Sunday, December 22, 2024
Homeព័ត៌មានជាតិប្រពន្ធស្នងបារមី លែងឱ្យប្តីប៉ះ

ប្រពន្ធស្នងបារមី លែងឱ្យប្តីប៉ះ

បារមីមានន័យថា គុណដ៏ល្អ ដែលបុគ្គលគួរបំពេញ សំដៅ ដល់ការសន្សំកុសល ដូចតួអង្គព្រះពោធិសត្វ ប៉ុន្តែ ខ្មែរយើងបានប្រើពាក្យបារមី សំដៅដល់ព្រលឹងអរូបី មានខ្មោច អារក្ស ឬសច្ចំបង់បត់ទៅវិញ។ ដោយឡែក ស្ត្រីម្នាក់នេះ អះអាងថា មានបារមីចូលសណ្ឋិត តម្រូវឱ្យគាត់កាន់ស្នង មិនហ៊ានបំពាន សូម្បីតែប្តីក៏មិនឱ្យប៉ះពាល់ដែរ ព្រោះបារមីនេះដាក់វិន័យ និងត្រណម ឱ្យកាន់ធ្ងន់ធ្ងរណាស់…។

អ្នកស្រីកាន់ អ៊ូច អាយុ៤៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា រូបគាត់ជាកូនទី៧ ក្នុងចំណោម បងប្អូន៨នាក់ ដែលឪពុកម្តាយស្លាប់ចោលអស់ហើយ។ គាត់ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ លុះមានវ័យ១៩ឆ្នាំ ក៏បានរៀបការ ជាមួយប្តីឈ្មោះខឹម ធឿន អាយុបងគាត់២ឆ្នាំ និងបានចាប់ដៃកវែក កឆ្នាំង ប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត ដោយបង្កើតបានកូនប្រុស១ ស្រី១ ទុកជាចំណងដៃនិស្ស័យស្នេហ៍។ តាំងពីក្មេងមក គាត់មិនធ្លាប់មានជំងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់ចូលមន្ទីរពេទ្យនោះទេ លុះមកដល់ឆ្នាំ២០១៥ នៅវេលាយប់មួយ ស្រាប់តែឃើញមនុស្សចម្លែកស្លៀកសពាក់ស បានមកពន្យល់សប្តិប្រាប់គាត់ថា “កន្លងមក នាងឯងឈឺជាៗ ទោះមិន ធ្ងន់ក៏ធ្វើទុក្ខក្នុងខ្លួនដែរ គឺមកពីនាងឯងមានសីល មិនត្រូវពាក់ព័ន្ធនឹង កិលេសតណ្ហាជាដាច់ខាត ហើយដល់ពេលនាងឯងត្រូវកាន់សីលឱ្យបាន ខ្ជាប់ខ្ជួនចាប់ពីពេលនេះតទៅ”។ មនុស្សចម្លែកនោះប្រាប់គាត់ទៀតថា “នាងឯងត្រូវចេញពីផ្ទះទៅធ្វើសមាធិកម្មដ្ឋាននៅឯភ្នំកំចាយ ដើម្បី ជួយប្រោសសត្វលោក បើហ៊ានរឹងទទឹងនឹងរងគ្រោះដល់ជីវិត”។

អ្នកស្រីកាន់ អ៊ូច

អ្នកស្រីកាន់ អ៊ូច បន្តទៀតថា តាំងពីពេលនោះមក មនុស្សចម្លែក ដែលសន្និដ្ឋានថា ជាយាយសច្ចំបង់បត់នៅភ្នំគូលែន តែងបង្ហាញកាយ ឱ្យគាត់ឃើញជារឿយៗ មិនថាតែពេលយល់សប្តិនោះទេ។ យាយសច្ចំអង្គនោះ បានប្រាប់វិធីឱ្យគាត់ចេះ ដកដួងចិត្តចេញទៅធ្វើសមាធិនៅភ្នំកំចាយ ដោយ គ្រាន់តែបង្ហើរអារម្មណ៍ទៅព្រៃភ្នំប៉ុណ្ណោះ រួចអង្គុយ ធ្វើសមាធិចម្រើនកម្មដ្ឋានដូចសង្ឃធុតង្គ។ គាត់បានសម្រេចចិត្តកាត់ផ្តាច់កិលេសតណ្ហាទាំងអស់ ទោះ ជាប្តីមកកេះកៀវលូកលាន់ ក៏អ្នកស្រីមិនឱ្យប៉ះពាល់ជាដាច់ខាត។ អារម្មណ៍គាត់ផ្តោតទៅលើធម៌អាថ៌ ទោះជាចេះអក្សរតិចតួចក៏បារមីខ្សឹបប្រាប់បង្ហាត់ បង្រៀនឱ្យចេះសូត្រធម៌។ ផ្ទុយទៅវិញ ប្តីគាត់មិន សូវជឿរឿងបារមីផ្លូវងងឹតអ្វីទេ លុះកេះកៀវលូកលាន់មិន បានសម្រេច គេទៅជាមួម៉ៅរករឿងអ៊ីចេះ អ៊ីចុះមិនឈប់។ កន្លងមក អ្នកស្រីខិតខំពន្យល់ស្វាមី នេះឱ្យយល់ពីធម៌អាថ៌ គួរតែវៀរចាកកាមតណ្ហាខ្លះៗ ទៅហើយងាកមកសន្សំកុសល បើអាចធ្វើយ៉ាងនេះ បានយូរៗទៅ នឹងភ្លេចអារឿងលោកិយអស់មិនខានឡើយ។ សព្វថ្ងៃ អ្នកស្រីមិនទាន់អាចក្លាយជាគ្រូស្តោះ ផ្លុំប្រោសសត្វនៅឡើយ ព្រោះនៅក្នុងដំណាក់កាល ធ្វើសមាធិឱ្យចេះធម៌អាថ៌ ឬមន្តអាគមជាមុនសិន ទើបអាចប្រោសសត្វបាន។

លោកខឹម ធឿន

ដោយឡែក លោកខឹម ធឿន អាយុ៥១ឆ្នាំ ជាប្តីបានឱ្យដឹងថា មុនដំបូង លោកឮប្រពន្ធប្រាប់ថា មានយាយសច្ចំមានបារមីខ្លាំងពូកែមកសណ្ឋិតកាន់ ខ្នងរងមុខ ប៉ុន្តែលោកមិនជឿទេ។ លោកគិតថា មកពី ប្រពន្ធនេះ អស់រដូវថយចំណង់តណ្ហា ក៏រកល្បិចគេចវេះរឿងយប់ ព្រលប់មិនឱ្យប្តីប៉ះពាល់។ លុះក្រោយមក លោកឃ្លាំមើលឃើញថា ថ្ងៃខ្លះប្រពន្ធដូចខ្មោចចូល លែងស្គាល់ប្តី និងកូន ទើបលោកជឿខ្លះៗទៅ បាន ទាំងជួយបន់ស្រន់ឱ្យបារមីនេះចេញពីខ្លួនប្រពន្ធទៀតផង។ ក្រោយមកទៀត ប្រពន្ធចេះតែត្អូញឈឺមិនឱ្យលោកដេកជិត និងទាមទារឱ្យប្តីជួយរៀបអាសនៈស្លាធម៌បាយសី ទើបអាការធ្វើទុក្ខក្នុងខ្លួនប្រពន្ធបានធូរស្រាលបន្តិច។

លោកខឹម ធឿន និងអ្នកស្រីកាន់ អ៊ូច

លោកខឹម ធឿន បន្តទៀតថា តាំងពីរៀបអាសនៈ រួចមក ប្រពន្ធបានប្រកាសផ្តាច់របបប្តីទាំងស្រុងតែម្តង បើលោកហ៊ានបំពានច្បាស់ជាបារមីធ្វើឱ្យរងគ្រោះទាំងអស់គ្នា។ ដោយហេតុថា រូបលោកកាន់តែចាស់ លុះប្រពន្ធហាមឃាត់ប៉ះពាល់បែបនេះ លោកក៏ព្យាយាមធ្វើតាម ដោយដេកចែកគ្រែគ្នាមួយគ្រាសិនចុះ។ ទោះយ៉ាងណា លោកធ្លាប់ដឹងថា ធម្មតាបារមីឥសីឥសូរ បង់បត់ចូលសណ្ឋិតមនុស្សមានកំណត់ឆ្នាំ មិន ចេះតែចូលរហូតនោះទេ។ ដូច្នេះបើបារមីចេញទៅវិញ លោកនៅតែអាចលូកលាន់ប្រពន្ធបានដូចមុនមិនទាន់ ហួសពេលទេ តែបើថា ចង់ឱ្យប្រពន្ធសាបរលាបនោះ ក៏អត់ដែរ គ្រាន់តែលោកមិនសូវចង់ឱ្យនាងក្លាយ ជាគ្រូបារមីតែប៉ុណ្ណោះ ព្រោះវាគ្មានចំណេញអ្វីទេ បានតែយ៉ាប់ខ្លួនហ្នឹង។

លោកយាយយ៉ង ម៉ុត

លោកយាយយ៉ង ម៉ុត អាយុ៦៥ឆ្នាំ នាងប៊ុន ច្រឹប អាយុ៣៥ឆ្នាំ ក៏ដូចជាអ្នកភូមិឯទៀត បានឱ្យដឹងស្របគ្នាថា តាំងពីពួកគាត់ស្គាល់អ្នកស្រីកាន់ អ៊ូច ពេលណាមក មិនដែលឃើញស្ត្រីរូបនេះមានជំងឺចម្លែកអ្វី ដូចសព្វថ្ងៃនេះទេ។ ទើបតែចូលមកដល់ឆ្នាំ២០១៥ ស្រាប់តែអ្នកជិតខាងឃើញស្ត្រីនេះ មានឥរិយាបថ ចម្លែកតែងអង្គុយស្មឹងស្មាធិ៍ធ្វើសមាធិ លើកដៃ ប្រណម្យតែមួយកន្លែង មិនហូបបាយហូបទឹក។ ពេលធ្វើសមាធិនោះ អ្នកស្រីអ៊ូច លែងស្គាល់ប្តីកូន និងអ្នកជិតខាង លុះឈប់ធ្វើសមាធិ ក៏ប្រាប់ពួកគាត់ថា មានបារមីយាយសច្ចំនៅឯភ្នំកំចាយ មកសណ្ឋិត ដកព្រលឹងឱ្យទៅរៀនធម៌ឯព្រៃភ្នំក្រំថ្ម។ ករណីបែប នេះ អ្នកខ្លះក៏ជឿ ខ្លះក៏មិនជឿ ឯអ្នកខ្លះថា ប្រហែល ជាត្រូវខ្មោចព្រាយយាយីតែម្តង រកប្រាកដនិយមមិន ឃើញ ហើយក៏មិនទាន់ឃើញស្វាមីនោះ ដឹកប្រពន្ធទៅព្យាបាលឯណាដែរ។

នាងប៊ុន ច្រឹប

គួរបញ្ជាក់ថា អាការជំងឺនេះ បើចូលមន្ទីរពេទ្យ ចៀសមិនផុតពីវេជ្ជបណ្ឌិតប្រាប់ថា ជាជំងឺសរសៃប្រសាទ មិនខានឡើយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ នៅជនបទជឿថា ជាជំងឺខ្មោចចូល ឬបារមីចូលសណ្ឋិត។ ជំនឿទាំង២យ៉ាងនេះ ផ្តោតទៅតាមវេជ្ជសាស្ត្រ និងជំនឿអរូបី ដែលមិនអាចកាត់ផ្តាច់ពីគ្នា បានឡើយ ហើយក៏គ្មានបុគ្គលណាហាមឃាត់ជំនឿ បានឡើយ ព្រោះជំនឿគ្រប់បែបយ៉ាងត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ…”៕

RELATED ARTICLES