Tuesday, November 26, 2024
Homeតារាខ្មែរផ្ទុះរឿងស្នេហា!!! ទេព បូព្រឹក្ស សារភាពថា កំពុងស្វែងយល់ចិត្តជាមួយដេវីត

ផ្ទុះរឿងស្នេហា!!! ទេព បូព្រឹក្ស សារភាពថា កំពុងស្វែងយល់ចិត្តជាមួយដេវីត

តារាចម្រៀងពូកែលេងក្បាច់រាំ ទេព បូព្រឹក្ស តាំងពីចាប់ដៃគូគ្នាជាមួយលោកងួន ចាន់ដេវីត មក ពេលនេះរឿងស្នេហាស្រីស្រស់ប្រុសសង្ហារូបនេះ ក្រៅឆាកកាន់តែល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ រហូតដល់លេចឮដំណឹងថា អ្នកទាំង២ គ្រោងភ្ជាប់ពាក្យជាមួយគ្នាក្នុងពេលឆាប់ៗនេះទៀតផង មុនពេលដែលកំណត់ថ្ងៃចូលរោងការ។

ទេព បូព្រឹក្ស អះអាងថា នាងពិតជាកំពុងស្វែងយល់ចិត្តគ្នាជាមួយដេវីត មែន តែមិនទាន់គិតដល់ថ្ងៃភ្ជាប់ពាក្យ ឬរៀបការឡើយ ព្រោះនាងយល់ថា ស៊ូស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់លាស់សិន ទោះជាប្រើពេលយូរឆ្នាំ ក៏ប្រសើរជាងការហើយ បែកគ្នាដែរ…។

ទេព បូព្រឹក្ស ដែលមានរូបសម្រស់លេចធ្លោនៅផលិតកម្មរស្មីហង្សមាស បានសារភាពស្នេហ៍លើកដំបូងថា ពេលនេះនាងពិតជាកំពុងតែស្វែងយល់ចិត្តទៅលើបុរសម្នាក់មែន ហើយប្រុសដែលនាងគ្រោងផ្ញើវាសនាអស់មួយជីវិតនោះ គឺគ្មានអ្នកណាក្រៅពីលោកងួន ចាន់ដេវីត ម្ចាស់បទ “រាំញីកែងជើង” នោះឡើយ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ តារាចម្រៀងយុវវ័យរូបនេះ សារភាពថា នាងពិតជាស្វែងយល់ចិត្តគ្នាជាមួយដេវីត មែន តែមិនទាន់កំណត់ពេលវេលាភ្ជាប់ពាក្យ ឬរៀបការនោះ ហាក់ដូចជារហ័សពេក មិនទាន់គិតគូរដល់ចំណុចនោះទេ។

ម្ចាស់បទ “បងចេះក្បត់អូន អូនក៏ចេះក្បត់បង” រូបនេះ រៀបរាប់ថា “មានគេសួរខ្ញុំច្រើនដែរបង រឿងខ្ញុំជាមួយដេវីត ហ្នឹង ឥឡូវខ្ញុំប្រាប់បងតាមត្រង់ចុះថា ពួកយើងកំពុងតែស្វែងយល់ចិត្តគ្នាមែន។ រយៈពេលដែលខ្ញុំ និងដេវីត ចាប់ដៃគ្នានេះ គឺមានការចុះសម្រុងគ្នាច្រើន និយាយទៅអត់អីទេ ពួកយើងមានចិត្តគំនិតដូចគ្នាច្រើនជាងការខ្វែងគំនិតគ្នា។ ប៉ុន្តែ រឿងភ្ជាប់ពាក្យ ឬរៀបការនោះ ខ្ញុំមិនទាន់គិតដល់ចំណុចនោះទេបង។ សម្រាប់ខ្ញុំយល់ខុសគេ ខ្ញុំសុខចិត្តស្វែងយល់ចិត្តដេវីត ឱ្យបានច្រើនជាងនេះ ទោះជាប៉ុន្មានឆ្នាំក៏បានប្រសើរជាងយើងរៀបការហើយមានការលែងលះគ្នាភ្លាមៗនោះ ខ្ញុំមិនចង់ប្រញាប់ការឆាប់លែងគ្នានោះទេ”។

ការសារភាពស្នេហ៍របស់ស្រីស្អាតទេព បូព្រឹក្ស ទៅលើងួន ចាន់ដេវីត ហៅ G.Devith នៅពេលនេះ ច្បាស់ណាស់ថា នឹងធ្វើឱ្យប្រុសៗអ្នកមានទ្រព្យមិនតិចនាក់ទេ ដែលខកស្នេហ៍នាង ខណៈដែលអ្នកសិល្បៈមួយចំនួននិយាយថា បូព្រឹក្ស មានជម្រើសស្នេហ៍ច្រើន ព្រោះកន្លងមកធ្លាប់លេចឮថា មានមន្ត្រីធំៗ ក៏តាមស្នេហ៍តារាលេងខ្លួននេះដល់ឆាកដែរ។

អ្នកខ្លះនិយាយថា បូព្រឹក្ស និងដេវីត សុទ្ធតែនៅក្មេងយុវវ័យដូចគ្នា អីចឹងប្រហែលជាភ្លើងស្នេហ៍យុវវ័យតារាល្បី១គូនេះ មិនបានយូរអង្វែងឡើយ ព្រោះដេវីត ឆេវឆាវ ហើយដូចដឹងហើយថា ស្នេហាតារាសិល្បៈបានតែមួយឆាវដំបូង ក្រោយមកពួកគេក៏បែកបាក់គ្នាទៅមានថ្មីរៀងខ្លួន គឺជារឿងធម្មតា។

ទេព បូព្រឹក្ស និយាយដោយរហ័សបែបកាន់ជើងដេវីត ថា “តាមពិត ដេវីត មានឆេវឆាវឯណាបង! ខ្ញុំតើចេះតែឆេវឆាវហ្នឹង! សម្រាប់ខ្ញុំមិនគិតថា ជ្រើសប្តីជាអ្នកសិល្បៈទៅមិនល្អ ឬអាចបែកបាក់គ្នាដូចរៀមច្បងយើងមួយចំនួនអី ខ្ញុំអត់គិតអីចឹងទេ។ ខ្ញុំយល់ថា សំខាន់នៅលើយើងទាំង២ទេបង ខ្ញុំមិនដែលគិតថា អត់យកប្តីជាអ្នកសិល្បៈទេ ចង់បានប្តីជាអ្នកជំនួញវិញអី ខ្ញុំមិនគិតចឹងទេ ព្រោះប្តីអ្នកសិល្បៈក៏ដោយ អ្នកជំនួញក៏ដោយ បើគេចង់បែកពីយើងនោះ គឺបែកដូចតែគ្នាហ្នឹង។ សម្រាប់ខ្ញុំសូមសរសើរបងស្រីយក់ ថិតរដ្ឋា និងបងឃុំ ប៉ុណ្ណាដែត ដែលគាត់ស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រហូតមកដល់ពេលនេះរកស៊ីមានណាស់ ដែលនេះជាគំរូល្អមួយថា អ្នកសិល្បៈយកគ្នាជាប្តីប្រពន្ធ មិនមែនចេះតែបែកគ្នាទាំងអស់នោះទេបង។ ខ្ញុំមើលឃើញដេវីត មានចំណុចល្អច្រើន គាត់មានចរិតដូចខ្ញុំច្រើន អីចឹងហើយបានជាពេលនេះ ខ្ញុំត្រូវការស្វែងយល់ចិត្តគ្នាបន្ថែមទៀត”។

មុនពេលទេព បូព្រឹក្ស ប្រកាសស្នេហ៍ដេវីត នេះ ស្រីស្អាតរូបនេះក៏ធ្លាប់ប៉ះស្នេហ៍រសើបជាមួយមន្ត្រីធំផ្កាយ៤ម្នាក់ ដែលមានប្រពន្ធជាអតីតពិធីការិនីល្បីឈ្មោះរបស់ប៉ុស្តិ៍ទូរទស្សន៍មួយដែរ ហើយសូម្បីតែបូព្រឹក្ស ទិញឡាន Toyata Tundra តម្លៃជាង៤ម៉ឺនដុល្លារ និងថ្មីៗនេះ ទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារ នៅបុរីប៉េងហួត នោះក៏គេសង្ស័យថា ជាការឧបត្ថម្ភពីមន្ត្រីធំរូបនោះដែរ តែតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានអះអាងថា ជាលុយដែលបានមកពីកម្លាំងញើសឈាមរបស់នាងទាំងស្រុង ព្រោះនៅពេលខែត្រូវប៉ាន់ នាងអាចរកប្រាក់ចំណូលបាន យ៉ាងតិច៥០០០ដុល្លារដែរ ក្នុង១សប្តាហ៍។

ប្រភពបានឱ្យដឹងថា ស្នេហាទេព បូព្រឹក្ស និង ដេវីត នៅពេលនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងគាំទ្រទាំងស្រុង ដោយគ្មានជំទាស់ឡើយ ហេតុនេះហើយ គូស្នេហ៍យុវវ័យនេះគ្មានឧបសគ្គមករារាំងឡើយ។

ទេព បូព្រឹក្ស ហៅស្រីនិច្ច បញ្ជាក់ថា “រឿងជ្រើសរើសគូស្រករ ក្រុមគ្រួសារខ្ញុំបានផ្តល់សិទ្ធិឱ្យខ្ញុំ ហើយពេលដែលខ្ញុំនិងដេវីត ទាក់ទងស្វែងយល់ចិត្តគ្នាហ្នឹង គាត់អត់មានថាអីទេ និយាយទៅអត់មានអ្នកណាប្រឆាំងទេ។ ឆ្នាំនេះខ្ញុំអាយុ២៣ឆ្នាំ អីចឹងខ្ញុំត្រូវការស្វែងយល់ចិត្តគ្នាជាមួយដេវីត ឱ្យបានច្រើនឆ្នាំទៀតសិន ខ្ញុំមិនទាន់ចង់រៀបការនៅពេលឆាប់ៗនេះទេ”៕

RELATED ARTICLES