នៅទីបំផុត ខេមរៈ សិរីមន្ត ដែលប្រាប់គេឯងថា ទៅបើកផលិតកម្មផ្ទាល់ខ្លួន ជាផលិតកម្មរបស់ត្រកូល “ខេមរៈ” នោះ បែរជាទៅចូលរួមជាមួយផលិតកម្មហង្សមាស ដែលជាគូប្រជែងជាមួយអតីតផលិតកម្មរបស់ខ្លួនសាន់ដេ ទៅវិញ ដែលការលេងមួយក្បាច់នេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ស្របពេលដែលអ្នកខ្លះទៀតថា សិរីមន្ត បានកុហកមហាជន ព្រោះមានចេតនាចង់ចេញពីសាន់ដេ ទៅចូលរួមជាមួយហង្សមាស តែម្តង។
ប្រភពបានឱ្យដឹងថា ខេមរៈ សិរីមន្ត បានចុះកុងត្រា៥ឆ្នាំ ជាមួយហង្សមាស ដោយយកបងប្រុសរបស់ខ្លួនដែលជាអ្នកនិពន្ធល្បីឈ្មោះ លោកខេមរៈ ភារុណ និងត្រៀមយកប្អូនស្រី ខេមរៈ ស្រីពៅ ទៅរួមក្រោមដំបូលហង្សមាស ជាមួយគ្នាផងដែរ។
លោកខេមរៈ ភារុណ បានអះអាងថា ខេមរៈ សិរីមន្ត ពិតជាចូលផលិតកម្មហង្សមាស មែន តែលោកសូមមិនប្រាប់ថា ចុះកុងត្រាប៉ុន្មានឆ្នាំ ឬនាំយកប្អូនស្រីរបស់លោកទៅដែរឬយ៉ាងណាទេ?
លោកភារុណ បញ្ជាក់ថា “ខេមរៈ សិរីមន្ត ពិតជាបានចូលផលិតកម្មរស្មីហង្សមាស ដូចដែលមានការភ្ញាក់ផ្អើលអីចឹងមែន តែរឿងកុងត្រាជាមួយហង្សមាស ខ្ញុំសូមមិនប្រាប់ទេ គ្រាន់តែដឹងថា ចូលហង្សមាស ហើយទៅ។ ខ្ញុំក៏ចូលហង្សមាស ដែរ តែរឿងប្អូនស្រីខ្ញុំ ខេមរៈ ស្រីពៅ ខ្ញុំក៏មិនអាចនិយាយបានដែរ។ ចំពោះមូលហេតុនៃការចេញពីសាន់ដេ ចូលហង្សមាស នេះ ក៏ខ្ញុំមិនអាចនិយាយអ្វីដែរបាទ”។
ការបោះជំហានថ្មីរបស់ខេមរៈ សិរីមន្ត ទៅផ្ញើខ្លួននៅផលិតកម្មរស្មីហង្សមាស នៅពេលនេះ រឹតតែបញ្ជាក់ថា មានតែហង្សមាស ទេដែលជាផលិតកម្មធំ និងមានតារាល្បីៗជាងគេនៅស្រុកខ្មែរ ហើយអ្នកខ្លះបានលើកឡើងថា សិរីមន្ត នឹងកាន់តែល្បីល្បាញជាងនេះថែមទៀតជាមិនខាន។ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា សិរីមន្ត ដែលជាតួឯកល្បីជាងគេនៅសាន់ដេ នោះនឹងជួបឧបសគ្គធំ ព្រោះហង្សមាស មានតួឯកជាស្រេចទៅហើយ មុនពេលដែលសិរីមន្ត បោះជំហានចូលនេះ គឺព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ដូចនេះការមកដល់របស់សិរីមន្ត នឹងធ្វើឱ្យតារាល្បីរូបនេះឈរនៅទ្រនំហង្សមាស លើតារាទាំងអស់ តែមិនអាចល្បីជាងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា បានឡើយ។
លោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស និងរស្មីហង្សមាស មិនធ្វើអត្ថាធិប្បាយចំពោះតារាចម្រៀងខេមរៈ សិរីមន្ត ចេញពីសាន់ដេ ចូលផលិតកម្មរបស់លោកនោះឡើយ។
លោកឆៃងួន និយាយខ្លីថា “ឥឡូវខ្ញុំកំពុងតែនៅលើយន្តហោះ មិនអាចនិយាយអ្វីបានទេ”។ ដោយឡែក លោកអ៊ឹង សុខលាភ ជាអ្នកចាត់ការទូទៅរបស់ផលិតកម្មហង្សមាស បានបិទទូរស័ព្ទ មិនអាចទាក់ទងបានទេ។
លោកសេង សំអាន ជាសាស្ត្រាចារ្យនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការសម្រេចចិត្តចូលហង្សមាស របស់ខេមរៈ សិរីមន្ត នៅពេលនេះ គឺត្រឹមត្រូវ ហើយរូបគេអាចនឹងកាន់តែល្បីថែមទៀតជាមិនខាន។
លោកសំអាន អះអាងថា “ខ្ញុំចង់និយាយខ្លី ហើយឱ្យបងប្អូនយកទៅពិចារណារឿងនេះថា ការចូលហង្សមាស របស់សិរីមន្ត នៅពេលនេះ គឺដោយសារតែផលិតកម្មថោន បើកទូរទស្សន៍ហ្នឹងឯង។ ថោន មានតារាច្រៀងពេជ្រ ថាណា ដែលនៅក្មេងស្អាតសង្ហា ហើយច្រៀងស្ទីលសិរីមន្ត អីចឹងគេមានទូរទស្សន៍ បើគេឡង់សេថាណា នឹងល្បី ហើយសិរីមន្ត បើទៅបើកផលិតកម្មផ្ទាល់ខ្លួនវិញ តើមានអីផ្សព្វផ្សាយ មានទូរទស្សន៍អីដូចគេទេ អីចឹងគឺត្រូវតែទៅចូលហង្សមាស ហើយដែលគេមានការផ្សព្វផ្សាយឡង់សេឱ្យខ្លួននៅតែល្បីអីចឹង។ ខ្ញុំយល់ថា ហង្សមាស គេមិនដែលយកដុំថ្មក្លែងក្លាយទៅច្នៃជាពេជ្រទេ គឺគេយកពេជ្រទៅតែម្តង ជារបស់មានតម្លៃពិត”។
មហាជនមានចម្ងល់ថា ខេមរៈ សិរីមន្ត ច្រៀងនៅសាន់ដេ គឺល្បីសឹងតែគ្រប់បទទាំងអស់ ដែលពេលខ្លះថែមទាំងធ្វើឱ្យតំណែងព្រាប សុវត្ថិ រង្គើម្តងៗទៀតផង។ តែចុងក្រោយ ខេមរៈ សិរីមន្ត ដែលថាទៅបើកផលិតកម្មខ្លួនឯងនោះ បែរជាហក់ចូលហង្សមាស សោះ ហើយការទៅដល់ទ្រនំតារាចម្រៀងល្បីដែលចេញបទបើកឆាកដំបូងបទ “ស្ទឹងត្រែងបងអើយ” នេះនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទីផ្សារតារាចម្រៀងណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ និងម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ថែល ថៃ ជាមិនខាន ស្របពេលដែលមានការលើកឡើងដែរថា ហេតុអីបានជាសាន់ដេ ព្រមលែងសិរីមន្ត ទៅឱ្យផលិតកម្មជាគូប្រជែងរបស់ខ្លួនហង្សមាស ទៅវិញ?
លោកឡាយ សុខចំរើន ថៅកែផលិតកម្មសាន់ដេ បានឱ្យដឹងថា លោកមិនបានខ្វល់ខ្វាយច្រើនពីរឿងដែលខេមរៈ សិរីមន្ត ចេញពីសាន់ដេ ចូលហង្សមាស នាពេលនេះទេ ព្រោះជាការសម្រេចចិត្តរបស់គាត់។
លោកសុខចំរើន បានបញ្ជាក់ថា “រឿងហ្នឹងសម្រាប់គេមានការភ្ញាក់ផ្អើលនាពេលនេះ តែខ្ញុំមិនបានគិតច្រើនលើរឿងនេះពេកទេ។ ធម្មតា សិរីមន្ត គាត់ចប់កុងត្រាហើយជាមួយផលិតកម្មសាន់ដេ អីចឹងគាត់អាចមានសិទ្ធិជ្រើសរើសជារឿងរបស់គាត់។ បើសិរីមន្ត នៅមានកុងត្រាជាមួយសាន់ដេ ហើយគាត់ទៅចូលហង្សមាស អាហ្នឹងទើបខ្ញុំត្រូវស្តាយក្រោយ ឬមានការខកចិត្ត តែនេះគាត់ចប់កុងត្រាហើយ មិនអីទេ យើងមិនមានបញ្ហាវិវាទអីជាមួយគ្នាទេ។ ចំពោះរឿងថា សិរីមន្ត ត្រៀមបើកផលិតកម្មនោះ ខ្ញុំក៏មិនដឹងច្បាស់ដែរ គឺឮដូចគេ តែចុងក្រោយ យើងឃើញថាគាត់ទៅចូលហង្សមាស មែន”។
ដោយឡែកខេមរៈ សិរីមន្ត បានបញ្ជាក់នៅថ្ងៃដដែលនោះថា “ខ្ញុំចូលហង្សមាស គឺដោយសារតែខ្ញុំផុតកុងត្រាជាមួយផលិតកម្មសាន់ដេ អីចឹងខ្ញុំមានសិទ្ធិក្នុងការជ្រើសរើស ហើយយើងគ្មានបញ្ហាវិវាទគ្នាជាមួយសាន់ដេ ទេ គឺចេញដោយសន្តិវិធី ហើយលោកមិនអាចប្រាប់ពីការកុងត្រានៅហង្សមាស ប៉ុន្មានឆ្នាំនោះទេ។ ខ្ញុំក៏សប្បាយចិត្តដែរពេលនេះ ដែលបានជួបដៃគូចាស់ កញ្ញាឱក សុគន្ធកញ្ញា វិញ យើងធ្វើការជាមួយគ្នាវិញ។ ខ្ញុំបានថតបទចម្រៀងបានមួយចំនួនហើយ និងចេញជាបន្តបន្ទាប់ នាពេលឆាប់ៗនេះ បន្ទាប់ពីខ្ញុំបានចេញបទ “ស្ទឹងត្រែងបងអើយ” ដែលជាបទមរតកដើមនេះ។ ការចូលហង្សមាស របស់ខ្ញុំនាពេលនេះ គឺយើងតែងតែមានជំនឿចិត្តលើការធ្វើការរបស់យើង ហើយយើងនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ តែខ្ញុំមិនហ៊ាននិយាយមុនថា រំពឹងប៉ុនណាទេ។ ខ្ញុំសូមឱ្យបណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ដែលតែងតែគាំទ្រខ្ញុំ សូមឱ្យពួកគាត់នៅបន្តការគាំទ្រតទៅទៀត ហើយយើងនឹងមានបទចម្រៀងពីរោះៗជាច្រើនទៀតចេញនាពេលខាងមុខនេះ។ ដោយឡែករឿងថា ខ្ញុំនិងលោកព្រាប សុវត្ថិ មានការប្រជែងគ្នា ឬភ្នំ១ គ្មានខ្លា២អីនោះ គឺគ្មានរឿងបែបនេះទេ យើងខិតខំធ្វើការឱ្យបានល្អ ដោយប្រឹងប្រែងរៀងៗខ្លួនប៉ុណ្ណោះ។ ចំណែករវាងខ្ញុំនិងសាន់ដេ គឺនៅតែរាប់អានគ្នា គាត់មានកម្មវិធីអី ខ្ញុំនៅតែចូលរួមអីចឹង ហើយរឿងដែលគេថាខ្ញុំបើកផលិតកម្មនោះ ធ្វើម៉េចខ្ញុំមិនអាចហាមឃាត់បានទេ”៕