Friday, September 20, 2024
Homeតារាខ្មែរអ្នកនាងស្រីតូច ចំណាន ក្លាយជាអគ្គនាយិកាទូរទស្សន៍ CTN?

អ្នកនាងស្រីតូច ចំណាន ក្លាយជាអគ្គនាយិកាទូរទស្សន៍ CTN?

អតីតតារាល្បី អ្នកនាងស្រីតូច ចំណាន ដែលក្លាយជាភរិយាលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង នោះ ត្រូវបានស្វាមីប្រគល់មុខជំនួញធំៗឱ្យកាន់កាប់ មានតម្លៃជាសាច់ប្រាក់រាប់រយលានដុល្លារអាមេរិកឯណោះ ដែលពេលនេះ អ្នកនាងក៏ជាអ្នកជំនួញដ៏ល្បីម្នាក់មិនចាញ់ប្តីដែរ។

ថ្មីៗនេះមានការភ្ញាក់ផ្អើលថា អ្នកនាងស្រីតូច ចំណាន បានក្លាយជាអគ្គនាយិកាទូរទស្សន៍ CTN និងធនាគារ Anz Royal ទៅហើយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាច្រើន ក្នុងចំណោមតារាដែលធ្លាប់រួមអាជីពជាមួយតារាដែលក្លាយជាជំទាវរូបនេះ…។

បើតាមព័ត៌មានដែលមានការលេចឮចេញពីចង្កោមអ្នកសិល្បៈ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលជាភរិយាលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង ពេលនេះបានក្លាយជាអគ្គនាយិកាទូរទស្សន៍ CTN CNC និង MyTV ទៅហើយ ដែលដំណឹងនេះស្របគ្នាទៅនឹងព័ត៌មានដែលថា អតីតតារាសម្តែង និងពិធីការិនីល្បីរូបនេះ ក៏ក្លាយជាអគ្គនាយិកាធនាគារ Anz Royal ផងដែរ។

ការលេចឮព័ត៌មាននេះ ក្រោយពេលដែល បុគ្គលិក CTN ទាំងអស់ពេលដែលជួបស្រីតូច ចំណាន បានហៅអ្នកនាងថា “លោកជំទាវមេៗ” ខណៈដែលមុននេះក៏មានព័ត៌មានថា អតីតតារារូបនេះក៏ជាអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូមួយ នៅបាវិត ជំនួសលោកឧកញ៉ាគិត ម៉េង ផងដែរ។

លោកម៉ម រស្មី ដែលជាជំនួយការលោកឧកញ៉ាគិត ម៉េង បានឱ្យដឹងថា នេះមិនមែនជារឿងភ្ញាក់ផ្អើលខ្លាំងឡើយ ព្រោះគាត់មានស្វាមីជាឧកញ៉ា ហេតុនេះហើយរាល់មុខជំនួញរបស់ប្តី ក៏ដូចជារបស់ប្រពន្ធដែរ តែស្រីតូច ចំណាន មិនលូកដៃចូលទៅទូរទស្សន៍ CTN នោះទេ រួមទាំងធនាគារ Anz Royal ផងដែរ។

លោកម៉ម រស្មី បានអះអាងថា “ធម្មតាទេ តែប្តីបើករកស៊ីអីហើយ អីចឹងក្រុមហ៊ុននោះ ក៏ដូចជារបស់ប្រពន្ធដែរហ្នឹង ព្រោះជំទាវស្រីតូច ចំណាន ជាភរិយាស្របច្បាប់ រៀបការត្រឹមត្រូវរបស់លោកឧកញ៉ាគិត ម៉េង អីចឹង CTN ជារបស់លោកឧកញ៉ា ក៏ចេះតែលេចឮថា លោកជំទាវទៅគ្រប់គ្រងអីចឹងទៅ តែតាមពិត គាត់មិនបានលូកដៃចូលទៅផ្នែកទូរទស្សន៍ហ្នឹងទេ។ ខាងធនាគារ Anz Royal ហ្នឹងក៏គាត់មិនទៅគ្រប់គ្រងអីដែរ និយាយទៅឱ្យតែជាក្រុមហ៊ុនរបស់ប្តី គេថាជារបស់គាត់ (ចំណាន) ដែរ អីចឹងហើយ តែលោកជំទាវគ្មានពេលឯណាទៅមើលខុសត្រូវក្រុមហ៊ុនទាំងនោះទេ គាត់ជាប់រវល់ច្រើនលើរឿងមើលថែកូនៗគាត់ឱ្យបានល្អ គ្រាន់តែថា ពេលខ្លះក្រុមហ៊ុនរបស់ប្តី ដូចជាក្រុមហ៊ុនរបស់ប្រពន្ធដែរ ព្រោះគាត់ជាជំទាវរបស់លោកឧកញ៉ាស្របច្បាប់ទៅហើយ មានទៅលួចលាក់អីឯណា?”។

ស្រីតូច ចំណាន បានដឹកដៃប្តី ឧកញ៉ាគិត ម៉េង ចូលរោងការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីសាងស្នេហ៍ជាង១០ឆ្នាំ បានកូន៤នាក់ (ស្រី២) ហើយអ្នកនាងចំណាន បានក្លាយជាអតីតតារាម្នាក់ដែលមានទ្រព្យច្រើនជាងគេនៅស្រុកខ្មែរ ក្នុងចំណោមតារារួមអាជីពដែលបានក្លាយទៅជាជំទាវនៅពេលនេះ មានដូចជា អ្នកនាងពេជ្រ ច័ន្ទបរមី និងអ្នកនាងឱក បូរី ជាដើមនោះ។ ស្រីតូច ចំណាន ច្រើនបណ្តើរស្វាមី ឧកញ៉ាមហាសេដ្ឋី គិត ម៉េង ទៅចូលរួមក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនធំៗ ទាំងផ្នែកសណ្ឋាគារ និងអចលនទ្រព្យផ្សេងៗទៀត ដែលសកម្មភាពនេះត្រូវបានអ្នកជំនួញជាច្រើននិយាយថា អ្នកនាងចំណាន ត្រូវបានស្វាមីប្រគល់ឱ្យគ្រប់គ្រងរបរធំៗជំនួសគាត់ នាពេលខាងមុខនេះ ព្រោះតែលោកឧកញ៉ាមានការងាររវល់ច្រើនពេក។

ប្រភពបានឱ្យដឹងថា ស្រីតូច ចំណាន បានស្វែងយល់ដឹងច្រើនលើផ្នែកមុខជំនួញ ដោយសារតែអ្នកនាងច្រើនដើរជាមួយជំទាវមន្ត្រីធំ ដែលសុទ្ធតែជាអ្នកជំនួញល្បីឈ្មោះ ដូចជាលោកស្រីហ៊ុន ម៉ាណា ជាដើម ហេតុនេះហើយ គេជឿថា មិនយូរទេ អតីតតារាដែលល្បីល្បាញក្នុងសិល្បៈរូបនេះ នឹងក្លាយជាអ្នកជំនួញល្បីល្បាញដូចស្វាមីរបស់អ្នកនាងជាមិនខាន។ ប៉ុន្តែ ទោះជាមានភាពរវល់យ៉ាងណា ក៏អ្នកនាងស្រីតូច ចំណាន តែងតែមានពេលវេលាជាមួយស្វាមីអ្នកនាង និងកូនៗទាំង៤ដ៏ស្រស់ស្អាតដែរ ហើយតាមប្រភពថា ការមានកូន៤នាក់នេះ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ក្រុមគ្រួសារមហាសេដ្ឋីរូបនេះ ហេតុនេះហើយបានជាលេចឮថា អ្នកនាងចំណាន គ្រោងយកកូនម្នាក់ថែមទៀត ដែលជាកូនទី៥ នាពេលឆាប់ៗនេះ។

លោកម៉ម រស្មី បន្ថែមថា “លោកជំទាវពិតជាមមាញឹកទៅលើការថែទាំកូនៗគាត់មែន តែពេលនេះ គាត់មិនទាន់មានបុត្រទី៥នោះទេ នៅទេ អត់ទាន់មានកូនទៀតទេ។ គាត់យកពេលវេលាច្រើនមើលកូនៗគាត់ អីចឹងរឿងថា គាត់ទៅគ្រប់គ្រង CTN, Anz អីហ្នឹង គេចេះតែនិយាយទេ”។

ស្រីតូច ចំណាន មិនសូវសម្ញែងកងអង្គរក្សច្រើនដូចមុនរៀបការឡើយ នៅពេលខ្លះ អ្នកនាងមានតែអ្នកបើករថយន្តម្នាក់ ក៏មានដែរ ខុសកាលពីមុនរៀបការ អតីតតារារូបនេះទៅដល់ទីណាផ្អើលអស់គេឯង ដោយសារមានពង្រាយអង្គរក្សដល់ទៅ៦នាក់ឯណោះ។ តែស្រីតូច ចំណាន បានប្តូររថយន្តទំនើបៗ ជិះគ្រប់ពេល ដែលជំទាវផ្សេងៗមិនអាចធ្វើបានដូចភរិយាមហាសេដ្ឋី គិត ម៉េង នេះឡើយ។ ដោយឡែកបុគ្គលិក CTN វិញបានសរសើរថា អ្នកនាងចំណាន មានចិត្តល្អ ហើយក៏មិនប្រកាន់ខ្លួនឡើយ ចំពោះបុគ្គលិក និងតារាៗមួយចំនួន ដែលអ្នកនាងស្គាល់ គឺអ្នកនាងចំណាន តែងតែរាក់ទាក់ជាធម្មតា ហើយថែមទាំងទៅចូលរួមមង្គលការ ឬកម្មវិធីផ្សេងៗថែមទៀតផង។

លោកម៉ម រស្មី បន្ថែមទៀតថា “ពិតហើយ លោកជំទាវគាត់ធម្មតាហ្នឹង មានទៅវ៉ៃប្ញកអី អត់មានទេ អីចឹងហើយបានជាកូនចៅគាត់ស្រលាញ់គាត់ច្រើន មែន”៕

RELATED ARTICLES