Wednesday, November 27, 2024
Homeតារាខ្មែរអ្នកចែកចាយភាយន្តហូលីវូដ​​ មកចែករំលែកបទពិសោធន៍ដល់ផលិតករខ្មែរ

អ្នកចែកចាយភាយន្តហូលីវូដ​​ មកចែករំលែកបទពិសោធន៍ដល់ផលិតករខ្មែរ

​នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមហ៊ុនទទួលចែកចាយភាពយន្តខ្មែរ ទៅកាន់ទីផ្សារភាពយន្តក្រៅប្រទេស មានឈ្មោះថា «ពូព្រហ្ម» បានបើកសិក្ខាសាលាមួយ ក្នុងគោលបំណងសំខាន់ ជជែកវែកញែកពីក្ដីកង្វល់ ចំណុចខ្វះខាត និងការបំពេញឲ្យបានគ្រប់ជ្រុងជ្រោយ របស់ផលិតករខ្មែរ មុននឹងភាពយន្តរបស់ខ្លួន ត្រូវបានទទួលស្គាល់ជាលក្ខណៈស្ដង់ដារ ហើយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ កិច្ចពិភាក្សាគ្នានេះ ក៏មានការអញ្ជើញចូលរួម ពីភាគីអ្នកជំនាញភាពយន្តមកពីបរទេស ដែលធ្លាប់ជោគជ័យក្នុងការចែកចាយកុនហូលីវូដដើម្បីធ្វើបទបង្ហាញ ចែករំលែកបទពិសោធ គ្នាទៅវិញទៅមក ស្វែងរកគន្លិះសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យភាពយន្តខ្មែរ ឲ្យកាន់តែប្រសើរឡើងផងដែរ។

លោកស្កុត នីសុន ដែលមានបទពិសោធន៍ជោគជ័យលើការចែកចាយកុនហូលីវូដ បានចែករំលែកបទពិសោធន៍នៅក្នុងកម្មវិធីពិភាក្សានោះថា ការផលិតភាពយន្តគួរតែផ្ដោតទៅលើគុណភាពជាចំបងនិងគិតថាកុនដែលខ្លួនផលិតត្រូវតែអាចនាំចេញយកទៅចែកចាយនៅក្រៅប្រទេសបាន។លោកថា បើទោះបីសម័យនេះជឿនលឿនមានស្មាតហ្វូនគ្រប់ដៃ ប៉ុន្តែបើផលិតកុនបានល្អមានគុណភាពខ្ពស់នៅតែជោគជ័យ។លោកចង់ឲ្យផលិតករខ្មែរប្រឹងប្រែងផលិតភាពយន្តដែលមានគុណភាពខ្ពស់ដើម្បីមានឱកាសយកទៅចែកចាយនៅក្រៅប្រទេសនិងដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរ។

​​ អ្នកចាត់ការទូទៅ របស់ ក្រុមហ៊ុន «ពូព្រហ្ម» លោក ស៊ុ ស៊ីថែន បានថ្លែងឲ្យដឹងថា កម្មវិធីនៅថ្ងៃនេះ យើងឲ្យឈ្មោះថា ជាសិក្ខាសាលាស្ដីពីការធ្វីទីផ្សារ និងចែកចាយភាពយន្ត​ខ្នាតអន្តរជាតិ ដោយកម្មវិធីនេះ ធ្វើឡើង​ក្នុងគោលបំណង ចែករំលែកបទពិសោធ រវាងអ្នកមានជំនាញភាពយន្ត នៅក្រៅប្រទេស ជាមួយនឹងផលិតករក្នុងស្រុក និងចង់ដកស្រង់នូវ​បទ​ពិសោធល្អៗ ពីអ្នកជំនាញបរទេស ដើម្បីយកមកអនុវត្តន៍ជាមួយនឹង​​ផលិតកក្នុងស្រុក។ ក្នុងនោះក៏ចង់ឲ្យមានការផ្សា​ភ្ជាប់ទំនាក់ទំនង រវាងផលិតករបរទេស និងផលិតករក្នុងស្រុក ដើម្បីស្វែងរកដំណោះស្រាយ ទៅលើបញ្ហាប្រឈម​ក្នុង​ការផលិតភាពយន្តខ្មែរ។

លោកស៊ីថែន បន្តទៀតថា ជាមួយគ្នានេះ ជាគោលដៅរបស់ «ពូព្រហ្ម» ក៏ចង់លើកកម្ពស់ស្ដង់ដារផលិតរបស់ភាពយន្តខ្មែរ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដូចបណ្ដាប្រទេសជិតខាង ខណៈដែលតាមរយៈកិច្ចពិភាក្សាគ្នានេះ ​លោករំពឹងថា នឹងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន សម្រាប់វិស័យភាពយន្តខ្មែរ។ កិច្ចពិភាក្សាគ្នាថ្ងៃនេះ យើងនឹងទទួលបាននូវគោលគំនិតថ្មីៗ ដូចជាផែនការ និងរបៀបរបប នៃការផ្សព្វផ្សាយរឿង ដោយសារតែកន្លងមក យើងមិនទាន់​បាន​គិតឲ្យទូលំទូលាយ ឬគ្រប់ជ្រុងជ្រោយ នៅពេលផលិតរឿងនីមួយ​ៗរបស់​ផលិតករខ្មែរ ហើយមានគោលបំណង​ចង់ឲ្យរឿងរបស់ខ្លួន ចូលទៅកាន់ទីផ្សារបរទេស។

អ្នកចាត់ការទូទៅក្រុមហ៊ុន”ពូព្រហ្ម”រូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ផលិតករខ្មែរមួយចំនួន ពេលផលិតរឿងនីមួយៗ​ ហើយដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត គឺច្រើនតែសំឡឹងឃើញ តែប្រាក់ចំណូល និងការចំណេញបានឆាប់រហ័ស ដោយមិនបានគិតឲ្យបានទូលំទូលាយ ពីគុណភាពភាពយន្ត ឬលក្ខណៈស្ដង់ដារបច្ចេកទេស ដើម្បីឲ្យភាពយន្ត​របស់ខ្លួន សមស្របទៅនឹងអ្វី​ ដែលទីផ្សារក្រៅស្រុកចង់បាន ព្រោះតែភាពយន្តខ្លះ នៅមានកម្រិត និងខ្លះទៀតក៏អាចទទួលយកបាន។

យ៉ាងណាមិញ ក្នុងនាម​ជាអ្នកចែកចាយ លោកមើលឃើញថា ផលិតកររបស់ខ្មែរ នៅមានចន្លោះប្រហោងខ្វះ​ខាតច្រើនទៀត ដែលត្រូវបំពេញ ដូចជាការគោរពពេលវេលា ទំនួលខុសត្រូវ ដែលត្រូវធ្វើការកែតម្រូវបន្តិចម្ដងៗ ខណៈដែលរហូតមកដល់ពេលនេះ ភាពយន្តខ្មែរមានការរីកចម្រើន​តែផ្នែកបរិមាណ ចំណែកគុណភាព នៅមានកម្រិតនៅឡើយ។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីសំណាក់​មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងន័យជួយជំរុញលើកទឹកចិត្ត​ដល់ផលិតករទាំងអស់ ដែលបានចូលរួមផងដែរ៕

 

RELATED ARTICLES