុយ ម៉ីហៀង ដែលជាអ្នកលើកពានពីកម្មវិធីប្រលងចម្រៀងជាលក្ខណៈអន្ដរជាតិនេះ។ ប៉ុន្ដែអ្នកខ្លះទៀតថា ពេជ្រ ថៃ មានឱកាសលើកពាន “The Voice kids Cambodia” របស់ប៉ុស្ដិ៍ហង្សមាសនេះ ភាគរយច្រើនជាងគេ ព្រោះតែពេលនេះកុមាដែលរៀនថ្នាក់ទី៧ ដែលមានសំនៀងពីរោះ សំឡេងច្រៀងច្បាស់តាមតួអក្ខាវិរុទ្ធខ្មែរត្រឹមត្រូវ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ក៏ដូចជាសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជាច្រើន ស្រលាញ់ ផ្ដល់ជាថវិកា និងកំលាំងចិត្តដល់រូបគេដែលកំពុងរស់នៅជាមួយជីដូននៅស្រុកមោងឬស្សី ខណៈដែលឪពុកម្ដាយរបស់គេបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តាំងពីរូបគេនៅកើតបានជាង១០ថ្ងៃមកនោះ។ ការដែលទស្សនិកជនបានព្យាករណ៍ថា ពេជ្រ ថៃ អាចគ្រងជាម្ចាស់ពាន “The Voice kids Cambodia” នឹងក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសនោះគឺដោយសារតែកុមារាម្នាក់នេះមានសមត្ថភាពផ្ទាល់ខ្លួន និងជ្រើសរើសបានគ្រូបង្វឹកល្អ គឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលរឹតតែធ្វើឲ្យរូបគេកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀត។
អ្នកសិល្បៈមួយចំនួនបាននិយាយថា កុមារពេជ្រ ថៃ នឹងទទួលបានការអប់រំបណ្ដុះបណ្ដាលជាច្រើនពីលោកព្រាប សុវត្ថិ ជាមិនខាន ពីការច្រៀងប្រើប្រាស់សំឡេងឲ្យបានត្រឹមត្រូវ ជាពិសេសនៅវគ្គ Live Show ដែលនឹងចាប់ផ្ដើមនាពេលខាងមុខនេះ ខណៈដែលអ្នកខ្លះទៀតថា មិនច្បាស់ទេថា ១០០% ពេជ្រ ថៃ នឹងក្លាយជាម្ចាស់ពានពីកម្មវិធីប្រលងចម្រៀងមួយនេះ ព្រោះលទ្ធផល គឺនៅលើទស្សនិកជនជាអ្នកសម្រេចបោះឆ្នោត (Vote) ឲ្យទេ។
លោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” បានឲ្យដឹងថា លោកមិនអាចសន្និដ្ឋានបានទេថា អ្នកណាជាអ្នកលើកពាន “The Voice Kids Cambodia” នេះ ព្រោះតែបេក្ខភាពទាំងអស់មានចំណុចខ្លាំងម្យ៉ាងៗម្នាក់ទេ ហើយលទ្ធផលយ៉ាងណានោះ គឺនៅលើមហាជនជាអ្នកសម្រេចចិត្ដបោះឆ្នោតឲ្យអ្នកដែលគាត់យល់ថា សក្តិសមកាន់ពាននេះ។
លោកវណ្ណា អះអាងថា ”អូ! យើងមិនអាចថាអ្នកណាទំនងលើកពាននេះអី គឺអត់អីចឹងទេ ព្រោះទោះជាក្នុងចំណោមពួកគាត់នោះ មានអ្នកខ្លះលេចធ្លោមែន តែលទ្ធផលយ៉ាងណានោះ គឺនៅលើទស្សនិកជនប៉ុណ្ណោះ ដែលអាចកំណត់វាសនាពួកគេបានតាមរយៈការបោះឆ្នោត (Vote)។ សូម្បីតែពេលនេះយើងមិនទាន់កំណត់ពេលជាក់លាក់ក្នុងការប្រលងផ្ដាច់ព្រ័ត្រដែរ ព្រោះយើងចាំមើលនៅវគ្គ Live Show សិន។ សម្រាប់កម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” នេះមានបេក្ខជនទាំងអស់ចូលរួមដាក់ពាក្យប្រលងជិត១ម៉ឺននាក់”។
បើទោះជាលោកវណ្ណា មិនហ៊ាននិយាយចេញពីមាត់ដោយផ្ទាល់ថា ពេជ្រ ថៃ ជាបេក្ខភាពលេចធ្លោជាងគេ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍បេក្ខភាពដទៃទៀតមែន តែពេលនេះគេឃើញពេជ្រ ថៃ មានគេស្គាល់ច្រើន ហើយកុមារដែលត្រូវឪពុកម្ដាយចាកចេញទៅធ្វើការនៅប្រទេសថៃ តាំងពីរូបគេទើបកើតបានប៉ុន្មានថ្ងៃនោះ មានសំណាងត្រូវបានលោកឧកញ៉ាចិត្ដធម៌មួយចំនួន បានហៅទៅទិញសម្លៀកបំពាក់ និងផ្ដល់ថវិកាឲ្យជាហូរហែពីបងប្អូននៅក្នុងស្រុកនិងក្រៅប្រទេសទៀតផង សូម្បីតែពេលពេជ្រ ថៃ មកប្រលងចម្រៀងនៅវគ្គបន្ទាប់ទៀត ក៏មានម្ចាស់ផ្ទះសំណាក់ផ្ដល់ជូនបន្ទប់ឲ្យកុមាររូបនេះគេង ដោយមិនយកប្រាក់ដែរ ដើម្បីជាការជួយសម្រួលដល់ក្រុមគ្រួសារគេ ដែលជួបការលំបាកខ្លាំងនោះ។
គេកត់សម្គាល់ដែរថាការដែលពេជ្រ ថៃ និងឃុយ ម៉ីហៀង ហាក់លេចធ្លោជាងបេក្ខភាពដ៍ទៃទៀត ពីកម្មវិធី “The Voice Kids Cambodia” នេះដោយសង្ឃឹមថា ក្នុងចំណោមកុមារទាំង២ មានម្នាក់ក្លាយទៅជាម្ចាស់ពាន តែលោកវណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីមិនយល់បែបនេះ គឺត្រូវបានមហាជនមើលឃើញថា ព្រោះតែការប្រលងចម្រៀង “Cambodian Idol” រដូវកាលទី១ ដែលជាការរៀបចំរបស់ប៉ុស្ដិ៍ហង្សមាស ដែរនោះ មានទស្សនិកជនជាច្រើនធ្វើការសន្និដ្ឋានថា ក្នុងចំណោមបេក្ខភាព៣រូប ដែលឈានទៅផ្ដាច់ព្រ័ត្រមានម៉ៅ ហាជី, នី រតនា និងសៅ ឧត្តម នោះគឺមានតែហាជី ទេ ដែលមានភាពលេចធ្លោជាងគេ ហើយសង្ឃឹមកាន់ពាននេះ តែលទ្ធផលចុងក្រោយ គឺនី ម៉ាប់ ហៅនី រតនា ឯណោះទេ ដែលបានក្លាយទៅជាម្ចាស់ពាន “Cambodian Idol” រដូវកាលទី១ ដែលពេលនោះហើយទាំងម៉ៅ ហាជី និងនី រតនា សុទ្ធតែធីបចោលមិនចូលហង្សមាស ដូចគ្នា ព្រោះតែមានការអាកអន់ចិត្តជាមួយទ្រនំធំនេះ ហើយពេលនេះ ហាជី ជាតារាចម្រៀងរបស់ថោន ខណៈដែលសៅ ឧត្តម ជ្រើសយកផលិតកម្ម LD Picture ។
ដោយឡែក ពេជ្រ ថៃ ដែលមនុស្សជាច្រើនគិតថា នឹងក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១នេះ ប្រសិនបើរូបគេធ្វើឲ្យភ្លាត់ស្នៀត ឬមិនបានល្អក្នុងវគ្គ Live Show នោះ ឱកាសសម្រាប់បេក្ខភាពដទៃទៀត ក៏នៅតែមានសង្ឃឹមក្នុងការកាន់ពាននឹងក្លាយទៅជាតារាហង្សមាសដែរ បើទៅជាពេជ្រ ថៃ មានតារាចម្រៀងជើងខ្លាំងព្រាប សុវត្ថិ ជាCoachក្ដី៕