ភ្នំពេញ ៖ ក្រោយពេលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសរបស់អង្គការនេះ ចេញពីកម្ពុជានោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មភ្លាមៗ ដោយបានចោទជាសំណួរថា តើរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យឬទេ?
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “តើប្រទេសកម្ពុជា មានការ ប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ?
អ្នកជាអ្នកសម្រេចចិត្ត !
ព្រឹកនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលនានាផ្នែកលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានការគោរព បំផុតនៅក្នុងពិភពលោក ហើយដែលបានធ្វើការ នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩២ មក។
ព័ត៌មានដែលចុះផ្សាយនៅក្នុងសារព័ត៌មានអនឡាញ ឈ្មោះ Fresh News ស្តីពី អង្គការ NDI មានភាពមិនត្រឹមត្រូវ ហើយមានភាពលម្អៀង។
ខាងក្រោមនេះ គឺជាការពិត ៖
-អង្គការ NDI មានអនុស្សរណៈនៃការយោគយល់ដែលនៅមានសុពលភាពមួយ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយ គជប ហើយនិងក្រសួងមហាផ្ទៃ។ កម្មវិធី បច្ចុប្បន្នរបស់អង្គការនេះ បានជួយលើកកម្ពស់ គណនេយ្យភាពរបស់រដ្ឋាភិបាល ចំពោះលោកអ្នកដែលជាប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ហើយបានរួមចំណែកធ្វើឱ្យដំណើរការបោះឆ្នោត មានភាពបើកចំហច្រើន និងមានការចូលរួមនៃក្រុមមនុស្សទាំងអស់។
-អង្គការ NDI មានភាពមិនលម្អៀង ហើយធ្វើការជាមួយគណបក្សធំៗទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅឆ្នាំ២០១៧ អង្គការ NDI បានធ្វើការបណ្តុះបណ្តាលគណបក្សប្រជាជនកម្ពុជា លើការទាក់ទងគ្នាជាមួយផ្នែកខាងក្រៅ ការធ្វើផែនការលើយុទ្ធនាការ ការសង្កេតការណ៍បោះឆ្នោត និងកំណត់សារទៅកាន់អ្នកបោះឆ្នោត។ សូមមើលកម្មវិធីបណ្តុះបណ្តាលមួយខាងក្រោម។
-វគ្គបណ្តុះបណ្តាលដូចគ្នានេះ ត្រូវបានរៀបចំសម្រាប់គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ផងដែរ។
-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកសារចុះបញ្ជីរបស់អង្គការ NDI នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីអង្គការ NDI ស្វែងរកការចុះឈ្មោះជាច្រើនលើក។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនបានចាត់ការលើពាក្យស្នើសុំរបស់អង្គការ NDI អស់រយៈពេល៣៣៥ថ្ងៃ ដែលជាការរំលោភទៅលើមាត្រាទី១៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នៅក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ ប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា ការសម្រេចចិត្តបិទ អង្គការ NDI ធ្វើឱ្យមានការចោទជាសំណួរដ៏សំខាន់មួយថា តើរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ?”។
តាមការបកប្រែក្រៅផ្លូវការ លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការធ្លាក់ចុះ នៃបរិយាកាស ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ។ កាលពីពីរខែមុន ប្រទេសកម្ពុជា ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយដោយបានរៀបចំការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយតម្លាភាពនិងសន្តិវិធី។ ប៉ុន្តែ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ សមិទ្ធផល នោះបានលុបបាត់ ដោយសារតែសកម្មភាពដ៏គួរឱ្យរំខានចិត្តពីសំណាក់រដ្ឋាភិបាល ក្នុងការរឹតត្បិតសេរីភាពសារព័ត៌មាន និងលទ្ធភាពធ្វើការងាររបស់អង្គការសង្គមស៊ីវិល…។
ដោយឡែក មជ្ឈដ្ឋានអង្គការសង្គមស៊ីវិល មួយចំនួន រួមទាំងអ្នកនយោបាយផង បានចាត់ទុកថា ការដែលរដ្ឋាភិបាលសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់អាមេរិក ជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រីចក់ សុភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកស្រីថា “ករណីចោទប្រកាន់ NDI នេះ គួរតែមានការស៊ើបអង្កេតច្បាស់លាស់មានតម្លាភាព និងផ្តល់ពេលវេលាគ្រប់ គ្រាន់ឱ្យអង្គការនេះ បានឆ្លើយតបឱ្យបានពេញលេញ។ NDI បានស្នើសុំចុះបញ្ជីកាលពីខែ មិថុនា ឆ្នាំ២០១៦ តើហេតុអ្វីទើបដំណើរការនេះ មានរយៈពេលដល់ទៅ១ឆ្នាំ នៅពេលដែលច្បាប់ចែងថា ការសម្រេចពីក្រសួងការបរទេស ត្រូវធ្វើក្នុងរយៈពេល៤៥ថ្ងៃ បន្ទាប់ពីទទួលបានសំណើ? ករណីនេះ បង្ហាញឱ្យឃើញពីក្តីបារម្ភ របស់អង្គការសង្គមស៊ីវិលពីការតម្រូវឱ្យចុះបញ្ជីតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅពេលដែលច្បាប់នេះ ផ្តល់ លទ្ធភាពឱ្យអាជ្ញាធរគ្រប់គ្រងដ៏លើសលប់ និងតាមអំពើចិត្តទៅលើសកម្មភាពរបស់អង្គការ សង្គមស៊ីវិល ដោយអាចបដិសេធ និងពន្យារពេលសម្រេចលើសំណើសុំចុះបញ្ជីតាមអំពើចិត្ត…”។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោកគល់ បញ្ញា បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “អង្គការ NDI ជាអង្គការអន្តរជាតិឈានមុខ ក្នុងការខិតខំពង្រឹងឯករាជភាព អព្យាក្រិត និងការមិនលម្អៀងនយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងកិច្ចការបោះឆ្នោត។ អង្គការ NDI បានផ្តួចផ្តើម និងចងក្រងគោលការណ៍ និងក្រមសីលធម៌ ដូចភ្ជាប់ជាមួយ ហើយបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិ ទទួលស្គាល់ និងជំរុញអង្គការ NGO ជាតិនិងអន្តរជាតិ ទទួលយកទៅអនុវត្ត។ មិនត្រឹមប៉ុណ្ណោះ អង្គការ NDI លើកស្ទួយនិងជួយពង្រឹងសមត្ថភាព និងគុណភាពការងារបោះឆ្នោតបែបវិជ្ជាជីវៈ ដល់អង្គការ NGOs ជាច្រើនប្រទេស។ ដូចនេះ ការចោទប្រកាន់ចំពោះ NDI នៅកម្ពុជាមិនត្រឹមត្រូវ។ ពោលគឺក្រៅពីហេតុផលនយោបាយ ការបញ្ឈប់សកម្មភាពវិទ្យាស្ថាន NDI ខ្វះហេតុផលត្រឹមត្រូវ ដោយយកមូលហេតុ ច្បាប់ NGOs នៅ២០១៥។ ព្រោះតាំងពីទសវត្សរ៍៩០ គឺជាង២០ឆ្នាំ ហើយវិទ្យាស្ថាននេះ មានវត្តមាន និងបានធ្វើសកម្មភាពក្នុងការជួយលើកស្ទួយប្រជាធិបតេយ្យ ការបោះឆ្នោត ការលើកស្ទួយស្ត្រីក្នុងនយោបាយ និងកិច្ចការច្រើនទៀត ជួយ NGOs ខ្មែរ។ ម៉្យាងទៀត ដោយសារច្បាប់ថ្មីនេះ អង្គការ NDI បានដាក់ពាក្យស្នើចុះបញ្ជីតាំងពីខែមិថុនា ឆ្នាំ២០១៦។ អង្គការ NDI ក៏មានអនុស្សរណៈ MOU ជាមួយ គ.ជ.ប ដើម្បីជួយការងារបោះឆ្នោត…”។
តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ លោកគង់ សភា បានសរសេរនៅក្នុងគណនីហ្វេសប៊ុកលោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ថា “តើនិងមានព្រឹត្តិការណ៍អ្វីកើតឡើង នៅពេលដែលក្រុមយុវជន សន្តិភាព ប្រកាសធ្វើបាតុកម្មប្រឆាំងទូតសហរដ្ឋអាមេរិក ព្រោះយើងធ្លាប់ដឹងហើយថា នៅពេលក្រុមនេះ ធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កាលនោះ លោកជាអនុប្រធានទី១ រដ្ឋសភា ក្នុងអំឡុងពេលនោះមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ត្រូវបានក្រុមបាតុករទាំងនោះ ព្រួត វាយដំ ប៉ុនប៉ងសម្លាប់យ៉ាងព្រៃផ្សៃបំផុត”។
សំណេររបស់លោកគង់ សុភា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលក្រុមសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជា មិនបញ្ឈប់នោះ។
ប្រធានក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព លោកប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា មូលហេតុបានជាក្រុមយុជនដាក់ថា ស្រលាញ់ សន្តិភាព ព្រោះតែយុវជនចង់បាត់បង់សន្តិភាព ដែលកំពុងមានបច្ចុប្បន្ន ព្រោះបើរំលឹកក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរ អាមេរិក ធ្លាប់បានបង្កវិនាសកម្មមកលើទឹកដីមួយនេះម្តងរួចមកហើយ កាលពីទសវត្សឆ្នាំ១៩៧០ ដោយមានរណ្តៅ គ្រាប់បន្សល់ទុកដល់បច្ចុប្បន្ននៅឡើយ។ ហេតុ ដូច្នេះហើយ សូមកុំឱ្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លូកដៃរហូតហួសព្រំដែនភារកិច្ចចំពោះ ការងារដឹកនាំរបស់កម្ពុជា។ បើសិនជាស្ថានទូត អាមេរិក នៅតែបន្តលូកដៃមិនបញ្ឈប់នោះទេ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពគ្រប់សាខា ទូទាំងប្រទេស នឹងប្រើសិទ្ធិស្របច្បាប់ ដើម្បី បង្ហាញពីទឹកចិត្តស្រលាញ់សន្តិភាព ការពារ សន្តិភាពរបស់កម្ពុជា នៅចំពោះមុខស្ថានទូត អាមេរិក ប្រចាំកម្ពុជា ជាក់ជាមិនខាន។
ចំណែកមន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការបញ្ឈប់សកម្មភាពអង្គការ NDI ជារឿងត្រឹមត្រូវ ព្រោះអង្គការ NDI មិនគោរពច្បាប់របស់កម្ពុជា។ រីឯការប្រកាសធ្វើបាតុកម្មរបស់ក្រុម យុវជនស្រលាញ់សន្តិភាព ប្រឆាំងនឹងស្ថានទូតអាមេរិកប្រចាំកម្ពុជានោះជាសិទ្ធិរបស់បុគ្គល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានសរសេរនៅក្នុងទំព័រហ្វេសរបស់លោក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ថា “សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបាន លុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះ ត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័នផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា ! ប្រសិនជាគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវគោរពច្បាប់កម្ពុជា!”។
អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន ក្នុងគណនីហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃដដែលនោះថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត FBFs ជាទីមេត្រី ! ដើម្បីកុំឱ្យមានការផ្សាយក្នុងប្រការណាដែលធ្វើ ឱ្យមតិសាធារណៈយល់ច្រឡំ ខ្ញុំសូមបំភ្លឺដូចតទៅ ៖
-វិធានការផ្អាកប្រតិបត្តិការអង្គការ NDI គឺជាការអនុវត្តតាមច្បាប់នៃអធិបតេយ្យជាតិរបស់កម្ពុជា ដូចនឹងការសម្រេចរបស់ស្ថានទូតសហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យជនណាមួយចូលទៅកាន់ដែនដី NDI របស់ខ្លួន គឺជាសិទ្ធិផ្តាច់ មុខរបស់ខ្លួន ដែលគ្មានភាគីណា មានអំណាចប្រឆាំងបានឡើយ។
-លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា គឺជា ការប្តេជ្ញារបស់កម្ពុជា តាមយន្តការ និងច្បាប់របស់កម្ពុជា ដែលកម្ពុជាខ្លួនឯង ជាអ្នកសម្រេចជោគវាសនារបស់ខ្លួន។ ក្រុម និងអង្គការណាមួយ ឬប្រទេសណាមួយ ត្រូវតែគោរពមូល ដ្ឋានគ្រឹះនេះ លើកលែងតែអ្នកនោះជាអ្នកមានបំណងអាក្រក់លូកលាន់ផ្ទៃក្នុង ឬមានបំណងជាមួយនឹងគម្រោងញុះញុង់ឱ្យមានការបែកបាក់សង្គមកម្ពុជា ដើម្បីហេតុផលនៃប្រយោជន៍ផ្ទាល់របស់គេតែប៉ុណ្ណោះ។
-ចំពោះ The Cambodia daily គ្មានហេតុផលណាផ្សេងក្រៅពីធ្វើការដោះស្រាយ ជាមួយនិងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះបន្ទុកបំណុលនោះទេ។ ហេតុផលដទៃ គឺជាការបង្វែរនៃសេចក្តីទទួលខុសត្រូវនូវកាតព្វកិច្ច បំណុលពន្ធរបស់ខ្លួនតែប៉ុណ្ណោះ។
-ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវតែសហការជាមួយនឹងលទ្ធភាពរបស់អាជ្ញាធរដែនដីសម្រេចក្នុងកិច្ចធានាសណ្តាប់ធ្នាប់សាធារណៈ។
-រាជរដ្ឋាភិបាលកម្ពុជា នៅតែតម្កល់នូវ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ជាមួយនិងសហរដ្ឋអាមេរិក ក៏ដូចជាកិច្ចសហការល្អដែលមានក្នុងរយៈកាលកន្លងមកដែរ”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នោះថា “ចំណុចដែលស្ថានទូតនិយាយថា តើការសម្រេចចិត្តរបស់ខ្មែរ ចំពោះលទ្ធិប្រជាធិបតេយ្យ យ៉ាង ដូចម្តេចដែរ? សូមជម្រាបថា យើងជាង២០ឆ្នាំ មកហើយ លទ្ធិប្រជាធិបតេយ្យហ្នឹង បានចាក់ស្រេះចូលទៅមូលដ្ឋានទាំងផ្លូវចិត្ត ផ្លូវគំនិត ក៏ដូចជាសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរ រួចស្រេច ទៅហើយៗប្រជាធិបតេយ្យហ្នឹង គឺជាការ ជ្រើសរើសរបស់កម្ពុជា ដើម្បីផលប្រយោជន៍កម្ពុជា តាមរយៈការចូលរួមបោះឆ្នោត តាមច្បាប់នៃការបោះឆ្នោត តាមយន្តការនៃការបោះឆ្នោត ហើយវិធាននានារបស់ការបោះឆ្នោត។ ឧទាហរណ៍ជាក់ស្តែង យើងឃើញមានប្រជាពលរដ្ឋជាង៩០% ដែលចូលរួមនៅក្នុងការបោះឆ្នោត អានេះគឺចម្លើយវិជ្ជមាន អំពីការចូលរួមពង្រឹងនៃលទ្ធិប្រជាធិបតេយ្យ។ អាស្រ័យហេតុដូច្នេះ មិនមែនបានសេចក្តីថា មានតែ NDI ទេ ដែលជាអង្គការមួយដែលទទួលខុសត្រូវ ជួយជំរុញ ត្រូវតែមាន NDI នៅក្នុងស្រុកខ្មែរ ជាចាំបាច់នោះទេ។ អាហ្នឹងបើយើងនិយាយឱ្យចំ លើកលែងតែ NDI មានផែនការសម្ងាត់ណាមួយក្នុងការជ្រៀតជ្រែកក្នុងចូលរួមជាមួយ នឹងអ្វីទៅដែលយើងប្រើប្រាស់លទ្ធិប្រជាធិបតេយ្យក្នុងការគំរាមកំហែងដល់សន្តិសុខជាតិរបស់កម្ពុជា ឬក៏ចូលរួមក្នុងការទម្លាក់ប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ដោយខុសច្បាប់នេះឯង។ ចំពោះការធ្វើបាតុកម្ម ជាសិទ្ធិផ្តាច់មុខរបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ត្រូវតែសហការជាមួយនឹងអាជ្ញាធរដែនដី ដើម្បីលទ្ធភាពក្នុងកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ។ អាស្រ័យហេតុដូច្នេះ ខ្ញុំអត់មានចម្លើយថា តើត្រូវធ្វើយ៉ាងម៉េចបានៗទេ អាហ្នឹង ទៅតាមលទ្ធភាពរបស់ក្រសួងអាជ្ញាធរដែនដី ក៏ប៉ុន្តែការធ្វើបាតុកម្មជាសិទ្ធិរបស់កម្ពុជា ហើយក្នុងចំណុចនេះដែល ខ្ញុំយល់ឃើញថា តើហេតុដូចម្តេចបានជាស្ថានទូតសហរដ្ឋអាមេរិក ក្រៅតែពីការនាំគ្នាឃុបឃិតជាមួយសម រង្ស៊ី ឃុបឃិតជាមួយកឹម សុខា នៅពេលដែលបោះឆ្នោត រួចនៅពេលដែលយើងឃើញមានការធ្វើកូដកម្ម ឬកុបកម្ម ដែលមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅពេលដែលគេមានបញ្ហា គេនាំគ្នារត់ចូលទៅក្នុងស្ថានទូតអាមេរិក ឬមួយស្ថានទូតអាមេរិក ផ្តល់កិច្ចពិភាក្សាឱ្យគេនេះឯង ហើយយកចិត្តទុកដាក់ខ្ពស់ម៉្លេះចំពោះ NDI? ម៉េចក៏មិនគោរពនូវអ្វីទៅដែលជាការសម្រេចចិត្តរបស់ក្រសួងការបរទេស ដែលតំណាងឱ្យអធិបតេយ្យរបស់កម្ពុជា? អាហ្នឹងជាចម្ងល់”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ប្រទេសកម្ពុជា បានអនុវត្តត្រឹមត្រូវទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ហើយប្រជាធិបតេយ្យនេះ បានហូរចូលមកចេញពីសន្តិភាព និងស្ថិរភាពនយោបាយ។ ក៏ប៉ុន្តែអង្គការណា ដែលគ្មានការត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬក្រសួងមហាផ្ទៃ អង្គការនោះ គឺក្បត់លក្ខន្តិកៈ វិជ្ជាជីវៈរបស់ខ្លួនហើយ។ បានន័យថា បើធ្វើសកម្មភាពអ្វីប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ មិនមែន ជាការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យទេ តែផ្ទុយទៅវិញគឺការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អ៊ីចឹងទេ ការមានវិធានការទៅលើអង្គការ NDI ដែលចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនោះ គឺជាការត្រឹមត្រូវណាស់ ដើម្បីការពារថែរក្សាពង្រឹងលទ្ធិប្រជាធិបតេយ្យ ឱ្យបានស្ថិតស្ថេរ គង់វង្សនៅកម្ពុជា។ អាហ្នឹងចង់ប្រាប់ថា អង្គការ NDI មិនមែនពង្រឹងលទ្ធិប្រជាធិបតេយ្យទេ គាត់ធ្វើមិនត្រឹមត្រូវតាមតួនាទីភារកិច្ច ដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ខ្លួន។ បានសេចក្តី ថា NDI នេះ កំពុងតែធ្វើសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយ។ ចំពោះការធ្វើបាតុកម្មនោះ អាហ្នឹងជាសិទ្ធិរបស់បងប្អូន យុវជន លោកចង់ធ្វើអី គឺថា ជាសិទ្ធិដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ។ ជាសរុបរួមបញ្ជាក់ មិញច្បាស់ហើយ គឺថា គណបក្សប្រជាជនកម្ពុជា យកសន្តិភាព យកស្ថិរភាពនយោបាយ ធ្វើជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។ អ៊ីចឹង ការដែលមានវិធានការទៅលើ NDI នេះ ព្រោះតែស្រលាញ់សន្តិភាព ស្ថិរភាព នយោបាយ មានន័យថា ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យបានគង់វង្ស”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេច បញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីប្រទេសកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា “ក្នុងគោលបំណង ធានាការអនុវត្តយ៉ាងត្រឹមត្រូវ និងប្រសិទ្ធភាព នូវច្បាប់នានា និងដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់ពីមានការពិចារណា និងការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់រួចមក អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការអំពីសេចក្តីសម្រេចនេះ។
ដើម្បីបំភ្លឺចំពោះការប្រកាន់យកសេចក្តីសម្រេចនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិ អំពីមូលដ្ឋានច្បាប់នៃសេចក្តីសម្រេចនេះ ពិសេសគឺច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ ដូចខាងក្រោម ៖
-ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះករុណា ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។
-ចាប់តាំងពីច្បាប់នេះបានចូលជាធរមាន នៅខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការ នេះ បានដាក់ពាក្យស្នើសុំចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការ សម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន ដោយគ្មានគិតគូរអំពីការគោរពច្បាប់សោះ ឡើយ។
-មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា ៖ “អាជ្ញាធរ មានសមត្ថកិច្ច ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសណា ដែលធ្វើសកម្មភាពដោយ មិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សរណៈដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែម ទាក់ទងនឹងការបណ្តេញចេញស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះ ជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិត ដល់ទោសទណ្ឌព្រហ្មទណ្ឌផ្សេងទៀត”។
-មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធចែងថា “បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុង១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច”។
-មាត្រា១២៨ និង១២៩ នៃច្បាប់ដដែល នេះ ចែងថា ៖ ក្នុងករណីដែលបុគ្គលមិនបាន ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវបានចាត់ទុក ជាអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ” និងថា ៖ ”… បុគ្គលណាដែលធ្វើការរាំងស្ទះ ដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធ ដូចមានចែង ក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសផ្នែកព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ”។
-បន្ថែមលើនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ បានពន្យល់ យ៉ាងលម្អិតអំពីច្បាប់នេះ ហើយនិងវិធានការ របស់អគ្គនាយកដ្ឋាន សម្រាប់ការអនុវត្តច្បាប់ នេះ នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន ចេញផ្សាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
-អង្គការ NDI រហូតមកដល់ពេលបច្ចុប្បន្ន មិនបានអនុវត្តតាមច្បាប់ដែលបានលើកឡើងខាងលើនេះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា ក្នុងពេលដែល សេចក្តីសម្រេចនេះ កំពុងត្រូវបានអនុវត្តចំពោះ អង្គការ NDI និងបុគ្គលិកបរទេសរបស់អង្គការនេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានត្រៀមលក្ខណៈ រួចជាស្រេច ក្នុងការចាត់វិធានការបែបនេះផងដែរ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗ ទៀតរបស់ព្រះរាជាណាចក្រកម្ពុជា”។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នៅមិនទាន់ឆ្លើយតបចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះនៅឡើយ៕
កុលបុត្រ