ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ក្រោយពីលែងលះជាមួយប្តីដើម ហើយមកយកប្តីចុងម្នាក់ទៀត រយៈពេលត្រឹម២ខែ សង្ស័យនឹកអាល័យប្តីចាស់ ហេតុតែមិនអស់និស្ស័យ ថ្វីត្បិតថាលែងលះ តែនៅមានសម្ព័ន្ធភាពស្នេហាដដែល តាមរយៈលេងហ្វេសប៊ុក បងអូន អូនបង មិនយូរប៉ុន្មានបានរត់ចោលប្តីចុងបាត់៤ថ្ងៃ មិនឃើញវិលវិញ ឪពុកម្តាយខាងស្រីកាន់រូបថតទៅប្តឹងសមត្ថកិច្ច ចោមចៅ ឲ្យជួយប្រកាសស្វែងរក កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ។
ស្រ្តីចុះចោលប្តីចុងមានឈ្មោះ ឯម ស្រីណេត អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានឪពុកឈ្មោះហេង អាន អាយុ៣៦ឆ្នាំ មុខរបរជាងដែក មានម្តាយឈ្មោះ មាស យ៉ាត អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ មានកូនចំនួន៣នាក់ ស្រី៣នាក់ ស្រ្តីបាត់ខ្លួនជាកូនទី១ ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
តាមឪពុកម្តាយស្រ្តីខាងលើ បានឲ្យដឹងថា កូនស្រីរបស់គាត់បានរៀបការជាមួយប្តីទី១ ឈ្មោះ ឆា លី អាយុ២៣ឆ្នាំ មុខរបរកម្នកររោងចក្រ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ អស់រយៈពេល៣ឆ្នាំ មានកូនស្រីម្នាក់ អាយុ២ខួប ជាចំណងស្នេហ៍របស់ពួកគេ ក៏ប៉ុន្តែ ការរស់នៅរបស់ពួកគេមួយរយៈមកនេះ មិនចុះសម្រុងគ្នា ឈានទៅដល់លែងលះ រស់នៅទីទៃពីគ្នា ហើយមកយកប្តីក្រោយម្នាក់ទៀត ឈ្មោះសុខ ជា អាយុ២៣ឆ្នាំ ជាកូនជាងដែក ធ្វើការងារជាមួយឪពុកក្មេក មានស្រុកកំណើតនៅឯខេត្តព្រៃវែង បានគ្នាជាប្តីប្រពន្ធអស់រយៈពេលទើប២ខែនេះទេ ។
ប្រភពបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធលើកទី២នេះ ស្នេហាជាមួយប្តីដើមហាក់បីដូចជាធម្មតា មានតែទ្វេរឡើង តាមរយៈលេងហ្វេសប៊ុក ឃ្លាតតែកាយ តែចិត្តនៅកៀកបង្កើយ បងអូន អូនបង តាមរយៈហ្វេសប៊ុកពេញទំហឹង ។ ពួកគាត់នឹកស្មានដល់ ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ ពេលដែលកូនឬសីទៅធ្វើការងាររោងចក្រដូចសព្វដង លុះដល់វេលាម៉ោង៨និង៣០នាទីយប់ ឪពុកខំជិះម៉ូតូទៅចាំទទួលចេញពីរោងចក្រ ស្រាប់តែមិនឃើញ មិនដឹងបាត់ទៅណា សាកសួរទៅខាងរោងចក្រ ពិនិត្យស្រាវជ្រាវ ឃើញថា ស្រ្តីឈ្មោះ ឯម ស្រីណេត មិនបានចូលធ្វើការតាំងពីព្រឹកថ្ងៃទី២១ ខែសីហា ម្លេះ ទើបធ្វើឲ្យឪពុកម្តាយ ខ្វាយខ្វល់ចំពោះមុខកូនប្រសារទី២ ។ ក្រោយពីដឹងថា កូនស្រីបាត់ខ្លួនគ្មានដំណឹង ធ្វើឲ្យបុរស សុខ ជា ជាប្តីទី២ ស្រពាន់ស្រពន់បេះដូង ទើបរៀបការធ្វើជាប្តីប្រពន្ធបានត្រឹមតែ២ខែ បែនួនល្អងរត់ចោលបងទៅបាត់ ។
ហេតុការណ៍ខាងលើត្រូវបានក្រុមគ្រួសារ កើតក្តីមន្ទិលសង្ស័យ រត់ទៅតាមបុរស ឆា លី ជាប្តីដើម ខណៈដែលលែងលះគ្នាតែខ្លួនប្រាណក៏ពិតមែន តែចិត្តពួកគេទាំង២នាក់នៅតែស្រឡាញ់ដដែល មានតែស្នរហ៍លើសដើម តាមរយៈលេងហ្វេសប៊ុក ឆាតរកគ្នា អូន-បង បង-អូន ផ្អែមដូចទឹកឃ្មុំយ៉ាងនេះ មានតែបុរសសុខ ជា ជាប្តីចុងទេដែលស្នេហ៍ដូចទឹកខ្មេះ ។
ការស្វែងរកស្រ្តីវ័យក្មេងខាងលើអស់រយៈពេល៤ថ្ងៃមកហើយ នៅតែមិនបានដំណឹងសូន្យឈឹង ឪពុកម្តាយកើតក្តីព្រួយ រីឯប្តីទី២ ក៏កើតក្តីខ្វល់ ទើបបានគ្នា២ខែ បែរចុះចោលបាត់ មានតែកាន់រូបថតរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវ ប្រកាសស្វែងរកចង់ប្រាប់ថា ប្តីទី២កំពុងក្រៀមស្វិតបេះដូងហើយ ៕