ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានបញ្ជូនខ្លួនហោរាអគ្គិនេត្រ ដែលល្បីល្បាញខាងមន្តអាគមគាថា កាប់មិនមុតដុតមិនឆេះ និងល្បីពូកែស័ក្តិសិទ្ធិខាងមើលជំងឺ ស្តោះ ផ្លុំ ធ្វើយ័ន្ត ខ្សែគាថាផ្សេងៗ មាន ប័ណ្ណធានានោះ ទៅតុលាការ បន្ទាប់ពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យឈ្មោះវ៉ាន់ សុខសីហា ហៅហោរាអគ្គិនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកដាំ ឈឿន នាយករងមន្ទីរ ក្រោមការ សម្របសម្រួលរបស់លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញ ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់ ហើយតុលាការបានសម្រេច ឃុំខ្លួនជនសង្ស័យនេះបណ្តោះអាសន្ន នៅពន្ធ នាគារព្រៃស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៧។
គួរបញ្ជាក់ថា មុនពេលត្រូវឃាត់ខ្លួន និងឃុំខ្លួន ជនសង្ស័យឈ្មោះវ៉ាន់ សុខសីហា បានតាំងខ្លួនជាគ្រូទាយ មន្តអាគម កាប់មិនមុត ដុតមិនឆេះ អគ្គិនេត្រ ល្បីល្បាញខ្លាំងណាស់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយទស្សន៍ទាយ ធ្វើខ្សែគាថា ចារយ័ន្ត ព្យាបាលជំងឺ មានប័ណ្ណធានាសម្រាប់អ្នកដែលមកពឹងពាក់ តែទីបំផុត បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនទៅវិញ៕