Sunday, December 22, 2024
Homeព័ត៌មានជាតិមេម៉ាយមិនព្រមយកប្តី ព្រាយចូលខ្លួន

មេម៉ាយមិនព្រមយកប្តី ព្រាយចូលខ្លួន

ជំនឿ ទៅលើអំពើអំព័ន្ធ អាបធ្មប់ នៅតែមានក្នុងសង្គមខ្មែរជានិច្ច ទោះបីជា វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រជឿនលឿនយ៉ាងណាក្តី។ ដោយឡែក ស្ត្រីមេម៉ាយម្នាក់នេះ បាត់ ដំណឹងប្តី៥ឆ្នាំហើយ ក៏នៅតែទន្ទឹងមើលផ្លូវ មិនព្រម យកប្តីថ្មីទៀតទេ ធ្វើឱ្យបុរសខ្លះដែលដណ្តឹងនាង មិនបានក៏ធ្វើអំពើឱ្យព្រាយចូលខ្លួននាង ដែល ជាជំនឿធ្លាប់កើតមានក្នុងសង្គមខ្មែរ ពីបុរាណកាលមក…។

នាងជីន សំអឿន បង្ហាញថ្នាំប្ញឈើ

នាងជីន សំអឿន អាយុ៣៦ឆ្នាំ រស់នៅភូមិ ថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា នាងជាកូនទី៤ ក្នុងចំណោម បងប្អូន៥នាក់ ឪពុកឈ្មោះជន ជីន អាយុ៦៥ឆ្នាំ ម្តាយឈ្មោះឯក អ៊ុច អាយុ៦២ឆ្នាំ។ ដោយសារជាកូន កសិករមុជមិនជ្រៅទៅមិនឆ្ងាយ ទើបនាងរៀនសូត្រ បានត្រឹមថ្នាក់ទី៥ មិនចប់បឋមសិក្សាផង ក៏ឈប់ទៅ ដោយងាកមកចាប់ការងារស្រែចម្ការវិញ។ ចូលវ័យ២០ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះតុង ខេង អាយុបង នាង៣ឆ្នាំ រស់នៅភូមិស្រុកជាមួយគ្នា បានតាមសុំស្នេហ៍នាង យ៉ាងស្អិត រហូតដល់នាងយល់ព្រមប្រគល់បេះដូងដ៏បរិសុទ្ធ និងបានរៀបការជាមួយគេទៅ។ នាងនិងប្តីជាទីស្រលាញ់ នោះ ស្គាល់ទុក្ខធុរៈគ្នាណាស់ មិនដែលជួបអពមង្គលអ្វីទេ ដោយបង្កើតបានកូនស្រី២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ បន្ទាប់ពីនាងសម្រាលបានកូនស្រីទី២ ហើយប្តីនៅថែទាំ រហូត នាងរឹងដៃរឹងជើង គេក៏សុំនាងចេញទៅរកស៊ីនៅប្រទេសថៃ ក្រែងបានកម្រៃលើកស្ទួយជីវភាពឱ្យប្រសើរជាងនេះ ហើយ នាងក៏យល់ព្រមបើកឱ្យប្តីទៅទាំងអាល័យ។

នាងជីន សំអឿន កំពុងឆ្ពង់បណ្តេញខ្មោច

នាងជីន សំអឿន បន្តទៀតថា ប្តីជាទីស្រលាញ់ចេញទៅ ក៏បាត់ដំណឹងសូន្យឈឹង នាងចេះតែដើររកគ្រូទស្សន៍ទាយ ហើយគ្រូណាក៏ប្រាប់ថា ប្តីនាងនៅរស់ដែរ ឯរឿងបាត់ដំណឹង មកពីគេមានរវល់មកមិនរួច។ ប្រឈមនឹងទំនាយគ្រូនេះ នាង មិនអាចក្បត់ប្តីបានឡើយ យប់ណាក៏ដេកសម្រក់ទឹកភ្នែក នឹកប្តីដែរ ព្រោះប្តីនេះប្រសប់ថ្នាក់ថ្នមនាងណាស់ មិនគួរណា ទៅបាត់ស្ងាត់សូន្យយ៉ាងនេះ។ ចាំបាត់ៗ៥ឆ្នាំ បានកន្លងទៅ ធ្វើឱ្យនាងធ្លាក់ខ្លួនជាស្រីមេម៉ាយទាំងមិនដឹងខ្លួន។ ពេលនេះ ក៏មានបុរសពោះម៉ាយ និងកំលោះចាស់មួយចំនួនដាក់វេន គ្នាចូលស្តីដណ្តឹងនាង ដោយបំភ័យថា ប្តីនាងស្លាប់ទៅហើយ រង់ចាំអ្វីទៀត យកប្តីទៀតទៅ។ ទោះជាគេបំភ័យយ៉ាងណា ក៏នាងមិនអាចបំភ្លេចប្តីបានឡើយ ជាហេតុធ្វើឱ្យបុរសចូល មកសួរនោះខកចិត្ត ខឹងសម្បាចង់ផ្ចាញ់ផ្ចាលនាង។

នាងជីន សំអឿន បើកភ្នែកក្រលេបក្រលាប់ពេលព្រាយចូល

នាងជីន សំអឿន បន្តទៀតថា លុះចូលមកដល់ខែឧសភា ឆ្នាំ២០១៧ នេះនាងចេះតែឈឺចាក់ដោតពេញខ្លួន ជួនសើច ជួនយំ ឃ្លានតែសាច់ឆៅ និងឈាមស្រស់។ ឪពុកម្តាយ ក៏យក នាងទៅរកគ្រូបារមីមើល ទើបដឹងថា រូបនាងត្រូវគេប្រើសិល្ប៍ មន្តចងព្រាយ ប្រើឱ្យចូលខ្លួននាង ចាក់រុកមិនឈប់។ ជារៀងរាល់យប់ ព្រាយនេះ តែងតែចូលក្នុងខ្លួននាងឱ្យសើច ឱ្យយំ ហើយពេលវាចូលម្តងៗ ធ្វើឱ្យនាងស្រេកឃ្លានឈាមមាន់ ឆៅជាខ្លាំង។ នាងក៏ប្រឹងច្របាច់កខ្លួនឯង ទប់អារម្មណ៍កុំឱ្យព្រាយ នេះ ពង្វក់នាងបាន ហើយក៏បានបងប្អូនជួយចាប់ផង កុំអី មិនដឹងជាយ៉ាងណាទេ។ នាងស្វែងរកគ្រូឱ្យជួយដេញព្រាយ ចង្រៃហ្នឹងច្រើននាក់ណាស់មកហើយ ហើយសព្វថ្ងៃកំពុង ផឹកថ្នាំបង្ក្រាបព្រាយផង រង់ចាំមើលផ្លូវប្តីជាទីស្រលាញ់ផង ដោយជឿថា បើប្តីនៅរស់វិលមកជួបប្រពន្ធវិញ ព្រាយចង្រៃ នោះនឹងលែងហ៊ានចូលខ្លួននាងទៀតហើយ។

លោកយាយ ម៉េង ផាត

អ្នកស្រីអ៊ិត នេវ អាយុ៥៦ឆ្នាំ និងលោកយាយ ម៉េង ផាត អាយុ៦៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្រប គ្នាថា នាងជីន សំអឿន នេះ តាំងពីប្តីទៅបាត់ដោយ គ្មានដំណឹង៥ឆ្នាំ នាងនៅតែនឹកស្រណោះដល់គេជានិច្ច។ នាងអង្គុយរង់ចាំមើលផ្លូវប្តីទាំងយប់ទាំងថ្ងៃ ស្ទើរភ្លេច មុខរបរ ភ្លេចទាំងកូន និងភ្លេចថាខ្លួនក្លាយទៅជាស្រី មេម៉ាយទាំងមិនដឹងខ្លួន។ ដោយសារតែសម្រស់ នាងស្អាតគួរសម ក៏មានបុរសៗប៉ុន្មាននាក់ទៅហើយ ដាក់វេនគ្នាចូលចែចូវសុំផ្លូវដើរជណ្តើរឡើង និងបំភ័យ នាងសំអឿន ថា ប្តីនាងស្លាប់បាត់ទៅហើយ នៅមេម៉ាយ ដល់ណាទៀត ល្មមយកប្តីថ្មីទៀតទៅ។ ទោះជាប្រុសៗ បំភ័យផង លួងលោមផងយ៉ាងណា ក៏នាងមិនព្រមយក ប្តីថ្មីទៀតទេ ដោយអង្គុយមើលតែផ្លូវប្តីដើម ដែលចេញទៅរកស៊ីនៅប្រទេសថៃ ព្រោះមានគ្រូទាយថា ប្តីនោះនៅរស់ទេ កំពុងមានរវល់ ឬអាចជាប់គុកនៅ ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ក៏មិនដឹង។ លុះ នាងមិនព្រមទទួលសេចក្តីស្នេហាពីគេ ស្រាប់តែធ្លាក់ ខ្លួនឈឺខុសគេឯង ម្តងសើច ម្តងយំដូចឆ្កួត លុះរកគ្រូ ទស្សន៍ទាយក៏ដឹងថា នាងត្រូវអ្នកស្រលាញ់នោះពឹង គ្រូធ្មប់ឱ្យប្រើព្រាយចូលខ្លួននាង។ ឥឡូវគ្រួសារនាង កំពុងរកវិធីដេញព្រាយនោះហើយ គង់តែបានជាសះស្បើយដូចដើម។

អ្នកស្រីអ៊ិត នេវ

ដោយឡែក យុវជនមួយចំនួនបានឱ្យដឹងស្របគ្នាថា ពួកគេមិនជឿព្រាយស្អីទេ តាមពិតនាងសំអឿន នឹកប្តីពេក ក៏ខូចចិត្តឡប់សតិភ្លេចមុខ ភ្លេចក្រោយ ក្លាយជាមនុស្សសរសៃប្រសាទកម្រិតបឋម។ ជំងឺនេះ អាចជាសះស្បើយវិញបាន បើសិនជាប្តីដែលនាង ស្រលាញ់ស្ទើរលេបនេះ វិលមករួមរស់ជាមួយនាងវិញ តែបើបាត់ដំណឹងជារៀងរហូត ជំងឺនាងអាចនឹងធ្ងន់ទៅៗ គ្រូពេទ្យក៏ព្យាបាលមិនជាដែរ។
គួរបញ្ជាក់ថា រវាងអ្នកកាន់ជំនឿបុរាណ និងជឿ លើវិទ្យាសាស្ត្រមានមតិខុសគ្នាយ៉ាងនេះឯង។ ទោះយ៉ាងណា ការព្យាបាលគួរធ្វើឱ្យស្របតាមជំនឿទាំង ពីរ ទើបល្អ គឺត្រូវបញ្ជូននាងសំអឿន ទៅព្យាបាលនៅមន្ទីរពេទ្យផង រកគ្រូខ្មែរពូកែៗជួយផង ជាពិសេស គួរទាក់ទងសមត្ថកិច្ចឱ្យស៊ើបសួរលើដំណឹងប្តីនាង ដែលចេញទៅបាត់ដោយគ្មានដំណឹងនោះ។ ជំនឿ អរូបី ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលការពារ ដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែការជឿផ្កាប់មុខពេក ក៏មិនល្អដែរ។ រឿងគ្រូធ្មប់ចងព្រាយ និងប្រើឱ្យទៅយាយី មនុស្សដែលគេស្អប់នោះ ឃើញមានតែក្នុងខ្សែភាពយន្ត និងអក្សរសិល្ប៍បុរាណ បើមនុស្សសម័យនេះ ចាត់ទុកជាការពិត ក៏ស្រេចទៅលើការពិចារណា…”៕

RELATED ARTICLES