រឿងរ៉ាវខ្មោចលង សូម្បីក្នុងគម្ពីរព្រះពុទ្ធសាសនា ក៏មានចារទុកដែរ តែមនុស្សសម័យវិទ្យាសាស្ត្រ ជឿនលឿននេះ មិនសូវជឿទេ។ ទោះយ៉ាងណា ក៏ស្ត្រីម្នាក់នេះ អះអាងថា រូបនាងត្រូវ ខ្មោចបងប្រុស ដែលស្លាប់ជាង៣ ឆ្នាំទៅហើយ មកដេញឱ្យចេញពីផ្ទះ និងដីគាត់ ស្ទើររាល់យប់ ព្រោះតែខ្មោចបងខ្លាចនាងកេង ប្រវ័ញ្ចយកដីនោះ…។
នាងណាត ណារិន អាយុ៣៣ឆ្នាំ រស់នៅ ភូមិឯកភាព ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា នាងមានឪពុកឈ្មោះណិត ណាត អាយុ៥៥ឆ្នាំ ម្តាយឈ្មោះសោ រ៉េត អាយុ៥០ឆ្នាំ មានបងប្អូន៦នាក់ ដោយរូបនាងជាកូនទី២។ នាងមានបងប្រុសម្នាក់ឈ្មោះណាត នឿន គាត់មានភរិយាឈ្មោះយិន តែប្តីប្រពន្ធគាត់បានស្លាប់ជាបន្តបន្ទាប់ ដោយសារត្រូវអំពើគេ បន្សល់ទុកកូនស្រីម្នាក់ ឱ្យ ជីតាជីដូនចិញ្ចឹម។ មុនពេលដឹងខ្លួនថា ស្លាប់ចៀស មិនរួច បងប្រុសនេះបានផ្តែផ្តាំថា ឱ្យយកសពគាត់ ទៅបញ្ចុះនៅក្នុងដីកេរ ដែលឪពុកម្តាយចែកឱ្យ លុះ គាត់ចែកឋានទៅ បងប្អូនក៏ធ្វើតាមបណ្តាំ។ មិនបាន ប៉ុន្មាន ប្រពន្ធគាត់ក៏ស្លាប់ទៀត និងត្រូវយកសពទៅ បញ្ចុះក្នុងផ្នូរទន្ទឹមគ្នា ចំណែកផ្ទះគាត់ក៏នៅទំនេរចាក់ សោចោល ទុកឱ្យកណ្តុរទៅនៅ។
នាងណារិន បន្តថា នៅក្នុងចំណោមបងប្អូន ទាំងអស់ សុទ្ធតែទទួលបានដីកេរដែលឪពុកម្តាយ ចែកឱ្យបន្តិចម្នាក់ៗ គ្រប់គ្នា ដោយឡែក រូបនាង ក៏ បានទទួលចំណែកនឹងគេដែរ ប៉ុន្តែ ដោយសារនាង ចាញ់បោកគេ ក៏លក់ដីកេរនោះសងបំណុលអស់ទៅ។ ពេលអស់ដី មិនដឹងបានទីតាំងឯណាសង់ខ្ទមនៅ ទើប ឪពុកម្តាយទើសភ្នែកពេក ក៏សម្រេចឱ្យនាង និងប្តី រើកញ្ជើទៅរស់នៅក្នុងផ្ទះបងប្រុស និងភរិយាគាត់ ដែលចាក់សោចោលនោះ ដោយគ្រាន់តែបោសសម្អាត សម្បុកពីងពាង ជួសជុលរនាបរនូតខ្លះជាការស្រេច។ មុនពេលរើអីវ៉ាន់ចូលមកនៅ នាងក៏បានរៀបចំសែន ផ្នូរបង និងបងថ្លៃ សុំការអនុញ្ញាតពីខ្មោចត្រឹមត្រូវ ណាស់ មិនចូលអត់ច្បាប់ទម្លាប់នោះទេ ព្រោះនាងគ្មានបំណង យកដីបងទេ គ្រាន់តែសុំនៅបណ្តោះអាសន្នប៉ុណ្ណោះ។
នាងណាត ណារិន បន្តទៀតថា ចូលនៅពីរបីថ្ងៃដំបូង អត់អីទេ សូម្បីតែកណ្តុរក៏មិនហ៊ានរំខានអ្វីដែរ ប៉ុន្តែរំលងបាន ១ខែ ក្រោយមក ក៏ស្រាប់តែកើតហេតុជាបន្តបន្ទាប់។ រៀងរាល់យប់ នាងតែងតែឃើញខ្មោចបងប្រុស បង្ហាញខ្លួនទាំងភ្នែកស្រស់ ដោយយប់ដំបូង បងបាននិយាយស្រួលៗ ជាមួយនាង ដោយគាត់សុំឱ្យនាងនាំប្តី និងកូនចេញពីផ្ទះ ពីដីរបស់គាត់ទៅ ប៉ុន្តែនាងប្រកែករហូត ដោយប្រាប់ទៅគាត់ថា នាងគ្មានផ្ទះសម្បែង គ្មានដីធ្លី សូម្បីដីដាំស្លឹកគ្រៃ១គុម្ពក៏គ្មានផង។ នាង បានទាំងអង្វរខ្មោចថា “បើបងស្លាប់ទៅហើយៗប្អូនអត់ផ្ទះនៅបែបនេះ មិនគួរកំណាញ់ទេ តើទុកផ្ទះឱ្យកណ្តុរនៅបានប្រយោជន៍អី?” ពេលនោះ ខ្មោចបងក៏តបថា “ផ្ទះអញ ដីអញៗ រស់នៅជាមួយប្រពន្ធអញរាល់ថ្ងៃ ម៉េចថាទុកចោល?។
នាងណារិន បន្ថែមទៀតថា ដោយយល់ថា ធម្មតាបង ប្អូនបង្កើត មិនដែលបងណាចិត្តដាច់ធ្វើបាបប្អូននោះទេ ម៉្យាង គ្មានជម្រើសផង ទើបនាងនិងប្តីចេះតែទ្រាំនៅរហូតមកដល់ សព្វថ្ងៃទាំងភ័យទាំងខ្លាច។ ទោះយ៉ាងណាក៏ព្រលឹងបងចេះ តែមករករឿងនាង ដោយខឹងយ៉ាងខ្លាំង បានទាំងស្តីបណ្តេញ នាងទៀតផង ដោយគាត់ព្រមានធ្ងន់ៗថា “បើមិនធ្វើតាមអញៗ នឹងធ្វើគ្រួសារអ្ងែង ឱ្យវិនាសរកសេចក្តីសុខមិនឃើញ”។ នាង ក៏ជម្រាបម្តាយតាមដំណើរ ទើបម្តាយនាំនាងរៀបចំសែនព្រេន តាមជំនឿ បានទាំងនិមន្តព្រះសង្ឃឆាន់ដារ ដល់ទៅ៣ដងឯណោះ ដើម្បីឧទ្ទិសកុសលដល់ខ្មោចបង និងបងថ្លៃ ឱ្យទៅរកភពថ្មី តែគ្មានបានលទ្ធផលអ្វីទាំងអស់ ព្រោះយប់ណាក៏ខ្មោចបង នៅតែមករករឿងនាង ធ្វើឱ្យប្តីព្រពន្ធ និងកូននាងដាក់ វេនគ្នាឈឺបន្តកន្ទុយ។ បើគិតមកទល់ពេលនេះ នាង មករស់នៅដីកេរ និងផ្ទះបង រយៈពេលកន្លះឆ្នាំហើយ ដោយប្តីនាងមានមុខរបរជាសន្តិសុខឯកជន ឯរូប នាងជាកម្មការិនីរោងចក្រ។ ទោះបីជាប្តីប្រពន្ធនាង ទទួលបានប្រាក់ចំណូលល្មមរស់ក្តី ក៏មិនទាន់សេស- សល់អ្វីទេ ព្រោះនៅជំពាក់បំណុលគេដោះមិនទាន់រួច ម៉្យាងទៀតដោយសារតែខ្មោចបងមិនឱ្យបានសុខ ទើបបើមិនប្តីឈឺ ក៏កូនឈឺ ឬរូបនាងឈឺដាក់វេន គ្នា។ សព្វថ្ងៃនាងទាល់តម្រិះហើយ បើចេញពីផ្ទះនេះ មិនដឹងជាទៅនៅឯណាទេ តែឪពុកម្តាយនាងយល់ ទុក្ខធុរៈកូន ក៏នាំគ្នាទៅពឹងពាក់គ្រូមន្តអាគមម្នាក់ នៅភ្នំចាស់ ឱ្យមកជួយ ក្រែងអាចធ្វើឱ្យព្រលឹងបងប្រុស ទៅរកភពថ្មី ឈប់លងបន្លាចស្តីបណ្តេញនាងទៀត ព្រោះនាងគ្មានចេតនាយកដីគាត់ទេ កាលណាកូន គាត់ធំឡើង នាងនឹងប្រគល់ឱ្យក្មួយវិញ។
លោកណាត លន់ អាយុ២៦ឆ្នាំ ជាប្អូនបង្កើត បនាឱ្យដឹងថា អ្វីដែលបងស្រីរៀបរាប់នេះ សុទ្ធតែជា ការពិតទាំងអស់ ព្រោះរូបលោកក៏ធ្លាប់ទៅដេកផ្ទះខ្មោច បងដែរ និងឃើញបងប្រុសនោះបង្ហាញខ្លួនច្បាស់ ចែស។ បើយករឿងខ្មោចទៅនិយាយប្រាប់គេ ក៏គេមិន ជឿដែរ ជួនកាលគេថា យើងនិយាយកុហកទៀត តែ បើហៅអ្នកមិនជឿនោះ ទៅដេកផ្ទះខ្មោច ក៏គ្មានអ្នក ណាហ៊ានទៅដេកដែរ ដែលជារឿងពិបាកពន្យល់។ បងប្រុស និងបងថ្លៃនោះស្លាប់យូរឆ្នាំដែរហើយ នៅ តែស្តាយដីកេរ និងផ្ទះ ដោយហួងហែងខ្លាចបងស្រី ណារិន កេងយក តែតាមពិត បងស្រីមិនហ៊ានយកទេ ព្រោះមានបងប្អូនឯទៀតជាសាក្សីស្រាប់។
គួរបញ្ជាក់ថា ក្នុងគម្ពីរព្រះត្រៃបិដក ក៏មាន តំណាលពីបុគ្គលជិតស្លាប់ ព្រលឹងវិលវល់ស្តាយ ស្រណោះអ្វីមួយ លុះដាច់ខ្យល់ក៏ទៅកើតជាសត្វ តិរច្ឆាន។ ដូចរឿងភិក្ខុ១អង្គ ដែលទាយក-ទាយិកា ប្រគេនស្បង់ចីវរថ្មី មិនទាន់បានស្លៀកដណ្តប់ផង ព្រះអង្គមានជំងឺខ្យល់គរ ក៏សុគតទៅ រួចក៏ទៅចាប់ ជាតិជាចៃ រស់នៅក្នុងផ្នត់ចីវរនោះ។ បន្ទាប់មកក៏ មានភិក្ខុពីរអង្គទៀត ទៅយកចីវរនោះ គិតនឹងហែកចែកគ្នា ស្រាប់តែចៃនោះរត់ចុះឡើងការពារចីវរ របស់ខ្លួន។ ដោយសង្ស័យ ភិក្ខុទាំងពីរអង្គក៏យក ចីវរ និងចៃនោះទៅសួរព្រះពុទ្ធអង្គ ទើបព្រះបរមគ្រូ មាន ពុទ្ធដីកាថា ដោយសារតែអារម្មណ៍អាឡោះអាល័យ ចីវរ ទើបព្រះឥិស្សត្ថេរចាប់ជាតិជាចៃបែបនេះ តែលុះគម្រប់៧ថ្ងៃ ចៃនោះនឹងងាប់ បានទៅ សុគតិភពមិនខាន…”៕