Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីបង្អាប់ធុំក្លិនដូចសេះ ប្រពន្ធឆេះដុំ

ប្តីបង្អាប់ធុំក្លិនដូចសេះ ប្រពន្ធឆេះដុំ

បុរសម្នាក់នេះ សុខៗ បង្អាប់ប្រពន្ធថា ធុំក្លិនដូច សាសេះ ឆ្អេះង៉ោង ស្រាប់តែ ប្រពន្ធឆេះដុំ ច្រានទ្រូងចេញ លែងឱ្យប៉ះ។ តាមពិតទំនង ជាប្រពន្ធភ្លេចងូតទឹក មិនផ្លាស់សំពត់អាវ ក៏ជះក្លិន មិនសូវល្អ ឯប្តីធុំក្លិនស្រា ហួងដែរនោះ ក៏ផ្ទុះជម្លោះ ផ្អើលអ្នកជិតខាងទាំងយប់ ដែលករណីបែបនេះ ឃើញ មានជារឿយៗ ព្រោះតែប្តី ប្រពន្ធខ្វះអនាម័យ…។

នាងទឹម រីម អ៊ា៣៨ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានប្តីឈ្មោះម៉ៅ មន អាយុបងនាង២ឆ្នាំ ដោយ បង្កើតបានកូន៣នាក់ (ស្រី១ ប្រុស២) ធំទន្ទឹមស្មាឪពុកម្តាយទៅហើយ។ កាលចាប់ដៃ គ្នាដំបូង ជីវិតប្តីប្រពន្ធ នាងស្គាល់តែសុភមង្គលប៉ុណ្ណោះ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែប្តីបែកគំនិតប្រចណ្ឌ និងកាន់តែខ្លាំងទៅៗ ខាងរឿងលើគ្រែ សឹងថា ជាប់លេខ១ ប្រចាំភូមិតែម្តង ព្រោះយប់ណាក៏មិនព្រមសម្រាកសោះ។ ឱ្យតែឃើញនាងឈរ និយាយលេងជាមួយប្រុសណា មិនថាក្មួយ ឬអ្នកភូមិផងរបងជាមួយនោះទេ គេចោទថា នាងណាត់ជួបគ្នា រហូតដល់ បុរសៗឯទៀតលែងហ៊ានដើរក្បែររបងផ្ទះនាង ព្រោះគេដឹងចរិតប្តីកំពូល ប្រចណ្ឌនេះ។ រហូតមកទល់ពេលនេះ គេបង្ក រឿងជាមួយនាង កាន់តែខ្លាំងជាងមុន ក្រោយពីនាងផ្អាកមិនឱ្យគេ រួមភេទជាមួយ។ គេចាប់ផ្តើមជេរប្រទេច វាយឆ្នាំងចាន របស់របបហិនហោច ជួនកាលនាងត្រូវនាំកូនរត់ទៅដេកផ្ទះបងប្អូន ជួនកាលទ្រាំនៅក្នុងផ្ទះ ដោយមិនហ៊ានដេកមួយយប់ ទល់ភ្លឺក៏មាន។

នាងទឹម រីម

នាងទឹម រីម បន្តទៀតថា នាងមិន កំណាញ់ ឬចាញ់កម្លាំងប្តីនោះទេ ទោះគេ លោតបានប៉ុន្មាន ក៏ស៊ូរួចដែរ ប៉ុន្តែ មូលហេតុដែលនាងមិនឱ្យគេលូកលាន់ មកពីប្តីដៀលនាងថា “ធុំក្លិនដូចសាសេះ” ទើបនាងមិនឱ្យលិទ្ធ។ ប្តីប្រពន្ធបានគ្នារាប់ឆ្នាំ មានកូនទន្ទឹម ខ្លួនអស់ទៅហើយ ហេតុអ្វីប្តីមិនស្គាល់ក្លិនប្រពន្ធ ព្រោះបើនាងក្លិនដូចសេះ ឆ្អេះង៉ោងមែននោះ ហេតុអ្វី គេទ្រាំបានមកទល់ពេលនេះ? ចំណែក ប្តីហ្នឹងក៏មានក្លិន ដូចត្មាតដែរ ដេកជិតម្តងៗពិបាកទ្រាំណាស់ ធ្ងន់បំផុតពេល គេមកពីផឹកម្តងៗជះក្លិនក្លៀកឡើងខា ធ្វើឱ្យអស់អារម្មណ៍ផ្លូវភេទរលីង។

លោកម៉ៅ មន

ដោយឡែក លោកម៉ៅ មន ជាប្តី បនាឆ្លើយតបភ្លាមៗថា រឿង លោកចោទប្រពន្ធធុំក្លិនដូចសាសេះនោះ គ្រាន់តែថាឱ្យរួចពីមាត់ប៉ុណ្ណោះ ព្រោះតែនាងមិនឱ្យប៉ះ លុះផ្ទុះកំហឹងក៏ពន្លះប៉ោចៗភ្លេចគិត ស្រាប់តែនាងចាប់ថ្នាក់។ បើនាងឱ្យស្រួលៗ មានអ្នកណាថាអី តែបើទាល់តែបង្ខំបែបនេះ ត្រូវតែបង្អាប់ខ្លះឱ្យនាងច្រឡោត ងាយស្រួលកៀរយកចំណេញ។ យប់ខ្លះ នាងរអ៊ិះរអ៊ុះក្រេសក្រុស ធាក់រនាប ធាក់កន្ទេលផ្អើលកូនៗ តើអ្នកណាមិនខឹង ហើយថា លោកធុំក្លិនដូចត្មាត ពេលមកពីផឹកស្រាម្តងៗ អ៊ីចឹង វាស្មើគ្នាទេ ព្រោះប្រពន្ធបើមិនងូតទឹក មិនផ្លាស់សំពត់អាវ ឱ្យក្លិនខាដូចតែគ្នាហ្នឹង។

នាងទឹម រីម និងលោកម៉ៅ មន

លោកម៉ៅ មន បន្តថា លោកមិនចង់ឱ្យប្រពន្ធស្វាគមន៍គ្រប់ពេលគ្រប់ម៉ោងនោះទេ សុំត្រឹមពេលស្រវឹង ម្តងៗ ចង់ឱ្យប្រពន្ធជួយដោះទាល់ តែមានឯណា មិនទាន់បានឡើងបង្គងផង នាងស្រែកគំហកឱ្យថា ស្អុយក្លៀក ណាស់ ធ្វើឱ្យលោកដាច់អារម្មណ៍ស្រលាញ់ ក៏ស្រែកតបវិញថា នាងធុំក្លិនដូចសេះ ស្រាប់តែនាងខឹង ច្រឡោតទាំងយប់។ តាមពិត លោកគ្រាន់តែថាឱ្យ ធូរទ្រូងប៉ុណ្ណោះ ហើយទោះជា ប្រពន្ធមិនងូតទឹក ក៏លោកអាចទៅរួចដែរ ព្រោះស្អុយនិងស្អុយដូចគ្នា មិនពិបាកទេ។

លោកតាស៊ឹម ធិន

លោកតាស៊ឹម ធិន អាយុ៧៨ឆ្នាំ និងនាងស៊ឹម អ៊ុត អាយុ៣៦ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ជម្លោះប្តីប្រពន្ធខាងលើនេះ ផ្តើមចេញពីការមិន ឱ្យតម្លៃគ្នា ចូលចិត្តបន្តុះបង្អាប់គ្នា សូម្បីតែរឿងលើគ្រែ ក៏គ្មានការយោគយល់គ្នាដែរ។ នេះមកពីពួកគេចង់ ឈ្នះគ្នា ទើបបានជាកើតជម្លោះមិនចេះចប់ ធ្វើឱ្យអ្នកជិតខាងធុញទ្រាន់ ចាត់ទុកជារឿងធម្មតាទៅហើយ។

លោកឌឹម ម៉ៅ មេភូមិបេង បានឱ្យដឹងថា លោកបានចុះទៅអប់រំគ្រួសារខាង លើនេះច្រើនដងមកហើយ តែពួកគេមិនសម្របតាមអាជ្ញាធរសោះ។ ពិសេស ភាគីប្តីពូកែរករឿងប្រពន្ធ ជួនកាលបង្កហេតុឈ្លោះ គ្នាទាំង យប់ផ្អើលអ្នកជិតខាងគ្មានបានដេកពួនទេ។

នាងស៊ឹម អ៊ុត

រីឯអ្នកភូមិមួយចំនួនទៀត ជាពិសេស បុរសៗ ដែលធ្លាប់ព័ទ្ធវង់ផឹក ជាមួយលោកម៉ៅ មន បានខ្សឹប ប្រាប់អ្នកយកព័ត៌មានយើងថា ប្តីប្រពន្ធ១គូហ្នឹងស្មើ ដៃគ្នាទេ។ រឿងពួកគេបង្អាប់គ្នាថា ប្តីធុំក្លិនដូចត្មាត ប្រពន្ធធុំក្លិនឆ្អេះដូចសាសេះនោះ គឺមកពីពួកគេមិន សូវងូតទឹក។ ជួនកាលប្រពន្ធមកពីធ្វើការអស់កម្លាំង គ្រាន់តែហូបបាយល្ងាចរួច ក៏ប្រះដេកលក់មួយរំពេច ភ្លេចឯរឿងងូតទឹកសម្អាតខ្លួន។ ចំណែកប្តីយប់ជ្រៅ ទើបទៅដល់ផ្ទះទាំងធុំក្លិនស្រា និងញើសក្អែលទៅផ្ញើប្រពន្ធផង លុះពួកគេកេះកៀវគ្នាមិនចេញក្លិនទឹកអប់ ប្រេងម្សៅ ដូចប្តីប្រពន្ធគេឯទៀត បែរជាចេញក្លិន ក្លៀក និងក្លិនពីសំពត់មិនបានបោកសម្អាត ក៏បង្អាប់គ្នា ខានបានរួមដំណេកយ៉ាងនេះទៅ។

ផ្ទះនាងទឹម រីម

គួរបញ្ជាក់ថា បញ្ហាអនាម័យនេះសំខាន់ណាស់ បើគូស្វាមីភរិយាមិនសូវសម្អាតខ្លួន ច្បាស់ជាជួប បញ្ហានេះមិនខានឡើយ។ មនុស្សធ្វើការខ្លាំង ងូតទឹក ១ថ្ងៃ ៣ដង នៅតែធុំក្លិនមិនល្អ ចុះទម្រាំអ្នកមិនងូតទឹក ១ថ្ងៃ ឬ២ថ្ងៃ តើវាឱ្យក្លិនយ៉ាងណាទៅ? ដែលរឿងនេះ ចាត់ទុកជាមេរៀនជីវិត សម្រាប់គូស្វាមីភរិយាថ្មោងថ្មី បើចង់ឱ្យសេចក្តីស្នេហាមានរសជាតិ កុំភ្លេចសម្អាតខ្លួន មុនពេលឡើងគ្រែ…”៕

RELATED ARTICLES