ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតារាជើងចាស់ម្នាក់ មានឈ្មោះសំពូន មីដាដា ត្រូវបានជាប់ចោទថាជាបក្ខពួកក្រុមយកដុំថ្មដេញគប់គ្នាផ្អើលហាង ខណៈពេលលោកនិងមិត្តភក្កិទៅលេងអុកនៅទីនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៥ នៅចំណុចមុខហាង V-Street food Band ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញលោកសំពូន មីដាដា បានចូលមកហូបអីក្នុងហាង V-Street food Band ជាមួយក្មេងតូចៗ២ទៅ៣នាក់ រួមជាមួយមិត្តភក្តិ២នាក់ទៀត ហូបអីបណ្តើរលេងអុកបណ្តើរ ក៏ស្រាប់តែមានតុជិតគាត់២តុទៀត អង្គុយផឹកស៊ីជិតនោះ មិនដឹងថា ទាស់សំដីគ្នារឿងអីនោះទេ បានជាចេញទៅយកដុំថ្មដេញគប់គ្នាផ្អើលពេញផ្លូវ ជិតស្តុប DN ភ្លាមៗនោះដែរក៏លោកសំពូន មីដាដា ភ័យខ្លាច ណាមួយមិនចង់ឲ្យល្បីផងនោះ ក៏បើករថយន្តដឹកក្មេងៗ និងមិត្តភក្កិចេញទៅបាត់ មួយសន្ទុះក្រោយមកក៏គាត់ភ្លេចគិតលុយឲ្យគេ ក៏បត់ត្រឡប់មកវិញ ដើម្បីគិតលុយឲ្យម្ចាស់ហាង ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលរងរបួសដោយសារវាយតប់គ្នានោះ បានមកចោទលោកសំពូន មីដាដា ជាបក្ខពួកជនបង្កដែលយកដុំថ្មគប់ទៅលើពួកគាត់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុសួរនាំម្ចាស់ហាង និងលុះពេលដែលសួរនាំទៅ ទើបដឹងរឿងរ៉ាវថា លោកសំពូន មីដាដា មិនមែនជាបក្ខពួកជនបង្កទេ ចំណែកជនបង្កបានរត់គេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុបុរសដែលចោទប្រកាន់លោកសំពូន មីដាដា មិនបានទៅដាក់ពាក្យបណ្តឹងអីនោះទេ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន៕