Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមនាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱសានវាទ៦ថ្ងៃ ឱ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱសានវាទ៦ថ្ងៃ ឱ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសដាក់ឱសានវាទ ៦ថ្ងៃ ឱ្យភាគីឡាវ ដកកងទ័ពចេញពីទឹកដីខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីភាគីឡាវ បានបញ្ជូនកម្លាំងទ័ពឈ្លានពានចូលទឹកដីកម្ពុជាអស់រយៈពេល៤ខែមកហើយ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានភាគីឡាវថា បើមិនដកកងទ័ពចេញពីទឹកដីកម្ពុជា តាមពេលវេលាកំណត់ទេ កម្ពុជានឹងប្រើសិទ្ធិ បញ្ចោញកងកម្លាំងប្រដាប់អាវុធ ដើម្បីវាយកម្ទេចការពារអធិបតេយ្យបូរណភាពទឹកដី។ ប៉ុន្តែយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សម្តេចស្រឡាញ់សន្តិភាព ដូច្នេះសម្តេចនឹងអញ្ជើញទៅជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ ដើម្បីសួរឱ្យច្បាស់ជាមុនសិនថា ដកកងទ័ពចេញពីទឹកដីកម្ពុជាឬអត់? ហើយសម្តេចជឿថា ក្នុងសុច្ឆន្ទៈ សន្តិភាពនិយមក្នុងនាមជាមិត្តជិតខាងភាគីឡាវ នឹងពិចារណាអំពីករណីនេះ។

ការប្រកាសដាក់ឱសានវាទរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យភាគីឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភា និងប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភា កម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៧ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់នៅពេលនោះថា “…រឿងមួយទៀត បើសិនជាខ្ញុំបន្តលាក់លៀមមិននិយាយ គឺច្បាស់ណាស់ថា ការព្រងើយកន្តើយពីមិត្តភក្តិជិតខាងរបស់យើង គឺនៅតែបន្ត ចាប់តាំងពីខែមេសា មក មិត្តឡាវ បានបញ្ជូន កម្លាំងចូលមកក្នុងទឹកដីកម្ពុជារបស់យើង នៅ តំបន់អូរអាឡៃ របស់ខេត្តស្ទឹងត្រែង ដោយ យកហេតុផលអំពីបញ្ហាការទប់ស្កាត់ ការដែល យើងធ្វើផ្លូវ យើងធ្វើក្នុងដីរបស់យើង មិត្តឡាវ គាត់មកទប់ស្កាត់ គាត់ឆ្លងទន្លេសេកុង មកនៅ ខាងយើងនែ៎ក ! ដើម្បីរក្សាស្ថានភាពល្អ ខ្ញុំបាន បញ្ជាឱ្យកងវិស្វកម្មបញ្ឈប់ការធ្វើផ្លូវភ្លាម ប៉ុន្តែ កងទ័ពឡាវ មិនត្រូវបានដកទេ។ ក្នុងខែ៥ ខ្ញុំ នៅចាំបាន ខ្ញុំទូរស័ព្ទពីប៉េកាំង ទៅកាន់នាយករដ្ឋមន្ត្រីឡាវ ពេលហ្នឹង មុនចូលជំនួបជាមួយ ប្រធានាធិបតី ស៊ី ជីនពីង ខ្ញុំប្រាប់នាយករដ្ឋមន្ត្រីឡាវ ថា ឱ្យដកកម្លាំងហ្នឹងចេញទៅ ខ្ញុំប្រាប់នាយករដ្ឋមន្ត្រីឡាវច្បាស់ៗថា យើងខាងលើ យល់គ្នាបាន តែខាងក្រោម យល់គ្នាអត់បាន ទេ ប្រយ័ត្នមានរឿង ហើយក៏បានឯកភាពឱ្យ គណៈកម្មការ ប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនឹងទៅដល់កន្លែង។ រឿងវាចម្លែកត្រង់ថា ប្រធានគណៈកម្មការមួយ ជិះទូក១ ប្រធានគណៈកម្មការមួយ ជិះទូក១ ទូករបស់គាត់ទៅមុខវាមិនរួច ហើយគាត់ក៏ ទៅខេត្តបាត់ទៅ យើងក៏មិនអាចដោះស្រាយ បានបងប្អូនស្នើខ្ញុំដោះស្រាយបញ្ហា ខ្ញុំថាឈប់ ! ឱ្យខ្ញុំធ្វើការសិន ប៉ុន្មានថ្ងៃនេះ ខ្ញុំសរសេរសំបុត្រ ទៅនាយករដ្ឋមន្ត្រីឡាវ ស្នើឱ្យគាត់ដកកម្លាំង ចេញ ឆ្លងទន្លេសេកុង ចូលមកដីខ្មែរ ខ្មែរមិនអាចទទួលយកបានទេ ខ្មែរមិនអាចអត់ឱនឱ្យបានទេ តែខ្មែរមានការអត់ធ្មត់ បើខ្ញុំមិននិយាយ មិន ដឹងថាសំបុត្រខ្ញុំនេះ នឹងឆ្លើយ ឥឡូវសុំផ្សាយ លិខិតរបស់ខ្ញុំ ឱ្យផ្សាយភ្លាមនូវលិខិតរបស់ខ្ញុំ ទៅឡាវនេះ ហើយខ្ញុំបានបញ្ជាទៅអភិបាល ខេត្តស្ទឹងត្រែង ឱ្យឡើងភ្លាម ទៅជួបប្រធាន ខេត្តអាតាពើ របស់ប្រទេសឡាវ ហើយចេញដំណើរទៅទាក់ទងគ្នា ឱ្យដកកម្លាំងហ្នឹង។ ខ្ញុំប្រាប់ ឯកឧត្តមប្រាក់ សុខុន បន្ទាប់ពីបង្ហូតទង់ជាតិ អាស៊ាន ថ្ងៃនេះហើយនោះ ព្រោះបុណ្យខួបលើក ទី៥០ផង ឱ្យជួបជាមួយទូតឡាវ ខ្ញុំត្រូវការហោះ ទៅប្រទេសឡាវភ្លាម ដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវ សួរឱ្យច្បាស់ ព្រោះកុំលេងតាមអ៊ីចឹងៗ គឺមិនបានទេ ខ្ញុំចង់ទៅឡាវ ដើម្បីនិយាយគ្នា ឱ្យច្បាស់ ដកឬមិនដក? ហើយខ្ញុំនិយាយដោយ ត្រង់ បើសិនជាបងប្អូនឃើញមានការចល័ត កងទ័ព សុំកុំភ្ញាក់ផ្អើល គឺទៅគោលដៅទៅ ស្ទឹងត្រែង ព្រំដែនឡាវ ខ្ញុំឱ្យទាញកងពលទី២ មួយភាគឡើងទៅ និងកងពល២១ឡើងនៅ ព្រោះមិនអាចឱ្យអ្នកណាមួយជាន់ដីខ្មែរ ដោយ យើងមិនបានគិតនោះទេ មិត្តភក្តិគឺមិត្តភក្តិហើយ តែបើមិត្តភក្តិមកជាន់ក្បាលអ៊ីចឹង គឺមិនបានទេ  ហើយខ្ញុំបានធ្វើរឿងនេះផ្ទាល់ណា គឺទូរស័ព្ទ ផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ហេតុអីិ ម៉ោងនេះមិននិយាយ? ប៉ុល សារឿន បានទទួល បទបញ្ជាហើយ ទៀ បាញ់ ទទួលបទបញ្ជាហើយ គន់ គីម ទទួលបទបញ្ជាហើយ បើសិនមាន សភាពការណ៍កើតឡើង សុំកុំបន្ទោសកម្ពុជា ឱ្យសោះ តែមុននឹងចាត់ការយ៉ាងណា ឱ្យខ្ញុំបានទៅជួប ឡាវសិន ទៅជួបនាយករដ្ឋមន្ត្រីឡាវ ហើយបើ មិនចង់ឱ្យខ្ញុំទៅជួប មានតែមួយគត់ គឺដកចេញ ផុតទៅ មិនបាច់ចាំជួបទេ ព្រោះខ្ញុំបានហៅតាម ទូរស័ព្ទហើយ ឥឡូវផ្សាយទៅលិខិតហ្នឹង ក្នុង លិខិតគណៈកម្មការព្រំដែន គេស្នើខ្ញុំថា កុំអត់ ធ្មត់តទៅទៀត ខ្ញុំថាឈប់ ឈប់សិន ! ទុកឱ្យខ្ញុំ ធ្វើសិន ឥឡូវខ្ញុំធ្វើលិខិតទៅហើយ អត់ទាន់ មានការឆ្លើយតបណាមួយ អ៊ីចឹងខ្ញុំសូមបញ្ជូន សារពីទីនេះ អំពាវនាវចំពោះឯកឧត្តម ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត ឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ ហើយឱសានវាទ យូរបំផុតគឺ ថ្ងៃនេះគឺថ្ងៃទី១១ យូរបំផុត នៅថ្ងៃទី១៧ ខ្ញុំទុកឱ្យ៦ថ្ងៃ ទុកពេលឱ្យតែ៦ថ្ងៃទេ បើមិនចង់មានរឿង មានតែដក ! ថ្នាក់ដល់ឆ្លងទន្លេ ថា អាគោកចុះ អារោគច្រឡំព្រំដែន ចុះអាឆ្លងទន្លេ សេកុង មកនេះ អាហ្នឹងវាពិបាកយល់ណាស់ ខ្ញុំពន្យល់ប្រជាជនខ្ញុំមិនបានទេ ឱសានវាទ គឺនៅត្រឹមថ្ងៃទី១៧ តែប៉ុណ្ណឹងទេ លើសពីហ្នឹងមិនបាន ហើយបើចង់វាទៅជារឿងអីក៏ទៅៗ ហើយ ខ្ញុំបានបញ្ជាទ័ពហើយ ការងារទូត ការងារនយោបាយ ថ្នាក់ថ្នមក៏នៅតែថ្នាក់ថ្នម ប៉ុន្តែដល់ម៉ោង ត្រូវធ្វើ គឺត្រូវតែធ្វើ មេទ័ពស្តាប់ឱ្យបាន ប៉ុន្តែេ យីងវាមិនចង់ទាស់គ្នា តែបើគាត់មិនព្រមដក អ៊ីចឹងហើយ យើងទុកអ៊ីចឹងរហូត? អត់បាន ! ចឹងតាំងពីខែ៤មក វាល្មមហើយ ខែ៥ ខែ៦ ខែ៧ ខែ៨ ៤ខែហើយ គ្រប់គ្រាន់ហើយ យក ផែនទីមក មើលទៅ ! តែខ្ញុំឆ្ងល់ ឆ្ងល់ថា ហេតុ អីមើលសំបុត្រ ហ្នឹងហើយ មើលមិនយល់ ហើយ រដ្ឋមន្ត្រីការបរទេសមកហើយ ធ្វើជាវង្វេងផ្លូវ ហើយត្រឡប់ទៅវិញ ឯប្រធានគណៈកម្មការ ខាងយើង គិតតែទៅខាងយើង។ ខ្ញុំមិត្តគឺមិត្ត ហើយ ក៏ប៉ុន្តែអធិតេយ្យរបស់ជាតិ គឺអធិបតេយ្យ របស់ជាតិ ក្នុងឋានៈខ្ញុំឈរជើងនៅទីនេះ ហើយ ដែលទទួលបន្ទុកអនុវត្តនូវនយោបាយក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសគឺកិច្ចការពារឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី ខ្ញុំមិនអាចទទួលយក និងអត់ឱនឱ្យបានទេ ប្រសិន បើកងទ័ពមិនត្រូវបានដកតាមការកំណត់។ ដូច្នេះកម្លាំងទ័ពដែលត្រូវចល័តក៏ចល័តសមហេតុសមផល ហើយក៏ល្មមដល់ពេលដល់ម៉ោង គឺត្រូវធ្វើត្រឹមតែថ្ងៃ១៧ប៉ុណ្ណោះ ព្រោះវាហួស ច្រើនហើយ ហួសពេលវេលាច្រើនហើយ ហើយ បើខ្ញុំមិនបាននិយាយចុះ ខ្ញុំនិយាយតាមទូរស័ព្ទ រួចហើយក៏ថា ដោះស្រាយៗ នៅតែមិនដោះស្រាយ អ៊ីចឹងអាទាហានហ្នឹង វាជាទាហានអ្នកណា? ទាហានរដ្ឋាភិបាល ឬក៏ទាហានចោរ? ព្រោះវាមិនព្រមស្តាប់រដ្ឋាភិបាល វាមិនព្រម ចេញដូចតែ៣០នាក់ទេ ហើយថ្ងៃៗនៅប្រទ្រុយ នៅហ្នឹង ដូចជា៥-៦នាក់ទេ ហើយដល់មេឃភ្លៀង អុំទូកទៅណោះវិញ ហើយយើងឆ្លង សេកុងមកនៅណេះ អូរអាឡៃនៅណេះ ហើយបើខ្ញុំមិននិយាយដាក់មីក្រូទេ នៅល្ហឹមៗអ៊ីចឹង ទៅឥឡូវដាក់មីក្រូហើយ អត់ធ្មត់លែងកើត ហើយព្រឹកមិញ ចាប់ទូរស័ព្ទតេទៅ ទៀ បាញ់ ដូចតាំងពីម៉ោង៦កន្លះ រួចហើយបន្តបន្ទាប់រក សារឿន រកគន់ គីម អាឈាងណោះកំពុងនៅ ព្យាបាល ឥឡូវត្រឡប់ហើយ ហើយតេទៅមុំ សារឿន ឱ្យទៅ ប៉ុន្តែកម្លាំងយកអាកងពលទី ២ទៅ យកអាកងពលតូចទី៦ ចំណុះឱ្យអាកង ពលតូចទី២ ហើយយកអា២១ឡើងទៅ។ ការពិតវាមិនត្រូវវ៉ៃគ្នាទេ ប៉ុន្តែប្រសិនបើគាត់មិនដក គឺត្រូវតែធ្វើហើយ យើងមិនមែនប្រកាសសង្គ្រាមទេ សុំតែយកដីខ្លួនតែប៉ុណ្ណឹងទេ ខ្ញុំមិន យកដីអ្នកណាទាំងអស់ ១ចំអាមក៏មិនយក តែក៏មិនឱ្យគេយកដីយើង១ចំអាមដែរ វាអត់សម ហេតុសមផលអីបន្តិចសោះ ហើយបើសិនជា ទុកអ៊ីចឹងៗៗ តើខ្ញុំបកស្រាយជាមួយប្រជាពលរដ្ឋ ខ្ញុំថាម៉េច? លោកហ៊ុន សែន នៅព្រងើយកន្តើយ ចំពោះអធិបតេយ្យខ្មែរ…។ សូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបផងដែរ ដោយសារមិនចង់មានសង្គ្រាមហ្នឹងហើយ បានជាខ្ញុំ ខិតខំថ្នាក់ថ្នមសភាពការណ៍ ហើយក៏បានប្រឹងប្រែងណាស់ ឥឡូវត្រៀមខ្លួនហោះទៅវៀងចន្ទន៍ ក្នុងករណីដែលនាយករដ្ឋមន្ត្រីឡាវ គាត់ព្រម ទទួលខ្ញុំ ហើយទៅនិយាយអត់ច្រើនទេ និយាយ តែពីរឿងដកទ័ពហ្នឹងតែម្តង ព្រោះខ្ញុំសរសេរ សំបុត្រឱ្យគាត់ដកទ័ព បើទ័ពគាត់នៅហ្នឹងតាំងពី២០ឆ្នាំ ៣០ឆ្នាំមុន វាមិនថាទេ ទើបនឹងមកមួយជំនាន់ចូលឆ្នាំហ្នឹង តែមកហើយមិនព្រមទៅវិញនោះ ហើយឆ្លងទន្លេមកទៀត មធ្យោបាយផ្គត់ផ្គង់របស់ខ្លួនទូក ហើយកម្ពុជា អត់ដឹងថាតូចឬធំទេ ធ្លាប់វ៉ៃគ្នាជាមួយអាប់ភីស៊ីត មិនមែនវ៉ៃគ្នាជាមួយថៃទេ អាហ្នឹងវ៉ៃគ្នាជាមួយអាប់ភីស៊ីត ព្រោះនាយករដ្ឋមន្ត្រីច្រើនណាស់ ដែលខ្ញុំធ្វើការជាមួយ តែអត់មានអី តែអាប់ភីស៊ីត វាឈ្លើយពេក វាមកឈ្លានពាន វ៉ៃអ្ហែង វ៉ៃនៅកន្លែងយោធា ហើយឡើងទៅក្រុមប្រឹក្សា សន្តិសុខ ហើយឡើងទៅតុលាការទៀត ឥឡូវបើមិនអស់ចិត្តគ្នា ថាដីអ្នកណា អីអ្នកណា ឥឡូវស្ម័គ្រចិត្តឡើងតុលាការទាំងអស់គ្នាតែម្តងទៅ បើសិនជាឡាវព្រម ឥឡូវហ្នឹង បើសិនជាឡាវ ព្រមទៅតុលាការឡាអេ ទាំងអស់គ្នាចៀស វាងហូរឈាម តែដកកងទ័ពចេញសិន ហើយ ត្រូវឡើងទៅតុលាការ ក៏ឡើង។ ហេ ! កុំនិយាយ ថាមិត្តភាពៗ គិតតែពីរឿងមក ឃើញឯណេះ កំពុងជាប់បោះឆ្នោតហីអីបានធ្វើអ៊ីចឹង? ព្រោះខ្ញុំទទួលតួនាទីដឹកនាំ ស្រាប់តែប្រជាពលរដ្ឋថា លោកហ៊ុន សែន នៅស្ងៀមស្ងាត់ចំពោះមុខការ ឈ្លានពានរបស់គេហ្នឹង អត់ទេ! កន្លងទៅសុំ អភ័យទោសពីប្រជាពលរដ្ឋ ខ្ញុំសុំពន្យល់ថា ខ្ញុំមានការអត់ធ្មត់ ខ្ញុំមិនចង់ឱ្យមានសង្គ្រាមទល់ដែនទេ មិនថាទល់ដែនជាមួយប្រទេសណាទេ បានជាខ្ញុំត្រូវធ្វើអ៊ីចឹង ឥឡូវខ្ញុំត្រៀមខ្លួន មិញហ្នឹង គឺឱ្យត្រៀមទាំងវ៉ាលិសទៀតណោះ ក្រែងត្រូវ ការហោះៗភ្លាមទៅដល់ឡាវ ហើយខ្ញុំនិយាយចុះ តែ១ម៉ោង និយាយដកឬមិនដក? តែប៉ុណ្ណឹងទេ ឱ្យវាអស់ចិត្ត ដំបូងចង់ប្រើបាញ់ (ទៀ បាញ់) ទេ ប៉ុន្តែឥឡូវខ្ញុំទៅផ្ទាល់តែម្តង ឱ្យវារហ័សជាង ព្រោះ ឱសានវាទ គឺត្រឹមតែថ្ងៃ១៧ប៉ុណ្ណឹង ព្រោះយើង មិនមែនធ្វើសង្គ្រាមទេ យើងគ្រាន់តែសុំយកដី ថា សុំត្រឡប់ទៅវិញ ពេលវេលាហ្នឹង គឺជាពេលវេលាយើងមិនអាចចាប់ផ្តើម បាញ់កាំភ្លើងធុនធ្ងន់ ឬក៏ស្អីចូលទេ គឺថាឱ្យបងប្អូនយើងទៅ ព្រោះឥឡូវរាល់ថ្ងៃ សុំស្រាគ្នាផឹកតើ ! នៅទល់មុខគ្នា ហូបបាយជាមួយគ្នា ឥឡូវគ្រាន់តែថា ដល់ម៉ោង ហ្នឹង គឺសុំបងប្អូនទៅ ឡាវគេប្រើភាសាបងប្អូន អាយណង ត្រឡប់ទៅវិញទៅ ដីរបស់ខ្ញុំ គឺទុក ឱ្យខ្ញុំការពារទៅបានហើយ កុំមកនៅហ្នឹងអី វា ហាលមូស ហាលភ្លៀង ព្រោះខ្ញុំវាអស់តម្រិះដែរ អស់តម្រិះត្រឹមហៅទូរស័ព្ទនិយាយគ្នាហើយ មិនព្រមដក ឱ្យទៅដល់ហើយ រដ្ឋមន្ត្រីការបរទេសរបស់គាត់ ចេញបត់ផុតទៅ អត់ហ៊ានទៅមើល អាកន្លែងហ្នឹងផង អ៊ីចឹងសុំបញ្ជាក់ជូនជនរួមជាតិ បើសិនជាឃើញការចល័តទ័ពណាមួយ ឬមានបញ្ហាណាមួយ សុំមេត្តាយោគយល់ ព្រោះ នេះជាការចាំបាច់ នៃការការពារអធិបតេយ្យ ឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា…”។

គួរបញ្ជាក់ថា មុនពេលប្រកាសដាក់ឱសានវាទឱ្យឡាវដកកងទព័ចេញពីទឹកដីកម្ពុជានេះ  កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនលោកថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ស្នើឱ្យដកកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និង តំបន់អូតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្ត អាតាពើ ឡាវ នោះរួចមកហើយ តែមិនមានការឆ្លើយតបជាវិជ្ជមានពីភាគីឡាវនោះទេ។

លិខិតរបស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខ៥៤៥ លស ចុះថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០១៧ គោរពជូនលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងកម្មវត្ថុ “សំណើឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដកកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ  ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ” នោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

តាមការឯកភាពរវាងឯកឧត្តម និងខ្ញុំ ក្នុង ឱកាសនៃកិច្ចប្រជុំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៧ នៅរាជធានីភ្នំពេញ កន្លងមក ប្រធាន គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ បានចុះពិនិត្យទីតាំងជាក់ស្តែង ការសាងសង់ផ្លូវ ដោយកងវិស្វកម្មកម្ពុជា នៅតាមបណ្តោយទន្លេ សេកុង ក្បែរតំបន់អូរអាឡៃ និងនៅតំបន់ដែល ទាហានឡាវ បោះទីតាំងនៅអូរតាង៉ាវ ស្រុក សៀងប៉ាង ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ នោះមក បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទាហានឡាវ ពិតជាបានរំលោភអធិបតេយ្យ ភាព និងបូរណភាពទឹកដីកម្ពុជា នៅតំបន់ខាង លើ នោះប្រាកដមែន (ឧបសម្ព័ន្ធ ១) ហើយ រហូតមកដល់ពេលនេះ ភាគីមិត្ត នៅពុំទាន់បាន ដកកម្លាំងប្រដាប់អាវុធ ចេញពីទឹកដីកម្ពុជានៅឡើយ ទោះបីជាកម្ពុជា បានផ្អាកការធ្វើផ្លូវ និងបាន ដកគ្រឿងចក្រចេញពីតំបន់នោះហើយក៏ដោយ។

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

ដូចដែលឯកឧត្តមជ្រាបហើយថា ប្រទេស យើងទាំងពីរ បានជ្រើសរើសផ្លូវដ៏ត្រឹមត្រូវមួយ ក្នុងការកសាងព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈការចរចាដោយសន្តិភាព មិត្តភាព និង សហប្រតិបត្តិការជិតខាងល្អ ដែលមានជាយូរ លង់ណាស់មកហើយ។ យោងលើស្មារតីនេះ ប្រទេសយើងទាំងពីរ បានធ្វើការត្រួតពិនិត្យខ្សែ ព្រំដែននៅលើដីជាក់ស្តែង បានចំនួន ៤៦៤.៥គ.ម លើខ្សែព្រំដែន ដែលមានប្រវែងប្រមាណជា ៥៤០គ.ម ស្មើនឹង៨៦ភាគរយ នៃខ្សែព្រំដែនរួម និងបានបោះបង្គោលព្រំដែន បានចំនួន១២១ លើចំនួនសរុប ១៤៥បង្គោល នៅសល់១៤ ភាគរយទៀត កំពុងបន្តចរចាដោះស្រាយ។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំ ប្រឹងប្រែងរកដំណោះស្រាយ តាមរយៈការពិភាក្សាគ្នាត្រង់ទៅត្រង់មកយោគយល់គ្នា ក្នុងនាមជាប្រទេសភូមិផងរបងជាប់គ្នា និងដោយបានការឯកភាពគ្នាជាឯកច្ឆន្ទ ទទួលយកទាំងស្រុង គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម ដូចមាននៅលើ ផែនទី Bonne ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន រួមនឹងការទទួលស្គាល់ជាអន្តរជាតិ ក្នុងការកសាងព្រំដែនរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

តាមការផ្ទៀងផ្ទាត់នៅទីតាំងជាក់ស្តែង ជាមួយនឹងផែនទីផ្លូវការ ឧបសម្ព័ន្ធ៤ នៃកំណត់ហេតុកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា-ឡាវ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ១៩៩៧ និងឯកសារផែនទី ដែលបានឯកភាព គ្នា នាឆ្នាំបន្តបន្ទាប់មកទៀត ក្នុងនោះ ភាគីទាំងពីរបានអនុម័តយកផែនទីសមស្រប ចំនួន១១ផ្ទាំង ខ្នាត១/១០០ ០០០ បោះពុម្ពដោយក្រុម ភូមិសាស្ត្រឥណ្ឌូចិន ដើម្បីធ្វើជាមូលដ្ឋានបង្អែក ក្នុងការកសាងព្រំដែន រវាងប្រទេសទាំងពីរ។ ក្នុងចំណោមផែនទីទាំង១១ផ្ទាំងៗឈ្មោះ PHI- AFAY (EST) លេខ ១៤៦ E ផលិតឆ្នាំ ១៩៥៥ (ឧបសម្ព័ន្ធ២) បានបង្ហាញយ៉ាងច្បាស់ថា តំបន់ អូរតាង៉ាវ និងតំបន់ដែលកម្ពុជាសាងសង់ផ្លូវនៅតាមបណ្តោយទន្លេសេកុងនោះ គឺស្ថិតនៅយ៉ាង ជ្រៅ ចម្ងាយ ពី២០០ ទៅ៧០០ម ក្នុងទឹកដីកម្ពុជា ដែលមិនគួរណាឡាវ ឆ្លងខ្សែព្រំដែនធម្មជាតិ ដែលខណ្ឌដោយទន្លេសេកុង មកជីកលេណដ្ឋាន ដាក់ទាហានតាមខ្សែត្រៀម និងរារាំងការធ្វើ ផ្លូវរបស់កម្ពុជា នៅត្រើយក្នុងដីកម្ពុជានោះទេ។

បន្ថែមលើសនេះទៀត ក្នុងឱកាសនៃកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេស ទាំងពីរ នាថ្ងៃទី០៥/០៦/០៨ ភាគីឡាវ បានគូស ខ្សែព្រំដែននៅតំបន់ដែលកម្ពុជាកំពុងសាងសង់ផ្លូវនេះ ដើរតាមមាត់ច្រាំងនៃទន្លេសេកុង ដូច មានក្នុងផ្ទាំងផែនទី PHIAFAY ខាងលើ ឱ្យកម្ពុជាទទួលយក តែខុសត្រង់ថា ក្នុងផែនទីនោះ ឡាវបានគូសខ្សែព្រំដែនថ្មីមួយទៀត នៅតំបន់ អូរតាង៉ាវនេះ ដែលកម្ពុជា មិនអាចទទួលយកបាន ព្រោះខុសផែនទីដើម ដែលភាគីទាំងពីរ បានអនុម័តយករួចមកហើយ (ឧបសម្ព័ន្ធ៣)។

ស្តីពីតំបន់អូរតាង៉ាវនេះ ខ្ញុំសូមជម្រាបជូនថា ភាពស្របច្បាប់នៃអធិបតេយ្យភាពកម្ពុជា នៅតំបន់នេះ ត្រូវបានរដ្ឋាភិបាលឯកឧត្តម បានទទួលស្គាល់រួចហើយ តាមរយៈផែនទីបោះពុម្ព ដោយក្រុមភូមិសាស្ត្ររដ្ឋ(SERVICE GEO- GRAPHIQUE DETAT) ផ្ទាំង B SOMPOY លេខ D-48-XVII Edition 1987 ខ្នាត ១/២០០ ០០០ ដែលបានតម្កល់ទុកនៅវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំង (IGN) នាថ្ងៃទី ០២/០៦/១៩៩២ (ឧបសម្ព័ន្ធ៤)។ ទាំងនេះ បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ទៀតថា តំបន់ អូរតាង៉ាវ ស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ដូច មានក្នុងផែនទី Bonne ខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលភាគីទាំងពីរ បានយកធ្វើជាមូលដ្ឋាន ក្នុងការបោះបង្គោល ព្រំដែនរវាងប្រទេសទាំងពីរ ដែលសម្រេចបាន លទ្ធផល ៨៦% ដូចបានបង្ហាញជូនខាងលើ។

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

យោងលើចំណងមិត្តភាព សាមគ្គីភាពជា ប្រពៃណីដែលមានជាយូរលង់ណាស់មកហើយ និងដើម្បីបន្តថែរក្សាបាននូវសន្តិភាពក្នុងនាម ជាប្រទេសជិតខាងល្អ និងដើម្បីចៀសវាងការ ប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ  ដែលអាចនឹងកើតមាននោះ ខ្ញុំសូមស្នើរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ឡាវ ដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្ត ស្ទឹងត្រែង និងខេត្តអាតាពើ ព្រមទាំងបញ្ឈប់ គ្រប់សកម្មភាព ដូចមានក្នុងកំណត់ទូតកម្ពុជា លេខ ៩៤៦ MFA-IC/LC4 ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីឱ្យសភាពការណ៍មិន ប្រក្រតីទាំងអស់នោះ វិលទៅរកសភាពដើមវិញ។ ទន្ទឹមនឹងនេះដែរ ជាថ្មីម្តងទៀត ខ្ញុំសូម ស្នើឱ្យរដ្ឋាភិបាលឡាវ ទទួលយកសំណើដំណោះស្រាយ៤ចំណុច ដែលនៅសេសសល់ នៅក្នុង ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដូចមានក្នុងលិខិតសំណើរបស់ខ្ញុំ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ដើម្បីឱ្យក្រុមជំនាញនៃគណៈកម្មការ ចម្រុះព្រំដែន នៃប្រទេសទាំងពីរ ចុះធ្វើការវាស់វែង និងកំណត់ទីតាំងបង្គោលព្រំដែន នៅ លើដីជាក់ស្តែង នៅពេលវេលាសមស្រប ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែន ដែលនៅសេសសល់ នាពេលខាងមុខ។

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

តាងនាមឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងនូវការកោតសរសើរ ជាថ្មីម្តងទៀត ចំពោះការខិតខំប្រឹងប្រែង និងការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុង គោលដៅកសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរតរៀងទៅ។

សូមឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

សូមភ្ជាប់ជូនមកជាមួយនូវផែនទី ឧបសម្ព័ន្ធ១ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និងផែនទី ចុះត្រួតពិនិត្យលើដីជាក់ស្តែង ចំនួន០១ច្បាប់…។

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ អំពីបញ្ហាព្រំដែន និងស្នើឱ្យឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មាន ខ្លឹមសារទាំងស្រុងថា “នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវៀងចន្ទន៍ ដើម្បីជួបចរចាក្នុង លក្ខណៈជាអ្នកជិតខាង ជាមួយឯកឧត្តមថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួនចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ ប្រទេសឡាវ។

កន្លងមក ទោះបីមានការចរចាថ្នាក់បច្ចេកទេសមន្ត្រីជាន់ខ្ពស់ រហូតដល់ការជួបពិភាក្សា និងចរចារវាងថ្នាក់ដឹកនាំកំពូល ព្រមទាំងមាន កំណត់ទូត និងលិខិតតវ៉ាជាច្រើន ពិសេសលិខិត ចុងក្រោយបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី០២ ខែសីហា ផ្ញើជូនឯកឧត្តមថងលួន ស៊ីសូលីត នាយក-រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្មីៗនេះក៏ដោយ ក៏ភាគីឡាវ នៅតែ មិនឆ្លើយតប និងមិនព្រមដកកងកម្លាំងប្រដាប់ អាវុធរបស់ខ្លួន ចេញពីទឹកដីកម្ពុជាឡើយ។

ដំណើរទៅជួបចរចារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកនេះ គឺ ជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និង សុច្ឆន្ទៈ ចង់ដោះស្រាយជម្លោះដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ការប្រកាន់ យកវិធានការផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីកិច្ចខិតខំចុងក្រោយនេះរបស់កម្ពុជា នឹងមិនផ្តល់លទ្ធផលជាវិជ្ជមានទេនោះ”។

គួរកត់សម្គាល់ដែរថា នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៧នោះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱសានវាទឱ្យឡាវ ដកកងទ័ព ចេញពីទឹកដីកម្ពុជានោះមក ទាំងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ទាំងមន្ត្រីស៊ីវិល និងយោធា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅ បានសម្តែងនូវ ការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ ជំហររឹងមាំម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃដដែល នោះថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត FBFs ក្រោមទង់ជាតិខ្មែរតែមួយ។

I. ដែនដីខ្មែរប្រែថា សុវណ្ណភូមិ ខ្មែរគ្រប់ ភូមិរមណីយដ្ឋានរៀងដរាបតមក អំពីបុរាណខ្មែរយើងបានរួបរួមសាមគ្គី។

II. ថ្ងៃមួយ មានសត្រូវប្រទូសរ៉ាយ ខ្មែរគ្រប់កាយស្ម័គ្រចិត្តប្តូរជីវី

សឹកសង្គ្រាមឈាមស្រក់លើប្រឹថពី ព្រះភូមិរិទ្ធីវង្សគង្គា។

ស័ក្តិសមនឹងគោរមងារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតប្រាកដ។

ជយោ ! មហាសាមគ្គីខ្មែរ

ជយោ ! ការដឹកនាំដ៏ក្លាហានពិតប្រាកដ និងវាងវៃ តេជោសែន !

តេជោសែន មានស្នាដៃជាក់ស្តែងក្នុងរយៈ កន្លងមក ក្នុងកិច្ចការពារទឹកដី !

ខ្មែរត្រូវតែឈ្នះ !!! ជយោ ព្រះមហាក្សត្រខ្មែរ”។

ជាមួយគ្នានេះ លោកផៃ ស៊ីផាន ក៏បានបង្ហោះសេចក្តីថ្លែងការណ៍របស់សហគមន៍មិត្ត ប្រាសាទព្រះវិហារ ដែលមានខ្លឹមសារថា “បន្ទាប់ ពីបានស្តាប់ប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ ទាក់ទង នឹងការឈ្លានពានរបស់កងទ័ពឡាវ មកលើ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា  ត្រង់ចំណុចអូរតាង៉ាវ ស្រុកសៀងប៉ាង ព្រំដែន ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នឹងខេត្តអាតាពើ ប្រទេសឡាវ

យើងខ្ញុំទាំងគ្នាជាសហគមន៍មិត្តប្រាសាទ ព្រះវិហារ សូម ៖

  • ថ្កោលទោស និងប្រឆាំងជាដាច់ខាត ចំពោះកាយវិការអមិត្ត នឹងរំលោភឈ្លានពាន របស់ប្រទេសឡាវមកលើកម្ពុជា។
  • សូមអំពាវនាវជាឧឡារិកដល់ភាគីឡាវ ត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ឱ្យអស់ដោយគ្មានលក្ខខណ្ឌ។
  • សូមគាំទ្រឥតរួញរានូវគ្រប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាឡាវឈ្លានពានកម្ពុជា។
  • អំពាវនាវដល់ប្រទេសក្នុងតំបន់ក្នុងពិភពលោក ក៏ដូចជាមនុស្សជាតិទាំងអស់ ដែលស្នេហាសន្តិភាព សូមថ្កោលទោស និងដាក់សម្ពាធទៅលើប្រទេសឡាវ ដែលកំពុងតែឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងកំពុងតែបំផ្លាញសន្តិភាពនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។
  • និងសុំឱ្យយុវជនខ្មែរ បងប្អូនខ្មែរទាំងប្រុស ទាំងស្រី គ្រប់និន្នាការគ្រប់ទិសតំបន់ ទាំងជិត ទាំងឆ្ងាយ ងើបឡើងចាប់ដៃគ្នា ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ប្រឆាំង ជាដាច់ខាតនឹងការឈ្លានពានវាតទឹកដីរបស់ ថ្នាក់ដឹកនាំឡាវ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជយោកម្ពុជា ! ជយោសាមគ្គីជាតិ ! ជយោ សន្តិភាព ! ជយោយុត្តិធម៌ !

សហគមន៍មិត្តប្រាសាទព្រះវិហារ បណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ”។

លោកផៃ ស៊ីផាន បានសរសេរបន្ថែមនៅ ថ្ងៃដដែលនោះថា “ជម្រាបជូនបណ្តាញសារ ព័ត៌មាន ជាទីមេត្រី !

ខ្ញុំនឹងមានវត្តមានជាមួយក្រុមឆ្លងឆ្លើយ ព័ត៌មាន នៅតំបន់វិវាទ ព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃស្អែក។ អាស្រ័យហេតុដូចនេះ លោកអ្នក អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៤៤៤ ៩៧៦ ឬតាមរយៈ Facebook។ ខ្ញុំសូម ស្វាគមន៍អ្នកយកព័ត៌មាននៅតំបន់វិវាទជាក់ស្តែង។ អរគុណ!”។

លោកអ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះដែរថា “កងយុទ្ធពលខេមរភូមិន្ទុ បានត្រៀមរួចជាស្រេចចំពោះការការពារបូរណភាពទឹកដី មិនឱ្យសត្រូវណាមកឈ្លានពានទឹក ដីខ្មែរបានឡើយ សូម្បីតែ១មិល្លីម៉ែត្រ”។

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នោះដែរថា កងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារទឹកដី ប្រឈមមុខជាមួយភាគីឡាវ ដោយរង់ចាំតែ បទបញ្ជាប៉ុណ្ណោះ។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបពាក្ជារាកងអង្គរក្សរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ ប្រាប់អ្នកកាសែត នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ថា “នៅម៉ោងប្រមាណ៧ យប់នេះ កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀត ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីកម្ចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញ ពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ ខ្មែរយើង ដោយមិនឱ្យសត្រូវមកយកដីរបស់កម្ពុជា មួយមិល្លីម៉ែត្រឡើយ”៕

ដារិទ្ធ

RELATED ARTICLES