ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសឡាវ ដើម្បីចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីសូលីត ឱ្យ ឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា នៅចំណុចខេត្តស្ទឹងត្រែង ហើយជាលទ្ធផល គឺទទួលបានជោគជ័យទាំងស្រុង ដោយភាគីឡាវបានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជា និងបានដកកងទ័ពទាំងអស់ចេញផុតពីទឹកដីកម្ពុជា ហើយ ត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នោះ។
ក្រោយបញ្ចប់ជំនួបពិភាក្សា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានធ្វើសន្និសីទកាសែតខ្លីមួយបង្ហាញពីលទ្ធផលកិច្ចប្រជុំ ដែលប្រកាន់ខ្ជាន់នូវជំហរមិត្តភាព និងសន្តិភាពក្នុងនាមជាអ្នកជិតខាងល្អ។
នៅក្នុងសន្និសីទកាសែត រយៈពេលជាង ១០នាទី លោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា “សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនេះ សូមជូនព័ត៌មាន លទ្ធផលចំពោះការ ជួបពិភាក្សារវាងភាគីទាំងពីរ គណៈប្រតិភូកម្ពុជា និងឡាវ នៅក្នុងកិច្ចពិភាក្សាគ្នានាព្រឹកនេះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហា នៅតាមព្រំដែនរវាងឡាវ និងកម្ពុជា រវាងខេត្ត អាតាពើ និងខេត្តស្ទឹងត្រែង របស់កម្ពុជា។ ខ្ញុំបាន សម្តែងការអបអរសាទរ និងការស្វាគមន៍ ក្នុងការអញ្ជើញមកពិភាក្សាការងាររបស់សម្តេច តេជោហ៊ុន សែន នៅប្រទេសឡាវ។ ខ្ញុំ និង សម្តេចហ៊ុន សែន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់បំផុត មិនឱ្យមានបញ្ហាកើតឡើងតាម ព្រំដែន។ គួរឱ្យស្តាយណាស់ មុនហ្នឹងខ្ញុំមិនបាន ទទួលលិខិតពីសម្តេចហ៊ុន សែន ហើយខ្ញុំមិន បានឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះ ខ្ញុំបានពិភាក្សាគ្នាត្រង់ទៅត្រង់មក លក្ខណៈមិត្តភាព ឱ្យស្ថានភាពនៅតំបន់នោះ កុំឱ្យមានការប្រឈមមុខដាក់គ្នា ហើយយើងបានឯកភាពគ្នាថា ភាគីឡាវ នឹងដកទ័ពឱ្យអស់ ឥឡូវខ្ញុំ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ឱ្យដកកងកម្លាំង ចេញពីកន្លែងនោះទាំងអស់ មិនឱ្យលើសពីព្រឹកស្អែក។ ភាគីទាំងពីរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងរបស់កម្ពុជាទាំងអស់ ឱ្យត្រឡប់ទៅវិញឱ្យសភាពការណ៍មានភាពប្រក្រតី ផ្តល់ជំនឿទុកចិត្តឱ្យប្រជាជនយល់ថា លែងមានសភាពការណ៍តានតឹងនោះឡើងថែមទៀត…”។
ដោយឡែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា “ជាដំបូង ខ្ញុំសូមអរគុណ ជាមួយនឹងការទទួលបដិសណ្ឋារកិច្ច ការទទួលយ៉ាងកក់ក្តៅរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៃការយកចិត្តទុកដាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ អ្វីដែលជាជោគជ័យធំបំផុតរបស់យើងសម្រាប់ប្រជាជាតិទាំងពីរនោះ គឺនៅត្រង់ថា យើងមិនមានជម្លោះណាមួយដែលយើងមិនអាចដោះស្រាយ បាននោះទេ។ ការទទួលឆាប់រហ័ស អនុញ្ញាត ឱ្យយើងដោះស្រាយបញ្ហាជាមួយគ្នា និងនាំផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។ ឯកឧត្តម ខ្ញុំសូមឯកភាពទាំងស្រុងជាមួយនឹងឯកឧត្តម ការយឺតយ៉ាវក្នុងការបញ្ជូនសារលិខិត និងការទទួលបានសារលិខិតយឺត រួមនិងការទទួលព័ត៌មានមិនច្បាស់ បង្កើតនូវបញ្ហា ដែលនាំឱ្យ យើងមកជួបគ្នានៅថ្ងៃនេះ បន្ទាប់ពីកងវិស្វកម្ម របស់កម្ពុជា បញ្ឈប់ការធ្វើផ្លូវនៅសេសសល់ កងទ័ពឡាវ ក៏បានឆ្លងទន្លេសេកុង មកខាងកម្ពុជា អម្បាញ់មិញ គឺឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជានិងបានប្រកាសនៅទីនេះថា នឹងដកឱ្យលឿន មិនឱ្យលើសពីព្រឹកស្អែកនេះគឺជាពេលវេលាដ៏ល្អសមស្រប ដើម្បីឱ្យខ្ញុំដាក់ចេញនូវបទបញ្ជា។ អម្បាញ់មិញខ្ញុំបានបញ្ជារួចហើយ ទៅឱ្យកម្លាំងទាំងអស់ដែលបានចល័តចេញពីម្សិលពីតាមមូលដ្ឋាននានា ចូលទៅកាន់ទីតាំងរៀងខ្លួនវិញ ចំណុចនេះ គឺជាចំណុចល្អណាស់ ដែលផ្តល់ឱកាសសម្រាប់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ក៏ដូចជាកងទ័ពទាំងពីររដ្ឋាភិបាលទាំងពីរ ហើយនៅពេលខាងមុខនេះទៀត កិច្ចការ ដែលនៅសេសសល់១៤ភាគរយ គណៈកម្មការ ចម្រុះព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាក្រសួងការបរទេសទាំងពីរ បន្តកិច្ចការជាមួយគ្នាបន្ត ទៅទៀត ដែលយើងបានធ្វើជាមួយគ្នារួចមកហើយ ឯកសារទាំងអស់ដែលយើងបានតម្កល់ទុក ត្រូវដាក់លើតុ ដើម្បីធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់។ តែអ្វីដែលជាអាទិភាព ដែលខ្ញុំមកកាន់ទីនេះ មិនអត់ប្រយោជន៍ទេ ហោចណាស់យើងបានជួបគ្នាផ្ទាល់ ដោះស្រាយបញ្ហា ជាមួយគ្នា យើងបានស្វែងយល់ពីបញ្ហាដែលវាហេតុអ្វីបានជាមានរឿងនេះកើតឡើង? ហើយម៉្យាងទៀត ខ្ញុំជាមួយនឹងឯកឧត្តមថងលូន ងាយស្រួលណាស់ក្នុងការទំនាក់ទំនង ម្សិលមិញ គឺយើងបានជួបគ្នាតាមទូរស័ព្ទចំនួន២ដង ហើយក្រៅពីនោះ មានការឆ្លើយតបគ្នាតាមឡាញ (Line)។ ដូច្នេះសង្ឃឹមថា ទាំងប្រជាជនកម្ពុជា និងប្រជាជនឡាវ ដែលរស់នៅតាមតំបន់ព្រំដែន ស្ងប់ស្ងៀមទៅ មិនមានបញ្ហាផ្នែកខាងយោធា ប៉ះទង្គិចខាងយោធាណាមួយកើតឡើងនោះទេ។ មិនត្រឹមតែប្រជាជនដែលរស់នៅតាមព្រំដែនទេ ប្រជាជននៃប្រទេសទាំងពីរ រស់នៅដោយ សុខស្រួលជាមួយគ្នា ក្នុងភាពជាមិត្តភាព និងបងប្អូន។ ជាថ្មីម្តងទៀត អរគុណដល់ឯកឧត្តម នាយករដ្ឋមន្ត្រី ដែលបានបង្កើតនូវស្ថានភាព ជិតស្និទ្ធ ហើយសង្ឃឹមថា ប្រជាជននៃប្រទេស ទាំងពីរសាទរនូវអ្វីដែលនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើសម្រាប់ប្រទេសជាតិទាំងពីរ និងប្រជាជន ទាំងពីរ…”។
នៅថ្ងៃដដែលនោះដែរ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា “នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចកក្រកម្ពុជា និងឯកឧត្តមថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វេភាគី ពិសេសអំពីដំណោះស្រាយកងទ័ពឡាវ ចូលមក លើទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បាន យល់ព្រមដកទ័ព ចេញឱ្យផុតពីទឹកដីកម្ពុជា ទៅត្រើយម្ខាងនៃទន្លេសេកុង ឱ្យអស់នៅថ្ងៃ ស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុង ចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូល អង្គភាពដើមវិញឱ្យអស់នៅថ្ងៃនេះ។ លទ្ធផល ផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិត ស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជា ប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារ ផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ”។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ បន្ទាប់ពីប្រកាសព័ត៌មានរួមគ្នាជាមួយលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ រួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋ ឡាវ លោកប៊ុនញ៉ាំង វ៉ូរ៉ាជិត។
នៅក្នុងជំនួបនោះ សម្តេចហ៊ុន សែន បាន បញ្ជាក់ជូនប្រធានរដ្ឋឡាវថា សម្តេចពិតជា រីករាយសប្បាយចិត្តជាខ្លាំង ដែលបានចូលរួម ដោះស្រាយបញ្ហានេះទាន់សភាពការណ៍។ សម្តេច បន្តថា “បញ្ហាគ្រប់យ៉ាង គឺសុទ្ធតែអាចដោះស្រាយ បានទាំងអស់ នៅពេលដែលយើងជួបចរចាគ្នា ហើយសម្តេចក៏អរគុណដល់ប្រទេសឡាវផង ដែរ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះ គឺយើងឈ្នះទាំងអស់គ្នា។ ប្រទេសយើង ទាំងពីរនឹងពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យតំបន់ព្រំដែនក្លាយជាតំបន់ អភិវឌ្ឍន៍រីកចម្រើន និងជាតំបន់សន្តិភាពសម្រាប់ ប្រជាជាតិទាំងពីរ”។
ក្រោយពីជំនួបប្រធានរដ្ឋឡាវរួចមក នាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីសូលីត បានអញ្ជើញសម្តេចហ៊ុន សែន និងគណៈប្រតិភូ ជាន់ខ្ពស់ ពិសាអាហារថ្ងៃត្រង់មិត្តភាពយ៉ាង ស្និទ្ឋស្នាល មុនអញ្ជើញវិលត្រឡប់មកកាន់ប្រទេស កម្ពុជាវិញ នៅរសៀលថ្ងៃដដែលនោះ ប្រកប ដោយសុវត្ថិភាព និងលទ្ធផលផ្កែផ្កាគួរជាទីមោទនៈ៕
ដារិទ្ធ