Friday, September 20, 2024
Homeតារាខ្មែរដឹងច្បាស់ហើយ!!! អ្នកនៅពីក្រោយការទិញវីឡារបស់នៅ សុនិតា

ដឹងច្បាស់ហើយ!!! អ្នកនៅពីក្រោយការទិញវីឡារបស់នៅ សុនិតា

ខណៈដែលទ្រនំវីឡាដ៏ធំស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ សាងសង់ជិតរួចរាល់ និងត្រៀមសម្ពោធផ្អើលអ្នកសិល្បៈនោះ តារាដែលមានត្រេមុខស្រគត់ស្រគំមានមន្តស្នេហ៍ កញ្ញានៅ សុនិតា កំពុងតែល្បីកក្រើកថា មានបុរសទ្រព្យស្តុកពីរនាក់ តាមប្រជែងស្នេហ៍ មានទាំងលោកផ្កាយ៣ និងអភិបាលខណ្ឌនៅរាជធានីភ្នំពេញម្នាក់ ខណៈដែលមានការសង្ស័យថា លោកផ្កាយ៣ ជាខ្នងបង្អែកជួយឱ្យនាងហ៊ឺហា។ ប៉ុន្តែសុនិតា អះអាងថា នាងមិនស្គាល់លោកផ្កាយ៣ណាទេ គឺគូសង្សាររបស់នាងជាបុរសនៅលីវ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវីឡាឱ្យនាង…។


ថ្មីៗនេះ កញ្ញានៅ សុនិតា បានបង្ហោះរូបសំណង់វីឡាដ៏ធំស្កឹមស្កៃរបស់នាង ដោយភ្ជាប់ជាមួយសំណេរថា “តាំងពីតូចមក មិនដែលគិតថា ខ្លួនឯងអាចមានថ្ងៃនេះទេ ប៉ុន្តែ សុបិនខ្ញុំបានក្លាយជាការពិត ពេលនេះខ្ញុំអាចបំពេញក្តីស្រមៃសម្រាប់ខ្លួនឯង និងប៉ាម៉ាក់ខ្ញុំដូចគ្នា។ អ្វីទាំងអស់ គឺព្រហ្មលិខិតជាអ្នកគូសផ្លូវជីវិត និងភាពតស៊ូ អត់ធ្មត់ ធ្វើឱ្យខ្ញុំឈ្នះ គ្រប់អ្វីៗទាំងអស់ love the way u are សត្រូវ គឺជាមេរៀនមួយឱ្យខ្ញុំជម្នះរាល់ឧបសគ្គទាំងឡាយ។ អរគុណដែលបានមើលងាយកន្លងមក បើគ្មានអ្នក ក៏ខ្ញុំគ្មានថ្ងៃនេះ”។


អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ សុនិតា ក៏បានបង្ហោះសំណេរទៀតថា “អរគុណបង ដែលគោរពពាក្យសច្ចៈ ដែលធ្វើឱ្យអូនបានសម្រេចក្តីសុបិន” ដែលនាំឱ្យមានការសង្ស័យថា ទ្រនំវីឡាដ៏ធំស្កឹមស្កៃរបស់នាងទទួលបានការជ្រោមជ្រែងពីម្ចាស់ស្នេហ៍ ខណៈមានការខ្សឹបខ្សៀវនៅក្នុងសង្គមសិល្បៈថា លោកផ្កាយ៣ ជាអ្នកផ្តល់ភាពហ៊ឺហាដល់នាង។ ប៉ុន្តែអ្នកខ្លះទៀតថា លោកអភិបាលខណ្ឌល្បីឈ្មោះមួយរូប ជាអ្នកជួយជ្រោមជ្រែងនាង។ ទន្ទឹមនឹងនោះ ក៏មានបណ្តាសារព័ត៌មានចុះផ្សាយពាក់ព័ន្ធនឹងដំណឹងនេះ ដែលធ្វើឱ្យសុនិតា ឆេះដុំក្តៅក្រហាយក្នុងចិត្តជាខ្លាំង ដែលនាងអះអាងថា ការផ្គូផ្គងនាងជាមួយលោកផ្កាយ៣ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងជាខ្លាំង។


សុនិតា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នាងមិនដែលស្គាល់លោកផ្កាយ៣ ដូចព័ត៌មានសាយភាយកន្លងមកទេ ហើយសូមកុំផ្គូផ្គងនាងជាមួយមន្ត្រីធំនោះទៀត គឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាង និងគ្រួសារលោកផ្កាយ៣។ ពោលគឺនាងមានសង្សារជាបុរសនៅទំនេរ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវីឡាឱ្យនាង។


សុនិតា និយាយថា ការលើកឡើងថា នាងមានទំនាក់ទំនងជាមួយលោកផ្កាយ៣ និងបានជួយជ្រោមជ្រែងនាង គឺហាក់មាក់ងាយដល់គូស្នេហ៍របស់នាង ដែលខំទិញវីឡាឱ្យនាងរស់នៅ។
យ៉ាងណា សុនិតា សុំមិនបញ្ជាក់អត្តសញ្ញាណសង្សារដែលទិញវីឡាឱ្យនាងនោះទេ គឺគ្រាន់តែអះអាងថា ពុំមែនជាលោកផ្កាយ៣ និងអភិបាលខណ្ឌ ដូចការលេចឮនោះទេ ពោលគឺម្ចាស់ស្នេហ៍របស់នាងជាបុរសនៅលីវគ្មានប្រពន្ធកូន។


ទ្រនំវីឡារបស់នៅ សុនិតា ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ក្បែរផ្សារទំនើបអ៊ីអន២ ដែលសាងសង់បានជាង៦០ភាគរយ ហើយដែលនឹងរួចរាល់នៅអំឡុងខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ហើយតាមដំណឹងថា សុនិតា នឹងចំណាយខ្ទង់ម៉ឺនដុល្លារ ដើម្បីអញ្ជើញអ្នកសិល្បៈចូលរួមសម្ពោធទ្រនំវីឡាដ៏ធំស្កឹមស្កៃរបស់នាង។


មានការចាប់អារម្មណ៍ថា នៅពេលដែលប្រជាប្រិយភាពកាន់តែស្ទុះឡើង ហើយរូបសម្រស់កាន់តែមានភាពទាក់ទាញផងនោះ នាពេលចុងក្រោយនេះ កញ្ញានៅ សុនិតា ចូលចិត្តបង្អួតពីជីវិតហ៊ឺហាស៊ីវិល័យគួរឱ្យស្ញប់ស្ញែង ដែលក្រៅពីផ្លាស់ប្តូររថយន្តទំនើបជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះនាងជិះរថយន្ត Mazda តម្លៃជាង៥ម៉ឺនដុល្លារ នាងក៏ឧស្សាហ៍បង្ហោះពីរូបភាពសំណង់វីឡាដ៏ធំស្កឹមស្កៃរបស់នាង ទើបនាំឱ្យមានការសង្ស័យថា មានលោកផ្កាយ៣ នៅពីក្រោយខ្នង ប៉ុន្តែសុនិតា បានប្រកែកយ៉ាងដាច់អហង្ការចំពោះដំណឹងនេះ និងគំរាមប្តឹងអ្នកបង្កាច់បង្ខូចទៀតផង។

ផ្ទះវីឡារបស់នៅ សុនិតា ដែលសាងសង់ជិតរួចរាល់

ចាប់តាំងពីដណ្តើមបានភាពលេចធ្លោនៅលើវិថីសិល្បៈ ហើយជីវភាពកាន់តែហ៊ឺហា សុនិតា បានបោះបង់ឱកាសគ្រងតំណែងតួឯកជាច្រើនរឿង ដែលតាមប្រភពថា នាងមិនចង់សន្សំប្រាក់ល្អិតពីឱកាសថតភាពយន្តទៀតទេ ម៉្យាងនាងខ្លាចខ្មៅស្បែក។ ជាពិសេសនោះ ម្ចាស់ស្នេហ៍នាងហួងហែង ខ្លាចតួប្រុសឱបថើបប៉ះពាល់រាងកាយដ៏ស្រស់សោភារបស់នាង។ ពោលគឺ សុនិតា ទើបតែទទួលថតភាពយន្តជាថ្មី មួយរឿង ដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា រឿង “រៃមាស” របស់ផលិតកម្មថោន ដែលនាងជាតួឯក ប៉ះជាមួយលោកយ៉ែម សំអូន ខណៈឆាប់ៗនេះ នាងក៏គ្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ជាលើកទី៣ ផងដែរ៕

RELATED ARTICLES