ខណៈដែលគេដឹងថា តារាសម្តែងរូបសង្ហា លោកលឹម ជាឡាយ ជាសង្សារសំណព្វចិត្តរបស់អ្នកមេម៉ាយចាយសម្រស់កែវ និសា នោះ នាពេលចុងក្រោយនេះ អតីតតារាចម្រៀងរបស់រស្មីហង្សមាស កញ្ញាគៀត សុវណ្ណាឡាង បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងស្អិតល្មួត ជាមួយតារារូបសង្ហា លោកលឹម ជាឡាយ រហូតគេសង្ស័យថា ពួកគេកំពុងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក។ យ៉ាងណា សុវណ្ណាឡាង អះអាងថា នាងស្និទ្ធជាមួយជាឡាយ គឺមិនខ្លាចនិសា ប្រចណ្ឌនោះទេ…។
ក្រោយចាកចេញពីទ្រនំរស្មីហង្សមាស មកចាប់អាជីពសម្តែងជាថ្មី កញ្ញាគៀត សុវណ្ណាឡាង បានជំពប់នឹងដំណឹងស្នេហាជាបន្តបន្ទាប់ ដែលត្រូវបានគេផ្គូផ្គងទាំងជាមួយមន្ត្រីធំ អ្នកជំនួញ ថៅកែផលិតកម្ម ហើយចុងក្រោយនេះ គេកំពុងសង្ស័យពីទំនាក់ទំនងជាមួយលោកលឹម ជាឡាយ។ ការសង្ស័យបែបនេះ បន្ទាប់ពីសុវណ្ណាឡាង បានបង្ហាញកាយវិការស្និទ្ធស្នាលយ៉ាងចម្លែកជាមួយលោកលឹម ជាឡាយ ទាំងក្នុងនិងក្រៅឆាកសិល្បៈ គឺប្រៀបដូចជាគូស្នេហ៍កំពុងយល់ចិត្តថ្លើមគ្នាយ៉ាងស៊ីជម្រៅ ស្របពេលមានពាក្យខ្សឹបខ្សៀវពីចង្កោមអ្នកសិល្បៈថា សុវណ្ណាឡាង និងជាឡាយ កំពុងពិសោធស្នេហ៍ ក្រោយពេលសម្តែងឈុតស្នេហាជាមួយគ្នា ក្នុងរឿងអាពាហ៍ពិពាហ៍ចម្លែក ដែលកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ CTN។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងដែរថា សុវណ្ណាឡាង និងជាឡាយ នឹងអាចក្លាយជាស្នេហារឹងមាំទៀតផង ស្របពេលមានដំណឹងថា ពេលនាងស្និទ្ធជាមួយជាឡាយ ក៏ធ្វើឱ្យអ្នកមេម៉ាយសម្បូរមន្តស្នេហ៍កែវ និសា មិនសប្បាយចិត្ត។
ក្នុងជំនួបជាមួយសុវណ្ណាឡាង កាលពីថ្មីៗនេះ បានសារភាពថា នាងនិងលោកជាឡាយ ពិតជាស្និទ្ធស្នាលគ្នាមែន នាពេលចុងក្រោយនេះ ប៉ុន្តែពុំមែនជាគូសង្សារដូចការចោទឡើងនោះទេ។
សុវណ្ណាឡាង បញ្ជាក់ថា “មុននេះបន្តិច ខ្ញុំនិងគាត់ (ជាឡាយ) គឺបានសម្តែងជាតួឯករួមគ្នានៅក្នុងរឿង “អាពាហ៍ពិពាហ៍ចម្លែក” របស់ CTN។ ដូច្នេះពួកយើងក៏ចាប់ផ្តើមរាប់អានគ្នាជិតស្និទ្ធក្នុងនាមជាមិត្តភក្តិរួមអាជីព គឺគ្មានអ្វីលើសពីនេះទេ។ ចំពោះរូបភាពដែលខ្ញុំស្និទ្ធស្នាលជាមួយគាត់ ដែលគេយល់ច្រឡំជាគូសង្សារនោះ ភាគច្រើន គឺគ្រាន់តែជាសកម្មភាពមួយចំនួននៅក្នុងរឿង “អាពាហ៍ពិពាហ៍ចម្លែក” តែប៉ុណ្ណោះ”។
សុវណ្ណាឡាង បានបង្ហើបឱ្យដឹងថា មានមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងមួយចំនួនក៏ចង់ឱ្យនាងនិងជាឡាយ ក្លាយជាដៃគូស្នេហាផងដែរ ប៉ុន្តែ អំឡុងពេលនេះ នាងចង់បញ្ជាក់ថា រវាងនាងជាមួយលោកលឹម ជាឡាយ គ្រាន់តែជាមិត្តរួមអាជីពតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថ្ងៃខាងមុខ នាងមិនទាន់ដឹងនោះទេ។
នៅពេលត្រូវសួរថា សុវណ្ណាឡាង ស្និទ្ធស្នាលជាមួយជាឡាយ ប្រៀបដូចជាគូស្នេហ៍ រហូតលេចឮដំណឹងថា ជាគូសង្សារផងនោះ តើមានបារម្ភខ្លាចកែវ និសា ដែលល្បីថាជាសង្សាររបស់លោកលឹម ជាឡាយ ប្រចណ្ឌទេ? សុវណ្ណាឡាង តបយ៉ាងលឿនថា “ខ្ញុំអត់មានខ្លាចនរណាប្រចណ្ឌអីផង ដូចខ្ញុំប្រាប់អីចឹង ខ្ញុំនិងបងជាឡាយ គ្រាន់តែជាមិត្តរួមអាជីពតែប៉ុណ្ណោះ”។
អ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនបានឱ្យដឹងថា អ្នកនាងកែវ និសា បានចងសម្ព័ន្ធស្នេហ៍ជាមួយលោកលឹម ជាឡាយ យូរឆ្នាំមកហើយ ហើយស្នេហារបស់ពួកគេក៏បានជួបបញ្ហារង្គោះរង្គើជាបន្តបន្ទាប់ដែរ ដោយសារតែមានមន្ត្រីធំ និងឧកញ៉ាផង តាមជ្រែកស្នេហ៍ជាបន្តបន្ទាប់។ ប៉ុន្តែយ៉ាងណា និសា និងជាឡាយ នៅតែរក្សាចំណងស្នេហ៍រហូតមកទល់ពេលនេះ។
តាមដំណឹងថា ក្រោយពេលសុវណ្ណាឡាង បង្ហាញកាយវិការស្អិតល្មួតជាមួយជាឡាយ ថែមទាំងសាយភាយដំណឹងថា កំពុងពិសោធស្នេហ៍ផងនោះ និសា ក៏មានចិត្តហួងហែងប្រចណ្ឌជាឡាយ ផងដែរ។
យ៉ាងណាក៏ដោយ សុវណ្ណាឡាង នៅតែអះអាងថា នាងពុំបានប្រឡូកស្នេហាត្រីកោណជាមួយលោកលឹម ជាឡាយ នោះទេ គឺគ្រាន់តែជាមិត្តភាពធម្មតាតែប៉ុណ្ណោះ៕