Friday, September 20, 2024
Homeតារាខ្មែរពីង រ៉ូហ្សា​ ធ្វើខួបស្ងាត់ៗសង្ស័យមានអ្នកឧបត្ថម្ភ?

ពីង រ៉ូហ្សា​ ធ្វើខួបស្ងាត់ៗសង្ស័យមានអ្នកឧបត្ថម្ភ?

នៅយប់ថ្ងៃទី១១ ខែសីហា កន្លងទៅតារាភាពយន្តកំពុងឡើងកូដកញ្ញាពីង រ៉ូហ្សា បានធ្វើខួបកំណើតស្ងាត់ៗគម្រប់អាយុ២៥ឆ្នាំ យ៉ាងកាលីបមួយនៅហាងFox នៅរាជធានីភ្នំពេញ ខណៈដែលមានការសង្ស័យថាមានអ្នកពិសេសជ្រោមជ្រែងធ្វើខួបឲ្យនាង។

រ៉ូហ្សា បានថ្លែងឲ្យដឹងថា នាងពិតជារៀបចំខួបកំណើតបែបស្ងាត់ៗមែនដែលបានអញ្ជើញភ្ញៀវចូលរួមតែ២០នាក់ ប៉ុណ្ណោះ។រ៉ូហ្សា បន្ថែមថា “កន្លងមកខ្ញុំពុំដែលធ្វើកម្មវិធីអ្វីទេហើយពិធីខួបនេះក៏មិនហ៊ានធ្វើទ្រង់ទ្រាយធំដែរព្រោះខ្ញុំអត់មានពេលគ្រប់គ្រាន់សម្រាប់ចាត់ចែង។ម្យ៉ាងចិត្តមួយក៏មិនចង់រំខានមិត្តភក្ដិច្រើនដែរទើបសម្រេចធ្វើលក្ខណៈស្ងាត់ៗតែម្ដង”។

រ៉ូហ្សា បានឲ្យដឹងដែរថា នាងធ្វើខួបឆ្នាំនេះគឺដើម្បីលើករាសីខ្លួនឯងសុំពរជ័យខណៈដែលអាជីពសិល្បៈរបស់នាងកំពុងតែស្ទុះឡើង។នាងអះអាងថា ពិធីខួបកំណើតរបស់នាងនេះអត់មានអ្នកពិសេសណាជួយឧបត្ថម្ភដូចការចោទឡើងនោះទេ។ត្បិតអីសម្រាប់ការចំណាយលើពិធីខួបប៉ុណ្ណឹងគឺនាងមានលទ្ធភាពគ្រប់គ្រាន់ដោយមិនចាំបាច់មានអ្នកឧបត្ថម្ភនោះទេ។រ៉ូហ្សា បន្ថែមថា នាងពិតជាសប្បាយចិត្តនិងអរគុណចំពោះភ្ញៀវកិត្តិយសដែលបានចូលរួមលើកទឹកចិត្តដល់នាងហើយនាងក៏សុំទោសដល់មិត្តភក្ដិមួយចំនួនទៀតដែលនាងពុំបានអញ្ជើញផងដែរ។

ពិធីខួបកំណើតរបស់កញ្ញាពីង រ៉ូហ្សា ឃើញមានវត្តតារាល្បីៗមួយចំនួនចូលរួមមានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា កញ្ញឌុច លីដា កញ្ញានៅ សុនិតា កញ្ញាពេជ្រ​ អាវីហ្សា លោកចន តារា កញ្ញាឌួង ហ្សូរីម៉ា កញ្ញាម៉ាណែត និងមានវត្តមានឯកឧត្តមលោកជំទាវមួយចំនួនទៀតផងដែរ។រ៉ូហ្សា អះអាងថា នាងគ្មានគម្រោងធ្វើពិធីខួបកំណើតទ្រង់ទ្រាយធំជាងនេះទេគឺផ្អែកទៅលើស្ថានភាពជាក់ស្ដែងនាឆ្នាំក្រោយទៀត។ប៉ុន្តែអ្វីដែលសំខាន់នោះអំឡុងពេលនេះនាងកំពុងតែប្រឹងពង្រឹងអាជីពសិល្បៈបន្ថែមទៀត។

រ៉ូហ្សា បានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះនាងទទួលបានឱកាសថតភាពយន្តយ៉ាងច្រើនគួរសមដែលបានទទួលថត៤ទៅ៥រឿងក្នុងពេលតែមួយក៏មាន រហូតពេលខ្លះនាងត្រូវជម្រុះចោលការងារមួយចំនួនផងដែរដោយសារតែគ្មានពេលក្នុងការសម្ដែងឲ្យគេ។យ៉ាងណាចំពោះអាជីពសិល្បៈនាងនិងពុះពាបន្ថែមទៀតដោយមិនរាថយទេជាមួយនិងការរំពឹងថា និងទាញបានភាពលេចធ្លោជាងនេះ៕

RELATED ARTICLES