Tuesday, November 26, 2024
Homeសន្ដិសុខសង្គមស្រីតាមទារបំណុល ប្រុសខឹងចាប់បោចសក់ វ៉ៃជាន់ក

ស្រីតាមទារបំណុល ប្រុសខឹងចាប់បោចសក់ វ៉ៃជាន់ក

ភ្នំពេញ ៖ បុរសជាមន្ត្រីរាជការមានឋានៈ ជាអនុប្រធាននាយកដ្ឋានម្នាក់ បានជំពាក់បំណុលស្ត្រីម្នាក់ ចំនួន២៥០០០ដុល្លារ និងព្យាយាម គេចវេះមិនព្រមសងសោះ លុះដល់ស្ត្រីជាម្ចាស់បំណុលតាមទៅទារប្រាក់របស់ខ្លួនវិញ ស្រាប់តែច្រឡោតខឹង នាំបក្ខពួក២នាក់ទៀត ទៅចាប់ បោចសក់ស្ត្រីរងគ្រោះ វ៉ៃបោកផ្ទប់នឹងតុ ព្រមទាំងជាន់កជាប់នឹងឥដ្ឋយ៉ាងសាហាវឃោរឃៅ ទីបំផុត ស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាប៉ុនប៉ងសម្លាប់។

បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនតាមដីកា និងបញ្ជូនទៅឃុំខ្លួន សាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការចោទប្រកាន់តាមផ្លូវច្បាប់។

ជនដៃដល់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះប្លុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិ  សម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ១០ និង លេខ១២ បុរីពិភពថ្មីសែនសុខ ផ្លូវលេខ១ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត បានរត់គេចខ្លួនអស់ហើយ ក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃទៅលើស្ត្រីរងគ្រោះរួចមក។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់បំណុល មានឈ្មោះស.រ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នកលក់ដូររស់នៅក្នុងសង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ។

តាមរយៈវីដេអូរឃ្លីបរយៈពេល១នាទី និង៤១វិនាទី នៅកន្លែងកើតហេតុ បានបង្ហាញ នូវសកម្មភាពរបស់ក្រុមជនដៃដល់ បានវាយ តប់ បោចសក់ទាត់ធាក់ បោកជនរងគ្រោះផ្ទប់ និងឥដ្ឋការ៉ូ ជាន់កយ៉ាងព្រៃផ្សៃ គ្មានក្តីមេត្តា អ្វីបន្តិចសោះ និងបើកកុំតែបានម្ចាស់ហាង និង សន្តិសុខបុរី មកជួយទាន់ពេលវេលា កុំអីស្ត្រី រងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតមិន ខាន។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹង ថា ហេតុការណ៍ក្រុមជនដៃដល់ ប្រើហិង្សាវាយ តប់ទៅលើស្ត្រីរងគ្រោះដោយគ្មានអាសូរនេះ បានកើតឡើងតាំងពីវេលាម៉ោង៩និង២០នាទី យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ភោជនីយដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ស្ថិត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច នគរបាល និងព្រះរាជអាជ្ញាអមតុលាការ ទើប ព្រះរាជអាជ្ញា បញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់យកមកអនុវត្តតាមច្បាប់។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ជនដៃដល់ ឈ្មោះប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ស្ត្រីរងគ្រោះ ចំនួន២៥០០០ដុល្លារ បានណាត់ស្ត្រីរងគ្រោះឱ្យចេញមកក្រៅ ដើម្បីនិយាយគ្នា ដោយឈ្មោះប្លុង ពិសិដ្ឋ បានបើករថយន្តម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4800 ទៅដឹកជនរងគ្រោះនៅផ្សារស៊ីឡឹប ហើយ បើកទៅសង្កាត់ភ្នំពេញថ្មី ដឹកមិត្តភក្តិឈ្មោះ គង់ ស៊្រីន យកទៅភោជនីយដ្ឋានមួយនៅទល់ មុខបុរីអង្គរភ្នំពេញ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅពេលទៅដល់ មិនទាន់បាន និយាយគ្នារឿងលុយជំពាក់ទេ ជនរងគ្រោះក៏បាន សុំឈ្មោះប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារមានធុរៈបន្ទាន់។ លុះដល់វេលាម៉ោងប្រមាណ ៩និង២០នាទីយប់ ទើបជនរងគ្រោះត្រឡប់ ទៅវិញ ក៏ឃើញឈ្មោះប្លុង ពិសិដ្ឋ ឈ្មោះគង់ ស៊្រីន រួមនឹងបក្ខពួកម្នាក់ទៀត ឈ្មោះខៀវ នៅអង្គុយចាំជាស្រេច។

ប្រភពខាងលើ បានបញ្ជាក់ប្រាប់ថា លុះ ពេលជនរងគ្រោះត្រឡប់មកវិញ មិនទាន់បាន អង្គុយចុះផង ស្រាប់តែឈ្មោះប្លុង ពិសិដ្ឋ បាន ស្ទុះទៅវាយជនរងគ្រោះចំកណ្តាលផ្ទៃមុខ បណ្តាល ឱ្យដួល ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់ នឹងតុ បោកផ្ទប់នឹងឥដ្ឋការ៉ូ ព្រមទាំងជាន់កជនរងគ្រោះបំណងសម្លាប់ចោលទៀតផង និងធ្វើ ឱ្យកើតមានការផ្អើលឆោឡោពេញហាង។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាស់ហាង និង អ្នករត់តុបាននាំគ្នាចូលទៅជួយអន្តរាគមន៍ ទើប ក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែងកើតហេតុ បាត់អស់ទៅ។ លុះដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៧ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ឱ្យជួយរកយុត្តិធម៌តែម្តង៕

RELATED ARTICLES