Wednesday, November 27, 2024
Homeតារាខ្មែរផ្ទុះរឿងធំហើយ!!! ប្រពន្ធនាយក្រឹម ដាក់ពាក្យប្តឹងទៅតុលាការ ចោទនាងព្រលិត ដណ្តើមប្តីបានកូនភ្លោះ

ផ្ទុះរឿងធំហើយ!!! ប្រពន្ធនាយក្រឹម ដាក់ពាក្យប្តឹងទៅតុលាការ ចោទនាងព្រលិត ដណ្តើមប្តីបានកូនភ្លោះ

ភ្នំពេញ ៖ ភរិយាស្របច្បាប់របស់តារាកំប្លែងល្បីឈ្មោះនាយក្រឹម បានចេញមុខចោទប្រកាន់តារាកំប្លែងស្រីវ័យក្មេងដៃគូនាយក្រឹម គឺកញ្ញាស្រីលាភ ហៅនាងព្រលិត ថា បានដណ្តើមប្តីរបស់គាត់ (នាយក្រឹម) លួចទាក់ទងគ្នារហូតមានផ្ទៃពោះ៥ខែ ព្រមទាំងបង្ខំឱ្យនាយក្រឹម លែងលះគាត់ជាប្រពន្ធទៀត ទើបគាត់កើតទុក្ខមិនសុខចិត្ត ក៏សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឱ្យច្បាប់ជួយរកយុត្តិធម៌។

អ្នកស្រីវ៉ង់ ឡុងមុន្នី សព្វថ្ងៃស្នាក់នៅ ផ្ទះលេខ៧៩K ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលអះអាងខ្លួនថា ជាភរិយាស្របច្បាប់របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងល្បីល្បាញ បានរៀបរាប់ទាំងឈឺចាប់ថា អ្នកស្រីពិតជាមានការសោកស្តាយណាស់ ដែលខំចំណាយពេលវេលាជួយយឹតយោងនាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឱ្យផុតពីភក់ជ្រាំ បានចូលលេងកំប្លែងជាមួយនឹងស្វាមី រហូតបានល្បីឈ្មោះ បែរជាលួចយកប្តីគាត់ជាមេក្រុមទៅវិញ ថែមទាំងថ្លើមធំដើរបរិហារកេរ្តិ៍បង្កើតរឿងអាស្រូវដល់គ្រួសារអ្នកស្រីទៀតផង។

អ្នកស្រីវ៉ង់ ឡុងមុន្នី បានបន្តថា ពីមុន ដោយអ្នកស្រីមានទឹកចិត្តអាណិតអាសូរចំពោះស្រីលាភ គិតថាជាស្រីដូចគ្នា រស់នៅក្នុងភាពក្រីក្រ ក៏ហៅមកចូលលេងកំប្លែង ក្រែងបានកម្រៃចិញ្ចឹមឆ្នាំង ម៉្យាងទៀត កាលនោះ នាងលាភមានអ៊ំបង្កើតរស់នៅផ្ទះជាប់ជញ្ជាំងគ្នានឹងផ្ទះអ្នកស្រីផង ទើបអ្នកស្រីសម្រេចចិត្តជួយឱ្យបានចូលលេងក្នុងក្រុមកំប្លែងរបស់ស្វាមីអ្នកស្រី (នាយក្រឹម) រហូតមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ ទីបំផុតស្រីលាភ ហៅនាងព្រលិត មិនបានសងគុណអ្នកស្រី បែរជាហ៊ានលូកថ្លើមអ្នកស្រីលួចទាក់ទងស្នេហាស៊ីជម្រៅជាមួយស្វាមីរបស់អ្នកស្រី រហូតពពោះ៥ខែ ស្រាប់តែថ្លើមធំហ៊ានបង្ខំឱ្យនាយក្រឹម លែងលះអ្នកស្រីជាប្រពន្ធពេញច្បាប់ទៀត។

អ្នកស្រីវ៉ង់ ឡុងមុន្នី បន្តថា ស្រីលាភ ពុំត្រឹមតែលួចប្តីអ្នកស្រីទេ ថែមទាំងហ៊ានឌឺដងផ្លែផ្កាឱ្យអ្នកស្រី ដោយបំភ្លៃការពិត ដើរនិយាយប្រាប់គេឯងថា អ្នកស្រីសុខចិត្តចែកប្តីគ្នា ជួនកាលថា ប្តីប្រពន្ធអ្នកស្រីបានលែងលះគ្នាទៅហើយ តែតាមពិត ប្តីប្រពន្ធអ្នកស្រីព្រមទាំងកូន៤នាក់ទៀត កំពុងរួមរស់ជាមួយគ្នាសោះ។

ស្ត្រីជាភរិយាដើមរបស់នាយក្រឹម បន្តទៀតថា តើមានស្ត្រីណាសុខចិត្តប្រគល់ប្តីដែលធ្លាប់រួមរស់ជាមួយគ្នារាប់សិបឆ្នាំ ទៅឱ្យគេនោះ? អ្នកស្រីនិងប្តីនាយក្រឹម បានរៀបការតាំងពីខែកុម្ភៈ ឆ្នាំ១៩៨២ មកម៉្លេះ រហូតមកទល់សព្វថ្ងៃមានកូន៤នាក់ (ប្រុស៣ ស្រី១) ធំទន្ទឹមស្មាឪពុកម្តាយអស់ទៅហើយ។ អ្វីដែលអ្នកស្រីនិងកូនៗ មិនអាចទទួលយកបានតទៅទៀតនោះ គឺបន្ទាប់ពីស្រីលាភ មានផ្ទៃពោះ៥ខែ ស្រាប់តែចាក់រុកបង្ខំឱ្យស្វាមីអ្នកស្រីលែងលះប្រពន្ធខាន់ស្លា ហើយបោះពាក្យសម្តីថា បើទោះជាអ្នកស្រីជាប្រពន្ធដើមហ៊ានប្តឹង ក៏មិនឈ្នះគេដែរ ពីព្រោះគេមានមេធាវីនៅបញ្ជាការដ្ឋានអង្គរក្ស ចាំជួយការពារក្តី។

ភរិយានាយក្រឹម បានឱ្យដឹងទៀតថា កន្លងមក ធ្លាប់លេចឮថា ស្រីលាភ មានផ្ទៃពោះជាមួយប្តីអ្នកស្រី (នាយក្រឹម) ប៉ុន្តែ អ្នកស្រីមិនទាន់ជឿទេ ហើយបញ្ហានេះក៏ធ្លាប់មានជម្លោះជាមួយប្តីអ្នកស្រីផងដែរ។ លុះចុងក្រោយនេះ បន្ទាប់ពីលេចឮថា ស្រីលាភមានផ្ទៃពោះ៥ខែ ជាមួយប្តីអ្នកស្រីជាលើកទី២ ស្រាប់តែស្រីលាភ ញុះញង់បង្ខំឱ្យប្តីអ្នកស្រី (នាយក្រឹម) លែងប្រពន្ធ ដើម្បីយកនាងជាប្រពន្ធពេញមុខ ទើបអ្នកស្រីកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យប្តឹងទៅតុលាការ ឱ្យជួយរកយុត្តិធម៌ឱ្យអ្នកស្រី ព្រោះអ្នកស្រីជាប្រពន្ធរៀបការស្របច្បាប់របស់នាយក្រឹម។

ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់របស់អ្នកស្រីវ៉ង់ ឡុងមុន្នី ដែលអះអាងខ្លួនថា ជាភរិយារបស់នាយក្រឹមខាងលើនេះ “នគរធំ” មិនដឹងថា ជាការពិតឬយ៉ាងណាទេ ដោយសារមិនអាចទាក់ទង សុំការបកស្រាយបំភ្លឺពីកញ្ញាស្រីលាភ ហៅនាងព្រលិត និងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានទេ កាលពីម្សិលមិញ។ ប៉ុន្តែអ្នកស្រីវ៉ង់ ឡុងមុន្នី អះអាងថា រឿងនេះជាការពិត ហើយអ្នកស្រីសំណូមពរឱ្យចុះផ្សាយ តាមការបញ្ជាក់របស់អ្នកស្រីនេះចុះ ដោយអ្នកស្រីសូមទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ។

យ៉ាងណា ដោយសារមានការអះអាងតែភាគីម្ខាង ដូច្នេះអ្នកយកព័ត៌មានរង់ចាំទទួល ការបកស្រាយបំភ្លឺំការពិត ពីកញ្ញាស្រីលាភ និងនាយក្រឹម នៅពេលក្រោយជានិច្ច៕

RELATED ARTICLES