បន្ទាប់ពីហែកហួគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុកពេលនេះផ្ទុះរឿងកាន់តែធំហើយគូស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង កាលពីថ្ងៃទី១៨ ខែ សីហា ម្សិលមិញនេះបានសម្រេចដាក់ពាក្យបណ្ដឹងចូលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្ដឹងអតីតតារាសម្ដែង សុវណ្ណ មករា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង ជេរប្រមាថជាសាធារណៈ ដោយទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។
យោងតាមកម្មវត្ថុនៃពាក្យបណ្ដឹងរបស់ លោក ហេង ឡុង ដែលជាដើមបណ្ដឹង បានរៀបរាប់ថា “ឈ្មោះសុវណ្ណ មករា បានប្រើប្រាស់បណ្ដាញសង្គម Facebook ដែលមានឈ្មោះ Sovann Makara បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថមកលើខ្ញុំជាច្រើនលើកច្រើនសារយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតដោយបានប្រើពាក្យពេជន៍ ប្រមាថម៉ាកងាយ ចោទប្រកាន់ ទម្លាក់កំហុសញុះញង់ មូលបង្កាច់ លាបពណ៌បំភ្លើសការពិត ប្រឌិតអង្គហេតុក្លែងក្លាយដើម្បីធ្វើឲ្យសាធារណៈជនយល់ច្រឡំក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយស កិត្តិស័ព្ទ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ”។
លោកហេង ឡុង គូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់នៅក្នុងពាក្យបណ្ដឹងថា”ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំបាទ និងសូមឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់លើជនឈ្មោះសុវណ្ណ មករា ឲ្យបានតឹងរឹងបំផុត ហើយខ្ញុំបានសុំទាមទារនូវថ្លៃខូចខាតនិងជំងឺចិត្តចំនួន១០០០០០ម៉ឺនដុល្លារ ពីជនខាងលើនេះ។
ក្រោយពេលបែកធ្លាយពាក្យបណ្ដឹងនេះលោកសុវណ្ណ មករា ហាក់មិនខ្លាចញញើតទេថែមទាំងប្រកាសហ៊ានតទល់ជាមួយលោកហេង ឡុងនៅតុលាការទៀតផង។លោកមករា បានបង្ហោះសារក្រោយពេលឃើញពាក្យបណ្ដឹងរបស់លោកហេង ឡុងថា”ហូរចង់លាងខ្លួនហើយ អន្ទិតចេកឡុងកំពិតឯង យកលេះប្តឹងដើម្បីបង្វែរការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ប្រាក់ដែលគេចូលមូលនិធិហ្នុងឬ ? សូមប្តឹងតាមក្បាលវ៉ាល់ឡុងកំពិតឯងចុះ ខ្ញុំនឹងតតាំងដោយយុត្តិធម័ បើខ្ញុំចាញ់ដោយការបំផ្លើសការពិតឡុងឯងមែន ខ្ញុំសុខចិត្តបង់ប្រាក់រំលួស ក្នុង១ខែ៤ម៉ឺនរៀល តាមប្រពន្ធ័បក្សCNRP ដែលជាបក្សឡុងកំពិតឯងធ្លាប់គាំទ្រពីមុននោះ ឥលូវក៏ឡុងឯងនៅតែគាំទ្រដដែលហ្នឹង តែមកយកផលប្រយោជន៍ពីCPP ម៉ាអាខ្ទើយថោកទាប អាពស់ក្បាលពីរ បញ្ចាក់ម្តងទៀត ត្រូវតោងជាយសារ៉ុងចនចាន់ឲ្យជាប់វើយ ប្រយត្ន័ចនចាន់ធាក់ក្បាលចោល ឡុងកំពិតឯងច្បាស់ជាគុកហើយអាគុក អាខ្ទើយឯងបោកប្រាស់អ្នកសិល្បះមកប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឯង ម៉ាអាខ្ទើយយួនកាត់កាត់ចិន ឯងកុំមកចង់ស៊ីខ្សែរលើសិល្បះខ្មែរឲ្យសោះ ការពិតកំពុងលាតត្រដាងហើយ ឡុងកំពិតឯងវណ្ឌ័ករហើយ good by ឆ្មាចេក”។
គួរបញ្ជាក់ថា រឿងរ៉ាវដែលផ្ទុះឡើងរហូតឈានដល់ការប្ដឹងផ្ដល់ទៅដល់តុលាការនេះបន្ទាប់ពីលោកហេង ឡុង ចែករំលែកព័ត៌មានមួយពាក់ព័ន្ធនិងពិធីសម្ភោធហាងថ្មីរបស់អ្នកនាងឈិន សុធារី ដោយបានភ្ញាប់នូវសំណេរថា”ហេតុអ្វីមិនអញ្ជើញប្តីផង? អ្វីដែលខ្ញុំចង់និយាយគឺគួរតែអញ្ជើញគាត់ សោកស្តាយណាស់រាប់អានមនុស្សមិនច្បាស់!”ដែលខ្លឹមសារនេះបានធ្វើឲ្យលោកមករា ក្ដៅចុងច្រមុះបង្ហោះសារតបតថែមទាំងចោទសួរពីបា្រក់មូលនិធិដែលប្រមូលបានពីកម្មវិធីសប្បុរធម៌ជិត៣០ម៉ឺនដុល្លារ។លុះបន្ទាប់មកក៏មានការហែកហួរគ្នាជាបន្ទាប់រហូតធ្វើឲ្យលោកហេង ឡុង សម្រេចដាក់ពាក្យប្ដឹងទារ១០ម៉ឺនដុល្លារចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ៕