Wednesday, November 27, 2024
Homeតារាខ្មែរសួស វីសា ព្រមានចាប់ខ្លួនប្រុសអាណិកជន

សួស វីសា ព្រមានចាប់ខ្លួនប្រុសអាណិកជន

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់អ្នកយកព័ត៌មាន “អង្គរធំ” ជាមួយកញ្ញាសួស វីសា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ៖

អង្គរធំ ៖ ឮថា កញ្ញាសួស វីហ្សា ដេកមិនលក់ឡើយ តាំងពីត្រូវលោកឆាំ ឆានី ចោទថា នាងមានពាក់ព័ន្ធ ស្នេហ៍ជាមួយលោកនាយករដ្ឋមន្ត្រីមក អីចឹងតើពេលនេះភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួនទេ?

វីសា ៖ ខ្ញុំដូចជាមិនជាត្រូវភ័យព្រួយអីដល់ថ្នាក់ហ្នឹងទេ ព្រោះអីបុគ្គលឆាំ ឆានី ហ្នឹងដើរតែចោទគេផ្តេសផ្តាស អីចឹងមិនមែនមានតែខ្ញុំម្នាក់ទេ គឺមាន៤ឬ៥នាក់ហើយ ដែលត្រូវគាត់ចោទគេគ្រប់គ្នាអីចឹង។ ខ្ញុំធ្វើការឡើងច្រៀងតាមឆាកធម្មតាដូចតែមុនអីចឹង មិនបានទៅណាផង អត់អីទេបង!

អង្គរធំ ៖ តាំងពីមានរឿងគេចោទថា វីសា មានស្នេហ៍ជាមួយថ្នាក់ដឹកនាំកំពូលបែបនេះមក តើប៉ះពាល់ដល់អារម្មណ៍ និងអាជីពសិល្បៈរបស់នាងខ្លាំងដែរឬទេ? នៅរកចំណូលបានដូចមុនទេ ឬក៏ធ្លាក់ចុះគេលែងសូវហៅ?

វីសា ៖ អត់មានបាត់ទីផ្សារអីមួយបន្តិចទេ! តាំងពីមានរឿងហ្នឹងមក ខ្ញុំមានតែរវល់ច្រៀងច្រើនជាងមុនទៀតផង និយាយទៅពេលហ្នឹង ទោះជាខែភ្លៀងមែន តែខ្ញុំរវល់ច្រើនណាស់ ចេញច្រៀងកម្មវិធីគេ និងឡើងប៉ុស្តិ៍រហូតហ្នឹង! ទីផ្សារការងារសិល្បៈរបស់ខ្ញុំល្អជាងមុននៅពេលនេះ គ្មានការធ្លាក់ចុះទេ គឺមានតែកើនឡើង។ ចំពោះអារម្មណ៍វិញ ធម្មតាទេ គឺនៅសុខៗគេមកចោទយើងអីចឹង គឺពិតជាមិនសប្បាយចិត្តហើយ តែគាត់ហ្នឹងតែអីចឹង ដើរតែចោទគេផ្តេសផ្តាសអីចឹង មិនមែនតែខ្ញុំម្នាក់ទេ!

អង្គរធំ ៖ តើវីសា មានបានទៅជួបថ្នាក់ដឹកនាំទេ តាំងពីមានរឿងនេះផ្ទុះមក ហើយខាងប្រមុខរដ្ឋាភិបាល គាត់មានប្រាប់នាងឱ្យធ្វើយ៉ាងម៉េចដែរទេ?

វីសា ៖ ខ្ញុំមិនបានជួបប្រមុខដឹកនាំដោយផ្ទាល់ទេ តែគាត់បានផ្តាំតាមគេថា កុំឱ្យខ្ញុំខ្វល់ខ្វាយគិតច្រើនពេក តែជិតបោះឆ្នោតអីចឹង មានរឿងអីចឹងមកហើយ។ គាត់ថា រឿងហ្នឹងជារឿងនយោបាយទេ កុំពិបាកចិត្តអី សូម្បីតែគាត់មានរឿងច្រើនណាស់ អីចឹងយើងកុំទៅខ្វល់អី ហើយសម្រាប់ខ្ញុំមិនគិតអីផង គឺនៅតែធ្វើការធម្មតា!

អង្គរធំ ៖ តើវីសា ប្តឹងលោកឆាំ ឆានី ទេ ក្នុងករណីដែលគាត់នៅតែចោទប្រកាន់នាងរឿងស្នេហ៍ជាមួយសម្តេចនាយករដ្ឋមន្ត្រីទៀត ព្រោះមុននេះ គាត់បានជំរុញឱ្យវីសា ថា សូមអញ្ជើញប្តឹងគាត់ឱ្យបានឆាប់ៗផង?

វីសា ៖ ខ្ញុំបានដាក់ពាក្យបណ្តឹងទៅសមាគមសិល្បករខ្មែររបស់ អ្នកនាងចន ច័ន្ទលក្ខិណា ហើយគេមានមេធាវីធ្វើការឱ្យខ្ញុំក្នុងរឿងនេះ។ និយាយទៅ ខាងសមាគមអ្នកនាងចន ច័ន្ទលក្ខិណា គាត់ជួយយើងច្រើនដែររឿងនេះ ផ្នែកផ្លូវច្បាប់ គាត់មិនព្រងើយកន្តើយទេ ហើយក្នុងករណីដែលលោកឆាំ ឆានី ហ្នឹងចេញមកដោយចោទខ្ញុំ ទាំងខ្ញុំមិនដឹងអីចឹងទៀត គឺគេចាប់គាត់ភ្លាមតែម្តង។ ប៉ុន្តែតាំងពីមានរឿងហ្នឹងជាងកន្លះខែមក បុគ្គលនេះហាក់ដូចជាលែងហ៊ានចេញមុខនិយាយរឿងហ្នឹងទៀតហើយ គឺដូចជាមិនដូចមុនទៀតទេ ព្រោះដូចដឹងហើយថា ប្រទេសយើងមានច្បាប់ អ្នកឯងចោទគេ បង្ខូចគេ នឹងប្រឈមជាមួយផ្លូវច្បាប់!

អង្គរធំ  ៖ ឥឡូវនេះវីសា ទៅច្រៀងឬទៅណាមកណា មានក្រុមគ្រួសារដើរតាមការពារសុវត្ថិភាព ឬក៏នាងទៅ តែម្នាក់ឯង មិនមានការភ័យព្រួយអីទេ?

វីសា ៖ ខ្ញុំទៅណាមកណាតែម្នាក់ឯងដូចមុន មានរឿងអីចាំបាច់មានអ្នកតាមការពារទៅ? ខ្ញុំធ្វើការធម្មតា ទៅច្រៀងកម្មវិធីគេ ដូចតែមុនអីចឹង! គ្មានបញ្ហាអីទេ។ ឥឡូវខ្ញុំរវល់ការងារសិល្បៈច្រើនជាងមុនផង រកតែពេលសម្រាកសឹងតែគ្មានទេ!

អង្គរធំ ៖ មានព័ត៌មានថា វីសា ត្រូវផលិតកម្មរស្មីហង្សមាស ហៅឱ្យថតភាពយន្តភាគថ្មីរបស់ប៉ុស្តិ៍ហង្សមាស។ តើយ៉ាងម៉េចដែរ ជាអ្នកចម្រៀងបែរជាទៅថតកុនអីចឹងពិបាកច្រើនទេ?

វីសា ៖ រឿងហ្នឹងជាការពិត គាត់បានប្រាប់យើងដែរ តែខ្ញុំមិនអាចប្រាប់បងច្រើនបានទេ ព្រោះក្រុមហ៊ុនមិនឱ្យនិយាយមុន។ ខ្ញុំនឹងថតរឿងឱ្យហង្សមាស ទោះគាត់ឱ្យលេងជាតួអីក៏បានដែរ មិនបាច់ចាំតែជាតួឯកនោះទេ។ ខ្ញុំស្រលាញ់អាជីពចម្រៀងនិងសម្តែងដូចគ្នាអីចឹង តែនៅរដូវធ្លាក់ភ្លៀងនេះ ខ្ញុំផ្តោតលើការធ្វើបទចម្រៀងថ្មីៗឱ្យបានច្រើន ដែលមានទាំងបទញាក់និងបទស្លូវ…។

គួរបញ្ជាក់ថា សួស វីសា ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Rock Star របស់ទូរទស្សន៍ CTN ដែលចូលច្រៀងឱ្យផលិតកម្ម Rock មានភាពលេចធ្លោគួរសម តែតាំងពី Rock ផ្អាកផលិតបទចម្រៀងមក អតីតគូដណ្តឹងលោកមាស សាឡី ដែលចូលជ្រកនៅហង្សមាស នេះ មិនអាចប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឡើយ ហើយក្តីសង្ឃឹមនាងចង់បានតំណែងលេខ២ នៅហង្សមាស ត្រូវរលាយ ស្រាប់តែពេលនេះ មកប៉ះរឿងស្នេហ៍ដ៍រសើប ត្រូវគេចោទពាក់ព័ន្ធស្នេហ៍នាយករដ្ឋមន្ត្រីទៀត ទើបធ្វើឱ្យតារាសាច់សខ្ចីកាន់តែពិបាកប្រឈម៕

RELATED ARTICLES