ភ្នំពេញ ៖ រឿងរ៉ាវស្នេហាត្រីកោណរបស់តារាកំប្លែង លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ជាមួយកូនក្រុមកំប្លែង នាងគង់ ចន្ទ័ស៊ីណា ហៅនាងព្រលិត ឬស្រីលាភ នោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជន ព្រោះតែថ្មីៗនេះ អ្នកស្រីវ៉ង់ ឡុងមុន្នី ដែលជាភរិយាដើមនាយក្រឹម បានចេញមុខទម្លាយរឿងប្តីលួចមានប្រពន្ធចុងនេះ ព្រមទាំងហ៊ានសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងនាយក្រឹម និងនាងព្រលិត ដែលមានសម្ព័ន្ធស្នេហាលួចលាក់ជាមួយគ្នា រហូតនាងព្រលិត ពពោះកូនភ្លោះ៥ខែ ដែលជាតំណក់ឈាមរបស់នាយក្រឹម។
អ្នកស្រីវ៉ង់ ឡុងមុន្នី ភរិយាដើមរបស់នាយក្រឹម មុននេះ បានអះអាងប្រាប់កាសែត “នគរធំ” ថា មូលហេតុដែលអ្នកស្រីទ្រាំលែងបានរហូតបកអាក្រាតប្តី និងដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នោះ គឺដោយសារតែនាងព្រលិត បានញុះញង់ឱ្យប្តីអ្នកស្រី (នាយក្រឹម) លែងលះអ្នកស្រីដែលជាភរិយាដើមស្របច្បាប់ ហើយទៅយកនាងតែម្នាក់ឯង និងថែមទាំងបានដើរនិយាយប្រាប់គេថា នាយក្រឹម និងអ្នកស្រីបានលែងលះគ្នាហើយ ហើយពេលនេះ នាយក្រឹម ក្លាយទៅជាប្តីនាងតែម្នាក់គត់។
ប៉ុន្តែ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានអះអាងប្រាប់កាសែត “នគរធំ” ថា នាយពិតជាមានកំហុសផិតក្បត់ប្រពន្ធមែន តែនាងព្រលិត មិនដែលចង់ឱ្យលោកលែងប្រពន្ធដើមមកយកនាងតែម្នាក់ឯងនោះទេ។ ជាមួយនេះ នាយក្រឹម បានទទួលស្គាល់ថា កូនភ្លោះ៥ខែនៅក្នុងផ្ទៃនាងព្រលិត នៅពេលនេះ គឺជាតំណក់ឈាមរបស់លោកពិតប្រាកដមែន។ នាយក្រឹម ថែមទាំងនិយាយ បើប្រពន្ធដើមចង់ប្តឹង លោកក៏គ្មានអ្វីត្រូវរារាំងដែរ ហើយក៏មិនភ័យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈដែរ ព្រោះលោកមិនបានប្រព្រឹត្តទោសឧក្រិដ្ឋនោះទេ ហើយលោកនឹងចូលខ្លួនទៅបំភ្លឺតុលាការ ប្រសិនបើមានការកោះហៅ។
យ៉ាងណា នាយក្រឹម បានប្រកាន់ជំហរថា មិនចង់លែងលះប្រពន្ធទាំង២ដាច់ខាត គឺចង់យកទាំង២តែម្តង ហើយលោកនៅតែទទួលខុសត្រូវចំពោះប្រពន្ធកូន តែងផ្តល់លុយកាក់ដល់ភរិយាដើមនិងកូនៗលោកទាំង៤រហូត តែចំពោះនាងព្រលិត ជាប្រពន្ធចុងវិញ លោកមិនដែលឧបត្ថម្ភលុយកាក់ទេ គឺនាងរកលុយបានដោយខ្លួនឯង។
ក្រោយធ្លាយរឿងស្នេហាត្រីកោណរវាង តារាកំប្លែងជើងចាស់ នាយក្រឹម និងនាងព្រលិត ដែលធ្វើឱ្យប្រពន្ធដើមនាយក្រឹម គឺអ្នកស្រីវ៉ង់ ឡុងមុន្នី រងទឹកភ្នែកតែម្នាក់ឯងទាំងយប់ទាំងថ្ងៃនោះមក មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចោញយោបល់ (Comment) រិះគន់តារាកំប្លែងនាងព្រលិត ថា យកប្តីគេ តែអ្នកខ្លះបានរិះគន់ថា នាយក្រឹម ជាមេក្រុមដែលស៊ីកូនចៅឯង ទាំងដែលខ្លួននៅមានប្រពន្ធកូននៅជ្រងោៗ។ ប៉ុន្តែរឿងនេះ នាយក្រឹម បានបកស្រាយថា ធ្វើម៉េចបើលោកមានអាជីពជាអ្នកសិល្បៈតែងតែមានការសម្តែងស្និទ្ធស្នាលជាមួយកូនចៅរហូតជ្រុលជ្រួស ហើយពេលនេះលោកមានតែបណ្តោយឱ្យទៅតាមដំណើរទៅចុះ។
ដោយឡែកតារាសិល្បៈមួយចំនួន បានខ្សឹបខ្សៀវគ្នាថា នាងគង់ ចន្ទ័ស៊ីណា ហៅនាងព្រលិត ត្រូវបានប្រពន្ធនាយក្រឹម អ្នកស្រីវ៉ង់ ឡុងមុន្នី ជាអ្នកជួយជ្រោមជ្រែងឱ្យបានចូលក្រុមកំប្លែងនាយក្រឹម ព្រោះឃើញនាងក្រីក្រពេក ម៉្យាងនៅផ្ទះជាប់គ្នា ហើយមុនដំបូងពួកគេបានរាប់អានគ្នាជាបងប្អូនធម៌នឹងគ្នា តែពេលនេះ ដឹងអី ប្អូនធម៌បែរជាហ៊ានលូកថ្លើមបងធម៌ ដោយដណ្តើមប្តីមិនប្រណីបេះដូងភរិយាស្របច្បាប់។
ទោះជាមានការរិះគន់នៅលើបណ្តាញសង្គម និងចង់ឱ្យមានការបកស្រាយយ៉ាងណា ក៏ពេលនេះនាងព្រលិត ដែលអ្នកយកពត័មានយើងបានព្យាយាមទូរស័ព្ទជាច្រើនដង ដើម្បីសុំការបកស្រាយរឿងភរិយានាយក្រឹម ចោទថាដណ្តើមប្តីនោះ តែនាងព្រលិត មិនព្រមលើកទូរស័ព្ទឡើយ ទើបមិនអាចសុំការបញ្ជាក់បានឡើយ។
ប៉ុន្តែតារាកំប្លែងម្នាក់ដែលជាអ្នកជិតដិតបំផុតជាមួយនាងព្រលិត បានបង្ហើបប្រាប់ថា ពេលនេះ នាងព្រលិត កំពុងតែភ័យខ្លាចភរិយាដើមនាយក្រឹម រហូតមិនហ៊ានចេញពីផ្ទះផង សូម្បីតែមិត្តភក្តិទូរស័ព្ទទៅសួរនាំរឿងនេះ ក៏នាងមិនលើកទូរស័ព្ទដែរ។
ប្រភពស្និទ្ធនឹងនាងព្រលិត បានប្រាប់ “អង្គរធំ” នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ បន្ថែមថា “ព្រលិត គាត់ខុសរឿងហ្នឹង និយាយទៅខុសទាំង២តែម្តង ជាមួយនាយក្រឹម ហ្នឹង បើប្រពន្ធដើមលេងតាមផ្លូវច្បាប់មែន ច្បាស់ជាមានរឿងធំហើយ។ អីចឹងខ្ញុំឭថា ព្រលិត មិនហ៊ានចេញពីផ្ទះទេ តាំងពីមានធ្លាយរឿងហ្នឹង ២-៣ថ្ងៃហ្នឹង នាងពិបាកចិត្តច្រើន។ ម៉្យាងទៀត គាត់មានផ្ទៃពោះកូនភ្លោះ៥ខែ អីចឹងពោះធំណាស់ ពិបាកចេញក្រៅ នៅតែក្នុងផ្ទះហ្នឹង…”។
មានការកត់សម្គាល់ដែរថា ទោះជានាយក្រឹម ហាក់មិនខ្លាចនឹងការព្រមានប្តឹងឡើងតុលាការ ពីសំណាក់អ្នកស្រីវ៉ង់ ឡុងមុន្នី ជាភរិយាដើម រឿងស្នេហាត្រីកោណនេះក្តី តែក្រុមអ្នកជំនាញច្បាប់ បានឱ្យដឹងថា យោងតាមច្បាប់ឯកពន្ធភាព នាយក្រឹម ដែលមិនទាន់លែងលះភរិយាដើមនៅឡើយ តែបែរជាទៅភ្ជាប់ស្នេហ៍ថ្មីជាមួយនាងព្រលិត នោះ ត្រូវមានទោស និងពិន័យជាប្រាក់ទៀតផង បើសិនជាតុលាការ អាចដាក់បន្ទុកទៅលើតារាកំប្លែងសម្បូរស្នេហ៍រូបនេះ។
យោងតាមមាត្រា៧ នៃច្បាប់ស្តីពីឯកពន្ធភាព បានចែងថា “ត្រូវចាត់ទុកថា ផិត គឺការរួមសេវនកិច្ច រវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុន មិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍ មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន”។
ចំណែកមាត្រា៥ បានចែងដែរថា “ត្រូវចាត់ទុកជាស្មន់ បុរសនិងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិព័ន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា”។
ចំណែកមាត្រា២ នៃច្បាប់ដដែលនេះ បានចែងថា “ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍”។
ដោយឡែក ជំពូកទី៣ នៃច្បាប់ឯកពន្ធភាព អំពីទោសប្បញ្ញត្តិ មាត្រា១០ បានចែងថា “ជនណាប្រព្រឹត្តល្មើសនឹងមាត្រា៧ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ (ខែ) ដល់ ១ (ឆ្នាំ) និងផ្តន្ទាទោសពិន័យជាទឹកប្រាក់ ពី២០០ ០០០ (ពីររយពាន់រៀល) ដល់១ ០០០ ០០០(មួយលានរៀល) ឬផ្តន្ទាទោសណាមួយ នៃទោសទាំងពីរ។
ទោះជាយ៉ាងណា ជុំវិញរឿងនេះ “អង្គរធំ” រង់ចាំទទួលការបំភ្លឺពីតារាកំប្លែងល្បីវ័យក្មេងរូបស្រស់ស្រីលាភ ហៅនាងព្រលិត ជានិច្ច៕