Monday, January 20, 2025
Homeសន្ដិសុខសង្គមអត់លុយសម្រាលកូន ចាក់តាម៉ូតូឌុបធ្លុះកញ្ចឹងក ប្លន់យកម៉ូតូ

អត់លុយសម្រាលកូន ចាក់តាម៉ូតូឌុបធ្លុះកញ្ចឹងក ប្លន់យកម៉ូតូ

ខេត្តរតនគិរី ៖ ស្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ព្រោះតែជិតដល់ថ្ងៃសម្រាលគ្មានលុយកាក់ជាប់ខ្លួន ស្រាប់តែបែកគំនិត ល្បួងហៅម៉ូតូឌុបបុរសចំណាស់ម្នាក់ជិះ លុះទៅដល់កន្លែងស្ងាត់ ក៏ទាញកាំបិតចុងស្រួច ចាក់កញ្ចឹងក តាម៉ូតូឌុប បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ និងព្យាយាមប្លន់យកម៉ូតូដែរ តែមិនសម្រេចត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

ករណីស្ត្រីពោះធំចាក់តាម៉ូតូឌុបធ្លាយ-ក ប៉ងប្លន់ម៉ូតូលក់យកលុយសម្រាលកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃ០២ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ១ខ្សែ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើនសៃ។

បុរសចំណាស់រងគ្រោះដែលត្រូវស្ត្រីពោះធំ ចាក់ធ្លាយកញ្ចឹងក ប៉ងប្លន់យកម៉ូតូនោះ មានឈ្មោះអ៊ុំ នី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង (រងរបួសធ្ងន់ត្រង់កញ្ចឹងក)។ ចំណែកម៉ូតូដែលស្ត្រីដៃឆៅប៉ុនប៉ងប្លន់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-4715។ ចំណែកស្ត្រីសង្ស័យមានឈ្មោះផាន់ ស៊ីណា អាយុ២០ឆ្នាំ ជាជនជាតិឡាវ កំពុងមានផ្ទៃពោះជិតគ្រប់ខែ មុខរបរ មិនពិតប្រាកដ រស់នៅភូមិប៉ាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវ៉ើនសៃ។

តាមប្រភពពីមន្ត្រីនគរបាលស្រុកវ៉ើនសៃ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលបុរសរងគ្រោះ កំពុងអង្គុយលើម៉ូតូ ចាំដឹកម៉ូយនៅចំណុចក្រុងបានលុង ក៏ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើ បានដើរមកជួល ម៉ូតូឌុបជនរងគ្រោះជិះ ក្នុងទិសដៅចេញពីក្រុង បានលុង ទៅស្រុកវ៉ើនសៃ ក្នុងតម្លៃ៣ម៉ឺនរៀល។ លុះក្រោយពីត្រូវរ៉ូវតម្លៃគ្នាហើយ បុរសរងគ្រោះ ក៏បានជិះម៉ូតូដឹកស្ត្រីសង្ស័យរហូតមកដល់ទីតាំង កើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ ស្ត្រីសង្ស័យក៏ប្រាប់ឱ្យជនរងគ្រោះឈប់ ដើម្បីនាងចុះបត់ជើងបន្តិច។ ចំណែកជនរងគ្រោះ ក៏មិន បានចាប់អារម្មណ៍អ្វីដែរ និងយល់ថា ធម្មតាស្ត្រីមានផ្ទៃពោះ តែងបត់ជើងច្រើនបែបនេះ ហើយ ដឹងអី មិនដឹងជាល្បិចរបស់ស្ត្រីដៃឆៅ ប៉ុនប៉ងប្លន់ម៉ូតូសោះ។

ប្រភពដដែលបន្តថា លុះគ្រាន់តែជនរងគ្រោះឈប់ម៉ូតូភ្លាម ស្រាប់តែស្ត្រីសង្ស័យ ក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយ រួចធ្វើសកម្មភាពចាក់ជនរងគ្រោះពីក្រោយចំកញ្ចឹងក បណ្តាល ឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចទាំងខ្លួន ទាំងម៉ូតូ ហើយភ្លាមនោះ ជនរងគ្រោះនៅប្រមូលស្មារតីបាន ក៏ព្យាយាមជិះម៉ូតូរត់ទៅមុខបានចម្ងាយប្រហែល១៦គីឡូម៉ែត្រ ដោយឈាមហូរច្រើនពេកក៏ឈប់ ហើយពឹងឱ្យគេជួយហៅរថយន្តសង្គ្រោះ យកទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាលរបួស។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការស្រាវជ្រាវឃាត់ខ្លួនស្ត្រីដៃដល់បាន នៅវេលាម៉ោង៣និ៣០នាទីរសៀលថ្ងៃដដែល នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។ ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានកូនកាំបិតចុងស្រួច ចំនួន១ និងស្បែកជើងស្ត្រីសង្ស័យ ចំនួន២គូ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ើនសៃ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនស្ត្រីសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី៕​

RELATED ARTICLES