ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា កិច្ចការព្រំដែន លំបាកហួសថ្លែង តែបានត្រឹម ទទួលរងការប្រមាថ ស្ទើរតែមិនឱ្យលោកទ្រាំ ទទួលយកបាន។
លោកបណ្ឌិតសុខ ទូច បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ថា “វាលំបាកស្ទើតែរកពាក្យមកថ្លែងមិនបាន សម្រាប់អ្នកធ្វើកិច្ចការព្រំដែននេះ។ លំបាកក្នុងការស្វែងរកឯកសារ ក្រោយពីបានឯកសារមកហើយ ត្រូវផ្ទៀងផ្ទាត់រវាងផែនទី និងផែនដីទៀត ហើយជាពិសេសទៅទៀតនោះ មិនទាន់មានការសរសេរសៀវភៅ ពីរឿងប្រវត្តិសាស្ត្រ លើបញ្ហាព្រំដែននៅឡើយទេ។ ក្រុមយើង នឹងខិតខំកសាងសៀវភៅនេះ សម្រាប់ មនុស្សជំនាន់ទៅមុខទៀត។ តែផ្ទុយទៅវិញ បានត្រឹមតែគេដាក់បណ្តាសា ប្រមាថមើលងាយ ប្រើពាក្យគ្មានសីលធម៌មកលើក្រុមរបស់យើង”។
បន្ថែមលើសំណេរខាងលើនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ លោកពិតជានឹងទទួលរងនូវការប្រមាថដ៏ធ្ងន់ ពិបាកនឹងទទួលយកបានមែន ប៉ុន្តែលោកនឹងព្យាយាមអត់ធ្មត់ ប្រឹងប្រែងធ្វើការងារព្រំដែននេះទៅមុខទៀត។
លោកសុខ ទូច បានមានប្រសាសន៍ថា “នេះគ្រាន់តែវាអ៊ីចេះ គឺខាងផ្លូវកាយ ផ្លូវចិត្ត គឺវាពិបាក ដល់ពិបាកហើយ អ្នកដែលមិនបានធ្វើ ហើយមិនដឹងរឿង អត់បានសួរ អត់ព្រមចង់ចេះចង់ដឹង ចាប់ជេរដាក់បណ្តាសា។ សម្រាប់ខ្ញុំ មនុស្សដូចតែគាត់ដែរ តែកាលណានិយាយពាក្យដាក់បណ្តាសាហ្នឹង វាធ្វើឱ្យមានអារម្មណ៍មួយទទួលយកមិនបាន។ ប៉ុន្តែធ្វើម៉េច បើសង្គម យើងវាអ៊ីចឹង អាងអីអាងតែបកស្រាយជេរប្រទេចអ៊ីចឹងវាអត់ត្រឹមត្រូវ អ៊ីចឹងខ្ញុំគ្រាន់តែ ថា វាស្ទើរតែទ្រាំមិនបាន ហើយទ្រាំមិនបានហ្នឹងហើយ ដែលធ្វើឱ្យយើងមានចិត្តថាហិង្សា មានអារម្មណ៍ប៉ុណ្ណឹង ខ្ញុំមានគំនិតប៉ុណ្ណឹង អ្វីដែលខ្ញុំបានបកស្រាយ ហើយអាសូរតែអ្នកដែលជេរហ្នឹង សួរថាមានឯកសារអី? ឱ្យមក។ ខ្ញុំមិន ដែលបដិសេធទេ ខ្ញុំរីករាយនឹងទទួលយកនូវឯកសារគ្រប់មជ្ឈដ្ឋានទាំងអស់។ ដូចយើងខ្ញុំ ចុះផែនទីហ្នឹង ខ្ញុំបានមើលផែនទី ទាំងគណបក្សសង្គ្រោះជាតិ ទាំងរដ្ឋាភិបាល ទាំងបណ្ណាល័យបារាំង ទាំងសហរដ្ឋអាមេរិក ទាំងអង្គការសហប្រជាជាតិ។ យើងយកមក ប៉ុន្តែឥឡូវពួកខ្ញុំខុសអី? ហើយបើខុសឱ្យមក! ពេលដែលឱ្យមក ពួកខ្ញុំនឹងទទួលធ្វើការកែតម្រូវ ឬយើងមើលទៅស្អីដែលវាត្រឹមត្រូវ? តែបើអត់មាន ហើយមកបន្ទោសខ្ញុំម៉េចបាន ហើយមកជេរដាក់បណ្តាសាខ្ញុំ បើខ្លួនឯងមិនទាំងមានអីផង ហើយមកដាក់បណ្តាសាគេ នៅពេលដែលខ្លួនឯងអត់អីទាំងអស់។ ប៉ុន្តែខ្ញុំបន្តទៅមុខ ដើម្បីប្រវត្តិសាស្ត្រ ខ្ញុំដឹងថា កន្លែងខ្លះអត់ទ្រាំមិនបាន ប៉ុន្តែព្យាយាមនៅក្នុងការអត់ធ្មត់ ពីព្រោះស្អីក៏ដោយ វាមានដែនកំណត់របស់វា ប៉ុន្តែជួលកាលខឹងទៅទប់ មិនបានអីមិនបាន អ៊ីចឹងហើយ ក្រោយមកយើងសម្រួលឥរិយាបថតាមហ្នឹង”។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិតសុខ ទូច បានបញ្ជាក់៥ចំណុច គឺទី១ និយាយអំពីដំណើរចរចា រវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ។ ទី២ និយាយអំពីការដកទ័ពរបស់ឡាវ ទី៣ និយាយអំពីអ្វីដែលត្រូវធ្វើនៅក្នុងតំបន់ហ្នឹង ទី៤និយាយ អំពីយុទ្ធសាស្ត្រ និងទី៥ និយាយអំពីប្រវត្តិសាស្ត្រ សម្រាប់ចងក្រងទៅថ្ងៃអនាគត សម្រាប់ក្មេងជំនាន់ក្រោយ។
ក្នុងការចុះទៅស្រាវជ្រាវផ្ទាល់ដល់ចំណុច ព្រំដែនដែលមានទំនាស់ជាមួយឡាវ នៅតំបន់ អូរអាឡៃ និងអូរតាង៉ាវ ខេត្តស្ទឹងត្រែង នោះ លោកបណ្ឌិតសុខ ទូច បានមើលឃើញផ្ទាល់ភ្នែកនូវ៥ចំណុចសំខាន់ៗរួមមាន ១-ឡាវបាន បោះទីតាំង លើទឹកដីខ្មែរ ២-ឡាវបានយក ប្រជាជនឱ្យមករស់នៅលើដីខ្មែរ ៣-ឡាវបាន ធ្វើអាជីវកម្មលើដីខ្មែរ ៤-ឡាវបានប្រើប្រាស់ កងទ័ព ដើម្បីទប់ការធ្វើដំណើររបស់ប្រជាជន ស៊ីវិល និងកងទ័ពកម្ពុជា ដោយមានបំណង សម្រេចនូវលក្ខណៈសម្បត្តិនៃការកាន់កាប់ដោយ ស្របច្បាប់។ ៥-អ្វីដែលយើងបានទាមទារមក វិញនេះ គឺជាសម្បត្តិមហាសាល ដោយនៅក្នុង ទឹកមានត្រី នៅលើដីមានព្រៃឈើក្នុងដីមានរ៉ែ។
ក្រោយការធ្វើសន្នសីទនោះ លោកសុខ ទូច ត្រូវទទួលបានការកោតសរសើរពីរដ្ឋាភិបាល និងនិស្សិតបញ្ញវន្តមួយចំនួន ប៉ុន្តែមួយចំនួនទៀត បានធ្វើការរិះគន់មកលើលោកសុខ ទូច ទាក់ទង នឹងកិច្ចការព្រំដែននោះ។ ក្នុងនោះអ្វីដែលរិះគន់ និងទទួលការប្រមាថពីមជ្ឈដ្ឋានទាំងនោះខ្លាំង គឺនៅត្រង់ពាក្យដែលលោកសុខ ទូច ថា បើ ផ្ទៀងផ្ទាត់ រវាងផែនទី និងផែនដី នៃព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាមនោះ ដីសម្តេច ភូមិកំណើតរបស់សម្តេចហេង សំរិន ប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងដីដែនរបស់វៀតណាម។
យ៉ាងណាក៏ដោយ លោកសុខ ទូច បញ្ជាក់ថា លោកគ្មានបំណងចោទថា សម្តេចហេង សំរិន យកដីវៀតណាមនោះទេ លោកគ្រាន់តែ លើកឡើងបែបវិទ្យាសាស្ត្រតាមផែនទី ដែល បន្សល់ពីអាណានិគមបារាំងប៉ុណ្ណោះ ប៉ុន្តែអ្នក សារព័ត៌មានមិនបានបញ្ជាក់ឱ្យអស់ន័យ ធ្វើឱ្យមានការយល់ច្រឡំ។
លោកសុខ ទូច បានមានប្រសាសន៍បន្តថា “ខ្ញុំគ្រាន់តែជម្រាបថា យើងសម្រាប់ប្រវត្តិសាស្ត្រ យើងដឹងហើយថា ទឹកដីយើងធំណាស់ ប៉ុន្តែ យើងដឹងថា យើងទទួលយកផែនទីក្រោយពី អាណានិគមបារាំង។ អ៊ីចឹងបើតាមផែនទីអាណានិគមបារាំង បើសិនជាយើងទម្លាក់ផែនទី ទៅលើផែនដី ដីសម្តេចហេង សំរិន ហ្នឹង វានៅក្នុងអធិបតេយ្យភាពរបស់វៀតណាម ប៉ុន្តែ បើយើងធ្វើកិច្ចព្រមព្រៀង De Fucto ការកាន់កាប់ដោយស្របច្បាប់ ចាប់ពី៥០ឆ្នាំទៅ ហើយដីសម្តេចហេង សំរិន គាត់មិនមែន៥០ឆ្នាំឯណា បន្តពីឪពុកគាត់មកចូលរយឆ្នាំហើយហ្នឹង។ អ៊ីចឹង តាមដែល De Fucto វាស្របច្បាប់ វាជារបស់យើង។ ខ្ញុំគ្រាន់តែបកស្រាយតើ ! ប៉ុន្តែអ្នកដទៃ ដូចអាស៊ីសេរីអី មិនយកពាក្យខ្ញុំពេញ យកពាក្យថា ដីលោកតាហេង សំរិន ជាដីរបស់វៀតណាម យកតែប៉ុណ្ណឹង ហើយទៅវ៉ៃ អាហ្នឹងខ្វះសីលធម៌ ហើយខ្ញុំនិយាយក្នុងនាមវិទ្យាសាស្ត្រ ខ្ញុំអត់មានក្នុងន័យនយោបាយទេ ពីព្រោះរឿងព្រំដែន រឿងទឹកដី មិនមែនជារឿងនយោបាយទេ ព្រោះអានេះតពូជតពង្សប្រវត្តិសាស្ត្រ ខ្ញុំមិនឱ្យកូនខ្ញុំ ជាប់ដានថាខ្ញុំហ្នឹងកាត់ដីអ្នកណា ឬដោយសារ អ្នកណាទេ គឺធ្វើអីទៅតាមកិច្ចការវិទ្យាសាស្ត្រនេះ។ …លំបាកណាស់ មនុស្សដែលមិនដឹង ហើយបើដឹងហើយអារម្មណ៍របស់ខ្លួនប្រើប្រាស់ ក្នុងចរន្តនយោបាយ អាហ្នឹងយើងពិបាកសម្រួលគេ។ ចំពោះផ្លូវច្បាប់ ខ្ញុំមិនដឹងថា ច្បាប់ខាង ណា ខ្ញុំមិនដឹងទេ ពីព្រោះទុកឱ្យរដ្ឋាភិបាលគេ ចាត់ចែង ទុកឱ្យខាងច្បាប់គេចាត់ចែងទៅ ពីព្រោះខ្ញុំមិនមានលទ្ធភាព ហើយប្រសិនកាលណាតែខ្ញុំប្តឹង ខ្ញុំទៅជាអ្នកដើមចោទ ហើយដើម ចោទហ្នឹង គឺច្បាស់ជាដើរទៅតុលាការ ខ្ញុំគ្មានពេលទេ ពីព្រោះការងារច្រើនសម្រាប់ខ្ញុំ ហើយ ទី២ ខ្ញុំមិនមានថវិកាច្រើនសម្រាប់ទៅជួលមេធាវី សម្រាប់បណ្តឹងអីអ៊ីចឹងទេ ទុកភារកិច្ចនេះ ឱ្យ រដ្ឋាភិបាលជាអ្នកចាត់ចែង ឬក៏ទុកឱ្យសង្គមជា អ្នកកាត់ក្តីទៅលើបុគ្គលទាំងអស់នោះ។ ទោះយ៉ាងណា អ្វីដែលជាជំហរដ៏រឹងមាំរបស់ខ្ញុំ គឺការ ប្រឹងប្រែងស្រាវជ្រាវកិច្ចការព្រំដែន បន្តទៅ ទៀត”៕
កុលបុត្រ