Sunday, December 22, 2024
Homeព័ត៌មានជាតិខ្មោចដើមកកោះ លងលស់ព្រលឹង

ខ្មោចដើមកកោះ លងលស់ព្រលឹង

ទោះបីជាយុវវ័យសម័យវិទ្យាសាស្ត្រជឿនលឿន នេះ មិនសូវជឿខ្មោចព្រាយ អារក្ស អ្នកតា ក៏ពួកគេ មិនហ៊ានទៅជិតវាលកប់ខ្មោច ឬដើរទៅក្បែរដើមឈើ ដែលមានមនុស្សចងកសម្លាប់ខ្លួននោះឡើយ ព្រោះ ខ្លាច។ យ៉ាងណាមិញ បុរសម្នាក់នេះ មិនខ្លាចខ្មោចទេ លុះគាត់ដើរក្បែរដើមកកោះ នៅវេលាយប់ ក៏ផ្អើលថា ខ្មោចលងគាត់លស់ព្រលឹង ដែលសព្វថ្ងៃ ព្រលឹងគាត់មិនទាន់វិលចូលខ្លួនអស់ទេ ព្រោះព្រលឹងមាន១៩ ឯណោះ…។

លោកឈួន ម៉ៅ កំពុងសម្រាកព្យាបាលជំងឺ

លោកឈួន ម៉ៅ អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានរៀបរាប់ទាំងស្មារតីមិននឹងនថា លោកកើតក្នុងត្រកូលកសិករមួយ មិនបានរៀនសូត្រ អ្វីទេ ដោយមានប្រពន្ធឈ្មោះជិន ថេន អាយុបងលោក២ឆ្នាំ បង្កើតបានកូន៤នាក់ (ប្រុស២ ស្រី២) ជាចំណងនិស្ស័យ។ តាំងពីដូនតាមក លោកឮតែចាស់ៗតំណាលតៗគ្នាថា នៅ លើទួលក្នុងភូមិនេះ មានដើមកកោះ១ដើម ទំហំជាង២ឱបមនុស្សចាស់ មានខ្មោចព្រាយ យកធ្វើជាលំនៅតាំងពីរាប់រយ ឆ្នាំមកហើយ។ ចាស់ៗប្រាប់ថា គេអាចសម្គាល់ដើមឈើធំៗ អាយុរាប់រយឆ្នាំ តាំងនៅជាយភូមិ នៅពេលយប់ស្ងាត់ បើ មើលឃើញភ្លើងខៀវហោះចុះឡើង ពិតជាភ្លើងព្រាយតែម្តង។ សម្រាប់លោក ទោះជាចាស់ៗបំភ័យយ៉ាងណាក៏មិន ខ្លាចដែរ និងចង់ឃើញខ្មោចព្រាយនោះវាមានមុខមាត់យ៉ាងម៉េច ក៏ឧស្សាហ៍ ដើរ នៅក្បែរដើមកកោះនោះជារឿយៗ ប៉ុន្តែដើរនៅពេលថ្ងៃៗ ពេលយកគោ ទៅឃ្វាល មិនដែលឃើញផលរមាស់អ្វីទេ ទើបលោកសន្និដ្ឋានបានថា ចាស់ៗ កុហកតែម្តង។

លោកឈួន ម៉ៅ ពេលរៀបរាប់រឿងខ្មោច ទាំងភ័យខ្លាច

លោកឈួន ម៉ៅ បន្តទៀតថា លុះចូលមកដល់ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នាយប់មួយ លោកចេញទៅស៊ីផឹកនៅផ្ទះមិត្តភក្តិឯជាយភូមិ រាងស្រវឹងស្រឿងៗ តែអាចដើរបានត្រង់ មិនវាស់ផ្លូវនោះទេ។ លុះម៉ោងប្រហែល៨យប់ លោកវិលមកផ្ទះវិញ ដើរកាត់លើទួលដើមកកោះនោះ ស្រាប់តែឃើញភ្លើងខៀវភ្លឺចិញ្ចាច ភ្លិបភ្លែតៗប៉ុនចង្អេរ ធ្លាក់ពីលើដើមកកោះមកដី រួចហោះទៅលើវិញ ធ្វើឱ្យលោកព្រឺក្បាលខ្ញាកៗ។ បានមួយស្របក់ ភ្លើងនោះក៏បាត់ទៅ បែរជាឮសំឡេងថ្ងួចថ្ងូរដូចសំឡេងប្រុស បន្តិច ស្រីបន្តិចចេញពីលើមែកកកោះ បន្ទាប់មកក៏មានអ្នកអង្រួនមែកកកោះ ឮសូររ៉ាវៗ ឡើងរញ្ជួយតាំងពីគល់ដល់ចុង។ ពេលនោះ លោក ភ្ញាក់ក្រញាង ស្វាងស្រាមួយរំពេច ដឹងថា ខ្មោចលង ក៏រត់ពានត្រោកពាន ត្រាំង ធ្លាក់ទឹកស្រែ បាត់ព្រលឹងព្រលះពីក្នុងខ្លួនអស់រលីង។

អ្នកស្រីជិន ថេន និងលោកឈួន ម៉ៅ

លោកឈួន ម៉ៅ រៀបរាប់ទាំងតក់ស្លុតទៀតថា លោករត់បណ្តើរ ស្រែកហៅគេជួយបណ្តើរ ស្រាប់តែមានសំឡេងដេញតាមពីក្រោយថា “ឈប់!ៗ” ធ្វើឱ្យលោកភ័យស្លន់ស្លោកាន់តែខ្លាំង លុះទៅដល់ផ្ទះក៏ដួល ក្បែរជើងជណ្តើរវង្វេងវង្វាន់ លែងស្គាល់អ្នកណាទាំងអស់។ ទោះជា ប្រពន្ធនិងបងប្អូនជួយលើកទៅដាក់លើគ្រែ អពោញ្ជីគ្រូមកស្តោះផ្លុំ ក៏លោកនៅតែវង្វេងមិនបាត់ ចេះតែស្រមៃឃើញខ្មោចដើមកកោះ តាមអន្ទងព្រលឹង។ សព្វថ្ងៃ សូម្បីតែកេរឪចែកក៏លែងកម្រើកដែរ ព្រោះ ខ្មោចនោះវាធ្វើបាបលោក មិនយោគយល់ ប៉ុន្តែដោយសារមានគ្រូ មន្តអាគមខ្លាំងពូកែជួយ ធ្វើឱ្យលោកដឹងខុសដឹងត្រូវឡើងវិញហើយ គ្រាន់តែមិនទាន់មានកម្លាំងប៉ុណ្ណោះ លោកក៏ សូមផ្តាំថា មនុស្សមិនខ្លាច ខ្មោចដូចលោក បើ ប៉ះខ្មោចលងច្បាស់ជាលស់ព្រលឹងដូចលោកមិនខាន ហេតុនេះបើដឹងថា ដើមឈើណាល្បីមានខ្មោចព្រាយនៅ កុំជម្នះទៅ ជិតឱ្យសោះ។

ដើមកកោះ ដែលល្បីខ្មោចលង

អ្នកស្រីជិន ថេន អាយុ៤៥ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា តាំងពី ដើមមក ឮតែចាស់ៗ និយាយតៗគ្នាថា ទួលដើមកកោះនោះ មានខ្មោច ព្រាយលងបន្លាចអ្នកស្រុកជាហូរហែ តែមនុស្សសម័យនេះមិនសូវជឿ។ លុះប្តីអ្នកស្រីមកពីស៊ីផឹកផ្ទះមិត្តភក្តិ ដើរកាត់ទួលដើមកកោះ នោះ ក៏រត់ទាំងត្រហេបត្រហប ទាំងទទឹកខ្លួនសើមជោក និងប្រឡាក់ភក់ ស្រមក ស្រែកថា ខ្មោចលងៗ រួចក៏ដួលក្បែរជើងជណ្តើរ។ តាំងពីត្រូវ ខ្មោចលងមក ប្តីក៏លស់ព្រលឹងក្លាយទៅជាមនុស្សផ្សេង បាត់បង់ការ ចងចាំ ឱ្យតែយប់ឡើងឃើញប្រពន្ធទៅជិត ស្រាប់តែប្តីមើលច្រឡំថា ជាខ្មោចដើមកកោះទៅវិញ។ ពីដំបូង ប្តីគាត់ឡប់ស្មារតី ខ្លាំងណាស់ លុះគាត់និមន្តព្រះសង្ឃស្រោចទឹកមន្ត និងរកគ្រូមន្តអាគមខ្លាំងពូកែជួយស្តោះផ្លុំមក ឃើញ ថា ប្តីបានធូរស្រាលជាងមុន ដឹងខុសដឹងត្រូវវិញ ហើយគ្រាន់តែមិនទាន់ដូចដើមប៉ុណ្ណោះ។

លោកយាយ ហ៊ីង សាប់

លោកឈួន ម៉ៃ អាយុ៣២ឆ្នាំ លោកយាយ ហ៊ីង សាប់ អាយុ៧៩ឆ្នាំ និងអ្នកស្រីប្រាក់ អ៊ីម អាយុ ៥៦ឆ្នាំ ជាប្អូនលោកឈួន ម៉ៅ និងជាអ្នកស្រុកជិត ខាង បនាឱ្យដឹងស្របគ្នាថា ដើមកកោះធំនោះ មាន អាយុរាប់រយឆ្នាំមកហើយ គ្មានអ្នកភូមិណាហ៊ាន ទៅប៉ះពាល់ទេ។ កន្លងមក តាយាយក្នុងភូមិសុទ្ធតែ ប្រាប់កូនចៅថា ពួកគាត់ធ្លាប់ត្រូវខ្មោចដើមកកោះ លងបន្លាចក៏លែងហ៊ានទៅជិត ប៉ុន្តែលោកឈួន ម៉ៅ មិនព្រមស្តាប់ចាស់ៗ។ លុះលោកម៉ៅ មកពីផឹកវិញ ដើរក្បែរដើមកកោះនោះ ក៏ត្រូវខ្មោចលងឱ្យលស់ ព្រលឹងយ៉ាងនេះទៅ ដែលជាលទ្ធផលមិនចេះខ្លាច ខ្មោចនេះឯង។

អ្នកស្រីប្រាក់ អ៊ីម

រីឯអ្នកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ពួកគាត់ឧស្សាហ៍ឃើញភ្លើងខៀវហោះចុះឡើង ដើមកកោះនៅវេលាយប់ស្ងាត់ ជាពិសេស នៅថ្ងៃសីល ឬថ្ងៃខែដាច់ ដែលមេឃងងឹតខ្លាំង។ អ្នកដែលមានជំនឿតែងយកចេក ឬធ្វើច្រមដាក់បាយស បាយ ក្រហម ស្លាធម៌ដូងទៅសែនឱ្យខ្មោចនោះដែរ ទើបចេះ តែបានសុខរហូត ផ្ទុយពីលោកម៉ៅ មិនដែលសែនអស់ បាយ១ស្លាបព្រា ទើបខ្មោចធ្វើបាបយ៉ាងនេះទៅ។

លោកឈួន ម៉ៃ

គួរបញ្ជាក់ថា រាល់ដើមឈើធំៗ ដុះនៅជាយភូមិ ដូចជាដើមឈើទាល ដើមអម្ពិល ដើមព្រីង ដើម ពោធិ៍ ដើមរលួសជាដើមល្បីមានខ្មោចព្រាយនៅ។ យោងតាមគម្ពីរសាសនា ខ្មោចព្រាយទាំងនោះ នៅ ក្រោមបញ្ជារបស់ស្តេចអសុរកាយ ចាត់ឱ្យមកថែរក្សា ឬចាំយាយីមនុស្សណា ដែលប្រព្រឹត្តបាបកម្ម តម្រូវឱ្យលងបន្លាចយក សំណែន ប៉ុន្តែខ្មោចព្រាយមិន ហ៊ានជាមួយព្រះសង្ឃ ឬព្រឹទ្ធាចារ្យមានសីលបរិសុទ្ធនោះទេ តែបើអាចារ្យ ឬសង្ឃទ្រុស្តសីល ខ្មោចលងរត់មិនសព្វដីដូចគ្នា…”៕

RELATED ARTICLES