Friday, September 20, 2024
Homeតារាខ្មែរតួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” ឆុំ វត្តី មិនញញើតដាវ ខ្លាចឈុតដោះអាវ

តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” ឆុំ វត្តី មិនញញើតដាវ ខ្លាចឈុតដោះអាវ

តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” ឆុំ វត្តី ដែលឈឺខ្លួនក្រោយលេងរឿងប្រវត្តិសាស្ត្រ ខ្មែរ នេះចប់ ដោយសារធ្លាក់លើខ្នងសេះច្រើនដងនោះ រំពឹងថា នាងនឹងល្បីល្បាញជាងនេះទៀតជាមិនខាន ព្រោះនាងប្រឹងអស់ពីសមត្ថភាពហើយ។

បើទោះជាវត្តី ហាក់ជាតួស្រីក្លាហានជិះសេះ និងកាប់ដាវ ដូចប្រុសក្តី តែវត្តី បែរជាញ៉ាកនឹងឈុតថតស្រាត មិនហ៊ានប្រថុយលេងឈុតស្នេហារោលរាលលើគ្រែ ឬឈុតដោះអាវ ដូចតារាសម្តែងកំពុងល្បីឈុតស្រើបស្រាល ឌុច លីដា នោះ ឡើយ…។

តួឯកស្រីក្នុងរឿង “ហ្លួងព្រះស្តេចកន” ឆុំ វត្តី មិនខ្លាចញញើតក្នុងការសម្តែងឈុតជិះសេះកណ្តាលព្រៃ ដៃកាន់ដាវកាប់ចាក់ជាមួយគូសត្រូវ ដូចប្រុសនោះទេ បើទោះជាពេលខ្លះត្រូវធ្លាក់ពីលើខ្នងសេះឈឺខ្លួនយ៉ាងណា ក៏ស៊ូទ្រាំដែរ ព្រោះនាងអះអាងថា ស្រលាញ់អាជីពសិល្បៈនេះជាយូរណាស់មកហើយ តែវត្តី ដែលមានសម្បុរស្រអែមស្រស់ រាងខ្ពស់ស្រឡះ និងជាតារាម៉ូឌែលរូបនេះ បែរជាញ៉ាកមិនហ៊ានប្រថុយលេងរឿងស្នេហា ដោយមានឈុតឱបថើបបែបស្រើបស្រាលឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយឆុំ វត្តី តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” រូបនេះ បានឱ្យដឹងថា នាងហាត់រៀនកាប់ដាវ និងជិះសេះ ៣ខែ ទើបអាចឈានទៅថតរឿងប្រវត្តិសាស្ត្រនេះបានដោយជោគជ័យ ហើយនាងសង្ឃឹមថា នឹងមានបងប្អូនគាំទ្រច្រើនជាមិនខាន ព្រោះនាងប្រឹងប្រែងខ្លាំងណាស់ ទម្រាំថតចប់រឿង១នេះ។

វត្តី ថ្លែងថា “រឿង “ហ្លួងព្រះស្តេចកន” នេះ ឈុតដែលខ្ញុំពិបាកជាងគេ គឺត្រង់ជិះសេះកាប់ដាវ តែខ្ញុំត្រូវអ្នកដឹកនាំរឿងលោកម៉ៅ អាយុទ្ធ ឱ្យខ្ញុំហាត់សមមុន៣ខែ ទើបអាចលេងបាន។ ក្នុងនាមជាសិល្បការិនីម្នាក់ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានថតរឿងនេះ ហើយជាតួឯកទៀតផង រំភើបមែនទែនរហូតមិនដឹងថា និយាយម៉េចឡើយ។ ចំពោះរឿងថា ខ្ញុំអាចលេងរឿងជិះសេះចម្បាំង និងកាប់ដាវបាន តែលេងឈុតស្នេហា រោលរាលវិញម៉េចដែរ? (សើច)។ និយាយឱ្យត្រង់ទៅបង! ចំណុចខ្សោយរបស់ខ្ញុំតែម្តង ខ្ញុំមិនអាចទៅថតស្រាតព្រលែងអស់អីអត់ទេ ទោះជាបានតម្លៃខ្លួនប៉ុន្មានក៏អត់ដែរ។ ខ្ញុំលេងបានរឿងស្នេហាល្មមៗអី តែការថតកុន គេមានបច្ចេកទេសរបស់គេ មិនមែនយើងទៅព្រលែងអស់អី ខ្ញុំមិនហ៊ានទេ ទោះជាបានតម្លៃខ្លួនប៉ុន្មានក៏មិនចង់ដែរ និយាយទៅ ខ្ញុំអៀនខ្លួនឯងតែម្តង ធ្វើមិនបានដូចគេទេ”។

 

ឆុំ វត្តី ជាអតីតបេក្ខភាពកម្មវិធីស្រីស្រស់ប្រុសឆ្លាតរបស់បណ្តាញទូរទស្សន៍ CTN និងក្រុមបង្ហាញម៉ូដ Sun Super Model តែនាងបានផ្អាកសិល្បៈមួយរយៈ ទើបតែនៅឆ្នាំ២០១៤ទេ ដែលស្រីស្រស់រូបនេះ បានចូលប្រឡូកយ៉ាងពេញទំហឹងវិញ តាមរយៈការថតខារ៉ាអូខេឱ្យផលិតកម្មរស្មីហង្សមាស ថោន នឹងឆក់បានតំណែងតួឯកជាច្រើនរឿង ដូចជារឿង “សាកលវិទ្យាល័យកំណើតស្នេហ៍”, “ស្នេហ៍៩”, “ស្នេហ៍មិនឈ្នះស្និទ្ធ”, “ខ្សែកពជ្រ”, “វរសេនីយ៍កំពូលស្នេហ៍”, “វិកលចរិត” និងពេលនេះកំពុងតែថត២រឿងព្រមគ្នាតែម្តងគឺរឿង “ឈាមក្បត់បេះដូង” និងរឿង “អាគមស្បែកដាច់”។

តាមព័ត៌តមានថា វត្តី ទទួលបានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ ក្នុងការថតរឿង “ហ្លួងព្រះស្តេចកន” ហើយក្រោយបានតំណែងតួឯកធំនេះ វត្តី នឹងកាន់តែមានតម្លៃខ្លួនខ្ពស់ជាងមុនទៀត។

ឆុំ វត្តី មិនប្រាប់ថា ទទួលបានតម្លៃខ្លួនប៉ុន្មានពីរឿង “ហ្លួងព្រះស្តេចកន” នោះទេ តែនាងថា ពេលនេះនាងអាចរកប្រាក់ចំណូលពីសិល្បៈបានគួរសមជាងមុន។

តារាពូកែតែកាប់ចាក់លើខ្នងសេះ តែញ៉ាករឿងឈុតស្រើបស្រាលលើគ្រែរូបនេះ បន្ថែមថា “និយាយទៅ ពេលនេះខ្ញុំថតរឿងបានតម្លៃខ្លួនខ្ពស់ជាងមុន សមរម្យជាងមុនហើយបង តែខ្ញុំមិនអាចប្រាប់ថាប៉ុន្មានទេ។ ចំពោះរឿង “ហ្លួងព្រះស្តេចកន” គឺខ្ញុំបានទទួលបទពិសោធន៍ច្រើនពីរឿងនេះ ព្រោះអីខ្ញុំធ្លាប់លេងអស់ហើយ ជាតួកាច ស្លូត ឆ្នាសឆ្នើមជាដើម តែរឿងធំបែបប្រវត្តិសាស្ត្រអីចឹង ខ្ញុំមិនធ្លាប់បានថតពីមុនទេ ខ្ញុំគិតថា នេះជាឯកសារដ៏សំខាន់មួយសម្រាប់ខ្ញុំ ពេលដែលចាស់ទៅ ”។

ឆុំ វត្តី អាយុ២៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ទម្ងន់៤៧គក្រ ត្រូវបានគេសង្ស័យថា ស្រីស្រស់រូបនេះ មិនចង់ល្បីក្នុងឈុតស្នេហាក្តៅសាច់នោះ ព្រោះនាងមានគូស្នេហ៍ហួងហែងមិនអនុញ្ញាតឱ្យតារាប្រុសណាមកបន្លំ អង្អែលស្បែកនាងមុខកាមេរ៉ានោះឡើយ។

ឆុំ វត្តី បានអះអាងទៀតថា “រឿងស្នេហា ខ្ញុំមិនចង់លាក់បាំងបងទេ ព្រោះបើប្រាប់ថាអត់ ក៏គេមិនជឿដែរ អីចឹងខ្ញុំនិយាយត្រង់ថា ខ្ញុំមានសង្សារហើយ តែគ្មានអ្នកណាប្រចណ្ឌខ្ញុំក្នុងការសម្តែងនោះទេ។ ការដែលខ្ញុំមិនចង់ថតរឿងស្នេហា ព្រលែងខ្លួនអីហ្នឹង មកពីខ្ញុំនៅអៀនៗ ម៉្យាងទៀត ខ្ញុំមិនចង់ល្បីរ៉ូលបែបសិចស៊ីសាហាវៗអីចឹងទេ។ ខ្ញុំមានសង្សារហើយ គាត់មិនមែនជាអ្នកសិល្បៈទេ គឺជាអ្នកក្រៅសិល្បៈ ហើយខ្ញុំគ្មានបំណងជ្រើសរើសគូស្រករជាអ្នកសិល្បៈទេ ខ្ញុំចង់បានអ្នកក្រៅសិល្បៈវិញ។ និយាយទៅ ខ្ញុំមានសង្សារ តែមិនទាន់កំណត់ពេលវេលារៀបការទេ ស្វែងយល់ចិត្តគ្នាសិន”៕

RELATED ARTICLES