ភ្នំពេញ ៖ យុវជនជាជាងជួសជុលរថយន្តម្នាក់ បានប្រើល្បិចលួងលោមក្មេងស្រី ដែលជាអ្នករស់នៅក្បែរខាងគ្នា ទៅរកញ៉ាំបង្អែម តែបែរជាបង្ហួសចូលផ្ទះសំណាក់ រួមរ័ករហូតបានសម្រេចមួយលើក និងបានព្យាយាមគំរាមកុំឱ្យក្មេងស្រីនិយាយប្រាប់អ្នកណាឱ្យសោះ។ លុះ៤ថ្ងៃក្រោយមក ក្មេងស្រីរងគ្រោះមានអាការឈឺចាប់ពេក ទ្រាំលែងបាន ក៏ទម្លាយរឿងប្រាប់ឪពុកម្តាយឱ្យដឹង និងឈានដល់ការប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវលួងលោមក្មេងស្រីទៅញ៉ាំបង្អែម តែបែរជានាំចូលផ្ទះសំណាក់រួមរ័កបានម្តងនេះ កើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ TJ បន្ទប់លេខ២២៤ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះបែកធ្លាយរឿងសមត្ថកិច្ចក៏បានចុះចាប់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលល្បួងនាំក្មេងស្រីចូលផ្ទះសំណាក់រួមរ័កនោះ មានឈ្មោះអាំ វាសនា អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតក្នុងភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ច.ស.ព អាយុ១៥ឆ្នាំ មុខរបរលក់សាំង ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា រវាងនាង និងជនសង្ស័យគឺជាមនុស្សស្គាល់គ្នា ព្រោះស្នាក់នៅផ្ទះក្បែរខាងគ្នា ហើយនៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានបបួល លួងលោមនាងថា ទៅរកហូបបង្អែមជាមួយគ្នា នៅផ្លូវវេងស្រេង ពេលនោះ នាងក៏បានយល់ព្រម ហើយក៏ឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ ស្រាប់តែផ្ទុយទៅវិញ ជនសង្ស័យមិនបានដឹកនាងទៅញ៉ាំបង្អែមនោះទេ បែរជាដឹកនាងបង្ហួសទៅលេងនៅផ្សារស្ទឹងមានជ័យ។ លុះពេលវិលត្រឡប់មកវិញ ក៏ដឹកនាងចូលផ្ទះសំណាក់យីហោ TJ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយចូលក្នុងបន្ទប់លេខ ២២៤ បន្ទាប់មក ជនសង្ស័យក៏បានចាប់នាង រំលោភសេពសន្ថវៈរហូតដល់បានសម្រេច។
ក្មេងស្រីរងគ្រោះបន្តថា ក្រោយពីធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ផ្ទះសំណាក់រួចរាល់ហើយ ជនសង្ស័យបានគំរាមនាងមិនឱ្យនិយាយរឿងនេះ ប្រាប់អ្នកណាទាំងអស់ រួចទើបជិះម៉ូតូជូននាងត្រឡប់ទៅផ្ទះវិញ។ ចំណែកនាង ដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបមិនហ៊ានយករឿងនេះប្រាប់អ្នកណាឡើយ រហូតដល់ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ដោយសារតែនាងបានកើតមានអាការឈឺចាប់ខ្លាំងពេក ទ្រាំលែងបាន ក៏ប្រាប់ម្តាយពីដំណើររឿង បន្ទាប់មក ម្តាយនាងក៏ប្រញាប់នាំនាងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ លុះមកដល់ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ទើបសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ យកទៅចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អាំ វាសនា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹង ចោទប្រកាន់មែន។
ជនសង្ស័យ បន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រូបគេបានលួងនាំក្មេងស្រីរងគ្រោះ ដោយប្រាប់ថា ទៅរកហូបបង្អែម តែបានដឹកនាងបង្ហួសទៅលេងផ្សារស្ទឹងមានជ័យ លុះដល់ម៉ោង៨យប់វិលត្រឡប់មកវិញ ដឹកចូលដេក ផ្ទះសំណាក់ TJ រួមភេទបានសម្រេចម្តង ហើយបានប្រាប់ និងហាមមិនឱ្យនាងនិយាយប្រាប់អ្នកណាឡើយ បន្ទាប់មក រូបគេនឹកគិតថា រួចខ្លួន ទៅហើយ ព្រោះ៣ថ្ងៃកន្លងទៅហើយ មិនឃើញមានអ្វីសោះ ស្រាប់តែមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ខណៈដែលរូបគេកំពុងធ្វើការសុខៗ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕