Friday, September 20, 2024
Homeតារាខ្មែរDj ណាណា ធ្វើ MC ប្រគល់រង្វាន់ស្រា Anchor ប៉ុន្តែមិនព្រមថតស្ពតស្រា

Dj ណាណា ធ្វើ MC ប្រគល់រង្វាន់ស្រា Anchor ប៉ុន្តែមិនព្រមថតស្ពតស្រា

ពិធីការិនីតូច្រឡឹងស្រអែមស្រស់ កញ្ញានាង សុវ៉ាតនា ហៅ Dj Nana បានប្រកាសជំហរជាដាច់ខាត ក្នុងនាមនាងជាសិល្បករខ្មែរម្នាក់ គឺមិនចូលរួមការថតស្ពតផ្សព្វផ្សាយឃោសនាឲ្យក្រុមហ៊ុនស្រាបៀរណាមួយឡើយ ដែលការថ្លែងបែបនេះ គឺស្របពេលដែលតារាចម្រៀងល្បីៗ ដូចជា លោកព្រាប សុវត្ថិ,​ មាស សុខសោភា, សុខ ពិសី ជាដើម កំពុងតែនាំគ្នាសស្រាក់សស្រាំក្នុងការឃោសនាឲ្យស្រាបៀររៀងៗខ្លួន ក្នុងនាមជាតំណាង (BA) របស់ក្រុមហ៊ុនទាំងនោះ។ ប៉ុន្តែកាលពីរសៀលថ្ងៃទី១០ ខែសីហា នោះ គេបែរជាឃើញកញ្ញាណាណា លេចមុខធ្វើជាធ្វោះពិធីការិនី (MC) ឲ្យស្រាបៀរ Anchor ក្នុងកម្មវិធីប្រគល់រង្វាន់លើកទី៣ ដល់គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រទៅវិញ ​ដែលធ្វើឲ្យមានចម្ងល់ថា ហេតុអីបានជា DJ Nana ប្ដូរចិត្តមកធ្វើការផ្សព្វផ្សាយឲ្យក្រុមហ៊ុនស្រាបៀរទៅវិញ?

ក្នុងជំនួបផ្ទាល់ DJ Nana បានឲ្យដឹងថា ”ប៊ីយ៉ែរ ឬស្រា មិនមែនជាមុខរបរខុសទេ ធម្មតានៅស្រុកអឺរ៉ុប ក៏គេញាំដែរ ខ្ញុំអត់មានប្រឆាំងអីជាមួយស្រា ឬប៊ីយ៉ែរទេ។ ប៉ុន្ដែយើងនៅក្នុងសង្គមមួយ យើងជាសិល្បករ ឬជាមនុស្សរបស់សាធារណៈជន ខ្ញុំព្យាយាមចន្លោះប្រហោងនូវកន្លែងដែលខ្វះខាត កន្លែងដែលមានច្រើនហើយទៅប្រជ្រៀតធ្វើអី? ធម្មតារបររកស៊ីការទទួលខុសត្រូវសង្គម វាត្រូវដើរទន្ទឹមគ្នា ទោះជាខ្ញុំមិនប្រឆាំងមែន តែសិល្បករគាត់មានជំនាញខុសគ្នា ខ្ញុំមានជំនាញខាងចំណេះដឹងការនិយាយបែបអប់រំ រួមជាមួយភាសាអង់គ្លេស អីចឹងខ្ញុំកំណត់ទីផ្សារទៅខាងហ្នឹងច្រើនជាង។ នេះជាព្រឹត្តិការណ៍មួយនៃផ្នែកមួយរបស់ក្រុមហ៊ុនគាត់ អីចឹងអ្នកដែលមក គឺគាត់ជ្រើសរើសផលិផលនេះហើយ ដោយគាត់មានហេតុផលរៀងៗខ្លួន ហើយខ្ញុំគ្រាន់តែជាអ្នកជួយសម្របសម្រួលកម្មវិធីហ្នឹងទេ អីចឹងមិនមែនជាកម្មវិធីបែបទូរទស្សន៍ផ្សព្វផ្សាយអីត្រង់ៗទេ។ខ្ញុំមិនមែនប្រឆាំងអ្នកណាផ្សព្វផ្សាយស្រាបៀរទេ តែមានគេធ្វើច្រើនហើយ។ ចំពោះសិល្បករផ្សេងៗទៀត គាត់ថតស្ពតស្រា ខ្ញុំគិតថា នោះជាសេរីភាពរបស់គាត់ទេ ខ្លួនឯងចង់បានទីផ្សាររៀងៗខ្លួន ខ្ញុំមិនគិតថា ខុសឬត្រូវទេ ព្រោះវាជាសេរីភាព ទេពកោសល្យរបស់មនុស្សម្នាក់ៗខុសៗគ្នា ឲ្យខ្ញុំទៅច្រៀងពីរោះដូចឱក សុគន្ធកញ្ញា ក៏ខ្ញុំមិនចេះដែរ ខ្ញុំចេះតែដោះស្រាយវិបត្តិស្នេហាហ្នឹង។ ខ្ញុំគិតថា ពាណិជ្ជកម្មមួយចំនួនគាត់ល្អដែរ ដូចជាគាត់ផ្ដោតទៅលើចរាចរណ៍ ទោះជាគាត់ផ្សាយគ្រឿងស្រវឹង ក៏គាត់ផ្សាយពីការទទួលខុសត្រូវរបស់របស់ក្រុមហ៊ុនដែរ អីចឹងវាល្អដែរ”។

Dj ណាណា ដែលជាអតីតពិធីការិនី PNN ស្ថិតក្នុងចំណោមពិធីការិនីដែលរកបានប្រាក់ចំណូលខ្ពស់ព្រោះគ្រាន់តែនាងធ្វើ MC មួយភ្លែត ស៊ីថ្លៃ៥០០ដុល្លារឯណោះ ហើយការលេចមុខរបស់កញ្ញាណាណា នៅរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី៣ សម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្ដី Anchor Fun Zone។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ស្វាមីភរិយាថ្មីចំនួន៣៦គូ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

ពិធីការិនីណាណា ដែលនិយាយភាសាខ្មែរផង អង់គ្លេសផង នៅក្បែរថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរ Anchor នោះ បានប្រកាសហៅអ្នកឈ្នះរង្វាន់ម្ដងម្នាក់ៗឡើងទទួលរង្វាន់។ដោយឡែកថ្នាក់គ្រប់គ្រងសា្របៀរអាន់ឆ័រ បានសម្ដែងក្ដីសោមនស្សរីករា យដោយមានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់លើកទី៣នេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាពនៅថ្ងៃនេះ យើងបានប្រគល់រង្វាន់ដំណើរកម្សាន្ដក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ជូនគូរភរិយាស្វាមីថ្មីចំនួន១៥គូ, ទូរទស្សន៍Smart Tv 55 ជូនគូរស្វាមីភរិយាថ្មី១១គូ និងមេរ៉ា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន១០គូ។

DJ ណាណា បានឲ្យដឹងទៀតថា ទោះជានាងមិនថតឃោសនាឲ្យស្ពតស្រាណាមួយជាដាច់ខាតមែន តែរាល់កម្មវិធីរបស់ក្រុមហ៊ុន CBL គឺនាងពេញចិត្តជានិច្ចក្នុងការធ្វើជា MC សម្របសម្រួលកម្មវិធី ហើយនៅរាជធានីភ្នំពេញ នាងស៊ីថ្លៃ១កម្មវិធី ពី៤០០ទៅ៨០០ដុល្លារ ទៅតាមប្រភេទកម្មវិធី ចំណែកតាមបណ្ដារខេត្តកម្មវិធី១ ស៊ីថ្លៃពី៨០០ទៅ១៥០០ដុល្លារ៕

RELATED ARTICLES