Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីវក់ល្បែងបំផ្លាញទ្រព្យ ប្រពន្ធផ្តាច់របបយប់

ប្តីវក់ល្បែងបំផ្លាញទ្រព្យ ប្រពន្ធផ្តាច់របបយប់

បុរសម្នាក់នេះ វក់ល្បែងស៊ីសង បៀអាប៉ោង កន្ទុយលេខ បំផ្លាញអស់មាសប្រាក់ ផ្ទះធំទ្រនំខ្ពស់ រហូតរកខ្ទម ជ្រកស្ទើរមិនបាន។ ទោះជាខ្លួនព្យាយាមកែប្រែយ៉ាងណា ក៏មិនបានទ្រព្យ សម្បត្តិដែលរលាយនោះមកវិញដែរ ជាហេតុនាំឱ្យប្រពន្ធចុកក្បិនផ្តាច់របបរាត្រី ធ្វើឱ្យប្តីមួម៉ៅបង្កហិង្សាឥតល្ហែ…។

នាងឌន សុគន្ធ អាយុ៣៦ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានឪពុកឈ្មោះឌុល ឌន អាយុ ៧០ឆ្នាំ ម្តាយឈ្មោះជិន គឿន អាយុ៦៥ឆ្នាំ និងមានប្តីឈ្មោះលន ឡាំ អាយុ បងនាង២ឆ្នាំ ដោយបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១)។ ប្តីនាងជាមនុស្ស ងប់ងុលនឹងល្បែងស៊ីសង អាប៉ោងបៀ កន្ទុយលេខ តាំងពីចាប់ដៃគ្នាជាប្តី ប្រពន្ធម៉្លេះ។ គេយកល្បែងគ្រប់ប្រភេទ ធ្វើអាជីពទៅហើយ តែជាអាជីព ត្រូវគេបោកស៊ី ព្រោះលុយកាក់មាសប្រាក់ ដែលប្រឹងរកបានទាំងលំបាក ត្រូវប្តីនេះ ប្រមូលយកទៅចាក់ចោលក្នុងវង់បៀអាប៉ោង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បើសរុបទៅអស់លុយរាប់លានរៀល មាសប្រាក់រាប់តម្លឹង ម៉ូតូអាសង់៧គ្រឿង និងចុងក្រោយផ្ទះក្បឿង២ខ្នង ក៏ត្រូវលក់សងបំណុលគេគ្មានសល់ ជាលទ្ធផល បានត្រឹមសល់តែកូនខ្ទមមួយឱ្យកូនជ្រកស្ទើរមិនជិតទឹកភ្លៀងផង តើមិនឱ្យ នាងខឹងយ៉ាងម៉េចនឹងបើប្តីបំផ្លាញម៉្លឹងៗ នាងមិនអាចទ្រាំទ្របានទៀតទេ។

នាងឌន សុគន្ធ

នាងឌន សុគន្ធ បន្តទៀតថា រលាយទ្រព្យសម្បត្តិអស់ប៉ុណ្ណឹងទៅហើយ នៅតែប្តីនេះមិនភ្ញាក់រលឹកទេ ឥឡូវមិនសូវមានលុយបោះមេប៉ក់ ឬមេអាប៉ោង ដូចមុន ក៏ចេញក្បួនស៊ីផឹកស្រវឹងលែងខ្វល់ពីជីវភាពគ្រួសារ។ គេដេកស៊ីៗ លុះមានកម្លាំងក៏កេះកៀវនាង ធ្វើឱ្យនាងមួម៉ៅក្តៅចិត្ត ផ្តាច់របបរាត្រី ព្រោះបើ ឱ្យក៏មិនបានប្រយោជន៍អ្វីដែរ ស្រួលមិនស្រួលពពោះទៀត។
ទោះយ៉ាងណាក៏នាងមិនដាច់ធម៌មេត្តាពេកដែរ ដោយបើកដៃឱ្យប្តីរួមមេត្រី២-៣ដងដែរ ក្នុង១ខែ មិន អត់សោះនោះទេ ប៉ុន្តែនៅពេលប្តីកំពុងស្លឈាមជិតទៅដល់ឋានសួគ៍ នាងតែងសួរបញ្ជាក់ថា “ឈប់លេងបៀ អត់?” បើគេឆ្លើយថា “ឈប់ហើយ!” ទើបនាងឱ្យបង្ហួសទៅដល់ឋានសួគ៍ តែបើគេឆ្លើយថា “ឈប់មិន កើតទេ” នាងក៏ច្រានទ្រូងចេញលែងឱ្យស្លឈាមតទៅទៀត។

លោកលន ឡាំ

ដោយឡែក លោកលន ឡាំ អាយុ៣៨ឆ្នាំ ជាប្តី បានឱ្យដឹងថា សព្វថ្ងៃលោកបានលះបង់គំនិតវក់ល្បែង ចោលអស់ហើយ ប៉ុន្តែប្រពន្ធនៅមិនយល់ចិត្តប្តី នៅតែរអ៊ូរទាំដដែលៗ។ ពេលឮនាងង៉ូវៗមិនឈប់ លោកក៏ចេញ ទៅស៊ីផឹកខ្លះទៅ ព្រោះមនុស្សតុកស៊ិក លុះត្រាតែបានស្រាចូលពោះ ទើបទ្រាំបាន។ លោកបញ្ជាក់ថា ធម្មតា ល្បែងតែងមានឈ្នះចាញ់ គឺពេលលេងឈ្នះរាប់លានរៀល លោកក៏យកលុយនោះមកឱ្យប្រពន្ធ ស្រាប់តែនាង ទទួលញាប់ដៃ ហក់មកថើបប្តីទៀត ហើយយប់នោះ បានចាក់ធុងបាស់រាំលេងកម្សាន្ត អមដោយស្រាបៀរ ៤៥កេស ក្លែមសាច់មាន់ឆាខ្ញី ឬត្រីដុតដ៏មានឱជារស។ បន្ទាប់មក ប្រពន្ធនេះ ដឹកដៃប្តីចូលបន្ទប់ដូចជាស្រលាញ់ខ្លាំងណាស់ ប៉ុន្តែនៅ ពេលលោកលេងចាញ់ម្តងៗ ប្រពន្ធនេះធ្វើទុក្ខខ្លាំងណាស់ មុខនាង ក្រញូវស្តីបន្ទោសប្តីដដែលៗ ហើយយប់នោះសូម្បីតែជាយសំពត់ ក៏នាងមិនឱ្យប៉ះផង។

លោកតាខៀវ ឌុល

លោកឡាំ បន្ថែមថា ធម្មតាល្បែងក៏ដូចការបាត់គោក្របីអ៊ីចឹង បើមិនជិះសេះតាមរក ច្បាស់ជាចោរដឹកគោក្របីនោះទៅលក់បាត់។ បើប្រពន្ធចេះតែបន្ទច់បង្អាក់នោះ គោក្របីក៏បាត់ សេះក៏ដាច់បង្ហៀរ ខាតទាំងអស់ហ្នឹង អ៊ីចឹងហើយបានជាត្រូវលក់ផ្ទះសងបំណុលគេហ្នឹង។ ធម្មតាប្តីប្រពន្ធត្រូវតែស្គាល់ទុក្ខធុរៈគ្នា មិនមែនទុកឱ្យប្តីដេកឱបដៃ រងាកំប្រោននោះ វារកសុភមង្គលមិនឃើញទេ។ ហេតុនេះបើប្រពន្ធ មិនជម្រុះគំនិតអាត្មានិយមហ្នឹងចេញទេ ច្បាស់ជារួមរស់ជាមួយគ្នា លែងបានហើយ ប៉ុន្តែបើនាងឈប់ធ្វើបាបប្តី លោកសន្យាស្រង់ដើម ឱ្យបានផ្ទះធំទ្រនំខ្ពស់មកវិញ ហើយបើប្រពន្ធឈប់ចុកក្បិនបង្អត់អាហារ រាត្រីរាល់យប់នោះ លោកសន្យាថា ឈប់លេងល្បែងជារៀងរហូត។

លោកយាយហ៊ិន ហោន

លោកឡា បន្តទៀតថា បើគិតសព្វៗទៅ រឿងចាញ់ល្បែងអស់ ផ្ទះនោះ ប្រពន្ធត្រូវទទួលខុសត្រូវមួយចំណែកដែរ ព្រោះពេលខ្លះ លោកបោះមេប៉ក់ ប្រពន្ធចាំអ៊ុត និងស៊ីសង ពេលឈ្នះម្តងៗ ឱបថើបប្តី តែ បើចាញ់វិញ មុខដូចយក្ខិនីអ៊ីចឹង ហើយព្រោះតែអ៊ីចឹង បនាជាស៊យស៊ាវ រហូតធ្លាក់ខ្លួនដេកខ្ទមកំប្រួក។

លោកផ្លិច ខុន

លោកយាយហ៊ិន ហោន អាយុ៧០ឆ្នាំ និងលោកផ្លិច ខុន អាយុ ៤៣ឆ្នាំ ជាម្តាយធំ និងជាបងធម៌លោកឡាំ បានឱ្យដឹងស្របគ្នាថា ប្តី ប្រពន្ធ១គូនេះ គឺស្មើដៃគ្នាតែម្តង។ នាងសុគន្ធ ក៏លេងដូចគ្នា និងពូកែ អ៊ុតសន្លឹកបៀ ស៊ីសងក៏រហ័សរហួនដែរ គ្រាន់តែនាងមិនចេះផឹកប៉ុណ្ណោះ តែអារឿងបោះមេប៉ក់ មេអាប៉ោង ចាក់កន្ទុយលេខ គឺស្មើដៃគ្នាទេ។
លោកតាខៀវ ឌុល អាយុ៧៧ឆ្នាំ ជាជីតាខាងស្រី បានឱ្យដឹង ថា គាត់ក៏ធ្លាប់អប់រំស្តីប្រដៅចៅប្រសា និងចៅស្រីនេះដែរ ឱ្យឈប់ លេងល្បែង តែពួកគេមិនស្តាប់សោះ។ គាត់មើលឃើញថា ប្តីប្រពន្ធនេះ ពូកែរកស៊ីណាស់ បើឈប់លេងល្បែង នឹងសល់លុយកាក់មិនខាន តែបើញៀនអាប៉ោងបៀ កន្ទុយលេខ របៀបនេះនៅតែក្រមួយជីវិត។

ផ្ទះនាងឌន សុគន្ធ

គួរបញ្ជាក់ថា សព្វថ្ងៃល្បែងស៊ីសងគ្រប់ប្រភេទរីកដូចផ្សិតត្រូវទឹកភ្លៀង តាំងពីក្រុងដល់ស្រែ។ នៅតំបន់ ខាងលើនេះ ពីមុនគ្រប់គ្រងដោយពួកឧទ្ទាមខ្មែរក្រហម គ្មានល្បែងចូលដល់ទេ លុះស្រុកទេសបានសុខសន្តិភាព ឯជីវភាពប្រជាពលរដ្ឋប្រែប្រួលស្មានមិនដល់ ស្រាប់តែកើតល្បែងព្រោងព្រាត ដែលជួនកាលល្បែងបាន ក្លាយជាឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចតែម្តង ដែលយូរៗឃើញបង្ក្រាបបាន១ករណី ដើម្បីយក ស្នាដៃប៉ុណ្ណោះ…”៕

RELATED ARTICLES